
ទិវាវប្បធម៌ជាតិ៣មីនាគឺជាទិវាមួយដ៏មានសារៈសំខាន់និងមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន ដែលរាជរដ្ឋាភិបាលបានផ្តួចផ្តើមគំនិតនិងកំណត់ធ្វើឡើងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២០នេះ គឺជាលើកទី២២ហើយ ដែលកម្ពុជាបានប្រារព្ធធ្វើទិវានេះឡើង ក្នុងបំណងដើម្បីរឭកដល់គុណូបការៈនៃបុព្វបុរសយើងដែលលោកបានបន្សល់នូវមរតវប្បធម៌ដ៏សម្បូរបែបសម្រាប់ឱ្យកូនចៅខ្មែរជំនាន់ក្រោយ បានឈរស្មើមុខស្មើមាត់នឹងបណ្តាអារ្យប្រទេសនៅលើពិភពលោកប្រកបដោយមោទនកភាព។ ដូច្នេះក្នុងនាមជាអ្នកបន្តវេនពីបុព្វបុរស យើងទាំងអស់គ្នាត្រូវមានកាតព្វកិច្ចចូលរួមថែរក្សាការពារនូវសម្បិត្តវប្បធម៌របស់ខ្លួនឱ្យបានគង់វង្ស និងធ្វើការអភិវឌ្ឍដោយឈរលើមូលដ្ឋានអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឱ្យមកទស្សនាវប្បធម៌ដ៏សម្បូរបែបនៃកម្ពុជា ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ ដែលជាមធ្យោបាយមួយក្នុងចំណោមធ្យោបាយជាច្រើនទៀត ក្នុងការនាំសង្គមជាតិឱ្យមានសាមគ្គីភាព មានសន្តិភាព និងភាពសុខដុមរមនា។ ក្នុងនាមជាកុលបុត្រនៃខេមរា យើងត្រូវគិតថា អ្វីៗទាំងអស់ដើម្បីវឌ្ឍនភាពវប្បធម៌ និងត្រូវចងចាំថា បើវប្បធម៌រលត់ នោះជាតិនឹងរលាយ បើវប្បធម៌ពណ្ណរាយ នោះជាតិថ្កើងថ្កាង។
Leave a Reply