ការវិវត្តនយោបាយនៅកម្ពុជា (១៩៨៧-១៩៩១)

ដោយ៖ លោកបណ្ឌិត ទុយ យូឃីម  អនុប្រធានផ្នែកវិទ្យសាស្រ្តអប់រំ

វិទ្យាស្ថានមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

សេចក្តីផ្តើម

ប្រទេសកម្ពុជាជាប្រទេសមួយដែលកម្រនឹងមានសន្តិភាពយូរអង្វែង ណាស់។ ចាប់ពីសម័យ​ក្រោយ​​អង្គរមក កម្ពុជាស្គាល់តែ​សង្រ្គាមហើយមាន  ពេលតិចណាស់ ដែលកម្ពុជាមានឯករាជ្យភាព​ពិត​ប្រកដ។ ពេលខ្លះប្រទេស​មួយ​នេះ សឹងតែបាត់បង់ពីផែន​ទីពិភពលោកទៀតផង។ ទោះបីជាមានគុណ​វិបត្តិ​ខ្លះក្តី ក៏អាណានិគមនិយមបារាំងបានរក្សាទឹកដីកម្ពុជាឱ្យនៅគង់វង្ស​រហូត​មក​ដល់​សព្វថ្ងៃ។ ក្រោយពីបានឯករាជ្យនៅឆ្នាំ១៩៥៣ ប្រទេសកម្ពុជាមិនអាចទប់ខ្លួនក្នុង​នយោបាយ​អព្យាក្រឹត​បានឡើយ ដោយនៅ​ពេលនោះ កម្ពុជាស្ថិតនៅក្នុង​ចន្លោះ​ញញួរ និង ត្រនាប់នៃសង្រ្គាមត្រជាក់។ ការ​ធ្លាក់​ចូលទៅក្នុងមនោគមវិជ្ជា​កុម្មុយ​នីស្ត បានធ្វើឱ្​យសង្គមរាស្រ្តនិយមជួបនូវបញ្ហាមួយចំនួន ដូចជា ការ​គោរព​ និង ការអនុវត្តច្បាប់ អំណាចប្រមូលផ្តុំ ភាពបរាជ័យនៃការដឹកនាំ អំពើពុករលួយ បញ្ហាសេរីភាព ហើយជាពិសេសមួយទៀតនោះគឺ បញ្ហាដីធ្លីប្រជាជននៅសំឡូត​ក្នុង​ឆ្នាំ១៩៦៧។

បញ្ហាទាំងអស់នេះហើយ ដែលធ្វើឱ្យកើតឡើងនូវរដ្ឋប្រហារទម្លាក់​សម្ដេច សីហនុ ដោយក្រុម​របស់​លោក លន់ នល់ និង សិរិមតៈ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្រោយរដ្ឋប្រហារមិន​យូរ​ប៉ុន្មាន​សង្រ្គាមក៏ឆាបឆេះឡើង ធ្វើ​ឱ្យ​សាធារណៈរដ្ឋខ្មែរដែល​ដឹកនាំ​ដោយ លន់ នល់ ពេលនោះ ប្រទេស​កម្ពុជា​បាន​បែងចែកជាតំបន់​ដែលគ្រប់គ្រង​ដោយរដ្ឋាភិបាល លន់ នល់ និង តំបន់​រំដោះដែល​គ្រប់គ្រង​​ដោយពួកចលនាសីហនុនិយមនិង ពួកខ្មែរក្រហម។

ក្រោយមកទៀត នៅពេលដែលខ្មែរក្រហមទទួលបានជ័យជំនះ​នៅថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ​១៩៧៥ ប្រទេសជាតិបែរជាត្រូវ​បានពួក​នេះ​​ជាន់​ទម្លាក់​ក្នុង​បាត​ជ្រោះអន្ធកាលដ៏សែនជ្រៅ បានធ្វើឱ្យ​អ្វីៗ​ទាំងអស់ដែលកម្ពុជាធ្លាប់មាន​ត្រូវ​វិនាសហិន​​ហោចគ្មានសល់។ ប្រជាជនត្រូវរស់នៅយ៉ាងសែន​មហាវេទនា​ អត់​បាយ ក្រហាយទឹក ត្រូវទទួលរងនូវការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ហើយត្រូវ​ពួកវា​​កាប់សម្លាប់ប្រជាជនខ្លួនដូចសត្វធាតុ។ ដោយគុណថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាត្រូវបានរំដោះ​ឱ្យ​រួចផុតពីរបប​ដ៏យង់ឃ្នង​នោះ ដែលដឹកនាំដោយវីរជនខ្មែរបីរូប គឺ ហ៊ុន សែន ជា ស៊ីម និង ហេង សំរិន។

ទោះបីជាប្រទេសជាតិត្រូវបានរំដោះក៏ពិតមែន តែនៅពេលនោះ​ប្រទេស​​កម្ពុជា​ត្រូវ​បានបែងចែកជាតំបន់ជាច្រើនទៀត ដែលគ្រប់​គ្រង​​ដោយពួក​ខ្មែរ​ក្រហមដែលបាក់ទ័ព និង ចលនាតស៊ូមួយចំនួន​ទៀត។ នៅពេលនោះហើយ​ដែល​ប្រទេសកម្ពុជាត្រូវជួបនូវ​សង្គ្រាម​​បង្ហូរឈាមគ្នាឯងជាបន្ដទៀត។

រហូតមកដល់ឆ្នាំ១៩៨៧ ដោយសារសភាពការណ៍ពិភពលោកបាន​ធ្វើ​ឱ្យអ្នកនយោបាយ​កម្ពុជា ​ងាក​មករក​តុចរចាវិញម្ដង។ នៅដើមខែធ្នូ ឆ្នាំ១៩៨៧ មានការជួបចរចាគ្នាជាលើកទីមួយរវាងសីហនុ និង ហ៊ុន សែន នៅប្រទេស​បារាំង។

ដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្ដរជាតិ និង ឆន្ទៈបង្រួប​បង្រួមជាតិរបស់អ្នក​នយោបាយខ្មែរ បានធ្វើឱ្យកម្ពុជាឈាន​ចូល​​ដល់​ការព្រម​ព្រៀងសន្ដិភាពមួយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស៍ ប្រទេស​បារាំង។

ជាលទ្ធផលនៃកិច្ចព្រមព្រៀងនោះ កម្ពុជាបានឈានដល់ការបោះឆ្នោត​ជាសាកលនៅ​ឆ្នាំ ១៩៩៣ ស្ថិតក្រោការត្រួតពិនិត្យរបស់អ៊ុន​តាក់ ដើម្បី​ជ្រើស​រើស​អ្នកដឹកនាំប្រទេសតាម​បែប​ប្រជាធិបតេយ្យ។ ទោះបីជារដ្ឋាភិបាលថ្មី ដែលកើតចេញពីការ​បោះឆ្នោត​ក៏ពិត​មែន តែ​សង្គ្រាមនៅតែបន្ដ ព្រោះ​កម្លាំងរបស់ខ្មែរក្រហម មិនបានចូលរួមក្នុង​រាជរដ្ឋា​ភិបាលថ្មីនេះទេ។ ដូច្នេះ ពួកខ្មែរក្រហម​នៅតែ​បន្ដ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ថ្មី​ដដែល ​ហើយកម្លាំងរបស់ខ្មែរក្រហមនេះ បានក្លាយទៅជាកម្លាំងសម្រាប់​គណបក្ស​ប្រជា​ជនកម្ពុជា និង គណបក្សហ៊ុនស៊ិនប៉ិចប្រទាញគ្នា ដើម្បីមាន​ប្រៀបកម្លាំង ក្នុងរាជរដ្ឋាភិបាល​ចម្រុះ​របស់ខ្លួន។ ទីបំផុតបានធ្វើឱ្យ​មានព្រឹត្ដិ​ការណ៍​ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ កើតឡើង។ ការបែក​បាក់​បានកើតឡើង​សារជាថ្មីក្នុងជួរអ្នកនយោបាយខ្មែរ។

