ព្រះពុទ្ធសាសនា និង បញ្ហាប្រឈម

ដោយ៖ លោកស្រី ជា វណ្ណី (បណ្ឌិតផ្នែកអក្សរសិល្ប៍)
ប្រធានផ្នែកធម្មសាស្ត្រនិងចរិយាសាស្ត្រ
វិទ្យស្ថានមនុស្សសាស្ត្រនិង វិទ្យាសាស្ត្រសង្គម

កម្ពុជា ជាប្រទេសមួយដែលគោរពជឿលើព្រះពុទ្ធសាសនាដែលមានប្រជាពលរដ្ឋប្រមាណជាជាង៩០% បានកាន់​​ព្រះពុទ្ធ​​សាសនា ហើយព្រះពុទ្ធសាសនា​ត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ។ ប៉ុន្តែ បើយើង ធ្ វើការ សង្កេត ជាទូទៅយើងឃើញថា ទន្ទឹម​​នឹងការមានសុខសន្តិភាពក្រោមការដឹកនាំដោយយកចិត្តទុកដាក់ និង ប្រកប ទៅដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក៏ សង្គមមួយនេះនៅតែមានការកើតឡើង​នូវបញ្ហាចាក់ស្រេះខ្លះៗ ដែល​បណ្តាល​​មកពីការស្រុត ចុះនៃសីល ធម៌ សង្គមផងដែរ។ ទោះបីជាមានការយកចិត្តទុកដាក់ក្នុងការអប់រំ តាមភូមិសិក្សាតាម​វត្តអារាម តាមមូល ដ្ឋាន យ៉ាងណាក៏ដោយ ក៏អំពើហិង្សា ការប្លន់សម្លាប់ ការកេងប្រវ័ញ្ច អំពើពុករលួយ ការមិនគោរពសិទ្ធមនុស្ស កា រ ប្រមាថការជេរប្រទេច ការសេពគ្រឿងញៀន គ្រឿងស្រវឹង និង អំពើអសីលធម៌នៅតែកើតមានជារឿយៗ ដែលនេះ​បញ្ជាក់ឱ្យឃើញថា ការគោរពជឿលើព្រះពុទ្ធសាសនាបាននឹងកំពុងតែជួបនឹងបញ្ហាប្រឈមផងដែរ
ព្រោះការអប់រំនៅក្នុងព្រះពុទ្ធសាសនាពុំបានណែនាំ អប់រំ ទូន្មាន ប្រៀនប្រដៅដល់ពុទ្ធសាសនិក ឱ្យប្រព្រឹត្តិអំពើ ទាំងនោះឡើយ។មានពិធីបុណ្យបែបព្រះពុទ្ធសាសនាជាច្រើន ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មានដូចជា ពិធីបុណ្យមាឃបូជា ពិធីបុណ្យវិសាខបូជា និង ពិធីភ្ជុំបិណ្ឌ ជាដើម ហើយក្រៅពីពិធីបុណ្យធំៗទាំងនេះ ប្រជា ពុទ្ធបរិស័ទខ្មែរតែងតែប្រារព្ធពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាជាច្រើនទៀត នៅតាមផ្ទះសម្បែង និង ទីវត្ត អារាមនានា ដូចជា ពិធីធ្វើបុណ្យដាក់ទាន ពិធីសូត្រមន្ត សង្ឃទាន បច្ច័យបួន កឋិនទាន និង ការ កាន់ ឧបោសថ សីលជាដើម តែវាហាក់ដូចជាមិនទាន់ឆ្លើយតបទៅនឹងតម្លៃស្នូល នៃទស្សនវិជ្ជាជាសាកលរបស់ព្រះពុទ្ ធ សាសនា ដែលស្ថិតនៅត្រង់ទស្សនវិជ្ជាបង្កប់ដោយអត្ថន័យអប់រំ សន្តិភាព អហិង្សា ការអត់ឱន និង ការ មិនបៀតបៀនគ្នា ដែលជាគោលការណ៍គោរពសិទ្ធិមនុស្សដែលពិភពលោកប្រាថ្នាចង់បាននៅឡើយ។ បច្ចុប្បន្ន បុគ្គល ដែលជាពុទ្ធសាសនិកមួយចំនួន ហាក់ដូចជាមិនបានប្រកាន់ខ្ជាប់នូវគោល ការណ៍នៃ ព្រះពុទ្ ធ សាសនាទេ ពោលគឺគេគោរពព្រះពុទ្ធសាសនាតែសម្បកក្រៅ ដោយបណ្តោយខ្លួនឱ្យធម៌ប្រមាថ និងអំពើ អាក្រក់ជាអ្នកដឹកមុខទៅវិញ។ ជាក់ស្តែង អំពើហិង្សា ការសេពគ្រឿងញៀន គ្រឿងស្រវឹង ការឈ្លក់វក់វី នឹងអំណាច បុណ្យសក្តិ ទឹកប្រាក់ និងសម្ភារៈនិយមជាដើម កំពុងតែវាយលុកយ៉ាងពេញ ទំហឹងទៅ លើបុគ្គល មួយចំនួននោះ។ ក្នុងចំណោមប្រជាជនសរុបប្រមាណជា ១៥លាននាក់ មានអ្នកកាន់ព្រះពុទ្ធសាសនា ដល់ទៅ ជាង ៩០% ហើយនៅទូទាំងប្រទេស មានវត្តព្រះពុទ្ធសាសនាសរុបចំនួន ៤,៨៧២ (គណៈមហានិកាយចំនួន ៤៦៥៦វត្ត និង គណៈធម្មយុត្តិកនិកាយចំនួន២១៦វត្ត) ដែលមានព្រះសង្ឃសរុបចំនួន ៦៩,១៩៩អង្គ និង មានពីរនិកាយធំគឺ មហានិកាយ មានព្រះសង្ឃសរុបចំនួន ៦៤,៤០៧ អង្គ និង ធម្មយុត្តិកនិកាយ មានព្រះសង្ ឃសរុបចំនួន ៤,៧២៤អង្គ។[1] ចំនួននេះអាចបង្ហាញបញ្ជាក់បានអំពីជំនឿដ៏មុតមាំរបស់ពលរដ្ឋខ្មែរ ទៅលើ ព្រះពុទ្ធសាសនាហើយវាក៏ស័ក្តិសមណាស់ដែលប្រទេសនេះចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទស្សនវិជ្ជាដ៏មានតម្លៃរបស់ព្រះពុទ្ធសាសនា ដែលប្រៀបបាន នឹងឱសថ ទិព្វ សម្រាប់ព្យាបាលជំងឺសង្គមនោះ មិនទាន់ត្រូវបានប្រើប្រាស់ឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់សុខ មាល ភាពសង្គមនៅឡើយទេ។ មានមនុស្សវ័យចំណាស់មួយចំនួនដែលតាំងខ្លួនជាអ្នកគោរព និងជាអ្នក ប្រតិ បត្តិព្រះពុទ្ធសាសនា តែបែរជាប្រព្រឹត្តផ្ទុយពីគោលការណ៍សាសនា ខណៈដែលយុវវ័យជំនាន់ក្រោយមួយ ចំនួន បានចាត់ទុកព្រះពុទ្ធសាសនាថាហួសសម័យ ឬក៏ជាកិច្ចការរបស់មនុស្សចាស់តែប៉ុណ្ណោះ។
តាមពិតព្រះពុទ្ធសាសនាមានតម្លៃសម្រាប់មនុស្សគ្រប់វ័យ និង គ្រប់ស្រទាប់សង្គម ប៉ុន្តែអ្វីដែលនៅ ខ្វះចន្លោះ នោះ គឺវិធីសាស្ត្រក្នុងការអប់រំ ទាក់ទាញមនុស្សឱ្យចូលរួមតែប៉ុណ្ណោះ។ ជាក់ស្តែង សមាគមព្រះសង្ឃមួយ ចំនួនដែលបានអនុវត្តកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនានៅតាមសាលារៀន និគមជនបទ ក៏បានទាក់ទាញ យុវវ័យជាច្រើនឱ្យចូលរួមស្តាប់ព្រះធម៌អប់រំចិត្តផងដែរ។ ដូច្នេះ ទន្ទឹមនឹងការមើលឃើញ ឬស្តីបន្ទោសយុវវ័យថា មិនចាប់អារម្មណ៍ និង ឱ្យតម្លៃទៅលើព្រះពុទ្ធសាសនានោះ យើងក៏គួរចោទសួរដែរ ហេតុអ្វីបានជាយុវជនទាំង នោះមិនចាប់អារម្មណ៍ និង ឱ្យតម្លៃចំពោះព្រះពុទ្ធសាសនា? តើស្ថាប័នដែលពាក់ព័ន្ធបានធ្វើអ្វីខ្លះ ក្នុងន័យ បញ្ជ្រាបការអប់រំទស្សនវិជ្ជាព្រះពុទ្ធសាសនា ទៅដល់យុវជនស្រករក្រោយ?
បើយោងទៅតាមគម្ពីរព្រះពុទ្ធសាសនា ព្រះពុទ្ធបរមគ្រូទ្រង់បានឈ្វេងយល់រួចស្រេចទៅហើយថា សាសនា របស់ព្រះអង្គនឹងត្រូវផុតរលត់ត្រឹមរយៈពេល៥០០០ព្រះវស្សាហើយការផុតរលត់នៃព្រះពុទ្ធសាសនាមិនមែនបណ្តាលមកពីសាសនាដទៃណាមកបំផ្លាញនោះឡើយ គឺដោយសារតែអ្នកគោរព និង ប្រតិបត្តិព្រះពុទ្ធ សាសនា ខ្លួនឯងតែម្តង។ បើសិនជាយើងធ្វើការសង្កេតទៅលើបញ្ហានានាដែលកើតមានក្នុងសង្គមនាពេលបច្ចុប្បន្ន ក៏ អាចទំនងជាភស្តុតាងដែលអាចបញ្ជាក់ពីបញ្ហានេះបានខ្លះដែរ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ការ ពង្រឹង វិស័យព្រះពុទ្ធសាសនា គឺជាកិច្ចការដែលមិនអាចមើលរំលងបាននោះដែរ។ មានមានបុគ្គលមួយចំនួនបាន ចោទជាសំណួរថា តើហេតុអ្វីបានជាប្រទេសកាន់ព្រះពុទ្ធសាសនាបែរជាមានអ្នកប្រើអំពើហិង្សា អំពើឆក់ប្លន់ និងអំពើអបាយមុខផ្សេងៗទៅវិញ? គឺប្រហែលជាមកពីអ្នកកាន់ព្រះពុទ្ធសាសនា និង ស្ថាប័នពាក់ ព័ន្ធមិនទាន់ បានផ្តល់តម្លៃគ្រប់គ្រាន់ដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅឡើយ។ ដូច្នេះ ការតម្រង់ទិសសង្គម យើងគួរទាញយកឱសថទិព្វនៃព្រះពុទ្ធសាសនាមកប្រើប្រាស់ ដើម្បីព្យាបាលជំងឺសង្គម ជាពិសេសដើម្បីបន្សាប មេរោគហិង្សា ការសេពគ្រឿងញៀន គ្រឿងស្រវឹង ការឈ្លក់វក់វីនឹងអំណាច បុណ្យសក្តិ ទឹកប្រាក់ សម្ភារៈនិយម និងការប្រមាថចេញពីមនុស្សខ្មែរមួយចំនួននោះ។ ប្រសិនបើមេរោគទាំងនោះ អាចព្យាបាលបានមែន សង្គម ខ្មែរនឹងស្គាល់តម្លៃសីលធម៌ឡើងវិញ ហើយប្រទេសជាតិនឹងស្គាល់សុខសន្តិភាព និង ការគោរពសិទ្ធិ មនុស្ស យ៉ាងពេញលេញជាក់ជាមិនខាន។ ឱសថទិព្វនោះអាចមានប្រសិទ្ធភាពទៅបាន គឺទាល់តែមានការចូលរួមពី មន្ត្រីសង្ឃជាន់ខ្ពស់ មន្រ្តីសង្ឃ ពុទ្ធបរិស័ទ ស្ថាបនពាក់ព័ន្ធ និងអ្នកស្រាវជ្រាវចូលរួមយ៉ាងសស្រាក់ស្រាំ និង ត្រូវនាំគ្នាធ្វើការពិភាក្សាលើការងារពង្រឹងព្រះពុទ្ធសាសនា