ស្ថានភាពកុមារកម្ពុជាបច្ចុប្បន្

១-សេចក្ដីផ្ដើម

កុមារគឺជាមនុស្សដែលមានអាយុក្រោម១៨ឆ្នាំ ដែលជាទូទៅ ជាអនីតិជន ស្ថិតនៅបន្ទុកគ្រួសារ ក្រោមការគ្រប់គ្រងរបស់​ឪពុក​ម្ដាយ ឬ អាណាព្យា បាលស្របតាមច្បាប់នានាដែលគាំពារកុមារ។ កុមារគឺជាមនុស្សបឋមវ័យ ដែល ជាមនុស្សវ័យក្មេងដំបូង
ដែល​​​ត្រូវបន្តវេនដឹកនាំសង្គមជាតិទៅអនាគតគឺប្រៀប​​​បាននឹងទំពាំងដែលស្នងឫស្សីដូចច្នោះដែរ។ដើម្បីបានឬស្សី​ល្អ គេ​ត្រូវ​តែ​ថែទាំ ទំពាំងឱ្យបានល្អ ហើយ​ដើម្បីឱ្យកុមារក្លាយជាយុវជនក្លាយជាសសរទ្រូង ប្រទេសជាតិបានល្អត្រឹមត្រូវពិតប្រាកដ គេត្រូវ​តែ​ផ្ដល់ឲ្យកុមារទទួលបានការថែទាំសុខភាព និង ការអប់រំពេញលេញ ដោយត្រូវមានការចូលរួមពីស្ថាប័ន ពាក់ព័ន្ធទាំងអស់
រួម​​មាន​ក្រុមគ្រួសារ  សាលារៀន រដ្ឋាភិបាលអង្គការមិនមែន រដ្ឋាភិបាល សង្គមជាតិ និង ពិភពលោកទាំង​មូល ព្រោះកុមារមិន​មាន​លទ្ធភាព​ស្វ័យឯករាជ្យក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួនឱ្យបានពេញលេញគ្រប់គ្រាន់​ដើម្បីធ្វើការសម្រេចចិត្តធ្វើអ្វីមួយដោយ​ខ្លួនឯងក្នុងសង្គមនិង គ្រួសារទាំង​ស្រុង​ឡើយ។ កុមារគ្មានលទ្ធភាពក្នុងការគ្រប់គ្រងចិញ្ចឹមជីវិតផ្ទាល់ខ្លួនដែលផ្ទុយ​ពី​យុវវ័យជានី​តិជន រួមមាន​ឪពុកម្ដាយអាណាព្យបាល គ្រូបង្រៀន អាជ្ញាធរ​ជាដើម ​មាន​សមត្ថភាព និង លទ្ធភាពគ្រប់គ្រាន់ក្នុងការសម្រេច​គោល​ដៅ​ឆ្ពោះ​ទៅ​រកបំណងប្រាថ្នារបស់ខ្លួនដោយខ្លួនឯងផងនិង អាចជួយអ្នកដទៃផង។

ក្រោយសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៥សហព័ន្ធនារីប្រជាធិប​-តេយ្យ​ពិភពលោក បានសម្រេចយកថ្ងៃ១មិថុនារៀងរាល់ឆ្នាំ
ជា «ទិវាកុមារ​អន្តរជាតិ» ។ ក្រៅពីនេះ មានសន្និសីទ សិក្ខាសាលាជាច្រើនទៀតត្រូវបានប្រារព្វ ឡើងដើម្បីស្វែងរកគន្លឹះសំខាន់ៗ
ដើម្បីអប់រំកុមារឱ្យបានក្លាយជាពលរដ្ឋល្អ​សម្រាប់មនុស្សជាតិ។ដើម្បីជាការក្រើនរំលឹក បង្កើនការយកចិត្តទុកដាក់​ចំពោះ​កុមារ លើក​ស្ទួយ​សិទ្ធិកុមារ និង រួមគ្នាការពារកុមារ យើងគួរអបអរសារទ ​និង ស្វែងយល់ពី ទិវាកុមារអន្តរជាតិ និង ទិវាកុមារផ្សេងៗ​ទៀតផងដែរ ។

