ទស្សនាទានរបស់ នីកូឡូ ម៉ាឃីយ៉ាវេលី ​(Niccolo Machiavelli) ស្តីពី វិធីគ្រប់គ្រងរដ្ឋ

ដោយ៖ លោក ប៉ាន់ វុត្ថា (បណ្ឌិតផ្នែកទស្សនវិជ្ជា)មន្ត្រីស្រាវជ្រាវផ្នែកទស្សនវិជ្ជានិងសង្គមវិទ្យា វិទ្យាស្ថាន​មនុស្​សសាស្ត្រ និង វិទ្យាសាស្ត្រសង្គមទ្រឹស្ដីសង្គមនិង នយោបាយរបស់ ម៉ាឃីយ៉ាវេលី (Machiavelli) សង្កត់​ធ្ងន់លើ ភាពគង់វង្សនៃអំណាចរបស់អ្នកគ្រប់គ្រង និង រដ្ឋ ជាជាងគិតពីផល​ប្រយោជន៍សាធារណជន។ ម៉ាឃីយ៉ាវេលី អនុញ្ញាត និង ឱ្យតម្លៃលើមធ្យោបាយ​ដែលអ្នកគ្រប់គ្រងបានប្រើប្រាស់ទោះជាអសីល​​ធម៌ក៏ដោយ ឱ្យតែគេធ្វើ​ដើម្​បី​រក្សា​នូវ​ភាពរឹងមាំ ភាពគង់ វង្សរបស់រដ្ឋ និងរដ្ឋាភិបាល​​មួយដែលចំណុះ​ឱ្យឆន្ទៈរបស់គេ។ ម៉ាឃីយ៉ាវេលី យល់ថា សារជាតិមនុស្សអាក្រក់ជាសារវ័ន្ដ។

ផ្ដើមចេញពីទស្សនៈរបស់ម៉ាឃីយ៉ាវេលី គឺ រដ្ឋាភិបាលបែប​សាធារណ​រដ្ឋ និង រដ្ឋាភិបាលបែបរាជានិយម ជា​ទម្រង់​​រដ្ឋាភិបាល២ប្រភេទដែល​ល្អជាង​គេ។នៅក្នុងប្រទេសណាដែលប្រជាពលរដ្ឋមានវិន័យ មានសីលធម៌ មាន​គុណ ធម៌ កត្ដញ្ញូ នោះការគ្រប់គ្រងរដ្ឋាភិបាលបែបសាធារណរដ្ឋជារដ្ឋាភិបាលដែល​ល្អជាងគេ។ សាធារណ​រដ្ឋមានន័យថា ពលរដ្ឋអាចធ្វើស្វ័យគ្រប់គ្រង ឬ នរណា​ក៏អាចគ្រប់គ្រងរដ្ឋបានដែរ។ប៉ុន្ដែ នៅទីណាដែល​ពលរដ្​ឋរបស់រដ្ឋនោះគិតតែ ប្រយោជន៍ផ្ទាល់ខ្លួន ពុករលួយ មិនស្មោះត្រង់គ្មានវិន័យ បះបោរ គ្មានសីលធម៌ គ្មាន​គុណ​ធម៌អកតញ្ញូមិនគោរពពាក្យសន្យា និងប្រព្រឹត្ដអំពើទុច្ចរិត…នោះ ទម្រង់រដ្ឋាភិបាលបែប​រាជានិយម​ផ្ដាច់​ការ ដែលមានអ្នកគ្រប់គ្រងម្នាក់ខ្លាំង ឈ្លាសវៃនិង ប៉ិនប្រសប់ គឺជាទម្រង់មួយដ៏ល្អបំផុត និង គួរឱ្​យ​ពេញចិត្​ដ​ជាង។   សមុទ្ទស្ងប់ស្ងាត់នរណាក៏អាចកាច់ចង្កូតនាវាបានដែរ ប៉ុន្ដែ ខណៈពេលដែល សមុទ្រ​ជួបនូវព្យុះ​សង្ឃរា លុះត្រាតែមាននាវិកម្នាក់មានចិត្ដ-គំនិតរឹងប៉ឹង ក្លាហាន ឈ្លាសវៃ ប៉ិនប្រសប់  និង មានពលិកម្មខ្ពស់ ទើបអាចសង្គ្រោះនាវាឱ្យ​ចាកផុតពីគ្រោះមហន្ដរាយបាន។