ទាំងវិន័យសង្ឃ និង ទាំងការបដិបត្តិ ដើម្បីរកឱ្ យឃើញនូវបញ្ហាប្រឈម និង ដំណោះស្រាយនានា។ ត្រូវរៀបចំឱ្យបាននូវផែនការយុទ្ធសាស្រ្ តសម្រាប់អភិ វឌ្ឍន៍ ដើម្បីរម្ងាប់អធិករ ដែលជាបាតុភូតអវិជ្ជមាននានា ដែលកើតមាននៅក្នុងវិស័យព្រះពុទ្ ធសាសនា នៃសង្គមកម្ពុជា និង ធ្វើយ៉ាងណាឱ្យក្លាយទៅជាប្រយោជន៍សម្រាប់ពុទ្ធបរិស័ទ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាប្រទីបបំភ្លឺផ្លូវសង្គមកម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយវឌ្ឍនធម៌ សុភមង្គល និង សេចក្ដីរុងរឿង។
បច្ចុប្បន្នមានព្រះសង្ឃនិងបុគ្គលមួយចំនួន បានធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់ព្រះពុទ្ធសាសនា ដែល ជាសាសនារបស់រដ្ឋដូច្នេះ ដើម្បីថែរក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្ស មន្ត្រីសង្ឃ និង រាល់ស្ថាប័នពាក់ព័ន្ធ
ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងណាឱ្យព្រះសង្ឃគួរទទួលបាននូវការអប់រំដែល មានគុណ ភាព និង មានការគោរពវិន័យយ៉ាងតឹងរ៉ឹងទើបអាចសាងភាពល្អស្អាតរបស់ព្រះពុទ្ធសាសនា បានហើយ មានតែ ការអប់រំដែលមានគុណភាព ប្រកបដោយវិន័យតឹងរ៉ឹង និងមានការដាក់ទណ្ឌកម្មចំពោះការ ប្រព្រឹត្តិខុសឆ្គង របស់ព្រះសង្ឃ ក៏ដូចជា អ្នកប្រតិបត្តិសាសនានៅតាមវត្តអារាមតែប៉ុណ្ណោះ ដែលអាចធ្វើឱ្យវិស័យព្រះពុទ្ធ សាស នាថ្កុំថ្កើងឡើង ពោលគឺយើងត្រូវអនុវត្តជាការចាំបាច់ ដើម្បីធានាថាព្រះសង្ឃបានប្រណិប័តន៍ ត្រឹមត្រូវ តាម ក្រឹត្យក្រមនៃព្រះពុទ្ធសាសនា។ នាពេលកន្លងមក ព្រះសង្ឃ និង បុគ្គលមួយចំនួនតូចដែលស្លៀកស្បង់ចីពរ បានប្រព្រឹត្តអំពើល្មើសច្បាប់និង អសីលធម៌ ដែលមានជាអាទិ៍ ដូចជា ការលេងល្បែងស៊ីសង ការប្រព្រឹត្តអំពើ អនាចារការប្រើប្រាស់គ្រឿងញៀន ការប្រើប្រាស់គ្រឿងស្រវឹង និង ការប្រើប្រាស់អាវុធខុសច្បាប់ជាដើម
ដែលសកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាពស្អាតស្អំរបស់ព្រះពុទ្ធសាសនានៅកម្ពុជា។
ឧទាហរណ៍ដូចជា ករណីមួយដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស កាលពីឆ្នាំ២០១០
គឺមានអតីតសង្ឃ នេត ខៃ ក្នុងវត្តស្រះចក សង្កាត់ស្រះចក មានរឿងអាស្រូវដ៏លេចធ្លោមួយក្នុងទីក្រុងភ្នំពេញ