២-ប្រវត្តិ និង អត្ថន័យនៃទិវាកុមារអន្តរជាតិ ១ មិថុនា

មនុស្សជាតិលើកសកលលោកចងចាំនូវឧក្រិដ្ឋកម្ម ដ៏ព្រៃផ្សៃយង់ឃ្នង​របស់ពួកហ្វាស៊ីស នៅថ្ងៃទី១០មិថុនា ឆ្នាំ១៩៤២ ដែលបាន​សម្លាប់ប្រជាជន​ភូមិ លីឌីស៊ែនៃសាធារណរដ្ឋឆែកចំនួន១៩២នាក់នៅក្នុងកសិដ្ឋាន អូរ៉ាក ដែលក្នុង​នោះ​មានកុមារ១០៥នាក់ត្រូវ​យក​ទៅសម្លាប់។ក្រោយមកនៅថ្ងៃទី១០ មិថុនា ឆ្នាំ ១៩៤៤ពូកឧក្រិដ្ឋកម្មហ្វាស៊ីស បានចាប់មនុស្ស១,១០០នាក់ ដែលក្នុងនោះ​មាន​កុមារតូចៗចំនួន២០០នាក់ត្រូវចាក់សាំងដុតកម្ទេចទាំងរស់នៅ អូរ៉ាឌូ ប្រទេស​បារាំង។

ឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃរបស់ពួកហ្វាស៊ីសហ៊ីត្លែរ ចំពោះប្រជាជនពិសេស កុមារនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានធ្វើឲ្យមនុស្សជាតិតក់​ស្លុត​យ៉ាងខ្លាំង នាំគ្នាថ្កោលទោស និង ចងចាំជាប់ជានិច្ច។ វិនាសកម្មទាំងនេះ​ហើយទើបធ្វើឲ្យ​កង​កម្លាំងស្នេហាសន្តិភាព និង មិត្តភាពរវាងប្រជាជាតិ និង មនុស្សគ្រប់ពណ៌សម្បុររួបរួមគ្នាក្រោកឈរឡើង និង អំពាវនាវប្រយុទ្​ធប្រឆាំង​រាល់អំពើដែលនាំឲ្យអន្តរាយដល់អាយុជីវិតមនុស្សជាតិដើម្បីការពារជីវិត សន្តិសុខ និង គាំពារដល់កុមារនៅលើផែនដី។ ក្រោយសង្គ្រាមលោកលើកទី២​បានបញ្ចប់ទៅ នៅឆ្នាំ១៩៤៥ សហព័ន្ធនារីប្រជាធិបតេយ្យ ពិភពលោកបានបើកសម័យប្រជុំ​នៅទីក្រុងមូស្គូ ហើយបានមូលមតិគ្នាសម្រេចយកថ្ងៃ ១មិថុនាជារៀងរាល់ឆ្នាំប្រារព្វ «ទិវាកុមារអន្តរជាតិ»។ ពីមួយឆ្នាំទៅមួយឆ្នាំ «ទិវាកុមារ​អន្តរជាតិ» ១មិថុនាបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីបណ្តា​ប្រទេស​ជាច្រើន​នៅលើសាកលលោកហើយសន្និ​សីទ​​​ជា​​​ច្រើន​ទៀតត្រូវបាន​គេប្រារព្វ​ឡើង ​ដើម្បីឧទ្ទិសដល់ការយកចិត្តទុកដាក់ចំពោះកុមារ។ចាប់តាំងពីឆ្នាំ១៩៥០​មក ប្រទេស​ជាច្រើន​នៅលើសកលលោក រួមទាំងកម្ពុជាផងបានប្រារព្វទិវា​កុមារ​អន្តរជាតិថ្ងៃទី០១ មិថុនា។ គោលបំណងសំខាន់នៃ​ការប្រារព្ធ​ទិវា​នេះ ដើម្បីក្រើនរំលឹក និង បង្កើនការយកចិត្តទុកដាក់ពិសេស ចំពោះកុមារ ទាំង​ក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់ស្ដីពពីអនុ​សញ្ញា​​​​អន្តរជាតិស្ដីពី​ សិទ្ធិកុមារ​ជាដើម។កម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ស្ដីពី​ សិទ្ធិកុមារនៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ។