នៅក្នុងខែឧសភា ឆ្នាំ១៩៩៨​ការបោះឆ្នោតសភានីតិកាលទី២បានឈាន​ចូលមកដល់។ អ្នកនយោបាយ​ដែលបានភៀសខ្លួន ក្នុងព្រឹត្ដិការណ៍ឆ្នាំ១៩៩៧បានវិលមកចូលរួមក្នុងការបោះឆ្នោត ​ដើម្បីបង្កើតរដ្ឋាភិបាលអាណត្ដិទី២​វិញ។ នៅដំណាច់ឆ្នាំ១៩៩៨ ក្នុង​អាណត្ដិរាជរដ្ឋាភិបាល ដែលដឹកនាំដោយ​សម្ដេច ហ៊ុន សែន បាន​ធ្វើ​​ឱ្យប្រទេសកម្ពុជាមានសន្ដិភាពពេញលេញ ដែល​កាល​ពីមុនមិនមានឡើយ។ តើបញ្ហាទាំងអស់នេះកើតឡើងយ៉ាងដូចម្តេច? ហើយត្រូវដោះស្រាយ​ដោយ​វិធីណា?

១- ដំណើរការចរចារវាងចលនាត្រីភាគី និង រដ្ឋាភិបាលភ្នំពេញ

របបកម្ពុជាប្រជាធិបតេយ្យបានដួលរលំក៏ពិតមែន ពួកគេបាននាំគ្នាបោះ​ទីតាំងបង្កើតមូល​ដ្ឋាន​សឹកនៅ​​តាមព្រំដែនកម្ពុជា-ថៃ។ ចល​នាខ្មែរក្រហម​ដដែល​មានការចូលរួមសហការពី​សម្តេច ព្រះនរោត្តម សីហនុ និង លោក សឺន​ សាន ដែលបង្កើតចល​នាតស៊ូ​តាមព្រំដែន និង រដ្ឋាភិបាលកម្ពុជា​ប្រជាធិបតេយ្យ ដែល​គេនិយមហៅឈ្មោះថា ត្រីភាគី

រដ្ឋាភិបាលត្រីភាគីដែលមានសម្តេចព្រះនរោត្តមសីហនុ ជាព្រះប្រធាន បានបើកការវាយប្រហារ​ធ្វើសង្រ្គាមយ៉ាងខ្លាំងក្លា មកលើរដ្​ឋាភិបាលសាធារណ​រដ្ឋប្រជាមានិតកម្ពុជា។ លេសរបស់ត្រីភាគី​ គឺវាយ​បណ្តេញកងទ័ព​ឈ្លានពាន​វៀតណាមពីទឹកដីកម្ពុជា។ លេសនេះ ត្រូវបានសហគមន៍អន្តរជាតិ​មហា​អំណាច​ធំៗមួយចំនួនគាំទ្រ បានយកមកធ្វើជាទឡ្ហីករណ៍សម្រាប់ផ្តល់​ជំនួយ​ហិរ​ញ្ញវត្ថុ​ជា​វុធ​យុទ្ធ​ភ័ណ្ឌ​ដល់ខ្មែរក្រហមត្រីភាគី និង ធ្វើការគាបសង្កត់មកលើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ។​

ក្នុងខណៈដែលពិភពលោកមានការផ្លាស់ប្ដូរនូវរបត់នយោបាយ ពិសេស គឺការរំលាយ​កំផែង​ប៊ែកឡាំង នៅអាឡឺម៉ង់ និង សភាព​ការ​​នៅ​សភាពសូវៀត ដែលធ្វើឱ្យអ្នកនយោបាយកម្ពុជា​ប្ដូរ​នូវ​របប​នយោបាយរបស់ខ្លួនដែរ។

ចំពោះសម្តេចហ៊ុន សែន លោកយល់ឃើញថា ការបន្តសង្រ្គាមនៅ​ប្រទេសកម្ពុជាគ្មានអ្វី​ក្រៅ​ពី​ការបផ្លិចបំផ្លាញ​ ដុតរោលទឹក​ដី​កម្ពុជា និង ​បង្ហូរ​ឈាម​ខ្មែរកាន់តែខ្សោះជាលើកទី២ឡើយ។ ដូច្នេះ​ហើយ​​បានជាសេម្តេចតេជោ​ត្រិះរិះពិចរណាវិភាគជា​មួយនឹង​សហ​​ការី និងថ្នាក់ដឹកនាំសាធារណរដ្ឋ​ប្រជា​មានិតកម្ពុជា ស្វះស្វែងរកមធ្យោបាយបញ្ចប់សង្រ្គាម ​និង បង្កលក្ខណៈឱ្យមាន​សន្តិភាព​​ជា​ស្ថាពរ​នៅ​កម្ពុជា។ នៅចុងឆ្នាំ១៩៨៤ ក្នុងក្របខណ្ឌស្វែងរក​សន្តិភាព​​ជូនកម្ពុជា លោករដ្ឋមន្រ្តីការបរទេស​បារាំង ក្លូដ ចេយសុន (Claude Cheysson) ក្នុង​អាណត្តិ​លោកប្រធានាធិបតី ហ្វ្រង់ស្វ័រ មីទែរ៉ង់ដ៍ (Francois Miterrand) បាន​រៀបចំ​ផែនការ​ជំនួប​សម្ងាត់មួយរវាងសម្តេចព្រះនរោត្តម សីហនុ និង សម្តេច ហ៊ុន សែន។ តែជំនួបនេះត្រូវ​អាក់ខានទៅវិញ ពីព្រោះផែនការ​សន្តិ​ភាព សម្តេច ហ៊ុន សែន មិនទទួលប្រតិកម្ម និង ឆ្លើយតបពីភាគី​បដិបក្ខឡើយ។

ការផ្តួចផ្តើមស្វែងរកសន្តិភាពនៅកម្ពុជា ត្រូវបានសម្តេច ហ៊ុន សែន
លើក​យកមកស្នើ​ដល់​ភាគី​ខ្មែរគ្រប់និន្នាការ និង សមាគមន៍អន្តរជាតិម្តងទៀត នា​ពេលដែលសម្តេចបានជួបពិភាក្សាផ្លូវការជា​មួយនឹងលោក
ប៊ៀល ហៃឌ័រ (Bill Hayder) នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៨៥ នៅទីក្រុងហូជីមិញ
ប្រទេសវៀតណាម។ ក្នុងឱកាសនោះ សម្តេច ហ៊ុន សែន
បានស្នើនូវផែនការដោះស្រាយសន្តិភាពនៅ​កម្ពុជាដែលមានទាំងអស់៦ចំណុចគឺ៖

១.កំចាត់ពួក ប៉ុល​ ពត ទាំងផ្នែកនយោបាយ និង យោធា

២. ដកកងទ័ពវៀតណាមចេញពីកម្ពុជា នៅពេលដែលក្រុមនេះ​ត្រូវ​បានកម្ទេច

៣.ការបោះឆ្នោតជាសេរី ដោយមានអ្នកសង្កេតការណ៍អន្តរជាតិ

៤.បង្កបង្កើតឱ្យមានសន្តិភាព និង ស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

៥.បញ្ឈប់កុំឱ្យមានការជ្រៀតជ្រែកពីខាងក្រៅ

៦. ធានាការត្រួតពិនិត្យអន្តរជាតិ លើប្រការទាំងឡាយដែលភាគី​ទាំង​អស់​បានព្រមព្រៀងគ្នា។

