ទស្សនៈខ្មែរស្ដីពីចំនួនលេខ (The Khmer Thought on Numbers)

សេចក្ដីផ្ដើម

ជាទូទៅ គេប្រើប្រាស់ចំនួនលេខ ដើម្បីធ្វើជាមធ្យោបាយក្នុងការស្វែង​យល់​ទៅលើបរិមាណជាក់ស្ដែង។  បរិមាណទាំងនោះ អាចធំ ឬ តូច​ អាស្រ័យ​ទៅលើវិធីដែលអ្នកប្រតិបត្ដិផ្ទាល់ប្រើប្រាស់។ ឧបមាថា បើគេ​យកចំនួនលេខ​ណា​មួយទៅបូកនឹងចំនួនលេខមួយទៀត គេអាចឃើញបរិមាណកើនឡើង ហើយ​តាងដោយលេខណាមួយ ដែលគេសន្មតថាធំជាងលេខមុន។ ផ្ទុយទៅ​វិញ បើគេយកលេខណាមួយ ទៅដកនឹងលេខមួយទៀត បរិមាណ​ជាក់ស្ដែង​អាចថយចុះជាងមុន ហើយតាងដោយលេខមួយផ្សេងទៀត ដែលគេសន្មតថា តូចជាងមុន។ ពិសេសជាងនេះទៅទៀត គេអាចប្រើប្រាស់ចំនួនលេខធ្វើ​ជា​តំណាងចំពោះវត្ថុណាមួយ ឬ ការគិតគូរណាមួយ ហើយវត្ថុ និង ការគិតគូរ​ទាំងអស់នោះ បានក្លាយទៅជាទម្លាប់តកូនតចៅ ឬ ក៏អាចក្លាយទៅជា​គតិ​បណ្ឌិត​ផងក៏សឹងមាន សម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ជាតិសាសន៍​នីមួយៗ​នៅលើពិភពលោកយើងនេះថែមទៀតផង។ ដោយឡែក ចំពោះខ្មែរយើងដែល​ត្រូវបានចាត់ទុកថាជាជាតិសាសន៍មួយ ក្នុងចំណោមជាតិសាសន៍ទាំងឡាយ​នៅលើសកលលោកដូចគេឯងដែរនោះ យើងក៏បានឱ្យតម្លៃទៅលើចំនួន​លេខ​ថាមានសារៈសំខាន់ដូចគ្នាដែរ ហើយអាចយកទៅប្រើប្រាស់ធ្វើជាមធ្យោបាយ ដើម្បីសិក្សាស្វែងយល់អំពីបរិមាណ ក៏ដូចជា សម្រាប់ធ្វើជាតំណាងនៃការ​គិតគូរជាអរូបិយណាមួយរបស់ខ្លួន ព្រមទាំងយកការគិតគូរអស់ទាំងនោះ ទៅ​ប្រើប្រាស់ ធ្វើជាមេគំនិតសម្រាប់បម្រើផលប្រយោជន៍នៃជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីញ៉ាំងឱ្យដំណើរជីវិតទទួលបាននូវជោគជ័យ ឬក៏ អាចយកទៅកសាង​នូវ​បុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗ ឱ្យសមប្រកបទៅដោយគុណធម៌ ចៀស​ផុតពីអំពើអកុសល និង គ្រោះមហន្ដរាយគ្រប់បែបយ៉ាងដែលតែងតែកើតមាន​ក្នុងជីវិត។

តទៅនេះ យើខ្ញុំនឹងដកស្រង់យកទស្សនៈស្ដីពីលេខមួយចំនួន
មក​បង្ហាញ​ជូន៖

១- ទស្សនៈទាក់ទងនឹង «លេខ៣»

ទាក់ទងទៅនឹង «លេខ៣» មានសំណួរមួយបានចោទសួរឡើងថា បើ​តាមទស្សនៈខ្មែរយើង តើ «លេខ៣» អាចយកទៅប្រើប្រាស់ជាតំណាងអ្វីខ្លះ?

ដូចដែលគេបានដឹងឮជាហូរហែខ្លះៗរួចមកហើយស្រាប់ ខ្មែរយើង​បាន​សន្មតយក «លេខ៣» ធ្វើជាលេខតំណាងនូវសិរីសួស្ដី ជ័យមង្គល ហើយបាន​យកទៅប្រើប្រាស់ក្នុងផ្លូវពីរផេ្សងគ្នា គឺផ្លូវសាសនា (ផ្លូវធម៌) និង ផ្លូវលោក។ ជាក់ស្ដែងក្នុងផ្លូវសាសនា គេយក «លេខ៣» ធ្វើជាតំណាងព្រះរតនត្រ័យ ឬ កែវ​ទាំងបី រួមមាន ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សម្រាប់ឱ្យពុទ្ធសាសនិក​យកទៅ​ធ្វើ​ជា​ទីពឹង មិនអាចខ្វះបានក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់គេ។ តើត្រ័យទាំងបី​នេះ ស្ដែងឡើងនូវទំនាក់ទំនងយ៉ាងណាខ្លះ ជាមួយអ្នកកាន់ពុទ្ធសាសនា? គេ​អាច​ឆ្លើយ​បាន​ថា ទំនាក់ទំនងនោះស្ដែងឡើងនៅត្រង់ថា ព្រះពុទ្ធជាអ្នកត្រាស់​ដឹង ជាអ្នករកឃើញនូវកងធម៌ដ៏ឧត្ដុងឧត្ដម ដែលចាត់ទុកថាជាធម៌ស្នូលដ៏​សំខាន់​​សម្រាប់ពុទ្ធសាសនា ធ្វើឱ្យសាសនាអាចវិវត្ដរីកចម្រើនបាន ស្របទៅនឹង​តថភាព​សង្គម។ ចំណែកព្រះធម៌វិញ គឺជាសភាវៈសម្រាប់ទ្រទ្រង់មនុស្សលោក ការពារមនុស្សលោកមិនឱ្យលិចលង់ក្នុងដំណើរវិលកើត វិលស្លាប់នៃវដ្ដសង្សារ​ដែលមនុស្សរាល់រូបយោនយកកំណើត។ រីឯព្រះសង្ឃវិញ គឺជាអ្នកទ្រទ្រង់​សាសនា ញ៉ាំងឱ្យសាសនាមានជីវិត និង ឋិតឋេរជាដរាបតរៀងទៅ បានន័យថា ព្រះសង្ឃជាអ្នកទទួលខុសត្រូវធំធេងណាស់ចំពោះភាពគង់វង្ស ឬ ភាពបាត់បង់​ទៅរបស់ពុទ្ធសាសនា។ មិនតែប៉ុណ្ណោះ ព្រះសង្ឃក៏ជាអ្នកយកព្រះធម៌ដែល​ព្រះពុទ្ធបានរកឃើញ យកទៅសម្ដែងប្រាប់ជាបន្ដទៅទៀតចំពោះមនុស្ស​ម្នា​ផង ទាំងពួង តាមរយៈធម៌ទេសនាដើម្បីឱ្យពុទ្ធបរិស័ទជាអ្នកដើរតាម បានយល់​ដឹងពិតអំពីបញ្ហាជីវិត តួយ៉ាងដូចជា យល់ដឹងអំពីប្រភពនៃទុក្ខ និង មធ្យោបាយ​រ​ម្លត់ទុក្ខក្នុងជីវិតរស់នៅជាដើម។ បើគេប្រមើលមើលឲ្យបានវែងឆ្ងាយបន្តិច​ទៅ​ទៀតនោះ គេមុខជាឃើញថា ក្នុងការរស់នៅប្រចាំថ្ងៃមនុស្សម្នាក់ៗរមែងជួប​ប្រទះ​នឹងបញ្ហាស្មុគស្មាញច្រើនយ៉ាងណាស់ ហើយមានបញ្ហាខ្លះដោះស្រាយ​បាន បញ្ហាខ្លះក៏ដោះស្រាយមិនបាន ហើយចាប់បង្ខំឲ្យពួកគេរត់ទៅពឹងពាក់​វត្ត​អារាមឲ្យជួយដោះស្រាយ តាមរយៈការ ស្ដាប់ធម៌ទូន្មានរបស់ព្រះសង្ឃ ឬក៏ តាមរយៈការផ្សងចាក់គម្ពីរ។ ជាធម្មតា ការចាក់គម្ពីរត្រូវអនុវត្ដគម្រប់បីដង​ទើប ប្រសើរ ពីព្រោះថា កម្រិតនៃការប្រមូលអារម្មណ៍របស់អ្នកមាន​បញ្ហា មុននឹង​ចាក់​គម្ពីរ អាចបានមូលល្អ ឬក៏មិនបានមូលល្អ។ ដូចេ្នះ គេត្រូវការពឹងពាក់​«លេខ៣» ឱ្យជួយគេក្នុងគម្រប់បីដង នៅពេលណាដែលការចាក់ផ្សង​លើក​ទីមួយ លើកទីពីរ មិនបានសម្រេច ដោយមកពីប៉ះចំលើរឿងអាក្រក់ មិនសម​ប្រកប ហើយសាមីខ្លួនមិនទាន់អស់ចិត្ដ។ យើងអាចសេ្លះទុករឿង​សាសនាមួយ​ឡែកសិន ដោយត្រឡប់មករករឿងលោកិយវិញម្ដង។ បើតាមការប្រតិបត្ដិ​ក្នុង​ផ្លូវលោក «លេខ៣» អាចដើរតួជាតំណាងបាវចនាទាំងបីរបស់ខ្មែរយើង ដូច​មានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសស្រាប់។ បាវចនាទាំងនោះ រួមមាន ជាតិ សាសនា ព្រះមហាក្សត្រ។ ព្រោះតែបាវចនាទាំងបីនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប បានខិតខំបូជាកម្លាំងកាយ ចិត្ដ និង កម្លាំងប្រាជ្ញា ដើម្បីទ្រទ្រង់វត្ថុទាំងបីនេះ​ឱ្យ​ឋិតឋេរជារៀងដរាបតទៅ ជាមួយនឹងជីវិតរស់នៅរបស់គេ។ តាមផ្លូវលោកិយ​ដដែល បើគេត្រឡប់មករកការប្រព្រឹត្ដិរបស់បុគ្គលវិញ មនុស្សម្នាក់ៗតែងចៀស​មិនផុតពីរឿងអាស្រូវខុសឆ្គងឡើយ ហើយឪពុកម្ដាយ ឬ អ្នកអាណាព្យាបាល បានប្រកាន់យកការអត់ឱនជាធំ តែក៏មានព្រំដែនកំណត់ដែរ ដោយអនុវត្ដ​មិន​ឱ្យលើសពីបីដងឡើយ។ បើអត់ឱនគម្រប់បីដងហើយ សាមីខ្លួននៅតែ​មិនកែ​កំហុស ទើបគេអនុវត្ដការដាក់ទោសទណ្ឌទៅតាមកម្រិតនៃការប្រព្រឹត្ដិនោះ សម​ដូចកំណាព្យមួយវគ្គ ដែលបានលើកឡើងក្នុងវចនានុក្រមសមេ្ដចសង្ឃរាជ ជួន ណាត ត្រង់ទំព័រ១៥៩៣ យ៉ាងដូចេ្នះថា «អត់ឱ្យយ៉ាងច្រើនត្រឹមបីដង កុំឱ្យកន្លង ព្រោះសន្ដោស ក្រែងនឹងប្រែក្លាយជារឿងថ្លោស នាំឱ្យរឱសកែលែង​កើត»។ ខ្មែរយើងតែងធ្វើវន្ទនកិច្ចចំពោះបុគ្គល ដែលគួរគោរពក្នុងចំនួនបីដង​ដូចគ្នា ដូចជាកិរិយាថ្វាយបង្គំព្រះ ថ្វាយបង្គំព្រះសង្ឃ ថ្វាយបង្គំមាតាបិតា ឬ គ្រូបាអាចារ្យរបស់ខ្លួន។ ចំពោះពិធីមង្គលការទៀតសោត ក៏មានពិធីមួយដែល​គេហៅថា «ពិធីសំពះផ្កាស្លា» ដោយមានផ្កាស្លាបី ជាតំណាងមនុស្សបីប្រភេទ មានឋានៈសង្គមផ្សេងពីគ្នា។ តើផ្កាស្លាបី ប្រភេទនេះ តំណាងអ្នកណាខ្លះ?