ថ្ងៃ១មិថុនា មិនគ្រាន់តែជាថ្ងៃឈប់សម្រាក ឬជា ថ្ងៃជួបប្រជុំគ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ជាឱកាសមួយរំលឹកមនុស្សទាំងអស់ឱ្យចេះរិះរក​មធ្យោបាយ​ជាយុទ្ធ-​សាស្ត្រ​ថ្មី​ៗបន្ថែមទៀត ដើម្បីទប់ស្កាត់ការរំលោភបំពានលើកុមារ។ ប្រទេស​កម្ពុជា​បានប្រារព្ធទិវានេះ ចាប់​ពីថ្ងៃ១ មិថុនា ឆ្នាំ១៩៤៩ប៉ុន្តែ ត្រូវផ្អាកដោយ​អន្លើក្នុងអំឡុងឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។នៅសម័យកាលនោះ កម្ពុជាត្រូវ​គ្រប់គ្រង​ដោយរបបកម្ពុជាប្រជាធិបតេយ្យដែលប្រទេសកម្ពុជា ប្រជាជន និងកុមារ បានទទួលរងនូវអំពើឧក្រិដ្ឋកម្មប្រល័យពូជ​​សាសន៍​​យ៉ាង​​ធ្ងន់ធ្ងរ។ ក្រោយ​របប​ព្រៃផ្សៃនេះរលំរលាយផុតទៅ ទិវាកុមារ១មិថុនាត្រូវបានប្រារព្ធធ្វើ​ជារៀង​រាល់ឆ្នាំរហូតជាប់គ្នា រហូតដល់​ឆ្នាំ២០០៧។យោងតាមសំណើសុំពីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទានិង ក្រុមប្រឹក្សាជាតិកម្ពុជា​ដើម្បី​កុមារ ចាប់ឆ្នាំ២០១១ កម្ពុជាបានសម្រេចប្រារព្ធទិវានេះឡើងវិញរហូតបច្ចុប្បន្ន។ថ្ងៃទី១ខែមិថុនា ឆ្នាំ២០១៩ គឺជាថ្ងៃដែលកម្ពុជា​និងបណ្ដា​ប្រទេសជុំវិញពិភព​លោក ប្រារព្ធទិវាកុមារអន្តរជាតិខួបលើកទី៧០របស់ខ្លួន។

៣-ស្ថានភាពកុមារក្នុងសាកលលោក

តាំងពីសម័យបុរាណរហូតដល់យុគសម័យនេះ កុមារនៅប្រទេសភាគ​ច្រើន នៅតែរស់នៅគ្មានសុវត្ថិភាពក្នុងការធ្វើ​ដំណើរដោយ​សេរី​​នៅឡើយ។ ព័ត៌មាន​ស្តីអំពីអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារមានដូចជា ការចាប់ពង្រត់ ការរំលោភ ឃាតកម្មតែងតែកើតមាន​ជាប្រចាំ។ ឪពុកម្តាយជាច្រើនមានការឈឺចាប់​នៅ​ពេលដែលកូនរបស់ខ្លួនរងគ្រោះថ្នាក់នូវអំពើបែបនេះ។ពិភពលោកយល់ដឹង​ជាទូទៅថា​ អំពើអាក្រក់ទាំងឡាយដែលប្រព្រឹត្តិមកលើកុមារគឺជាអំពើថោក​ទាប គួរឱ្យស្អប់ខ្ពើម និង ត្រូវថ្កោលទោសបំផុត។​

ការការពារកុមារពីគ្រោះថ្នាក់ចរាចរ ការរំលោភបំពាន និងអំពើហឹង្សា​ផ្សេងៗ មិនគ្រាន់តែជាភារកិច្ចរបស់មាតាបិតា និង អាជ្ញាធរ​ប៉ុណ្ណោះទេគឺសង្គម​ទាំងមូលត្រូវតែបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនផងដែរ។​ចំពោះកុមារតូច ឳពុកម្តាយត្រូវតែប្រុងប្រយ័ត្ន​ និង ដឹងអំពីទីកន្លែងរបស់កូនគ្រប់ពេលវេលាពិសេស​​​ នៅពេលដែលពួកគេនៅខាងក្រៅ ដូចជា នៅក្នុងសួនកុមារ ឬ ពេល​ដើរផ្សារ ក្នុងចំណោមសាធារណៈ ដោយត្រូវធ្វើដំណើរអមកូនជានិច្ចដើម្បីកូនទោះបីជាចម្ងាយធ្វើដំណើរជិតក៏ដោយ។ ការចាកចេញពី​កុមារ​តូចដោយមិនបានត្រួតពិនិត្យធ្វេសប្រហែស នោះ​ជាអំពើ​ខុសឆ្គង។ មាតាបិតាអាចកំណត់ព្រំដែនសេរីភាព​សមស្របដល់​កុមារ​​តូច។កុមារ​តូចក៏គួរត្រូវបានបង្រៀនឱ្យនិយាយថា«ទេ» ចំពោះជនចំលែកដែលផ្តល់​ជំនួយ​និង អំណោយដែលមិនសម​ស្រប។ ចំពោះកុមារដែលចម្រើនវ័យធំ​ក៏កាន់តែ​ប្រយ័ត្នថែមទៀត ជាពិសេស ការរំលោភបំពានបៀតបៀនផ្លូវភេទ និង ការ​ប្រើប្រាស់គ្រឿងញៀនជាដើម។ អាជ្ញាធរមានសមត្ថកិច្ចមាននាទីធានាការ​ការពារកុមារ ដោយការអនុវត្តវិធានការជាច្រើន ដូចជា
ការបង្កើនល្បាតនៅ​តាមតំបន់ដែលមានហានិភ័យខ្ពស់​ ដូចជា កន្លែងកំសាន្តនានា
ដែលនៅទី​ជនបទ​ដាច់ស្រយាល។ គេអាចអនុវត្តយុទ្ធនាការលើកកម្ពស់ការ​យល់ដឹង​អំពី​សុវត្ថិភាពកុមារ
ដោយស្មារតីទទួលខុសត្រូវរួមខ្ពស់បំផុត ព្រោះថា បរិយាកាស​សម្រាប់កុមាររស់នៅប្រកបដោយសុវត្ថិភាព
និង មានការរីកចម្រើនអាចកើត​មាន​ទៅបានលុះត្រាតែគ្រប់ភាគីទាំងអស់រួមមាន
ឪពុកម្តាយ អាណាព្យាបាល គ្រួសារ សាលារៀន សហគមន៍ និង អាជ្ញាធរ ធ្វើកិច្ចសហការជាមួយគ្នាឱ្យ​បាន​ស្អិតរមួត និង ប្រសិទ្ធភាព។