ពីរឆ្នាំ​ក្រោយមក ក្នុងឆ្នាំ១៩៨៧ នៅពេលដែលសាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជាបានរឹងមាំ មានការរស់រានមានជីវិត រុង​រឿង​ល្​អប្រសើរ ទើបមាន​ការស្ទាបស្ទង់គិតគូរអំពីបញ្ហាកម្ពុជា។ ប្រទេសឥណ្តូ​នេស៊ី តំណាងដោយ​លោក​រដ្ឋមន្រ្តីការបរទេស ម៉ុក
គូស៊ូម៉ាអាត់ម៉ាតហ្សា លើកយកមកពិភាក្សាជាមួយ​លោក ង្វៀង កូថាច់ (Nguyen CoThach) រដ្ឋមន្រ្តីការបរទេសវៀតណាម នៅថ្ងៃ​ទី​២៧-២៩ ខែកក្កដា ឆ្នាំ១៩៨៧។ កិច្ចព្រមព្រៀងឯកភាពមួយត្រូវបានចុះ​ហត្ថលេខា​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៨៧ ប៉ុន្តែ ដំណើរ​ការទូតត្រូវ​បរាជ័យ​ទៅវិញ ក្រោយពេលដែលសន្និសីទមិនផ្លូវការ របស់ក្រុមរដ្ឋ​មន្រ្តីអាស៊ាន (ASEAN) នៅបាងកក នៅថ្ងៃទី១៦​ ខែ​សីហា ឆ្នាំ១៩៨៧ បានផ្លាស់ប្តូរគោល​នយោ​បាយ​​​​របស់ខ្លួន។

ទោះបីជាស្ថានភាពនយោបាយមានរីកចម្រើនក៏ដោយ ក៏ភាគី​សាធារណ​​រដ្ឋប្រជាមានិតកម្ពុជា ​នៅតែបន្តកិច្ចការការទូត​ផ្សព្វផ្សាយ​ចំណុចសន្តិភាព​ទាំង​៦។ ប្រទេសជាមិត្តជាច្រើនទូទាំងពិភពលោក ព្រមទាំងសាធារណៈ​មតិ​ក៏បាន​គាំទ្រយ៉ាងខ្លាំងក្លា និង រឹង​មាំដែរ ចំពោះផែនការសម្តេច ហ៊ុន សែន។ ការខំ​ប្រឹង​ប្រែងនេះហាក់ដូចជាបានផ្លែផ្កា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៨៧ នៅពេល​ដែល​​​ឥស្សរជនខ្មែរនៅប្រទេសបារាំង០៧រូប គឺលោក ញឹក ជូឡុង, ឈុំ កុសល, ហ៊ុយ កន្ធុល, ឈាន វ៉ម, នង គឹមនី, ធន អ៊ុក, ឌួង សំអុល ក្រោមការណែនាំ​របស់សម្តេច នរោត្តម សីហនុ បានធ្វើលិខិតជូនមករដ្ឋាភិបាលសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា សុំអំពាងនាវឱ្យមានការជួបជុំគ្នា និង មានការកោះប្រជុំយ៉ាង​ឆាប់រហ័ស ដើម្បីដោះស្រាយជម្លោះនៅកម្ពុជា និង ស្វែងរកសន្តិភាព និង ការ​បង្រួប​បង្រួមជាតិ។

នៅខែកញ្ញា ឆ្នាំ១៩៨៧ ហ៊ុន​ សែន ក្នុងឋានៈជាប្រធានក្រុម​ប្រឹក្សា​​រដ្ឋមន្រ្តី សាធារណរដ្ឋប្រជាមានិតកម្ពុជា​ មុនសម័យប្រជុំ​​លើកទី៤២ នៃ​មសម្តេច ហា​សន្និបាទអង្គការសហប្រជាជាតិ (អ.ស.ប) បានផ្ញើសារទូរលេខមួយច្បាប់​ទៅ​លោក ហ្សាវិយេ ប៉េរ៉េ ដឺគុយអេឡា (Xavier Perez de Cuellar) អគ្គលេខា​ធិការ​​​អង្គការសហប្រជាជាតិ ដើម្បីផ្តល់ព័ត៌មានអំពីការវិវត្តនយោបាយថ្មីនៅ​កម្ពុជា​ឆ្ពោះទៅរកសន្តិភាព ដោយ​សង្កត់យ៉ាងធ្ងន់ច្បាស់លាស់ ទាត់ចោលក្រុម​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយការដោះ​ស្រាយនេះត្រូវស្ថិត​នៅក្នុងរង្វង់ប្រជាជន​កម្ពុជា ដែលជាអ្នកត្រូវសម្រេចលើជោគវាសនារបស់ខ្លួន។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨៧ សម្តេច នរោត្តម សីហនុ បានប្រកាស​ថា ព្រះអង្គយល់​ព្រមឱ្យមានការជួបគ្នារវាងភាគី​ទាំងអស់​ក្នុងជម្លោះនៅកម្ពុជា។ ពន្លឺសន្តិភាពបានលេចចេញបន្តិចម្តងៗ ​បានធ្វើឱ្យមានក្តីសង្ឃឹមនៅក្នុងគ្រប់​មជ្ឈដាន។ ជាមួយគ្នានេះដែរ
នៅ​ថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៨៧ ក្នុង​នាម​សាធារណ​រដ្ឋប្រជាមានិតកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសស្នើនូវផែនការ​ដោះ​ស្រាយ​ស្វែង​រកសន្តិភាពនៅកម្ពុជា ដែលមាន៥ចំណុច។ ចំណុចសំខាន់​មួយនោះ បានបញ្ជាក់យ៉ាងច្បាស់ថា សាធារណរដ្​ឋប្រជា​មានិតកម្ពុជា ត្រៀមជា​ស្រេច ​ដើម្បីជួបជាមួយសម្តេចព្រះ នរោត្តម សីហនុ ក៏ដូចជា អ្នកដឹកនាំ​នៃ​បណ្តាក្រុមបដិ​បក្ខផ្សេងទៀត ដើម្បីពិភាក្សាពីដំណោះស្រាយសន្តិវិធី​ចំពោះ​បញ្ហា​កម្ពុជា និង ការបង្រួបបង្រួបជាតិ ព្រមទាំង​ប្រគល់​ជូនសម្តេចព្រះ នរោត្តម សីហនុ នូវតួនាទីដ៏ខ្ពស់មួយក្នុង​ស្ថាប័នដឹកនាំរដ្ឋ។

ស្ថានភាពនយោបាយទូទៅបានចាប់ផ្តើមធូរស្រាលបន្តិចម្តងៗ ឯក្តី​សង្ឃឹម​​ចំពោះសន្តិភាព​នៅកម្ពុជា ក៏ចាប់ផ្តើមមានរូបរាងផងដែរ នៅពេលដែលសម្តេចហ៊ុន សែន ប្រកាសថា សម្តេចនឹងមានជំនួបជាបន្ទាន់មួយ រវាងសម្តេច និង សម្តេចព្រះនរោត្តម សីហនុ

ហេតុនេះហើយ បានជាមានការជួបគ្នាជារវាងសម្ដេចព្រះនរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ជាលើកដំបូងនៅហ្វ៊ែរ-​តាដឺន័រ (Fère-Tardenois)ជិតទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី២ដល់ថ្ងៃទី៤ខែធ្នូ ឆ្នាំ១៩៨៧។ លទ្ធផល​នៃជំនួបមាន​៤ចំណុចគឺ៖

១-ជម្លោះនៅកម្ពុជាត្រូវដោះស្រាយលើមូលដ្ឋាននយោបាយ

២- បញ្ហាកម្ពុជាត្រូវដោះស្រាយដោយប្រជាជនកម្ពុជា

៣-នៅពេលសភាទាំងឡាយបានព្រមព្រៀងលើកិច្ចបញ្ឈប់សង្រ្គាមនៅ​កម្ពុជាសន្និសីទអន្តរជាតិមួយត្រូវកោះប្រជុំដើម្បីធានាកិច្ចព្រមព្រៀងនេះ

៤-ភាគីទាំងពីរព្រមព្រៀងជួបគ្នាជាថ្មីម្តងទៀតនៅ ហ្វ៊ែរ-តាដឺន័រ(Fère-Tardenois) ប្រទេសបារាំង។