ម៉ាឃីយ៉ាវេលីហៅអ្នកគ្រប់គ្រងរបស់រដ្ឋថាជាស្ដេច (Prince) ម៉ាឃីយ៉ាវេលី បានគូសបញ្ជាក់ថា «ស្ដេច» ត្រូវមានគុណលក្ខណៈពីរយ៉ាងគឺគុណលក្ខណៈ​ជា «តោ» ផង និង គុណលក្ខណៈជា «កញ្ជ្រោង» ផង ពោលគឺ ត្រូវមានកម្លាំង «បង្ខិតបង្ខំគេ»  និង «ត្រូវចេះប្រើកលល្បិច» និង «អំពើទុច្ចរិតសព្វបែបយ៉ាង»។   «ស្ដេច» មួយ​អង្គ ត្រូវតែធ្វើត្រាប់តាម «កញ្ជ្រោង»និង «តោ»។ ការធ្វើខ្លួនជា «តោ» គឺ ដើម្បីបង្ហាញឥទ្ធិពល បង្ហាញពីអំណាច ធ្វើឱ្យអ្នកនៅក្រោមបង្គាប់​ខ្លបខ្លាចគោរព ស្ដាប់បង្គាប់ តែទោះបីជាខ្លាំងប៉ិនណាក៏ដោយ ក៏មិនអាច​ការពារ​ខ្លួន​ឱ្យជៀសផុតពីអន្ទាក់បានឡើយ។ការធ្វើខ្លួនជា «កញ្ជ្រោង» គឺត្រូវ​ចេះ​ប្រើកលល្បិចបោក បញ្ឆោត ធ្វើប្រជាភិថុត ដើម្បីទាញយកប្រជាប្រិយភាពនិង ស្រាវជ្រាវរកអ្នកក្បត់តាមគ្រប់វិធី ក៏ប៉ុន្ដែ ទោះបីជាមានល្បិចកលប៉ិន​ប្រសប់​យ៉ាងណាក៏ដោយក៏ជៀសមិនផុតគីការគម្រាមកំហែង ពីឆ្កែចចកបាន​ឡើយ។ ដូច្នេះ គេត្រូវធ្វើជា «កញ្ជ្រោង» ដើម្បីស្គាល់«អន្ទាក់» និង ធ្វើជា «តោ» ដើម្បីបំភ័យ «ឆ្កែចចក»។

ម៉ាឃីយ៉ាវេលី តម្រូវឱ្យអ្នកគ្រប់គ្រងឧស្សាហ៍ព្យាយាម មានភាពបត់បែន​រស់រវើក មានប្រឌិតញាណ  និង បង្ហាញ​នូវគម្រោងការគួរ​ឱ្យជឿជាក់ទៅដល់​មហាជន ដើម្បីទទួលការគាំទ្រ ជៀសវាងគេស្អប់ និង មិនចូលចិត្ដ ដែល​ទីបំផុត នឹងបាត់បង់អាជីពរបស់ខ្លួន។ ម៉ាឃីយ៉ាវេលី ផ្ដល់សារៈសំខាន់តិចតួចប៉ុណ្ណោះ ចំពោះចរិត​លក្ខណៈ​ពិតរបស់ «ស្ដេច» ពីព្រោះ «ស្ដេច» អាចជា «មនុស្សអសីល​ធម៌» ​ឬ «មនុស្សអាក្រក់បំផុត» ប៉ុន្ដែ តាម​រយៈ​ការ​បោកបញ្ឆេត ឬ ការបំភាន់​ដ៏ប៉ិនប្រសប់ «ស្ដេច» អាចបង្ហាញនូវរូបភាពនៃកុសល ជាមនុស្សប្រកប​ដោយ សន្ដិវិធី និង មិនពុករលួយ។