ផ្កាស្លាទីមួយទំហំធំជាងគេ តំណាងមនុស្សប្រភេទទីមួយដែលមាន​ឋានៈ​ខ្ពង់ខ្ពស់ នោះគឺឪពុកម្ដាយ ហើយគូស្រករត្រូវលើកជូនអ្នកមានគុណ​ទាំងពីរ​របស់ខ្លួន។ ផ្កាស្លាបន្ទាប់ត្រូវលើកជូនទៅបង។ ផ្កាស្លាចុងក្រោយ (ផ្កាស្លាពៅ) ត្រូវលើកជូនទៅញាតិសាច់សាលោហិតរបស់ខ្លួន។ ទាក់ទងទៅនឹង «លេខ៣» ដដែលបើគេពិនិត្យឱ្យបានស៊ីជម្រៅបន្ថែមទៀត ទៅលើជីវិតរស់នៅរបស់​មនុស្ស​ម្នាក់ៗ ខ្មែរយើងតែងខិតខំអប់រំកូនចៅឱ្យចៀសផុតពីអំពើអបាយមុខទាំងបី​ក្នុង​សង្គមដែលធ្វើ ឱ្យមនុស្សឆ្កួតវងេ្វង ហើយដែលតាមពាក្យសាមញ្ញហៅថា «ឆ្កួតបី» នោះគឺអបាយមុខដែលកើតឡើងអំពីស្រី ឬ «ឆ្កួតស្រី» អបាយមុខ​ដែល​កើតឡើងអំពីស្រា ឬ «ឆ្កួតស្រា» និង អបាយមុខដែលកើតឡើងអំពីល្បែង ឬ «ឆ្កួតល្បែង»។ ដូចមានឃ្លាជាកំណាព្យក្នុងច្បាប់កូនចៅ ចែងយ៉ាងដូច្នេះថា «លោកថាឆ្កួតបី ឆ្កួតមួយ នឹងស្រី ឆ្កួតមួយនឹងស្រា ឆ្កួតមួយនឹងល្បែងអំពើពាលា ឆ្កួតនេះហៅមហា ឆ្កួតក្រៃកន្លង»។ ក្រៅពីឆ្កួតបីប្រការដូចបានរៀបរាប់រួច​មក​ហើយ ខ្មែរយើងនៅបានយកចិត្ដទុកដាក់ទៅលើ «លេខ៣» ដើម្បីទុកជាការ​ជូនពរ​គ្នាឱ្យសម្រេចបាននូវសម្បត្ដិបីប្រការ ហើយសម្បត្ដិទាំងនោះទាក់ទង​ជិត​ស្និទ្ធទៅនឹងដំណាក់កាលនៃវ័យទាំងបីរបស់មនុស្សម្នាក់ៗ «បឋមវ័យ, មជ្ឃឹម​វ័យ, បច្ឆឹមវ័យ»។ រីឯសម្បត្ដិទាំងបីនោះរួមមាន «សម្បត្ដិមនុស្សលោក១, សម្បត្ដិ​ទេព្ដា១ និង សម្បត្ដិព្រះនិពា្វន១» ទោះបីជា សម្បត្ដិចុង ក្រោយនេះ មានអ្នកខ្លះ​ដែលឋិតក្នុងវ័យកណ្ដាល ឬ វ័យចុងក្រោយ នៅជាប់ជំពាក់នឹងរឿងលោកិយ ពុំទាន់ប្រាថ្នាចង់បានសម្រេចដោយឆាប់រហ័សក្តី។ ផ្សារភ្ជាប់ទៅនឹងបញ្ហាមនុស្ស​ដដែល ខ្មែរយើងបានប្រគល់ឱ្យ «លេខ៣» ដើរតួនាទីក្នុងសិរីបីប្រការរបស់​មនុស្សផងដែរ។ ជាក់ស្ដែង ចាស់បុរាណតែងអប់រំកូនចៅឱ្យយល់ដឹងអំពី​ទីកន្លែងសំខាន់ទាំងបីដែលធ្វើឲ្យកើតសិរីសួស្ដី តួយ៉ាងដូចជា ពេលព្រឹក​ព្រលឹមសិរីសួស្ដីរបស់មនុស្សឋិតនៅលើមុខ ម្ល៉ោះហើយបានជាមនុស្សម្នាក់ៗ ត្រូវ​លុប​មុខក្រោយពេលក្រោកពីដំណេក ហើយធ្វើមុខឲ្យបានស្រស់ស្រាយ មិន​កញ្ចប់កញ្ចូវ ចងចញ្ចើម។ ចំពោះពេលថ្ងៃវិញ សិរីសួស្ដីរបស់មនុស្សឋិត​នៅលើ​ដើមទ្រូង ហេតុដូច្នេះហើយបានជាពេលងូតទឹក គេត្រូវដុសក្អែលលាង​សម្អាត​ដើមទ្រូង។ ចំណែកនៅពេលយប់វិញ សិរីសួស្ដីរបស់មនុស្សឋិតនៅនឹងជើង  ម្ល៉ោះហើយបានជាមុននឹងចូលដេក (និន្ទ្រា) គេត្រូវលាងសម្អាតជើង ដើម្បី​ទទួលបាននូវសិរីសួស្ដីក្នុងពេលយប់។ សូមបញ្ជាក់បន្ថែមថា បើមើលតាម​រឿង​ពេ្រងនិទានកន្លងមក សិរីសួស្ដីទាំងបីនេះ ដើមឡើយមនុស្សលោករកមិនឃើញ​ទេ មានតែសត្វឥន្ទ្រីប៉ុណ្ណោះដែលដឹងរឿងរ៉ាវនេះច្បាស់ ដោយមានពេលមួយ ឥន្ទ្រីឈ្មោលធ្លោយនិយាយប្រាប់ឥន្ទ្រីញីជាប្រពន្ធ ដោយសារតែសប្បាយចិត្ត​ខ្លាំងពេកថា ថ្ងៃស្អែកខ្លួននឹងបានសាច់ធម្មបាលកុមារ ដែលភ្នាល់ចាញ់កបិល​មហាព្រហ្ម ព្រោះតែរកទីកន្លែងសិរីបីប្រការមិនឃើញ ធ្វើជាអាហារបរិភោគ។ ដោយជជីកសួរដេញដោលខ្លាំងពេក ឥន្ទ្រីឈ្មោះលទ្រាំមិនបានក៏និយាយ​ប្រាប់​ឥន្ទ្រីញីជាប្រពន្ធ អំពីទីកន្លែងនៃសិរីសួស្ដីទាំងនោះ ជាហេតុធ្វើឲ្យធម្មបាលកុមារ ដែលមកដេកសន្ធឹកសន្ធៃអស់សង្ឃឹមក្រោមដើមឈើនោះស្ដាប់បាន ព្រមទាំង​អាចយកទៅឆ្លើយដោះប្រស្នាកបិលមហាព្រហ្មរហូតបានសម្រេច ធ្វើឲ្យគ្រោះ​ថ្នាក់​ត្រូវធ្លាក់ទៅលើកបិលមហាព្រហ្មវិញម្តង ព្រោះតែការដាក់លក្ខខណ្ឌ​ខសន្យា​ជាមួយគ្នាថា សុខចិត្តផ្ដាច់ជីវិត ដោយកាត់សិរសាខ្លួនឯងជំនួសវិញ បើសិនណាធម្មបាលកុមារជាមនុស្សលោក និងជាគូប្រកួត រកប្រស្នា​នោះ​ឃើញ។

គួរកត់សម្គាល់តទៅទៀតថា អត្ថន័យនៃការគិតរបស់ខ្មែរទាក់ទងទៅនឹង​«លេខ៣» អាចនៅមានរឿងរ៉ាវវែងឆ្ងាយច្រើនទៅទៀត ដែលត្រូវលើកយកមក​អធិប្បាយ។ ប៉ុន្ដែនៅពេលនេះ យើងខ្ញុំអាចបពា្ចប់ជាបណ្ដោះអាសន្ននៅត្រឹម​កិច្ចការស្រែចំការរបស់កសិករ និង ការទស្សន៍ទាយរបស់ហោរាសិនចុះ។  សួរថា តើការងារទាំងពីរប្រភេទនេះ មានទំនាក់ទំនងដូចមេ្ដចខ្លះជាមួយនឹង «លេខ៣» ?