បន្ទាប់ពីជំនួបជាមួយនឹងសម្តេចព្រះនរោត្តម សីហនុ មក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៨៧ សម្តេច ហ៊ុនសែន បានផ្ញើសារលិខិតមួយ​ជូនទៅប្រជាជាតិ ដោយបញ្ជាក់យ៉ាងច្បាស់ អំពីគោលនយោបាយ​របស់​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ថា បដិវត្តន៍យើងបាន​ចាប់ផ្តើមផ្ទេរមកដំណាក់កាលវាយផង និង ចរចាផង [1]

មុនជំនួបលើកទីពីរ រវាងសម្តេចព្រះ នរោត្តមសីហនុ និង សម្តេច ហ៊ុន សែន ចូលមកដល់យើងឃើញថា នៅថ្ងៃទី១៩ខែមករា ឆ្នាំ១៩៨៨ សម្ដេច​ព្រះ​នរោត្តម សីហនុ ជួបនឹងលោក សឹនសាន។ លោក សឺន សាន ទទួលយល់ព្រម​ជាមួយសម្ដេចព្រះ
នរោត្តម សីហនុ ថា នឹងចរចាជាមួយសាធារណរដ្ឋ​ប្រជា​មានិតកម្ពុជាល្គឹកណាតែហាណូយសន្យាដោយលាយល័ក្ខអក្សរជាមុនថា នឹង​ដក​កងទ័ពចេញទាំងអស់​ពី​ប្រទេស​កម្ពុជា។ថ្ងៃបន្ទាប់មក លោក សឹន  សាន ថ្លែង​ថា មាននិគមជនជាតិវៀតណាម មកតាំង​លំនៅ​ចេះតែកើនឡើងជា​ដរាប។ចំណែក​ឯ​ខ្មែរក្រហមបន្ថែមថា វត្ដមាននៃជនជាតិវៀតណាមក្នុងប្រទេសខ្មែរ ជា​គ្រោះ​ថ្នាក់ធ្ងន់​ចំពោះការគង់វង្ស​ពូជសាសន៍ខ្មែរ។

ការសន្និដ្ឋានមានការពិតមួយផ្នែកធំប៉ុន្ដែ វាជាលទ្ធផលនៃអំពើ​របស់​ខ្មែរ​ក្រហមមួយចំនួន ព្រម​ទាំងភាពទន់ខ្សោយនៃ​ទស្សនៈ​របស់ខ្មែរទូទៅ។អំពើ​ហឹង្សា និង ការញុះញ៉ុងឱ្យស្អប់ខ្ពើម​មិន​អាច​មាន​ប្រសិទ្ធភាពសម្រាប់ទប់ទល់​នឹងអំពើឈ្លានពាននោះឡើយ។ មានតែការកសាងខ្លួនឯងឱ្យរឺងមាំ ​ទាំង​ខាង​គំនិតប្រាជ្ញា ទាំងខាងកាយវិការ និង សីលធម៌ ដើម្បីបង្កើនការទុកចិត្ដ និង ឯកភាព​រវាងជនជាតិខ្មែរ​ភាគច្រើនជុំវិញប្រយោជន៍របស់ប្រទេសជាតិ ​ទើប​ដោះស្រាយបាន។

ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងកាលពីខែធ្នូឆ្នាំ១៩៨៧ ក្នុង​ជំនួប​លើកទី១​ ជំនួបលើក​​ទី២ រវាងសម្តេចព្រះ នរោត្តម សីហនុ
និង សម្តេច ហ៊ុន សែន បានបើកកិច្ចប្រជុំនៅថ្ងៃទី២០ ខែ​មករា ឆ្នាំ១៩៨៨នៅតំបន់ សាំង​ហ្សែរម៉ាំងអង់ឡាយា (Saint-Germain-en-Laya) ដែលស្ថិតនៅជាយក្រុងប៉ារីស៍ ប្រទេសបារាំង។ ប្រធានបទនៃកិច្ចប្រជុំនេះបានផ្តោតទៅលើ៖

១- ប្រក្រតិទិនដកកងទ័ពវៀតណាម

២-កំចាត់កម្លាំងប្រដាប់អាវុធរបស់ខ្មែរក្រហម

៣- បញ្ហារដ្ឋាភិបាលចម្រុះ

៤- អនាគតរបបនយោបាយនៅកម្ពុជា

៥-ការធានានិងត្រួតពិនិត្យពីស្ថាប័នអន្តរជាតិ។

ជំនួបនេះត្រូវបានបញ្ចប់នៅថ្ងៃទី២១ខែមករា ឆ្នាំ១៩៨៨ ដោយមានកិច្ច​ព្រមព្រៀងអ្វីជាថ្មី​បន្ថែមនោះទេ។ សម្តេចព្រះ នរោត្តម សីហនុបានលុបចោល​ការបន្តការជួបគ្នាដើម្បីពិភាក្សាដែលនៅ​​សេសសល់ ប៉ុន្តែ អ្វីដែលអាចកត់​សម្គាល់នោះគឺ ភាគីនីមួយៗ​ហាក់ដូចជាបានយល់ពីគោលបំណងគ្នា​ទៅវិញ​ទៅមក រឹងរិតតែច្បាស់លាស់ ទោះបីជាមិនទាន់មានការ​ចូលរួមពីភាគី​ផ្សេង​ក៏​ដោយ [2]

បន្ទាប់ពីជំនួបលើកទីពីរនោះសាធារណរដ្ឋប្រជាមានិតកម្ពុជាបានថ្លែង​ថាខ្លួនប្រុងប្រៀបជាស្រេចក្នុងការជួប​ជា​មួយលោក ខៀវ សំផន ប៉ុន្ដែ មិនជួប​ជាមួយប៉ុល ពត ឬ អ្នកដឺកនាំខ្មែរក្រហម​ផ្សេងទេ ហើយក៏មិនជំទាស់ចំពោះ​ការកាន់តំណែង​ជាប្រមុខរដ្ឋ​របស់​សម្ដេចព្រះនរោត្តម សីហនុ ដែរ។ សម្តេច ហ៊ុន សែនបានបន្ថែមថា សម្ដេចព្រះ នរោត្តម សីហនុ និង ខ្លួបានស្រប​គំនិត​គ្នាថា នឹងជួបទៀតនៅព្យូងយ៉ាង ក្នុង​ខែមេសាខាងមុខនៅក្រុងប៉ារីសនាចុងឆ្នាំ​១៩៨៨ ព្រមទាំងនៅ ញីវដែលីក្នុងឆ្នាំ១៩៨៩។