ស្ដេចត្រូវប្រើនយោបាយប្រជាភិថុត តាមរយៈការសម្ដែងចេញនូវបុគ្គលិក​លក្ខណៈស្រាលាញ់​សន្ដិភាព យល់​សុខទុក្ខរបស់រាស្ដ្រ ចាត់ទុកសុខទុក្ខរបស់​រាស្ដ្រ ជាសុខទុក្ខរបស់ខ្លួនផ្ទាល់មានមេត្ដា ករុណា ដល់មហាជន សម្ដែង​នូវក្ដី​នឹករលឹកដល់ប្រជារាស្ដ្រគ្រប់ពេល តាមរយៈការចុះសួរសុខទុក្ខផ្ទាល់ឬ តាម រយៈការឱ្យបេសក​ជនរបស់ខ្លួន សូត្រ ​ឬ ទន្ទេញចាំមាត់នូវពាក្យ៖ ការញំនាំ​ ការ​ផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ស្ដេច  បង្ហាញ​ពីគតិបណ្ឌិតឈ្លាសវៃ​របស់​ស្ដេច ក្នុងការដឹកនាំបង្ហាញពីសមិទ្ធផលក្រោមការដឹកនាំរបស់ស្ដេច និង ញំនាំ​នូវអំណោយក្នុងនាមស្ដេច មកចែកជូនប្រជារាស្ដ្រនៅពេលចុះជួបប្រជារាស្ដ្រ។«ស្ដេច» ត្រូវចូលរួម​ជាមួយប្រជា​ជនឱ្យបានញឹកញាប់ ដោយផ្ដល់ជាគំរូមនុស្ស​ធម៌ និង ទឹកចិត្ដទូលាយដល់ពួកគេ។

នៅចំពោះមុខប្រជារាស្ដ្រ«ស្ដេច» ត្រូវផ្សាយនូវសន្ដិភាព ស្ថេរភាព​នយោ​-បាយ បង្ហាញពីវិធានការការពារ​សន្ដិ​សុខ និងវិធានការអភិវឌ្ឍសេដ្ឋកិច្ច   ពីព្រោះ ប្រជាជនស្រលាញ់ភាពស្ងប់ស្ងាត់និង ចូលចិត្ដ «ស្ដេច» ដែលស្នេ​ហា​សន្ដិភាព។ លើសពីនេះទៅទៀត «ស្ដេច» ត្រូវលើកទឹកចិត្ដពលរដ្ឋខ្លួនឱ្យប្រកប​​មុខរបរដោយស្ងាត់ស្ងៀម។ នៅរដូវកាលសមស្រប «ស្ដេច» គួរតែចូលរួមជាមួយ​ប្រជាជនក្នុងពិធីធ្វើបុណ្យនិង បង្កបង្កើតឱ្យមានទស្សនីយ​ភាពកំសាន្ដ​ផ្សេងៗ​នៅគ្រប់ទី​កន្លែង​ក្នុងប្រទេស។«ស្ដេច» ក៏ត្រូវបង្ហាញខ្លួនឯងឱ្យឃើញថាជាអ្នកស្រលាញ់  ៖  ឧត្ដមភាព​គុណូប​ការៈ ផ្ដល់កិត្ដិយស និង ផ្ដល់រង្វាន់​ដល់អ្នកពូកែខាងជំនាញ​នីមួយៗ​ផងដែរដូចជា ផ្ដល់រង្វាន់ ផ្ដល់ប័ណ្ណសរសើរ មេដាយ… ចំពោះអ្នកឱ្យ​ទស្សនា​ទាននយោបាយ គោលនយោបាយអប់រំ​គោលនយោបាយ​អភិរក្ស-អភិវឌ្ឍន៍​វប្បធម៌ គោលនយោបាយការទូត គោល​នយោបាយសេដ្ឋកិច្ច…និង អ្នកដែល​ស្វែងរកវិធី​ធ្វើកិច្ចការទាំងនោះ ឱ្យកាន់តែល្អប្រសើរឡើង។ លើសពីនេះទៅ​ទៀតក៏ត្រូវផ្ដល់ប័ណ្ណសរសើរ មេដាយ… ចំពោះអ្នកដែលបានបរិច្ចាគទ្រព្យធន​របស់ខ្លួនផ្ទាល់ដើម្បីកែលំអ និង អភិវឌ្ឍន៍​រាជធានី និង រដ្ឋរបស់ខ្លួន។