បានកើតឡើងដោយសារតែអតីតសង្ឃអង្គនេះបានធ្វើការថតរូបវីដេអូនៃស្ត្រីជាច្រើននាក់
ខណៈពេលដែលស្ត្រីទាំងនោះកំពុងងូតទឹកមន្តដោយអាក្រាតកាយ។ អតីតសង្ឃ នេត
ខៃ ត្រូវបានអាជ្ញាធរចាប់ខ្លួន និង ត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ
ចំពោះបទចោទ ផលិត និង ចែកចាយរូបភាពអាសអាភាស។ ករណីមួយទៀតដែលព្រះចៅអធិការវត្ត និង ព្រះសង្ឃបួនអង្គនៅក្នុងវត្តមួយក្នុងខេត្តកំពង់ស្ពឺ
ត្រូវចាប់ខ្លួននិង បញ្ជូនទៅតុលាការ ក្រោយពីពួកគេប្រើប្រាស់ថ្នាំញៀន។ ករណីមួយផ្សេងទៀត ព្រះចៅអធិការវត្តកំពង់ក្ដុល ធ្វើឱ្យខូចដល់តម្លៃរបស់ព្រះសង្ឃ នៅក្នុងព្រះពុទ្ធសាសនា ដែលលបលួចទាក់ទងជាមួយស្ដី្រម្នាក់
រហូតក្លែងខ្លួនជាគ្រហស្ថ និមន្តចេញពីកុដិទៅសឹងនៅក្នុងផ្ទះស្រីស្នេហ៍
ក៏ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនឱ្យនគរបាលខណ្ឌដង្កោ កាលពីវេលាម៉ោង២
និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិខ្វិត
សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ ករណីដែលភិក្ខុ១អង្គបានក្លាយជាជនល្មើសយ៉ាងសាហាវ
ដោយបានយកដែកឆាបចាក់នារីម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់
ក្រោយពេលណាត់ជួបគ្នា នៅទំនប់អូរខៃដន ស្ថិតក្នុងភូមិអណ្តូងថ្មមាស
សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលហេតុការណ៍ស្ទើរតែមិនអាចជឿនេះ
បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៤
ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ។ យ៉ាងណាក៏ដោយ ភិក្ខុអង្គនេះត្រូវបានព្រះអនុគណក្រុង
និង ប្រធានការិយាល័យធម្មការ និង សាសនាក្រុងប៉ោយប៉ែត
ផ្សឹកនៅព្រឹកថ្ងៃដដែលនោះ នៅវត្តនិមិត្តសុទ្ធារាម ក្នុងសង្កាត់និមិត្ត រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការបន្តតាមផ្លូវច្បាប់
[2] និង មានករណីផ្សេងៗជាច្រើនទៀត។
ការលើកឧទាហរណ៍ខាងលើ
គឺបានបង្ហាញពីការចាត់វិធានការចំពោះអតីតសង្ឃមួយចំនួន ដែលបានប្រព្រឹត្តិខុសឆ្គងនឹងវិន័យសង្ឃនៃគន្លងព្រះពុទ្ធសាសនា ដែលនេះបង្ហាញអំពីការចាត់វិធានការ តាមរយៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៥ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០
