ការបង្កើតខេត្តកោះកុង

សេចក្តីផ្តើម

ការចងក្រងប្រវត្តិកំណើត និង ឈ្មោះភូមិ ឃុំ ស្រុក ខេត្តក្រុង នៅ​ប្រទេស​កម្ពុជាគឺជាការចូលរួមថែរក្សានូវ​​អត្តសញ្ញាណនៃដែនដី
ប្រជាជន និង វប្បធម៌នៅតាមតំបន់នីមួយៗ។ ការបានស្គាល់ និង យល់ដឹងនូវប្រវត្តិកំណើត​ទឹកដី ធនធានធម្មជាតិ ធនធាន​វប្បធម៌នៃប្រទេសកម្ពុជា គឺមានន័យថា ជាការ​បណ្តុះនូវស្មារតីកូនខ្មែរ ឱ្យចេះស្រឡាញ់ ថែរក្សា ការពារនូវទឹកដី ក៏ដូចជា ស្រឡាញ់​នូវប្រទេសជាតិមាតុភូមិរបស់ខ្លួន។ នៅតាមទីតាំងភូមិ ឃុំ ស្រុក ខេត្ត ក្រុងនីមួយៗតែងតែមានប្រវត្តិជាប់ទាក់​​ទងនឹងវប្បធម៌ មោទ​នភាព វីរភាព និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានា នៃប្រជាជនដែលរស់នៅក្នុងតំបន់នោះ។ ដើម្បី ជាការចូលរួមចំណែក​ក្នុង​ការបណ្តុះ​នូវស្មារតី នៃការចងក្រងឯកសារប្រវត្តិ​កំណើត និង ឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ក្រុងនេះ យើងនឹងលើកយកប្រធានបទ​មួយដែលមានចំណងជើងថាការបង្កើតខេត្តកោះកុងមកសិក្សាស្រាវជ្រាវ ។

១-ទីតាំងភូមិសាស្រ្តនៃខេត្តកោះកុង

កោះកុងគឺជាខេត្តមួយដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ខេត្ត​នេះ​មានព្រំប្រទល់ខាងកើតជាប់ខេត្តកំពត ព្រះសីហនុ និង កំពង់ស្ពឺ ខាងជើង​ជាប់នឹងខេត្តពោធិ៍សាត់ ចំណែកខាងត្បូង និង ខាងលិចជាប់នឹងឈូងសមុទ្រថៃ។ ខេត្តកោះកុងមានចម្ងាយ​២៩​០គ.ម. ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាម​ផ្លូវលេខ៤ និង លេខ៤៨។ ខេត្តនេះ បច្ចុប្បន្នមានទឹកដីទំហំចំនួន១១១៦០ គម និង មានប្រជាជនសរុបចំនួន១៣៩ ៧២២ នាក់ [1]

២-ប្រវត្តិនៃការបង្កើតខេត្តកោះកុង

ដើម្បីបានជ្រាបច្បាស់នូវប្រវត្តិនៃការកកើតខេត្តភាគនិរតីមួយនេះ យើង សូមរម្លឹកនូវប្រវត្តិខ្លះៗ ដែលទាក់ទងនឹងទឹកដីនៃ​តំបន់​នោះ។ នៅឆ្នាំ១៩១៧ មុនការធ្វើកំណែទម្រង់រដ្ឋបាលនាឆ្នាំ១៩២១ ប្រទេសកម្ពុជាមានខេត្តចំនួន៥១ ក្នុងចំណោមខេត្តទាំង​​នោះ ក៏មានខេត្តកោះកុងមួយដែរ។ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩២១ ខេត្តទាំង៥១​ នោះត្រូវបានប្តូរមកជាស្រុក។ តាមព្រះរាជប្រកាស​លេខ​៥២ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩២៣ ខេត្តដែលចំណុះឱ្យរេស៊ីដង់ទីរួម​ខេត្តកំពត ត្រូវរួមជាខេត្តតែមួយ ហៅថាខេត្តកំពត។ បើ​យោងតាមព្រះរាជ​ប្រកាសនេះ ខេត្តកំពតនៅពេលនោះមាន៣ស្រុក ៖ ១-ស្រុកកំពត ២-ស្រុក​បន្ទាយមាស ៣-ស្រុកកោះកុង ។