សម្ដេចព្រះ នរោត្តម សីហនុ ថ្លែងមួយថ្ងៃក្រោយមកថាសព្វព្រះទ័យ​ចូលរួមចតុភាគី (កម្ពុជា​ប្រជាធិប​តេយ្យ ហ្វុនស៊ិនប៉ិច រ.ជ.រ.ប.ខ[3] និង គណ​បក្ស​បដិវត្ដន៍ប្រជាជនកម្ពុជា មិនមែនជាទ្វេរភាគីកម្ពុជា​ប្រជាធិប​តេយ្យ និង គណ​បក្សបដិវត្ដប្រជាជនកម្ពុជា)ទេ។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៨ សម្តេច ហ៊ុន សែន ជួបសន្ទនាជាមួយ​រដ្ឋមន្ដ្រីវៀតណាម នៅហាយណូយ ប្រទេសវៀតណាម បានបញ្ជាក់ការគាំទ្រ​ការចរចារវាងខ្មែរដែលបម្រុងនឹងប្រព្រឹត្ដទៅ។ ថ្ងៃ៣០ ខែមករា សម្ដេចព្រះ​នរោត្តម សីហនុ បានប្រកាសនៅ​ប៉េកាំងថា លាលែងពីតំណែងនាយក​រាជ      រដ្ធាភិបាល​ខ្មែរ នៃកម្ពុជាប្រជាធិតេយ្យ ហើយតែងតាំងព្រះអង្គម្ចាស់ នរោត្ដ រណរិទ្ធិ ជា​រាជបុត្រ និងជាតំណាង​ហ្វ៊ុនស៊ិនប៉ិចក្នុងរដ្ឋាភិបាលខ្មែរ នៃ​កម្ពុជា​ប្រជាធិបតេយ្យ។ ព្រះអង្គចោទថា លោក សឺន សាន ប្រឆាំង​នឹង​ការ​ចរចា​ដែល​បម្រុងនឹងប្រព្រឹត្ដទៅ។ ព្រះអង្គសម្រេចថាលុបចោលការជួបនឹងសម្តេច ហ៊ុន សែន នៅព្យុងយ៉ាង ដែលបាន​គ្រោងទុក។ តាមដំណឹងពីប្រភពចិនបាន​ឱ្យដឹង​ថា ការទាក់ទងរវាងសម្ដេចព្រះ នរោត្តម សីហនុ និង គណបក្សកុម្មុយនីស្ដចិន មានការតឹងតែងក្នុងការជួបគ្នានេះ។ ប្រហែលជាដើម្បីបន្សាប​ភាពតានតឹងនេះ ទើបមានការសន្ទនារវាង សម្ដេចព្រះ នរោត្តម សីហនុ  និង លោក ខៀវ សំផន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៨៨ នៅប៉េកាំង។ បន្ដមក ការប្រជុំគណៈរដ្ឋមន្ដ្រី ដោយ​វត្ដមានរបស់​សម្ដេចព្រះនរោត្តម សីហនុ។

នៅថ្ងៃ២០ ខែកុម្ភៈ ក្រោយមកសម្ដេចព្រះនរោត្តម សីហនុ បញ្ជាក់ថា មធ្យោបាយតែមួយ​គត់ ដើម្បី​ជៀសវាងគ្រោះ​ថ្នាក់ដោយការ​ចូលរួម​ក្នុងរដ្ឋាភិ​-បាល​ចម្រុះបណ្ដោះអាសន្នរបស់ខ្មែរក្រហម  គឺវត្ដ​មាន​​របស់អង្គការសហ​ប្រជា​ជាតិ។ នេះបញ្ជាក់ឱ្យឃើញថា សម្ដេចព្រះ នរោត្តម សីហនុ ដែលធ្លាប់រងគ្រោះ​ខ្លាច​ខ្មែរក្រហម ជាងខ្លាចបរទេសវៀតណាម។

បន្ថែមលើនេះ នៅហ្សឺណែវ នាថ្ងៃទី២២ ខែកុម្ភៈដដែល គណៈកម្មា-​ធិការ​សិទ្ធិមនុស្សនៃ​អង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្​យវៀតណាមដកកង​ទព័ចេញពីប្រទេសខ្មែរ បានទទួលការក្រើន​រំលឹកពីគណៈកម្មាធិការឯកសារ​លើ​កម្ពុជារបស់សហរដ្ឋអាមេរិក អំពីការចាំបាច់មិនឱ្យ ប៉ុល ពត និង​ ពួកដឹកនាំ​ខ្មែរក្រហម ត្រឡប់ទៅកាន់អំណាចវិញនៅប្រទេសខ្មែរ។ វាជាការរំលឹកឱ្យឃើញ​ម្ដង​ទៀត​ថា អំពើជ្រុលហួស មិនអាចលុបលាងឱ្យអស់បានទេ។ ប៉ុន្ដែ អ្នកដែល​ទទួល​ផលអាក្រក់ជាងគេ គឺប្រជាជន​ខ្មែរ ​ដែល​ជាអ្នក​រងគ្រោះផង ជាអ្នកទទួល​បន្ទុកសងអំពើដែលបង្កើតឡើងដោយអ្នកដឹកនាំរបស់​ខ្លួន​ផង។ ភស្ដុតាង គឺគេ​ចង់បង្ហាញថា កងទ័ពវៀត​ណាមមិនអាក្រក់ជាងខ្មែរក្រហមទេ ចំពោះប្រជាជន​ខ្មែរ។ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ១៩៨៨  សម្ដេចព្រះ នរោត្តម សីហនុ ប្រកាស​ថា ព្រះ​អង្គនឹងកាន់តំណែង​ជា​នាយករដ្ឋាភិបាលខ្មែរ នៃកម្ពុជាប្រជាធិបតេយ្យ​វិញ។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៨៨ ប្រទេសថៃបានបញ្ចូលកម្លាំងតាស់​ហ្វ័ក្ស​៨០ (Task Force 80) ដែលទទួលបន្ទុកត្រួតមើល​អ្នក​ភៀស​ខ្លួនខ្មែរ ហើយ​តែង​មានពាក្យត្អូញត្អែរប្ដឹង​ជា​ញឹក​ញាប់​ថា បានប្រព្រឹត្ដអំពើលួចប្លន់ រំលោភ​កាមគុណ និង អំពើហឹង្សា​នានា​លើអ្នកភៀស​ខ្លួន ទៅក្នុងកង​កម្លាំង​ថ្មីមាន​ឈ្មោះថា កងការពារជនភៀសខ្លួន។ តើការផ្លាស់ប្ដូរផ្លាកនឹង​មានប្រសិទ្ធិភាព​អ្វី​ឬទេ បើ​អំពើរំលោភច្បាប់គ្មានទទួលទណ្ឌកម្មអ្វីទេនោះ?កាលណាទៅទើប​ខ្មែរ​គ្រប់និន្នាការចេះ​ឈឺចាប់​ចំពោះ​​ទុក្ខសោកខ្មែរដូចគ្នា?

លោក រ៉ាហ្វេឌីនអាមេដ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ បានធ្វើទស្សនកិច្ច​នៅ​​​​ភ្នំពេញ នៅថ្ងៃទី៣០ ខែមីថុនា ឆ្នាំ១៩៨៨។ ពេលនោះ​ប្រទេសវៀតណាមប្រកាសថា នឹងដកទព័​មួយភាគ ​ចេញពីប្រទេសកម្ពុជា។ ប្រទេសវៀតណាមបន្ថែមថា នាយកដ្ឋានបញ្ជាការត្រូវបានដកថយ​ពី​ប្រទេស​កម្ពុជា ទៅតាំងទីនៅខេត្ដតាយនិញរបស់វៀតណាមរួចហើយ។ នេះគ្រាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ថា វៀតណាមចង់ដោះស្រាយបញ្ហាខ្មែរដោយសន្ដិវិធី ប៉ុន្ដែ គ្មាន​អ្វីអះអាងថា វៀតណាមចង់ដោះដៃឱ្យ​ផុត​ពីរឿងខ្មែរឡើយ។

យើងស្ដាយថាខាងខ្មែរ ជាពិសេស ខាងផ្នែកតស៊ូគ្មានឯកភាព គ្មានយុទ្ធ​វិធី គ្មានគោលដៅក្នុង ដំណាក់នយោបាយថ្មីនេះ ដើម្បីប្រយោជន៍ជាមូលដ្ឋាន​របស់ប្រទេសជាតិឡើយ។

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៨៨ សម្ដេចព្រះ នរោត្តម សីហនុ ប្រកាស​លាលែងជាលើកទី៦ ពីតំណែងនាយករដ្ឋាភិបាល។ ព្រះអង្គចោទថា កងកម្លាំង​ខ្មែរក្រហមវាយប្រហារលើកងកម្លាំងសីហនុនិយម ហើយប្រទេសចិនគាំទ្រ​តែ​កម្ពុជាប្រជាធិបតេយ្យ។ ព្រះអង្គចាត់តាំងទ្រង់ រណឫទ្ធិ ឱ្យជំនួស រួច​យាង​ទៅ​ជួបរដ្ឋមន្ដ្រីការបរទេសបារាំង គឺលោក រ៉ូឡង់ឌុយម៉ាស៍ នៅប៉ារីស។