ចំពោះការងារធ្វើស្រែ កសិករមិនអាចមើលរំលង «លេខ៣» បានទេ។ ជាក់ស្ដែងកសិករខ្មែរ តែងបង្ហាត់បង្រៀនកូនចៅឱ្យចេះស្ទូងស្រូវតាម​របៀប​មុម​ចង្ក្រាន (មុមបី) ដែលប្រហែលជាទទួលឥទ្ធិពលពីសាសនា ប៉ុន្ដែ យកមក​ប្រើប្រាស់ក្នុងផលប្រយោជន៍លោកិយ។ គេស្ទូងស្រូវបីៗត្រណោតជាមុំចង្ក្រាន របៀបនេះ គឺដើម្បីងាយស្រួលស្ទូងក្នុងដំណើរថយក្រោយបានរហ័ស មិនជាន់​សន្ទូងដែលស្ទូងរួច ហើយម្យ៉ាងដល់ពេលច្រូតក៏ងាយស្រួលច្រូតដែរ ដោយសារ​តែគេអាចបត់បែនខ្លួនបានតាមចលនាទៅមុខថយក្រោយ នៃគុម្ពស្រូវជាមុម​ចង្ក្រាន​ទាំងនោះ ទោះបីជាសម័យបច្ចេកវិជ្ជាទំនើបយើងសព្វថ្ងៃ គេណែនាំ​កសិករឲ្យស្ទូងជួរៗដើម្បីងាយស្រួលថែទាំ ងាយស្រួលច្រូតនឹងម៉ាស៊ីនក្ដី។ បើ​គិតពិចារណាឲ្យបានល្អិតល្អន់ទៅ របៀបទាំងពីរនេះមានភាពងាយ​ស្រួល​ម្យ៉ាង​ម្នាក់ទេ សូមអ្នកកាន់ទំនើបកុំទិតៀនបុរាណធ្វើអ្វី ព្រោះបុរាណគេក៏មាន​ហេតុផលរបស់គេដូចបានបញ្ជាក់ជូនខាងលើស្រាប់។ ដោយឡែកចំពោះ​ហោរា​គន់គូរវិញ ក្បួនហោរាសាស្ដ្ររបស់ខ្មែរយើងបានបង្ហាញឱ្យឃើញថា «លេខ៣» ជាលេខមានភ័ព្វសំណាងខ្ពង់ខ្ពស់ណាស់។ បើគន់គូរទៅត្រូវត្រង់ «លេខ៣» មានន័យថា បុគ្គលនោះអាចប្រកបកិច្ចការ អ្វីមួយទទួលបានជោគជ័យ ឬក៏ មានគេជួយជ្រោមជ្រែងទំនុកបម្រុងទៀតផង។ បើត្រឡប់មកគិតរឿងក្រយៅ​ម្រាមដៃវិញក៏មានសារៈសំខាន់ប្រហាក់ប្រហែលគ្នានោះដែរ ពោលគឺបើ​មនុស្ស​ណាម្នាក់មានក្រយៅមូល (ខ្ចៅមូល) លើម្រាមដៃបី ក្នុងចំណោម​ម្រាមដៃទាំង​ដប់​នោះ ទំនាយទាយថាបុគ្គលនោះនឹងបរិបូណ៌ដោយបាយទឹក ​ឬ អាហារ​ភោជន។ ជាក់ស្ដែងបុរាណតែងពោលថា «ខ្ចៅបី កើតបាយកើត ទឹក» មានន័យ​ថា បើរូបបុគ្គលនោះទៅដល់ទីណា បុគ្គលនោះតែងតែទទួលបាននូវ ក្ដីអាណិត​ស្រឡាញ់ ជួយផ្គត់ផ្គងជាបាយទឹក ម្ហូបអាហារពីសំណាក់អ្នកផង​ទាំងពួង​ដោយ​មិនបាច់ឲ្យភ័យព្រួយពីរឿងអត់បាយ ក្រហាយទឹក ដាច់ពោះស្លាប់នោះឡើយ។

សរុបមក «លេខ៣» គឺជាលេខដែលខ្មែរយើងតែងនិយមប្រើប្រាស់​ធ្វើ​ជានិមិត្ដសញ្ញានៃការប្រព្រឹត្ដិ ទាំងក្នុងផ្លូវលោក ក៏ដូចជាផ្លូវសាសនា (ផ្លូវធម៌) ដើម្បីជាប្រយោជន៍អប់រំចិត្ដរបស់បុគ្គលម្នាក់ៗ ឱ្យប្រព្រឹត្ដឆ្ពោះទៅរកគុណធម៌​ក៏ដូចជា សម្រេចបានជោគជ័យ ចៀសវាងបានពីការទទួលនូវគុណវិបត្តិគ្រប់​បែប​យ៉ាងក្នុងជីវិត។

២-ទស្សនៈទាក់ទងនឹង «លេខ៤»

ដូចជា «លេខ៣» ដែរ «លេខ៤» ក៏មានអត្ថន័យ និង ការប្រើប្រាស់​សម្បូណ៌​បែបមិនឈ្នះចាញ់គ្នាប៉ុន្មានទេ។ «លេខ៤» ត្រូវបានកំណត់ថា ជាលេខ​គត់​គូ ឬជា លេខកាកបាទ បើហៅតាមភាសាសាមញ្ញ ដែលគេធ្លាប់ដឹងឮ​កន្លង​មកហើយ។

ជាទូទៅ ខ្មែរយើងច្រើននិយមយក «លេខ៤» ធ្វើជាតំណាងនូវអ្វីដែល​ប្រកប​ដោយគុណធម៌ និង មានមហិទ្ធប្ញទ្ធិ ឬ អ្វីទៀតដែលផ្សេងពីនោះ។ ខាងក្រោមនេះ គឺជាទស្សនៈប្លែកៗមួយចំនួនដែលបានសិក្សាស្រាវជ្រាវឃើញ ទាក់ទងទៅនឹង «លេខ៤» ។