ខែមករា ឆ្នាំ២០១៧ ដែលមន្ត្រីសង្ឃប្តេជ្ញានឹងចាត់វិធានការតឹងរឹង ចំពោះព្រះសង្ឃណាដែលប្រព្រឹត្តខុស
ហើយវិធានការទាំងនោះមានដូចជា ការពិន័យទូន្មានចំពោះការប្រព្រឹត្តខុសឆ្គងកម្រិតស្រាល ការចាប់ផ្សឹក និង បញ្ចូនឱ្យអាជ្ញាធរដោះស្រាយតាមផ្លូវច្បាប់ចំពោះការប្រព្រឹត្តខុសធ្ងន់ធ្ងរជាដើម។
ម្យ៉ាងវិញទៀត
នៅក្នុងឱកាសមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៥នោះដែរ ក៏បានផ្តល់វេទិកាដល់ព្រះសង្ឃចូលរួមបានបញ្ចេញមតិយោបល់ផងដែរ ហើយនាពេលនោះ ព្រះសង្ឃមួយអង្គបានមានសង្ឃដីកាថា ក្នុងរយៈពេល១០ឆ្នាំដែលព្រះអង្គគង់នៅក្នុងវត្តអារាម
ព្រះអង្គពុំឃើញមានព្រះសង្ឃប្រព្រឹត្តអ្វីខុសធ្ងន់ធ្ងរនៅឡើយទេ។ ក៏ប៉ុន្តែ
ព្រះអង្គបានមានសង្ឃដីកាដោយសុំមិនបញ្ចេញឈ្មោះថា
បើព្រះសង្ឃអង្គណាធ្វើខុសធ្ងន់ធ្ងរ ព្រះសង្ឃនោះ នឹងត្រូវចាប់ផ្សឹក
និង បញ្ចូនទៅអជ្ញាធរមានសមត្ថកិច្ច។
រីឯព្រះតេជគុណ វន វង្ស ជាចៅអធិការវត្តមួយរូបមកពីស្រុកសូទ្រនិគម
ខេត្តសៀមរាប បានថ្លែងថា កង្វះការអប់រំ គឺជាមូលហេតុដែលធ្វើឱ្យព្រះសង្ឃមួយចំនួនជ្រុលខ្លួនប្រព្រឹត្តខុស។
ព្រះតេជគុណមានសង្ឃដីកាបន្តទៀតថា ស្ថាប័នអប់រំខាងពុទ្ធសាសនានៅកម្ពុជាមិនទាន់មានចំនួនស្ថាប័នសិក្សាគ្រប់គ្រាន់នឹងចំនួនព្រះសង្ឃដែលបន្តកើនឡើងនៅឡើយទេ។
ដើម្បីឱ្យគ្រប់គ្រាន់ លុះត្រាតែ ស្ថាប័នពុទ្ធសាសនាឯករាជ្យ ហើយមានវិសាលភាពផ្សព្វផ្សាយធម៌វិន័យ
ឱ្យស៊ីជម្រៅទៅក្នុងខួរក្បាល ឬទស្សនៈរបស់ខ្មែរ ហើយបង្កើតសាលាបាលី ដែលសង្ឃចូលមករៀនឱ្យចេះដឹង។
ព្រះអង្គមានសង្ឃដីកាបន្ថែមថា បុគ្គលដែលចង់បួសជាព្រះសង្ឃ គួរតែតម្រូវឱ្យស្នាក់នៅ
និង រៀនសូត្រនៅវត្តរយៈពេលយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីបញ្ចាក់ថា បុគ្គលនោះអាចគោរពតាមវិន័យព្រះសង្ឃបានត្រឹមត្រូវ
មុនពេលបុគ្គលនោះបួសជាព្រះសង្ឃ។
ដូច្នេះវត្តអារាមនីមួយៗ
គួរតែមានចំណាត់ការតឹងរ៉ឹង និង មានវិន័យច្បាស់លាស់ ដើម្បីកុំឱ្យបុគ្គលឆ្លៀតឱកាសមួយចំនួនប្រើប្រាស់អត្តសញ្ញាណជាព្រះសង្ឃបំផ្លាញភាពស្អាតស្អំរបស់ពុទ្ធសាសនា
ហើយកម្ពុជាត្រូវបង្កើនទាំងបរិមាណ និង ពង្រឹងគុណភាពរបស់ព្រះសង្ឃ ជាពិសេស គឺបង្កើនស្ថាប័នអប់រំ