នៅភ្នំពេញនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៨៨ រដ្ឋមន្ដ្រីការបរទេស វៀត​ណាម ខ្មែរ  និង លាវ បានប្រជុំគ្នា ដើម្បីរៀបចំ​យុទ្ធនាការ​ថ្​មីសម្រាប់ដោះស្រាយ​បញ្ហាខ្មែរដោយសន្ដិវិធី។ បន្ទាប់ពីការប្រជុំនេះ សេចក្ដីថ្លែងការណ៍រួមបាន​បញ្ជាក់​អំពី​ការដកថយជាលំដាប់​របស់​កងទ័ពវៀតណាម អំពីការជំទាស់​របស់​អន្ដរជាតិ ចំពោះការវិលត្រឡប់មករកអំណាចវិញរបស់ ប៉ុល ពត ព្រមទាំង​សោក​ស្ដាយចំពោះ​ការ​មិនទទួលស្គាល់របស់សមាគមន៍អាស៊ាន នូវការវិវត្ដថ្មី​ក្នុង​​រឿងទូត។ សេចក្ដីថ្លែងនេះ រំលឹកឡើងវិញនូវ​សេចក្ដី​ថ្លែង​រួមរវាង ឥណ្ឌូនេស៊ី និង វៀតណាម កាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ១៩៨៧ និង ការ​ស្របគំនិត​ធ្វើឱ្យ​អាស៊ីអាគ្នេយ៍ប្រែក្លាយ​ជា​តំបន់​សន្ដិភាព មានលំនឹង និង ធ្វើសហប្រតិបត្ដិការ​រួមគ្នា។ ក្នុងថ្ងៃជាមួយគ្នានេះ រដ្ឋសភាជាតិនៃសាធារណរដ្ឋប្រជា​មានិត​កម្ពុជា ក៏ប្រជុំជាមហាសន្និបាត ​កែ​ប្រែ​មាត្រា១២ និង ១៩ នៃរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចូល​របបសេដ្ឋកិច្ចប្រឡាយកាត់ (សេដ្ឋកិច្ចដឹកនាំ លាយ​នឹងសេដ្ឋកិច្ចសេរី)។

ស្ថានភាពនយោបាយដែលហាក់ដូចជារាំងស្ទះ ត្រូវបានទម្លុះទម្ទាយ​ដោយមានការចូលរួមពី​សំណាក់ប្រទេសវៀតណាម និង ឥណ្តូនេស៊ី ដែលរៀប​ចំ​​ឱ្យមានការជួបជុំក្រៅផ្លូវការមួយនៅទីក្រុង​ហ្សាហ្គារតា (Jakarta) ដែលគេដាក់​ឈ្មោះថា JIM (Jakarta Informal Meeting) នៅថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ១៩៨៨។ នេះជាលើកដំបូងហើយ ដែលភាគីខ្មែរចូល​រួមប្រជុំដោយគ្មាន​របៀប​វារៈ​គ្រោង​ទុកជា​មុន​នៅប្រទេសឥណ្ឌូនេស៊ី។ ដំបូងការប្រជុំនេះប្រព្រឹត្ដទៅតែរវាងភាគី​ខ្មែរ​ទេ។ ភាគីនីមួយៗបង្ហាញនូវ​សំណើ​រៀងៗ​ខ្លួន។ សម្តេច ហ៊ុន សែន បង្ហាញ​សំណើ​៧ចំណុច ដែលមានន័យរួមថា បង្កើតក្រុមប្រឹក្សាផ្សះផ្សារជាតិចតុភាគី ដឹកនាំ​ដោយ​សម្ដេច​ព្រះ នរោត្តម សីហនុ។ សាធារណរដ្ឋប្រជាមានិតកម្ពុជា​ប្រចាំកន្លែងដដែល ទំរាំដល់បោះឆ្នោត​រួច។ បន្ទាប់មក ការប្រជុំ​នេះពង្រីក​ដល់​សហគមន៍អាស៊ានទាំងអស់ ព្រមទាំងប្រទេសឡាវ និង វៀតណាម​ផង។ សម្ដេច សីហនុ មិនចូល​រួមក្នុងការ​ប្រជុំនេះទេ។ ក្រោយពីនេះ ព្រះអង្គទទួលតំណាង​ភាគីខ្មែរ​ទាំងបួនដែលចូលគាល់ព្រះអង្គ រួចស្នើផែនការមួយ​មានប្រាំចំណុចដូច​តទៅ ៖


សម្រេចយកនិមិត្ដរូបរួម ដែលជាទង់ជាតិប្រកបដោយប្រាសាទ​អង្គរវត្ដ​កំពូលបី។

–រៀបចំរដ្ឋាភិបាលចតុភាគី (រដ្ឋមន្ដ្រី៤រូបសម្រាប់ក្រសួងនីមួយៗ)។

–រៀបចំកងទព័ចតុភាគី។

–រៀបចំរដ្ឋាភិបាលចតុភាគីចេញពីទម្រង់រដ្ឋការសាធារណរដ្ឋ​ប្រជា​មានិតកម្ពុជា។

–រៀបចំសន្និសិទអន្ដរជាតិ ដែលនឹងធានាអព្យាក្រឹតភាពខ្មែរ ​ព្រមទាំង​ចាត់តាំង​គណៈកម្មាធិការ​ត្រួតពិនិត្យ ការដកទព័​បរទេស​ចេញអស់​ពីប្រទេស​កម្ពុជា ហើយនឹងជួយគាំទ្ររដ្ឋាភិបាល​ចតុភាគីក្នុងការរក្សាសន្ដិសុខ រក្សា​សណ្ដាប់​​ធ្នាប់ និង ដឹកនាំការបោះ​ឆ្នោត។ ក្នុងពេលបញ្ចប់ការប្រជុំដែលអស់រយៈពេល៤ថ្ងៃ ចំណុចដែលស្រប​គំនិតគ្នា បានកត់ត្រា​ចូលក្នុងសេចក្ដីប្រកាសរួម ប៉ុន្ដែ ខ្មែរក្រហមមិនព្រម​ទទួល​យក ហើយធ្វើឱ្យរាំងស្ទះប្រកាសរួមនេះ។ ទោះបីសេចក្ដីក្នុងប្រកាសមានន័យថា កងទព័បរទេសវៀត​ណាម​ត្រូវដកថយពីកម្ពុជា ស្របជាមួយ​ការ​មិនវិលត្រឡប់​មកកាន់អំណាចវិញនៃក្រុមប្រល័យពូជសាសន៍។

ក្រុមការងារ ទទួលបន្ទុកសិក្សារកឧបករណ៍សម្រាប់ដំណោះស្រាយ​តាមផ្លូវនយោបាយបាន​បង្កើតឡើងនៅពេលនោះ។ ឯជំនួប​ថ្មីមួយ​ទៀតរវាង​សម្ដេច ព្រះនរោត្តមសីហនុ និង លោក ហ៊ុន សែន នៅប្រទេស​បារាំង ក៏បាន​គ្រោងទុកដែរ។