នៅក្នុងអតីតកាលដ៏យូរលង់មកហើយ គេសង្កេតឃើញបុព្វបុរសយើង គោរពស្រឡាញ់ និង ជឿជាក់ខ្លាំងណាស់ចំពោះ «លេខ៤» រហូតដល់មាន​ពេលខ្លះ សម្រេចចិត្ដជ្រើសរើសទីតាំងរាជធានីរបស់ប្រទេស នៅត្រង់ចំណុច​ប្រសព្វទាំងបួនរបស់ទនេ្លថែមទៀតផង ពីព្រោះគេជឿថា ទីតាំងប្រសព្វមុខគ្នា យ៉ាងដូចេ្នះ អាចមានជ័យភូមិល្អ ចម្រើនរុងរឿង ពូកែសក្ដិសិទ្ធិ ហើយ​ខ្មាំង​សត្រូវ​មិនអាចយាយីបាន។ បើគិតទៅតាមក្បួនកាកបាទ។ ដោយសារតែជំនឿ និង ការគិតគូររបៀបនេះហើយ បានជារាជធានី «ចតុមុខ» ត្រូវបានកសាងឡើង​ក្នុង​រាជ្យព្រះបាទពញាយ៉ាត ហើយអាចមានអាយុកាលឋិតឋេរ គង់វង្ស រហូត​មក​ដល់សព្វថ្ងៃ។ ដោយឡែកចំពោះការកសាងបដិមាទៀតសោត ក៏គេកសាង​បដិមា​នោះជាមុខបួនដែរ ហើយឋិតនៅលើចំណុចកាកបាទនៃទីតាំង​ភូមិសាស្ត្រ។ តួយ៉ាងដូចជា បដិមានៅក្នុងព្រះវិហារវត្ដត្រឡែងកែង ក្នុងសម័យលង្វែក​ជាដើម។ តាមប្រវត្ដិសាស្ដ្រដែលបានកត់ត្រាទុកមកឃើញថា បដិមានេះមាន​ប្ញទ្ធិបារមីខ្លាំងពូកែណាស់ លើកលែងតែពេលក្រោយមកខ្មែរយើងភ្លាត់ស្នៀត​ចាញ់ឧបាយកលចារបុរសទិសខាងលិច ដែលក្លែងបួសជាសង្ឃមើលជំងឺព្រះ​មហេសី បង្គាប់ឲ្យព្រះរាជាយកបដិមានោះទៅទម្លាក់ចោលក្នុងទន្លេ ដើម្បីឲ្យ​ព្រះមហេសីជាសះស្បើយ។

ពិសេសជាងនេះទៅទៀត ទាក់ទងទៅនឹងពុទ្ធសាសនា ខ្មែរយើងសុទ្ធ​តែបានគោរពស្រឡាញ់ «លេខ៤» យក «លេខ៤» ធ្វើជាគ្រឿងសម្គាល់នូវ​សច្ចធម៌​ដ៏ប្រសើរខ្ពង់ខ្ពស់ទាំងបួន ដែលតាមគម្ពីរពុទ្ធសាសនា ចាត់ទុកថា​ជា​ធម៌មូលដ្ឋាន ឬ ចតុរារិយសច្ចៈ (Four Noble Truths) ដែលពន្យល់លម្អិតពី ការពិតដ៏ប្រសើរខ្ពង់ខ្ពស់ទាំងបួន ទាក់ទងទៅនឹងសេចក្ដីទុក្ខពិត (ទុក្ខសច្ចៈ) កំណើតនៃទុក្ខ (សមុទយសច្ចៈ) ទីរំលត់ទុក្ខ (និរោធសច្ចៈ) និង ផ្លូវរំលត់​ទុក្ខ (មគ្គសច្ចៈ)។

នៅក្នុងដំណើរអនុវត្ដមួយផេ្សងទៀត «លេខ៤» ត្រូវបានគេយកមក​ប្រើ​ប្រាស់ដើម្បីសម្គាល់ទិសធំទាំង៤ ដូចជា ទិសខាងកើត ខាងលិច ខាងត្បូង និង ទិសខាងជើង។ ទិសនីមួយៗសុទ្ធតែមានតម្លៃប្រតិបត្ដិផេ្សងៗពីគ្នា។ ខ្ញុំសូមលើក​យកឧទាហរណ៍ពីរ ទាក់ទងទៅនឹងតម្លៃប្រតិបត្ដិរបស់ទិសខាងកើត និង ទិស​ខាង​លិច។ ឧបមាថាបើគេលើកទ័ពចេញទៅធ្វើសង្គ្រាម ហើយចង់ទទួល​បាន​ជ័យជំនះ កត្ដាប្រតិបត្ដិមួយដែលមិនអាចខ្វះបាននោះគឺ មេទ័ពត្រូវនាំក្បួនទ័ព​របស់ខ្លួនចេញច្បាំងនឹងសត្រូវតាមទ្វារទិសខាងកើតនៃព្រះនគរ ពីព្រោះតាម​ក្បួន​ពិជ័យសង្គ្រាម ទ្វារខាងកើតជាទ្វារជ័យ។  ផ្ទុយទៅវិញ បើគេច្បាំងចាញ់​សត្រូវ ព្រមទាំងមានការខូចខាតធ្ងន់ធ្ងរ ដូចជា បាត់បង់ជីវិតឥស្សរជនសំខាន់ៗ ផងនោះ គេត្រូវនាំទ័ពដែលនៅសេសសល់ត្រឡប់ចូលនគរវិញ តាមទ្វារទិស​ខាងលិច ហើយអ្នកផង ទាំងឡាយដែលគយគន់ក្បួនទ័ពត្រឡប់វិញពីចម្ងាយ​ក៏អាចយល់បានពីបរាជ័យនោះដែរ។ ដោយឡែក បើសិនជាមានមនុស្សជាប់​ទោស​ឧក្រិដ្ឋ​រហូតដល់ប្រហារជីវិត គេត្រូវនាំអ្នកទោសនោះចេញតាមទ្វារ ទិស​ខាងលិចដូចគ្នា ពីព្រោះទ្វារទិសខាងលិចគឺជា «ទ្វារមរណៈ»។ បើគេបពោ្ចញ​អ្នកទោសតាមទ្វារនេះហើយ កម្រនឹងបានរស់ជីវិតវិលត្រឡប់មកវិញណាស់។ ទន្ទឹមនឹងនេះដែរ បើមានមនុស្សស្លាប់ក្នុងលំនៅឋាន ហើយគេចង់ការពារ​កុំ​ឲ្យ​បីសាចខាងក្រៅចូលមកបន្លំខ្លួនជាមួយសាកសព បុគ្គលដែលស្លាប់នោះបាន​ហើយធ្វើបាបកូនចៅនៅរស់ អាចារ្យតែងធ្វើកិច្ចដើម្បីការពារបីសាចទាំងនោះ​ដោយយកកំបោរសទៅគូសជាសញ្ញាកាកបាទ (ខ្វែងជើងក្អែក) ព័ទ្ធសីមានៅ​តាម​ទ្វារចេញចូលពីព្រោះ គេមានជំនឿថា សញ្ញាកាកបាទជាសញ្ញាមាន​មហិទ្ធប្ញទ្ធិ​ឈ្នះលើអ្វីៗទាំងអស់ ហើយពួកព្រាយបីសាចខ្លាចសញ្ញានេះណាស់។ ព្រមជាមួយនេះ នៅពេលបញ្ចុះសពអ្នកដែលស្លាប់ ក៏គេប្រកាន់ខ្ជាប់នូវទិស​ខាងលិចនេះដែរ ពោលគឺគេបញ្ចុះសពដោយដាក់ក្បាលបែរឲ្យចំទិសខាងលិច​ដែលជាសក្ចិយភាពនៃការស្លាប់។