«ស្ដេច» ត្រូវសម្តែងឱ្យឃើញនូវសីលធម៌ គុណធម៌ នៅចំពោះមុខ​ប្រជា​រាស្ដ្ររបស់ខ្លួន ប៉ុន្ដែ នៅពីក្រោយខ្នង អាចមិនចាំបាច់រំពឹងគិតថាធ្វើដូច្នោះទេ។ដើម្បីទទួលការគាំទ្រ និង ភក្ដីភាពពីប្រជាជន «ស្ដេច» គួរ ឬ ត្រូវផ្ទេរ​ភារកិច្ច​ដែលមិនមានប្រជាប្រិយភាពទៅឱ្យអ្នកដទៃយកទៅអនុវត្ដលើប្រជារាស្ដ្រ ប៉ុន្ដែ ត្រូវត្រៀមផ្ដល់នូវអភ័យ​ឯកសិទ្ធិ និង ការអនុគ្រោះដល់អ្នកទទួលបញ្ជាទៅ​អនុវត្ដដោយគ្រាន់តែធ្វើជា​ស្ដីបន្ទោស ធ្វើជាចោទប្រកាន់​ទោសកំហុស​ក្នុងផ្លូវ​ច្បាប់តែមិនមានការអនុវត្ដជាក់ស្ដែងយ៉ាងដូច្នោះទេ ហើយធ្វើជាកាន់ជំហខាង​ប្រជារាស្ដ្រ ដោះស្រាយរាល់ការលំបាកនិង សេចក្ដីទុក្ខជូនប្រជារាស្ដ្រ ដើម្បី​ទទួលនូវប្រជាប្រិយភាពដ៏អស្ចារ្យបន្ថែមទៀត។
ករណីមានការបះបោរ ឬ ឧទាម «ស្ដេច» ត្រូវយក បន្លាជួសបន្លា ដើម្បីជៀសវាងការប្រមាថពី​ប្រជា​រាស្ដ្រ​ថាព្រះអង្គប្រើកម្លាំងសមត្ថកិច្ចបង្ក្រាប។