ការជំទាស់របស់ខ្មែរក្រហម ត្រូវបរិហារដោយសម្ដេចព្រះ នរោត្តម សីហនុ ពេលត្រឡប់ទៅដល់ប៉េកាំងវិញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៨៨។ ព្រះអង្កមានបន្ទូលថា ខ្មែរក្រហមជាឧបសគ្គ​ចម្បង​ជាងគេ​ក្នុង​រឿង​ដោះស្រាយ​បញ្ហាខ្មែរ។ ក្នុងថ្ងៃនោះដែរ ភ្នាក់ងារ​​សារព័ត៌មានចិនថ្មីបានសរសេរថា មិនអាច​មានរឿង​ច្រានចោលភាគីខ្មែរក្រហមបានឡើយ។ ហាក់ដូចតបនឹងសារព័ត៌មាន​ចិន​ថ្មី ក្នុងពេលទទួលអ្នកស្រី ម៉ាហ្គីរីត ថាក់ឈែរ រដ្ឋមន្ដ្រីទីមួយអង់គ្លេស​នៅ​ជំរំសាយប៉ី នៅថ្ងៃទី0៧ ខែសីហា ឆ្នាំ១៩៨៨ សម្ដេចព្រះ នរោត្តម សីហនុថ្លែង​ថា ព្រះអង្គយល់ថា គួរទុកអាសនៈកម្ពុជាក្នុងអង្គការសហប្រជាជាតិឱ្យ​នៅ​ទំនេរ។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៨៨ នៅប៉េកាំង មានការសន្ទនារវាងចិន និង រុស្សីអំពីរឿងខ្មែរ។ សម្ដេចព្រះ នរោត្តម សីហនុ ចោទខ្មែរ​ក្រហមជាថ្មី នៅ​ថ្ងៃ​ទី១៤ ខែកញ្ញា ឆ្នាំ១៩៨៨ អំពីបញ្ជូនដោយបង្ខំ​អ្នកភៀស​ខ្លួនខ្មែរពីជំរុំនៅ​ប្រទេសថៃ ទៅក្នុងប្រទេសខ្មែរ
និង ការសម្លាប់ប្រជាជនសីហនុនិយម ព្រម​ទាំងការវាយ​ប្រហារទៅលើកងកម្លាំងសីហនុនិយម។

សម្ដេចព្រះ នរោត្តម សីហនុ បានជួបប្រធានាធិបតីបារាំងលោក ហ្វ្រង់​ស្វ័រ មីទែរ៉ង់ដ៍ ក្នុងឱកាស​មហា​សន្និបាត អង្គការសហប្រជា​ជាតិនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៨៨។ លោកប្រធានាធិបតី​បាន​អះអាង​ថា ប្រទេសបារាំងត្រៀម​ខ្លួន​ជាស្រេចដើម្បីទទួលសន្និសិទ​អន្ដរជាតិអំពីរឿងខ្មែរ។ ក្នុងឱកាសនោះដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺលោក រីហ្គេន (Reagan) ក៏ប្រកាសថាមាន​បំណង​​​ដំឡើង​​ជំនួយ​កើន​ឡើង​បីដង ចំពោះភាគីតស៊ូខ្មែរដែលមិនមែន​កម្មុយនី​ស្ដ។

ក្រុមការងារដែលបានបង្កើតពីថ្ងៃទី២៨ ខែកក្កដា មុននេះ ដោយអង្គការ​ហ្សីម បានប្រជុំពីថ្ងៃទី ១៧ទៅ២០ ខែតុលា ឆ្នាំ១៩៨៨។ ខ្មែរក្រហមមិនព្រម​ចូល​ប្រជុំ ដូច្នេះការប្រជុំនោះឥតបាន​លទ្ធផល​​អ្វីឡើយ។ បន្ទាប់មក​សារព័ត៌មាន​ចិនថ្មី បានបរិហារជា​លើកដំបូងនូវការភ័ន្ដច្រឡំរបស់​ខ្មែរ​ក្រហម ក្នុង​ពេលកាន់​អំណាចនៅប្រទេសខ្មែរ។

មហាសន្និបាតប្រចាំឆ្នាំនៃ អ.ស.ប[4] មុននឹងបិទសម័យប្រជុំ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៨៨ បានធ្វើសេចក្ដីសម្រេចចិត្ដអំពីរឿង​ខ្មែរក្រហមដូចតទៅ៖

ក្រៅ​​ពីតម្រូវឱ្យដក​កងទ័ព​​វៀតណាម​​ចេញពីប្រទេសកម្ពុជា សុំឱ្យបង្កើត​រដ្ឋាភិបាល​​​ខ្មែរមួយ ដែលមិនប្រើនយោបាយ និង របៀប​កន្លង​​​ទៅថ្មីៗនេះ ដែល​ពិភព​លោកបានថ្កោលទោស។ ការសម្រេចចិត្ដនេះមានសម្លេង១២២គាំទ្រ មាន​សម្លេង​១៩ប្រឆាំង និង មានសម្លេង១៣អនុបវាទ។ ពេលនោះ រដ្ឋាភិបាលខ្មែរ​នៃកម្ពុជា​ប្រជាធិ​បតេយ្យ​​បានរក្សាអាសនៈកម្ពុជា នៅក្នុងអង្គការសហប្រជា​ជាតិ​ដដែល។

ការវិវត្តនយោបាយនៅកម្ពុជា ក្នុងក្របខ័ណ្ឌតំបន់ បានជំរុញឱ្យមាន​ជំនួប​លើក​ទី៣ នៅថ្ងៃទី៧ និង ៨ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ដោយ​មាន​ការជួបប្រជុំ​រវាងសម្ដេចព្រះ នរោត្តម សីហនុ លោក សឺនសាន និង សម្តេច ហ៊ុន សែន នៅហ្វ៊ែរអង់តាដឺន័រ ប្រទេស​បារាំង ដោយ​គ្មានការចូលរួមពីភាគីខ្មែរក្រហមទេ។ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ជាថ្ងៃបញ្ចប់កិច្ចប្រជុំ សម្ដេចព្រះនរោត្តម សីហនុ លោក សឺន សាន និង សម្តេច ហ៊ុន សែន បានចុះហត្ថលេខាលើ​សេចក្តី​ប្រកាសរួមមួយដែល​មានខ្លឹមសារដូចតទៅ៖

១- បង្កើតគណៈកម្មាធិការការងាររួមគ្នា ដែលមានសុពលភាពមកពី​ភាគីនីមួយៗ សម្រាប់សិក្សា​លទ្ធផលដោះស្រាយនយោ​បាយនៅកម្ពុជា

២- ការជួបកំពូលលើកក្រោយគ្រោងនឹងធ្វើនៅឆ្នាំ១៩៨៩

៣- រៀបចំសន្និសីទអន្តរជាតិអំពីកម្ពុជា

៤- ការជួបជុំកំពូលនៅតែបើកចំហរចំពោះភាគីខ្មែរក្រហម [5]

បន្ទាប់មកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំដដែល សម្ដេចព្រះ នរោត្តម
សីហនុ បញ្ជាក់អំពីចំណុចខ្លះ នៃផែនការប្រាំចំណុចរបស់ព្រះអង្គ។ ព្រះអ​​​​​​ង្គតម្រូវឱ្យ​មាន​ថ្ងៃជាក់​លាក់​ លើការដកថយរបស់កងទព័​វៀតណាម
ការរំលាយព្រមគ្នា​នៃរដ្ឋាភិបាលកម្ពុជា​ប្រជាធិប​តេយ្យ
និង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជា​មានិត​​កម្ពុជា។ ព្រះអង្គបញ្ជាក់ផងដែរថា ផែនការនេះមិនអាចថែមថយបានទេ គេ​ទទួល​យកទាំង​ស្រុង ឬ គេមិនទទួលយកតែប៉ុណ្ណោះ។ លោក ខៀវ
សំផន បាន​មកគាល់សម្ដេចព្រះ នរោត្តម សីហនុ  នៅហ្វែរអង់់តាន័រ ដើម្បីគាំទ្រផែនការប្រាំ​ចំណុចរបស់ព្រះអង្គ ព្រមទាំង​បញ្ជាក់ថា ប៉ុល ពត
បានដកខ្លួនចេញពីមុខ​តំណែង ហើយគ្មានមុខនាទីអ្វីទៀតទាំងអស់។
លោក ខៀវ សំផន បានសន្យាថា នឹងចៀសវាងមិនឱ្យមានការទាស់ទែងរវាងកងទព័តស៊ូទៀតទេ។

ដូចឆ្លើយនឹងការអះអាងរបស់លោក ខៀវ សំផន ចំពោះសម្ដេចព្រះ​នរោត្តម សីហនុ សម្តេច ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១៤ ខែធ្នូ១៩៨៨ ថា ប៉ុល ពត នៅតែមានមុខនាទីលេខ១ ក្នុងជួរខ្មែរក្រហមជានិច្ច។ អ្នកមានឋានៈបន្ដចុះ​មកជាលំដាប់លំដោយគឺ  អៀង សារី សុន សេន តាម៉ុក នួន ជា កែ ពក  និង ខៀវ សំផន។