ម្យ៉ាងទៀត បើគេត្រឡប់មករកផ្នែកគុណធម៌វិញ គេឃើញមាន​គុណ​ធម៌​​មិនតិចដែរទេដែលទាក់ទងទៅនឹង «លេខ៤»។ តួយ៉ាងដូចជាការអប់រំ​ចំពោះ​មេគ្រួសារ ឬ មគ្គុទេ្ទសក៍របស់ប្រទេស។ អ្នកទាំងពីរប្រភេទនោះ តែងទទួល​ការ​អប់រំដោយបំពាក់ជាប់នូវព្រហ្មវិហារធម៌ទាំងបួនរួមមាន «មេត្ដា» ឬ សេចក្ដី​អាណិត​ស្រឡាញ់ចំពោះកូន ក៏ដូចជា មនុស្សទូទៅក្រោមបង្គាប់។ «ករុណា» ឬ សេចក្ដីសន្ដោសប្រណីចំពោះបុត្រធីតា ឬ មនុស្សទូទៅ ដោយមិនប្រកាន់​ពណ៌​សម្បុរ។ «មុទិតា» ឬ ការតេ្រកអរចំពោះ សេចក្ដីសុខរបស់កូនចៅ ក៏ដូចជា អ្នក​ដទៃ។ «ឧបេក្ខា» ឬ សេចក្ដីស្រឡាញ់រាប់អានស្មើៗគ្នាចំពោះបុត្រាបុត្រី និង មនុស្សគ្រប់រូប។ សំអាងទៅលើហេតុផលនេះហើយ បានជាក្នុងស្ថាបត្យកម្ម​ខ្មែរ​យើងខ្លះមានបង្កប់ទៅដោយទស្សនៈស្ដីពី «លេខ៤» ដូចជា នៅលើកំពូល​ប្រាសាទ​បាយ័ន គេឃើញមានរូបចម្លាក់ ព្រហ្មមុខបួននៅពីលើកំពូល​របស់​ប្រាសាទ ជារូបបដិមាតំណាងព្រះពោធិសត្វលោកេស្វរៈ បែរព្រះភក្ត្រឆ្ពោះទៅ​រកទិសទាំងបួន ដែលជាសក្ខីភាពនៃការផ្សាយមេត្តាធម៌ ចំពោះមនុស្ស​ផង​ទាំងឡាយនៅគ្រប់ទិសទាំងបួន។

ដោយឡែកក្នុងការបណ្ដុះប្រាជ្ញាកូនចៅ មានពេលខ្លះចាស់ទុំបាន​យក​ចិត្ដទុកដាក់ចងក្រងឡើងជាពាក្យបណ្ដៅ ស្របទៅតាមសភាពធម្មជាតិ​នៃការ​រស់នៅរបស់សត្វ ឬ រុក្ខជាតិ ដោយបង្កើតចេញជាប្រស្នាឱ្យកូនចៅ​មាន​ទម្លាប់​ចេះសង្កេត ត្រិះរិះពិចារណា និង ឆ្លើយដោះស្រាយបញ្ហាទៅតាមហេតុការណ៍​ជាក់ស្ដែងដែលពួកគេធ្លាប់បានជួបប្រទះ។ ប្រិយមិត្រអ្នកអាននឹងបានឃើញ​ជាបន្ដទៅទៀតនេះ នូវខ្លឹមសារជាក់ស្ដែងនៃពាក្យបណ្ដៅមួយទាក់ទងទៅនឹង «លេខ៤» យ៉ាងដូច្នេះថា «សត្វបួនជួន ឈ្មោះតែមួយ សត្វបីពងស្រួយ សត្វមួយពងទន់»។ សំណួរចោទសួរថា តើសត្វទាំងបួនប្រភេទនោះមានឈ្មោះ​ថា​ជាសត្វអ្វី? តើសត្វណាខ្លះពងស្រួយ? តើសត្វណាមួយមានពងទន់? ប្រិយមិត្តអាចរកឃើញនូវចម្លើយត្រឹមត្រូវបែបនេះថា សត្វបួនប្រភេទដែល​មាន​ឈ្មោះតែមួយដូចគ្នានោះគឺ «សត្វក្អែក»។ ចំណែកសត្វបីប្រភេទដែលមានពង​ស្រួយ​នោះ គឺបានដល់សត្វក្អែកទឹក ក្អែកគោក និង សត្វអណ្ដើកក្អែក។ ឯសត្វ​មួយប្រភេទដែលមានពងទន់នោះគឺ ត្រីក្អែកនេះឯង។ ក្រៅពីនេះ គេអាចយក​«លេខ៤» ទៅប្រើប្រាស់ធ្វើជាគ្រឿងសម្គាល់ចំពោះឥរិយាបថ ដេក ដើរ ឈរ អង្គុយ របស់មនុស្ស ហើយឥរិយាបថទាំងនោះ ត្រូវតែសមរម្យ និង គាប់ភ្នែកអ្នក​ផងទាំងពួង។ ឧទាហរណ៍ ក្នុងឥរិយាបថ «ដេក» តើគេត្រូវដេករបៀបណា ដើម្បីឱ្យមានបែបបទល្អ? ដើម្បីដេកឱ្យមានបែបបទល្អគប្បីដេកកុំដំអក់ តែត្រូវ​ដេកឆាប់ក្រោកមិនទ្រមក់។ ពេលដេកកុំដេកទទូភួយដូចមនុស្សស្លាប់។ ដោយ​ឡែក​ចំពោះសំពត់ទៀតសោត អ្នកដេកត្រូវស្លៀកឱ្យបានជាប់លាប់ ចៀស​វាង​ពេលដេកលង់លក់ទៅ សំពត់នោះរបូតចេញពីខ្លួន បន្សល់ទុកតែរាងកាយ​អាក្រាតននលគក ដែលជាការពុំគាប់ប្រសើរឡើយចំពោះភ្នែកទេពា្ដថែរក្សា ផ្ទះ​សម្បែង (ជំនាងផ្ទះ)។ រំលឹកដាស់តឿនចំពោះឥរិយាបថដេក មានកំណាព្យ​មួយ​វគ្គក្នុងច្បាប់ប្រុស បានលើកឡើងយ៉ាងដូច្នេះថា «ដេកយប់កុំដេកយូរ ហើយ​ទទូ​ដូចគេងាប់ សំពត់ស្លៀកឱ្យខ្ជាប់ កុំឱ្យអាក្រាតក្រៅខ្លួន»។ អាចនៅមាន​កំណាព្យ​មួយវគ្គទៀតក្នុងច្បាប់កេរ្តិ៍កាល ដែលពោលអះអាងពីការដេក ប្រហាក់​ប្រហែល​គ្នាទៅនឹងកំណាព្យខាងលើដែរ ដូចមានខ្លឹមសារថា «ដំណេក​ដេកជាខ្នាត ឱ្យ​សំអាត​សំអាងជា ទើបទេវតារក្សា ចម្រើនសុខស្រីសួស្ដី»។ មានន័យថា ការដេក​ត្រូវប្រកាន់ខ្ជាប់នូវក្បួនខ្នាតត្រឹមត្រូវ (បើដេកកុំដេកដាក់​ក្បាល​ទៅទិសខាងលិច) គ្រែដេកកុំឲ្យខ្ពស់ហួសពីមួយហត្ថ។ កន្លែងដេក ត្រូវ​បោសជូតសម្អាតរាល់ថ្ងៃ និង តុបតែងឲ្យបានស្អាតជានិច្ច។ បើធ្វើបានយ៉ាងនេះ ទើបទេពា្ដក្នុងផ្ទះថែរក្សា ហើយយើងក៏បានសេចក្ដីសុខ និង មានសិរីសួស្ដី។

