លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទី បានដឹកនាំមន្រី្តស្រាវជ្រាវជួបពិភាក្សាជាមួយឯកឧត្តម ម៉េត មករា

នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ​ ឆ្នាំ២០២០ លោកបណ្ឌិត​ ផុន​ កសិកា​ ប្រធា​នស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រ​សង្គម​ បានដឹកនាំក្រុមការងារស្រាវជ្រាវដែលមានលោក ឈឿន សាវន (ប្រធានគម្រោង) និង​ លោក យិន ពោ​ (អនុប្រធានគម្រោង) ធ្វើសម្ភាសន៍ និងពិភាក្សាជាមួយលោក ម៉េត​ មករា​ នាយរងខុទ្ទកាល័យ​បញ្ជាការដ្ឋាន​អង្គរក្ស ដើម្បីសុំកិច្ចសហប្រតិបតិ្តលើគម្រោងស្រាវជ្រាវ ស្តីពី «បន្លែកម្ពុជា៖ ផលិត​កម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» ។​  លោក ម៉េត មករា មានអាជីវកម្មខ្នាតមធ្យម គឺបង្កើតកសិដ្ឋានដាំបន្លែនៅកោះធំ ខេត្កកណ្តាល និងនៅខេត្តមួយចំនួនទៀត ដូចជានៅខេត្តសៀមរាប និងខេត្តបាត់ដំបង។ ដោយយល់ឃើញថា លោកមានបទពិសោធន៍ក្នុងការដំាបន្លែ និងការផ្គត់ផ្គង់លើទីផ្សារកន្លងមក ទើបលោកបណ្ឌិតប្រធានស្តីទី ដឹកនាំក្រុមការងារជាសមាជិកគម្រោងស្រាវជ្រាវបន្លែរបស់វិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រ​សង្គមនៃរាជបណ្ឌិត្យ​សភាកម្ពុជា សុំជួបពិភាក្សាដោយភ្ជាប់មកជានូវកម្រងសំណួរមួយចំនួន។

ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិតប្រធានស្ដីទីបានបង្ហាញពីគម្រោងស្រាវជ្រាវរបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា គឺគម្រោងស្ដីពី «បន្លែកម្ពុជា៖ ផលិត​កម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» ដែលរៀបចំឡើងក្នុងគោលបំណងវិភាគទីផ្សារបន្លែនៅក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្ត្រកំណើនការផ្គត់ផ្គង់បន្លែក្នុងស្រុក សម្រាប់ទីផ្សារក្នុងនិងក្រៅប្រទេស។ ជំនួបជាមួយលោក ម៉េត មករា គឺចង់ទទួលបានពត៌មានស្ដីពីបន្លែដែលលោកមានបទពិសោធន៍ក្នុងការដាំ និងទីផ្សារ ព្រមទាំងកិច្ចការប្រតិបត្តិមួយចំនួន។

លោក ម៉េត មករា បានបង្ហាញពីស្ថានភាពទូទៅនៃការដំាបន្លែនៅកម្ពុជាថា   ប្រជាកសិករដាំដំណាំទៅ​​តាម​​រដូវ ទើបធ្វើឱ្យផលិតភាព​នៃ​ការ​ដាំដុះនៅមានកំរិត​ ​មិន​មាន​ស្ថិរភាព កង្វះស្រុក​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីផ្សារ កង្វះ​ខាត​ការ​​ចូល​ទៅ​កាន់​ទីផ្សារ ​ ព្រមទាំងកត្តាផ្សេងៗទៀតជាច្រើនជា​ឧបសគ្គ​នៃ​ការ​ចរាចរ​បន្លែ​ក្នុង​ប្រទេស។  ​យើងសង្កេតឃើញថា ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​ផលិតផល​កសិកម្ម ជាពិសេស​កសិកម្ម​បន្លែ ដែល​កម្ពុជា​ជួបបញ្ហា​ជា​យូរ​មកហើយផងដែរ ខណៈ​ការ​ផ្គត់ផ្គង់បន្លែ​ជាង​ពាក់កណ្តាល​ត្រូវបាន​នាំចូល​ពី​ប្រទេស​ជិត​ខាង ដែល​នាំមក​នូវ​បញ្ហា​ជាច្រើន​ទាំង​សុវត្ថិភាព និង​ការ​សម្លាប់​ទីផ្សារ​អ្នក​ផលិត​ក្នុង​ស្រុក​។ ដូចនេះ យើងត្រូវ​លើក​កម្ពស់​ផលិតផល​ក្នុងស្រុក និង​លើលទឹកចិត្តអ្នក​ផលិតបន្លែ​ក្នុង​ស្រុក ដូចជា បន្លែសណ្តែកកួរ ត្រសក់ ត្រឡាច ននោង ខាត់ណា​ដើម ស្ពៃក្តោប ស្ពៃ​ចង្កឹះ ឆៃថាវ សាលាដ ម្រះ​ ដើម្បីទប់ទល់​នឹង​ការ​នាំចូល​ពីបណ្តាប្រទេសជិតខាង ថៃ វៀតណាម។ល។

លោកកំពុងរៀបចំកសិដ្ឋានដាំបន្លែមួយកន្លែងនៅស្រុកកោះធំ ខេត្តកណ្ដាល ដែលជាការធ្វើវិនិយោគខ្នាតមធ្យម ដោយមានការសហការជាមួយជំនាញមកពីប្រទេសឥណ្ឌា និងប្រទេសសឹង្ហបូរី។

កិច្ចការបន្ទាប់សម្រាប់ក្រុមការងារស្រាវជ្រាវគម្រោងបន្លែនៃវិទ្យាស្ថាននឹងចុះសិក្សាដល់ទីតាំងកសិដ្ឋាននៅស្រុកកោះធំ ខេត្តកណ្ដាល របស់លោក ម៉េត មករា។

លោក ម៉េត មករា ពេញចិត្តសូមស្វាគមន៍ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាស្ត្រសង្គម ដើម្បីអនុវត្តគម្រោងឱ្យទទួលបានជោគជ័យតាមគោលបំណង ក៏ដូចជារួមចំណែកជួយសង្គមជាតិទាំងអស់គ្នាផងដែរ។

Be the first to comment

Leave a Reply

Your email address will not be published.


*