ក្រុមប្រឹក្សាជាន់ខ្ពស់ការពារជាតិ បានបង្កើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៨៩ ដោយ​រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ក្នុងគោល​បំណងពង្រឹង​សហប្រតិបត្ដិការ ឯកភាព និង ការ​គាំទ្រ​​គ្នាទៅវិញទៅមក រវាងកងកម្លាំង​តស៊ូ​ទាំងបី។ កងកម្លាំងសីហនុនិយម និង សឺនសាននិយម ដែល​​បានទទួលអាវុធ​និង គ្រាប់រំសេវពីបស្ចឹមប្រទេស ត្រូវស្ថិតនៅក្រោមបញ្ជាការតែមួយ ដែល​ខ្មែរ​ក្រហម​មាន​តួនាទីសំខាន់ជាងគេ។ ចូលដល់ឆ្នាំ១៩៨៩ បញ្ហាខ្មែរបានប្រែភេទយ៉ាងរហ័ស ដោយប្រទេស​វៀត​ណាមប្ដូរយុទ្ធវិធីថ្មី ដើម្បីរក្​សាប្រៀប​ដែលគេបានបង្កើត។

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៩ ក្នុងឱកាសសម្ពោធខួបទី១០នៃសាធា​-រណ​រដ្ឋ​​ប្រជាមានិត​កម្ពុជា នាយករដ្ឋមន្ដ្រីវៀតណាម
ង្វៀន យ៉ាំងលិញ សន្យា​នឹង​​ដកទព័ចេញឱ្យអស់ពីកម្ពុជាមុន​ដំណាច់​ខែសីហាខាងមុខ។ នៅថ្ងៃទី១៨ ខែ​មករា វៀតណាមបាន​ចុះ​ហត្ថលេខាជាមួយចិន នៅទីក្រុងប៉េកាំង ​លើ​អនុសញ្ញា​ក្នុ​ងការដកកងទ័ពនេះ ក្រោមការត្រួត​ពិនិត្យរបស់​​អង្គការសហ​ប្រជា​ជាតិ។

ជាលើកដំបូង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៨៩ គណៈប្រតិភូសភាថៃ បានមកធ្វើទស្សនកិច្ច​នៅភ្នំពេញ ដែលជាការប្ដូរឥរិយាបថ​ថ្មីស្រឡះ​ចំពោះ​របប​ភ្នំពេញ។ តបនឹងទស្សនកិច្ចនេះ សម្តេច ហ៊ុន សែន បានទៅទស្សនាបាងកក​ជាឯកជន ពីថ្ងៃទី២៥ ទៅថ្ងៃ២៦ ខែ​មករា ឆ្នាំ១៩៨៩ ហើយបានជួប​នឹង​រដ្ឋមន្ដ្រី​ទីមួយថៃ គឺលោក ជុតទីច័យ ចុនហាវ័ន ព្រមទាំងរដ្ឋមន្ដ្រីការបរទេស សាវែត​សីលា និង ​នាយបញ្ជាការកងទ័ព ឧត្ដមសេនីយ៏ ចាវលឹត យុងច័យយុទ្ធ។ ទស្សន​កិច្ចរបស់សម្តេច ហ៊ុន សែន នេះមានសូរខ្ទរខ្ទារ អាច​ចាត់ទុក​​ថាជា​ជ័យ​ជំនះ​មួយខាងផ្លូវទូត។

នៅប៉េកាំង សម្ដេចព្រះ នរោត្តម សីហនុ សម្តែងការសោកស្ដាយចំពោះ​ទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅបាងកក ហើយ​សម្រេចចិត្ដថា នឹងមិន​ចូលរួមក្នុងការចរចាទាំងអស់ទៅដល់ខែកញ្ញា ពីព្រោះ​ ផែនការសន្ដិភាព​របស់​ព្រះអង្គ មិនបានទទួលការ​យល់ព្រមពីភាគីខ្មែរទាំងអស់។

ភាគីទាំងបីនៃរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ បានទៅប្រជុំនៅប៉េកាំង នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៨៩ ហើយយល់ស្រប​គ្នាលើផែន​ការសន្ដិភាពមួយ ដែលប្រកបដោយរចនាសម្ព័ន្ធអន្ដរជាតិ​មួយ​ ដែលនឹងត្រួតពិនិត្យការដកថយ​កង​ទព័វៀតណាមទាំងអស់ ព្រម​ទាំងកងកម្លាំងអង្គការសហប្រជាជាតិ​មួយ​ដែល​រ​ក្សាសន្ដិសុខ ត្រួតពិនិត្យការឈប់បាញ់គ្នា រៀបចំការបោះឆ្នោត និង រៀបចំ​រដ្ឋាភិបាល​ចម្រុះបណ្ណោះអាសន្នមួយ ជំនួសរចនាសម្ព័ន្ធរដ្ឋដែលមាន​ពី​មុន​មក។

ក្រុមការងារចតុភាគីបានប្រជុំនៅហ្សារកាតា នៅថ្ងៃទី១៧-១៨ ខែកុម្ភៈ គឺ​ពីរ​ថ្ងៃមុនការរួមប្រជុំនៃ JIM ទី២។ សម្ដេចព្រះនរោត្តម សីហនុ មិនបានចូលរួម​ប្រជុំទេ គឺបានប្រគល់ទៅឱ្យព្រះរាជបុត្រ គឺ  រណឫទ្ធិ ជាតំណាងព្រះអង្គក្នុង​ការ​ប្រជុំនោះ។

ចូលមកដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៨៩ ការប្រជុំក្រៅផ្លូវការនៅហ្សាការ​តាទី២ (JIM II) បានចាប់ផ្តើមការងាររបស់ខ្លួន​នៅទីក្រុង​ហ្សាការតា ប្រទេស​ឥណ្តូនេស៊ី ក្រោមការដឹកនាំរបស់លោក អាលី អាឡាតាស់ (Ali Alatas) រដ្ឋមន្រ្តី​ការ​បរ​ទេស​ឥណ្តូនេស៊ី។ ភាគីដែលបានចូលរួមប្រជុំមាន១២សមាសភាព​ចូល​រួមគឺ ប្រទេស​អាស៊ានទាំង៦គឺ ឡាវ វៀតណាម​ សាធារណរដ្ឋប្រជាមាននិត​កម្ពុជា និង ក្រុម​ត្រី​ភាគី (រណប្ញទ្ធិ សឺន សាន និង ខៀវ សំផន)។ គម្រោង​លក្ខន្ដិកៈ និង រចនា​សម្ព័ន្ធនៃអ.ស.ប ចតុភាគី​បណ្តោះអាសន្ន សម្រាប់​ដោះ​ស្រាយបញ្ហាខ្មែរ​ត្រូវរាំង​ស្ទះ។ ក្នុងពេលជា​មួយគ្នានោះដែរ ​ពីទីក្រុងប៉េកាំង​ ប្រទេសចិន សម្តេចព្រះ នរោត្តម សីហនុ មានព្រះរាជបន្ទូលថា JIM
II ជាឆាក​កំប្លែង។

(…នៅមានតទៅលេខក្រោយ…)

[1]
រស់
ចន្ត្រាបុត្រ ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ភ្នំពេញ ឆ្នាំ២០១៦
ទំព័រ១៨៣។

[2] រស់
ចន្ត្រាបុត្រ ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា  -ដ.ឯ.ម- ទំព័រ១៨៣។

[3] រណសិរ្សរួបរួមជាតិរំដោះប្រជាពលរដ្ឋខ្មែរ។

[4] អង្គការសហប្រជាជាតិ។

[5] រស់ ចន្ត្រាបុត្រ ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា
-ដ.ឯ.ម- ទំព័រ១៨៥។

Be the first to comment

Leave a Reply

Your email address will not be published.


*