ទាក់ទងទៅនឹងពិធីបុណ្យវិញម្ដង គេអាចយក «លេខ៤» ទៅប្រើប្រាស់​សម្រាប់សម្គាល់ពិធីបុណ្យ ជាប្រពៃណីដ៏ប្រសើរថ្លៃថ្លាមួយរបស់ខ្មែរយើង មាន​ឈ្មោះថា «បុណ្យកតញ្ញូ»«បុណ្យបច្ច័យបួន»។  ពិធីនេះ ត្រូវប្រារឰឡើង​នៅ​ពេលដែលមាតាបិតាឋិតក្នុងវ័យចាស់ជរា (បច្ឆិមវ័យ)។ ក្នុងវ័យនេះ កូនចៅ ត្រូវ​បំពេញកិច្ចតបស្នងសងគុណ អ្នកមានគុណទាំងពីររបស់ខ្លួនឱ្យបាន​ហ្មត់​ហ្មង ដើម្បីឱ្យគាត់បានឃើញពីសេចក្ដីល្អរបស់កូន ព្រមទាំងមានក្ដីសង្ឃឹមកក់​ក្ដៅ​ក្នុងចិត្ត មុនពេលដែលគាត់លាចាកលោកយើងនេះទៅ។  ក្នុងពិធីនេះ កូន​ចៅ​ត្រូវប្រគេនទ័យវត្ថុបួនប្រភេទ (ជានិមិត្ដរូបនៃការជួយទម្នុកបម្រុងរបស់កូន​ដល់​មាតាបិតា) ចំពោះព្រះសង្ឃ មានដូចជា គ្រឿងសម្ភារៈ​សម្រាប់គ្រប​ដណ្ដប់​កាយ (ចីវរ បច្ច័យ) ប្រគេនចង្ហាន់បិណ្ឌបាត (បិណ្ឌបាតបច្ច័យ) ប្រគេនគ្រឿង​សម្ភារៈសម្រាប់ស្នាក់នៅ (សេនាសនៈបច្ច័យ) និង ប្រគេនថ្នាំសង្កូវ គ្រឿង​ភេសជ្ជៈ ចំពោះព្រះសង្ឃ (គិលានភេសជ្ជៈបច្ច័យ) ជាដើម។

ទន្ទឹមនឹងនេះ គេអាចយក «លេខ៤» ទៅតំណាងម្យ៉ាងទៀត​ឲ្យធាតុទាំង​បួនរបស់មនុស្ស។ ចំពោះបញ្ហានេះបុរាណច្រើនមានជំនឿថា មនុស្សរាល់រូប​មិន​ថា​ប្រុស ឬ ស្រី អាចកើតឡើងបានជារូបកាយ អាស្រ័យដោយការ​ផ្សំគ្នា​រវាងធាតុទាំងបួន រួមមាន ធាតុទឹក ធាតុដី ធាតុភ្លើង និង ធាតុខ្យល់ ហើយការ​កើតរបស់មនុស្សម្នាក់ៗ រមែងជួបប្រទះនឹងភាពចាស់ជរា សេចក្ដីឈឺចាប់ដោយ​រោគា ហើយជាចុងក្រោយ វិនាសទៅវិញដោយសេចក្ដីស្លាប់យ៉ាងទៀងទាត់៖ កើត ចាស់ ឈឺ ស្លាប់។ ដោយឡែក ក្នុងចក្រវាឡដែលយើងទាំងអស់គ្នាកំពុង​រស់​នៅ​សព្វថ្ងៃនេះ រមែងទ្រទ្រង់ដោយធាតុទាំងបួននេះដែរ ហើយធាតុទាំងបួន នេះ ត្រូវមានតុល្យភាពពិតប្រាកដជាមួយគ្នា បើពុំនោះសោតទេ ចក្រវាឡយើង​នឹងជួបគ្រោះកាចធ្ងន់ធ្ងរ ដោយសារតែការបាត់លំនឹង រវាងធាតុទាំងបួន​នេះ​ជាក់​ជាមិនខាន។ ទាក់ទងទៅនឹងសម្រស់ធម្មជាតិរបស់មនុស្សវិញ ចំពោះ​មនុស្សប្រុស ចាស់បុរាណបានកំណត់យកនូវលម្អបួនយ៉ាងគឺ លម្អសក់ លម្អមុខ លម្អធេ្មញ និង លម្អភ្នែក ដូចមានចែងក្នុងសម្លោកខ្មែរយ៉ាងនេះថា «សក់រួញ មុខរាហ៍ ច្រើនមានប្ញទ្ធិ ជើងធេ្មញពេញល្អិតចិត្ដល្អជា រីភ្នែកដូចពស់បើកពពារ ចំណាំទុកជាឧកញ៉ាធំ»។ បើតាមសម្លោកនេះ សម្រស់ល្អរបស់បុរសឋិតនៅលើ​វត្ថុ​សំខាន់៤យ៉ាងគឺ៖ សក់ (សក់នោះត្រូវតែជាសក់រួញអង្គារដី), មុខ (មុខនោះ​ត្រូវ​តែជាមុខរាហ៍ ដូចមុខរាហ៊ូ), ធេ្មញ (ធេ្មញនោះត្រូវតែជាធេ្មញល្អិតរមេញ មិនមែនជាធេ្មញសំប៉ែតធំៗដូចចបកាប់), ភ្នែក (ភ្នែកនោះត្រូវតែជាភ្នែកដូច​ភ្នែក​សត្វពស់វែកកំពុងបើកពពារ ជាភ្នែកមានលក្ខណៈមុតថ្លា ខុសប្លែកពីភ្នែក​មាន់​ព្រៃ ដែលមុតថ្លាដែរតែមានលក្ខណៈដំដាល)។