និង ពង្រឹងគុណភាពអប់រំអំពីព្រះពុទ្ធសាសនា ហើយពាក្យដែលថា ត្រីមួយកន្រ្តក
ស្អុយមួយ គឺស្អុយទាំងអស់ ក៏គួរតែឈប់ប្រើផងដែរ ព្រោះព្រះសង្ឃភាគច្រើនបានអនុវត្តត្រឹមត្រូវតាមក្បួនវិន័យរបស់ព្រះសង្ឃហើយ
ៗ រដ្ឋាភិបាលក៏កំពុងតែរឹតបណ្តឹង
និង ឃ្លាំមើលឱ្យកាន់តែដិតដល់ចំពោះព្រះសង្ឃបន្ថែមទៀត
ដើម្បីកសាងទំនុកចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ចំពោះព្រះពុទ្ធសាសនា
ដែលជាសាសនារបស់រដ្ឋ។
ជាសរុបសេចក្តីទៅ បញ្ហាប្រឈមដែលកើតមាននៅក្នុងវិស័យព្រះពុទ្ធសាសនានោះ គឺយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយទាំងមន្រ្តីសង្ឃ ទាំងស្ថាប័នពាក់ព័ន្ធ ទាំងពុទ្ធបរិស័ទ ដើម្បីលើកកម្ពស់ វិស័យព្រះពុទ្ធសាសនាឱ្យថ្កុំថ្កើងរុងរឿង សក្តិសមនឹងសាសនាមួយ ដែលមានប្រជាជនកម្ពុជាភាគច្រើនកាន់ និង គោរពជឿ ក៏ដូចជាការរក្សាតម្លៃព្រះពុទ្ធសាសនាដែលជាសាសនាដ៏ឧត្តុងឧត្តម និងជាដួងព្រលឹងរបស់ពលរដ្ឋខ្មែរ ដែលបង្កប់នូវការអប់រំប្រៀនប្រដៅ និង ទ្រឹស្តីព្រះពុទ្ធសាសនាតាមលក្ខណៈវិទ្យាសាស្ត្រដែលមនុស្សអាចទទួលយកបាន ហើយជាពិសេស គឺឱ្យសក្តិសមនឹងរដ្ឋធម្មនុញ្ញដែបានបានចែងយ៉ាងច្បាស់ថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រះសង្ឃជាសាវៈរបស់ព្រះពុទ្ធ ដែលមានព្រះត្រៃបិដកជាក្បួនខ្នាត ដែលអាចជាប្រយោជន៍ចំពោះសង្គមកម្ពុជា ដែលជាការនាំមកនូវសន្ដិភាព ការអភិវឌ្ឍធនធានមនុស្ស ការចូលរួមប្រកបដោយនិរន្តរភាព ជាប្រយោជន៍ និងជារូបភាពក្នុងការទាក់ទាញអារម្មណ៍អ្នកដឹកនាំ ដោយការយកព្រះពុទ្ធសាសនា មករួមជាវិភាគទានក្នុងការគ្រប់គ្រងប្រទេសក្រោមបាវចនាគឺ ជាតិ-សាសនា-ព្រះមហាក្សត្រ៕
________________________________________
1
យោងតាមនាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនា
នៃក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ស្ថិតិតួលេខនេះ គឺគិតត្រឹមថ្ងៃទី២២
ខែវិច្ឆិកា ឆ្នាំ២០១៦។
2 កោះសន្តិភាព ចេញផ្សាយថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

Be the first to comment

Leave a Reply

Your email address will not be published.


*