១-ស្រុកកំពតមាន៤ខ័ណ្ឌ ៖

ក-ខ័ណ្ឌកំពត

ខ-ខ័ណ្ឌឈូក

គ-ខ័ណ្ឌព្រៃនប់

ឃ-ខ័ណ្ឌកំពង់សោម ។

២-ស្រុកបន្ទាយមាសមាន៣ខ័ណ្ឌ ៖

ក-ខ័ណ្ឌបន្ទាយមាស

ខ-ខ័ណ្ឌកំពង់ត្រាច

គ-ខ័ណ្ឌតានី ។

៣-ស្រុកកោះកុងមាន២ខ័ណ្ឌ ៖

ក-ខ័ណ្ឌឡេមដេម

ខ-ខ័ណ្ឌជុំនាប ។

នៅឆ្នាំ១៩៥៨ ទើបខេត្តកោះកុងត្រូវបានបង្កើតឡើងតាមព្រះរាជក្រម​លេខ២៤៦ន.ស. ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៥៨ ដែល​រដ្ឋសភាជាតិបាន​អនុម័ត​នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៥៧ ។ តាមព្រះរាជក្រមនេះ ខេត្តកោះកុង​បាន​តាំងនៅចាំយាម ស្ថិត​ក្នុងឃុំ​កោះប៉ោ។ ទឹកដីខេត្តកោះកុងនៅពេលនោះ មាន​ក្រឡាផ្ទៃទំហំចំនួន៦០៦ ៦៤០ ហិចតា និង មានស្រុកចំនួន២ គឺ ៖ ១-ស្រុក​កំពង់​សោម ២­-ស្រុកកោះកុង ដែលពីមុនស្ថិតនៅក្នុងខេត្តកំពត[2] ។ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៥៩ ទីប្រជុំជនខេត្តកោះកុងត្រូវបាន​គេ​ប្តូរពីចាំយាមទៅតាំងនៅភូមិបាងចាក ស្ថិតនៅក្នុងឃុំពាមក្រសោបវិញ តាម ព្រះរាជ​ក្រមលេខ៣៣២ ន.ស. ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៥៩ ដែល​រដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៩ ។

នៅឆ្នាំ១៩៦០ ទីប្រជុំជននៃខេត្តកោះកុង ដែលស្ថិតនៅភូមិបាងចាក ឃុំ​ពាមក្រសោប ស្រុកកោះកុង ខេត្តកោះកុងត្រូវបាន​ដាក់​ឈ្មោះហៅថា ក្រុង​ខេម​រភូមិន្ទ តាមព្រះរាជក្រឹត្យលេខ២៦៨ ប.រ. ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៦០ [3]។ ដោយមានការពង្រីកទឹកដី និង ការធ្វើឱ្យប្រសើរឡើង ក្នុងការគ្រប់គ្រង​រដ្ឋបាល​ដែនដីក្នុងខេត្តកោះកុងនោះ នៅឆ្នាំ១៩៦៤ គេបានបង្កើតស្រុកថ្មីមួយ គឺស្រុក​ថ្មបាំង តាមព្រះរាជក្រមលេខ១៦៣ ប.រ. ចុះថ្ងៃទី៦ ខែមករា ឆ្នាំ១៩៦៤ ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៦៣។ ស្រុកថ្មបាំង មានទីប្រជុំជននៅថ្មបាំង ត្រង់ចំណុច UT ៣០០-៩៣៨ ដែលមានផ្ទៃដី​ទំហំ​ប្រហែល​៦០គ.ម.ក្រឡា។
នៅពេលនោះ ស្រុកនេះមានឃុំចំណុះចំនួន៤គឺ ឃុំ ប្រឡាយ ឃុំឫស្សីជុំ ឃុំជំនាប់ ឃុំតាទៃលើ ដែលពីមុនឃុំទាំងអស់នេះស្ថិតនៅ​ក្នុង​ស្រុកកោះកុង។ នៅឆ្នាំ១៩៦៩ គេបានបង្កើតស្រុកថ្មីមួយទៀត គឺស្រុក​គិរីសាគរ តាមព្រះ​រាជ​ក្រមលេខ៤១២ប.រ. ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៩ ដែល​រដ្ឋសភាជាតិបាន​អនុម័ត​នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៦៩។ ស្រុកគិរីសាគរ មាន​សង្កាត់ចំណុះ​ចំនួនពីរគឺ សង្កាត់​ព្រែកខ្សាច់ ដែលបានកាត់ចេញពីស្រុក​កោះកុង និង ឃុំថ្មស ដែលបានកាត់ចេញស្រុកកំពង់សោម។ ទីប្រជុំជននៃ​ស្រុកគិរីសាគរ តាំងនៅភូមិ​ចម្រើនផល ស្ថិតនៅក្នុងសង្កាត់ព្រែកខ្សាច់ [4]។ នៅឆ្នាំ១៩៧១ ក្នុងរបបសាធារណរដ្ឋខ្មែរ គេបានប្តូរឈ្មោះក្រុងខេមរ​ភូមិន្ទ​ ទៅជាក្រុងកោះកុងវិញ តាមក្រមលេខ៤៦៦ប.រ. ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧១ ដែលរដ្ឋសភាជាតិបានអនុម័តនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧០។ កាល​ពីឆ្នាំ១៩៦០ ទីប្រជុំជននៃខេត្តកោះកុងដែលស្ថិតនៅភូមិបាងចាក ឃុំពាម ក្រសោប ស្រុកកោះកុង
ខេត្តកោះកុងត្រូវបានដាក់ឈ្មោះហៅថា ក្រុងខេមរ​ភូមិន្ទ ។ បច្ចុប្បន្ន ខេត្តកោះកុងមានក្រុង១
និង ស្រុកចំនួន៦ ដែលមាន​ឈ្មោះ​ដូចខាងក្រោម ៖