ជាងនេះទៅទៀត ខ្មែរយើងតែងនិយមយក «លេខ៤» ទៅធ្វើជាតំណាង​នៃ​សកម្មភាពប្រតិបត្តិ តាមលំដាប់បួនយ៉ាងដែលបង្កើតឲ្យ​មានបញ្ញារបស់​មនុស្សម្នាក់ៗ។ ជាទូទៅបញ្ញារបស់មនុស្សគ្រប់រូប អាចកើតឡើងបានអាស្រ័យ​ទៅលើការស្ដាប់ (=សុតៈ), ការត្រិះរិះពិចារណាក្នុងចិត្ដ (=ចិន្ដៈ), ការ ចេះ​ចោទ​ជាសំណួរ (=បុច្ឆៈ), និង ការហ្វឹកហាត់ដោយកត់ត្រាឱ្យចេះចាំ (=លិខៈ)។ សរុបមក គេអាចបានជាឃ្លាសម្រេចមួយងាយស្រួលចងចាំយ៉ាងដូច្នេះថា «សុ, ចិ, បុ, លិ»។ នេះមិនទាន់គិតដល់សសរស្ដម្ភទាំងបួននៃការអប់រំផងទេ ដែលគេ​និយមយក «លេខ៤» មកធ្វើជាតំណាងនោះគឺ «រៀនដើម្បីចេះ រៀនដើម្បីធ្វើ រៀនដើម្បីក្លាយខ្លួនទៅជាមនុស្ស រៀនដើម្បីរស់នៅជាមួយគ្នាដោយសុខសាន្ដ»

ក្រៅពីនេះ ក៏នៅមានប្រការសំខាន់មួយទៀតដែលខ្មែរយើងនិយមចូល​ចិត្ដ​យក «លេខ៤» ទៅធ្វើជាក្បួនខ្នាតដែរនោះ គឺក្បួន «ពិជ័យសង្គ្រាម»។ កាល​ណា​គេចេញទៅធ្វើសង្គ្រាមជាមួយសត្រូវ ហើយដើម្បីកុំឱ្យថ្លោះធ្លោយ​ចាញ់​សត្រូវដោយប្រការណាមួយនៅពេលប្រយុទ្ធ គេតែងរៀបចំទ័ពទៅតាមក្បួន​យុទ្ធសាស្ដ្រ ដោយរក្សាបាននូវមុខព្រួញសំខាន់បួនគឺ ទ័ពស្ដាំ ទ័ពឆេ្វង ទ័ពមុខ និង ទ័ពក្រោយ។

ទាក់ទងទៅនឹង «លេខ៤» ដដែល គេមិនអាចនឹងបំភេ្លចដោយមិន​និយាយអំពីប្រភេទមនុស្សទាំងបួនក្នុងសង្គមបានឡើយ។ ចំពោះប្រភេទមនុស្ស​ក្នុង​សង្គម «លេខ៤» តំណាងមនុស្សបួនប្រភេទគឺ «អ្នកមាន អ្នកក្រខ្សត់ អ្នក​ប្រាជ្ញ និង អ្នកខ្លៅ»។ ក្នុងចំណោមអ្នកទាំងបួនប្រភេទនេះ ទស្សនៈខ្មែរយើងពុំ បានចាត់ទុកប្រភេទមនុស្សណាមួយជាសត្រូវស្លាប់រស់នឹងគ្នាឡើយ ផ្ទុយទៅ​វិញ ជាប្រភេទមនុស្សដែលអាចរស់នៅជាមួយគ្នា ពឹងពាក់អាស្រ័យគ្នា ជួយ​សង្គ្រោះ​គ្នា​ទៅវិញទៅមកដោយមិនប្រកាន់វណ្ណៈខ្ពស់ទាប ឬ ក្រខ្សត់នោះ​ឡើយ។ ដូច្នេះ​ហើយបានជាក្នុងច្បាប់ពាក្យចាស់មានកំណាព្យមួយវគ្គបានលើក​ឡើងថា «អ្នក​មានរក្សាខ្សត់ ដូចសំពត់ពទ័្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅ​នូវ​សំប៉ាន»

ក្រៅពីនោះ «លេខ៤» ក៏ជាតំណាងអំពើអគតិទាំងបួនយ៉ាងដែល​មនុស្ស​ម្នាក់ៗ​គួរចៀសវាងនោះគឺ អគតិលំអៀងដោយការស្រឡាញ់ លំអៀងដោយ​ការ​ស្អប់ លំអៀងដោយការខ្លាច និង អគតិលំអៀង ដោយអំពើឆោតល្ងង់ ឬ ការមិនបានដឹង។ អំពើអគតិទាំងបួននេះចាត់ទុកថាជាអំពើអយុត្ដិធម៌ បើកើត មានចំពោះបុគ្គលណាមួយហើយ បុគ្គលនោះតែងធ្លាក់ទៅក្នុងគន្លងនៃអំពើបាប ហើយប្រការដែលគ្រោះថ្នាក់បំផុតនោះគឺ អ្នកដែលមានភារកិច្ចគ្រប់គ្រងគ្រួសារ និង គ្រប់គ្រងស្ថាប័ន។

នៅមានប្រការដែលពិសេសហើយខ្ពង់ខ្ពស់ជាងនេះតទៅទៀត ទាក់ទង​ទៅនឹង «លេខ៤» នោះគឺ «ពរបួនប្រការ» ដែលមនុស្សខ្មែរតែងតែប្រាថ្នា​ចង់បាន​គ្រប់ៗរូប ដើម្បីទុកជាចិត្ដសាស្ដ្រអប់រំដ៏ថ្លៃថ្លា ញ៉ាំងឱ្យដំណើរជីវិតប្រព្រឹត្ដ​ទៅ​ប្រកបដោយភាពកក់ក្ដៅ និង មានន័យពិតប្រាកដ។ ខ្លឹមសារនៃពរទាំងបួន ប្រការនោះមានជាអាទិ៍ «អាយុយឺនយូរ១, ពណ៌សម្បុរកាយល្អ១, សេចក្ដីសុខ១, និង កម្លាំងពលំបរិបូណ៌១» សរុបបានជាឃ្លាជូនពរដ៏ខ្លី ងាយចងចាំបែបនេះថា «អាយុ វណ្ណៈ សុខៈ ពលៈ» កុំបី ឃ្លៀងឃ្លាតឡើយ។

(…នៅមានតទៅលេខក្រោយ…)

 

Be the first to comment

Leave a Reply

Your email address will not be published.


*