ដើម្បីការពារអំណាចបានយូរ«ស្ដេច» ត្រូវចេះប្រើកលល្បិចស្វែងរកអ្នក​ក្បត់​តាមគ្រប់វិធី តាមគ្រប់រូបភាព តាម​ដែលអាចធ្វើទៅបានដូចជា ឧប្បត្ដិក​ក្រុម​ក្បត់ ដើម្បីស្វែងរកអ្នកក្បត់ពិតប្រាកដ។ «ស្ដេចបញ្ចេញមនុស្សជំនិត​របស់​ខ្លួនក្លែងធ្វើជាក្បត់ចាកចេញពីព្រះអង្គ ហើយនិយាយបរិហារកេរ្ដិពី​ព្រះ​អង្គ និងគៀងគររកកម្លាំង​ដណ្ដើម​រាជ្យពី«ស្ដេច» ក្រោយពេលភាព​ពិត​នៃ​ការក្បត់ និង អ្នកក្បត់ពិតប្រាកដលេចមុខអស់ហើយ «ស្ដេច» ដក​មនុស្សជំនិត​របស់ព្រះអង្គចេញហើយត្រូវកំចាត់អ្នកក្បត់ទាំងនោះចោល។អ្នកខ្លះទទួលបាន​តំណែង​របស់គេ​តាមរយៈការផ្ទេរបន្ដ  អ្នកខ្លះតាម​រយៈ​ការលើកបន្ដុបឡើង ក្នុង​កាលៈ​ទេសៈ​ណាមួយ។មាន​មធ្យោ​​បាយ​ (បញ្ញា ខ្លាំង ក្លាហាន និង ឆ្លាតវាងវៃ)  ដែលមនុស្សមានមហិច្ឆតា  អាចក្លាយ​ជា​«ស្ដេច» បាន ដូចជា ដណ្ដើមរាជ ឬ ការធ្វើបដិវត្ដ។ ម៉ាឃីយ៉ាវេលីទូន្មាន «ស្ដេច» ថា អ្នកណាដែលធ្វើរាល់កិច្ចការជំរុញឱ្យខ្លួន​មាន​អំណាច
ប្រគល់អំណាចឱ្យខ្លួន​កាន់កាប់ ចូរប្រយ័ត្នប្រយែងចំពោះអ្នកនោះឱ្យមនទែន ព្រោះអំណាចដែល​គេប្រគល់ឱ្យ​ខ្លួន​ជា​បណ្ដោះអាសន្ននៅក្នុងកាលៈទេសៈណាមួយនោះ  នឹងអាច ត្រូវគេប្លន់យកទៅវិញនៅពេ​លបដិវត្ដចប់​សព្វគ្រប់។ទោះយ៉ាងណាក៏ដោយ«ស្ដេច» ត្រូវបង្ហាញសេចក្ដីក្លាហាននៅចំពោះមុខ យោធារបស់ខ្លួន ពីព្រោះ យោធាចូលចិត្ដ​«ស្ដេច» មានស្មារតីជាយោធា ដែល​ជាអ្នកមានចិត្ដព្រហើន ផ្ដាច់ការ និង លោភលន់ ដើម្បី​ទទួលជោគជ័យក្នុងការ​គ្រប់​គ្រង​​រាជាណាចក្រឬ រដ្ឋរបស់ខ្លួន។ លើសពីនេះទៅទៀត «ស្ដេច» មិនគ្រាន់​តែត្រូវអនុវត្ដនូវការបោកបព្ឆោត​ដ៏ប៉ិន​ប្រសប់​ប៉ុណ្ណោះទេប៉ុន្ដែ ថែមទាំងត្រូវ​គ្រប់គ្រងដោយច្បាប់ និង កម្លាំងផងដែរ ពីព្រោះថា  បើគ្មានកម្លាំងទេ  ច្បាប់ក៏​អនុវត្ដមិនមានប្រសិទ្ធភាពដែរ។ មេទ័ពខ្លា
អាចដឹក​​នាំកងទ័ពក្ដាន់ទៅប្រយុទ្ធ និងមានសង្បឹមថាឈ្នះផ្ទុយទៅវិញ មេទ័ពក្ដាន់ដែលដឹកនាំកងទ័ពខ្លាទៅ​ប្រយុទ្ធ មិនមានសង្បឹមថាឈ្នះនោះទេ។

ជានិច្ចកាល«ស្ដេច» ត្រូវប្រកាន់ភាពម៉ឹងម៉ាត់ ឧត្ដមភាពនៃសេចក្ដីថ្លៃថ្នូរ របស់ខ្លួន ដោយមិនត្រូវបណ្ដោយឱ្យ​មាន​ការថ្លោះធ្លោយដោយប្រការ​ណាមួយ​ទេ។

 

Be the first to comment

Leave a Reply

Your email address will not be published.


*