១-ក្រុងខេមរភូមិន្ទ

២-ស្រុកកោះកុង

៣-ស្រុកថ្មបាំង

៤-ស្រុកគិរីសាគរ

៥-ស្រុកបទុមសាគរ

៦-ស្រុកមណ្ឌលសីមា

៧-ស្រុកស្រែអំបិល ។

សន្និដ្ឋាន

សរុបមកយើងឃើញថា ខេត្តកោះកុងជាខេត្តមួយដែលស្ថិតនៅភាគ និរតី​នៃប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើង​នៅក្នុង​ឆ្នាំ១៩៥៨ នាសម័យ​សង្គមរាស្រ្តនិយម។ ខេត្តកោះកុងមានភូមិសាស្រ្តជាប់សមុទ្រ និង ជាប់​ព្រំដែន​ជាមួយប្រទេសថៃផងនោះ
បាន​ធ្វើឱ្យខេត្តមួយនេះ ទទួលបាននូវការ​អភិវឌ្ឍ​រីកចម្រើនគួរឱ្យកត់សម្គាល់។ ដោយមានការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធគមនា​-គមន៍ កំពង់ផែ កន្លែងកម្សាន្តជាច្រើនផងនោះ ខេត្តកោះកុងបានទាក់​ទាញ​វិនិយោគទុន និង ភ្ញៀវទេសចរជាតិ អន្តរជាតិ​​​​​ទៅ​កម្សាន្ត​​នៅទីនោះ​យ៉ាង​ច្រើន។ ដើម្បីបង្កើននូវសក្តានុពលអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើង​ថែមទៀត​នោះ គេ​គួរ​​ជាពិសេស ទាក់​ទងនឹងការ​អភិវឌ្ឍ​វិស័យ​ទេស​-ចរណ៍។ ដើម្បីអភិវឌ្ឍផ្នែកនេះឱ្យមានសក្តានុ​ពលកាន់តែខ្លាំង និង មាន​លក្ខណៈ​យូរអង្វែង គេគួរ​យកចិត្តទុកដាក់លើសក្តានុពលទេសចរ​សិប្បនិម្មិត លើក​តម្កើង​ឱ្យមានទេសចរផ្នែកវប្បធម៌ បរិស្ថាន ពាណិជ្ជកម្ម ជំនឿ ជាដើម។ រៀបចំ​យន្តការនៃការផ្តល់ថ្លៃសេវាកម្មសមរម្យ សម្រាប់បម្រើ​ឱ្យផ្នែក​ទេសចរណ៍។ បង្កើន​ការផ្តល់ទំនុកចិត្តពីសំណាក់ភ្ញៀវ​ទេសចរមកលើ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ និង ស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលទាក់ទងនឹងទំនាក់​ទំនង​សង្គម ការឆបោក សន្តិសុខ កន្លែងស្នាក់នៅ សណ្ឋាគារ អាហារ ផលិតផល ព្រមទាំងសេវាកម្ម​ផ្សេងៗទៀត៕

គន្ថនិទ្ទេស

១-ឯកសារដើម

-រាជកិច្ចចេញផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨

-រាជកិច្ចចេញផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៥៨

-រាជកិច្ចចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៦០

-រាជកិច្ចចេញផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៦៩

២-ឯកសារជាស្នាដៃនិពន្ធ

-បណ្ឌិតសភាចារ្យ ស៊ន សំណាង ប្រវត្តិច្រកសៀម
(ជោគជ័យនៃកង​ទ័ពខ្មែរដើមសម័យឧដុង្គ)
ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានអ៊ីនធឺរេដ ខែធ្នូ ឆ្នាំ២០១៨ ។

-សុង ស៊ីណា នយោបាយអព្យាក្រឹតនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៧០ និក្ខេបបទថ្នាក់បណ្ឌិត ឆ្នាំ២០១១ ។

-អេង សុត ឯកសារមហាបុរសខ្មែរ

[1]
ចំនួននេះគិតមកត្រឹមឆ្នាំ២០០៨។

[2]
រាជកិច្ចលេខ២
ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨ ទំព័រ៣១៣-៣១៤ ។

[3] រាជកិច្ចលេខ៣២
ថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៦០ ទំព័រ២៩៦១ ។

[4] រាជកិច្ចលេខ៩៨
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៦៩ ទំព័រ៩៣៥១

Be the first to comment

Leave a Reply

Your email address will not be published.


*