៤-ស្ថានភាពកុមារនៅកម្ពុជា

ពីមួយឆ្នាំទៅមួយឆ្នាំស្ថានភាពកុមារកម្ពុជាមានការវិវត្តិជាលំដាប់។
តាម​ជំរឿនប្រជារាស្ត្ររបស់ប្រទេស​​កម្ពុជាឆ្នាំ២០០៨
បានបង្ហាញថា កុមារកម្ពុជា​មានអត្រា៤១% នៃប្រជាជនសរុបប្រហែល១៤លាននាក់។
គិតមកដល់ខែមេសា​ឆ្នាំ២០១១ អ្នកទោសជាកុមារប្រមាណ៧៣០នាក់ ដែលបានជាប់ឃុំឃាំងនៅ​ក្នុង​ពន្ធនាគារចំនួន២៥របស់ប្រទេសកម្ពុជា។
ស្ថានភាពកុមារកម្ពុជា នៅតែជា​ប្រធានបទចម្បង​ដែលត្រូវយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តបន្ទាប់។

៤.១-ទិដ្ឋភាពវិជ្ជមានមួយចំនួននៃស្ថានភាពនៅកុមារកម្ពុជា

ស្មារតីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ច្បាស់ថា​
ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់
មានសិទ្ធិសេរីភាព និង ករណីយ​កិច្ចដូចគ្នាទាំងអស់
ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ
ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ
មិន​ត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។
ការប្រើសិទ្ធិសេរីភាពនេះ ត្រូវ​ប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។
មាត្រា ៤៧ចែងថា មាតាបិតា មាន​កាតព្វកិច្ចចិញ្ចឹមថែរក្សា និង
អប់រំកូនឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណី​យ​កិច្ចចិញ្ចឹម និង បីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ។
ចំណែកមាត្រា ៤៨ ចែងថា រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែង​ក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេស សិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំ​រៀនសូត្រ  សិទ្ធិត្រូវបានទទួលការគាំពារ
ក្នុងស្ថានការណ៍មាន​​​​សង្គ្រាម និង ការ​ការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬ កាមគុណលើកុមារ។ រដ្ឋគាំពារ​ប្រឆាំង​នឹងការងារទាំងឡាយ
ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និង ការរៀន​សូត្រ​របស់កុមារ ឬ ដែលនាំឱ្យអន្តរាយដល់សុខភាព ឬ សុខុមាលភាព​របស់​កុមារ។

យោងតាមស្មារតីខាងលើនេះ គ្រប់ស្ថានប័នបានបង្ហាញជានូវបំណង​លុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។
ក្រៅពីទិវាកុមារអន្តរជាតិ១មិថុនា នៅមានទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនាផងដែរ។
ទិវានេះលើក​ឡើងថា «គ្មានពលកម្មកុមារ
និង ផ្ដល់ការអប់រំដែលមានគុណភាព»។ ឆ្នាំ​១៩៩៩ ដល់ ឆ្នាំ២០១២ ស្ថានភាពពលកម្មកុមារបានកាត់បន្ថយជិត​ពាក់កណ្ដាល​​ពោលគឺ ពីចំនួន១៦.៥% មកនៅត្រឹម៩.៥%។ កុមារ១៨២៧៣នាក់ ត្រូវបាន​រំដោះពីស្ថានភាពពលកម្មកុមារ ហើយកុមារ៨៩៥១នៃគ្រួសារ ដែលមានការ​លំបាក ​ត្រូវបានទទួលសេវាគាំទ្រជីវភាពពីស្ថាប័នសង្គម។ នៅដំណាច់​ឆ្នាំ២០១៥ ការទប់ស្កាត់ និង ការកាត់បន្ថយពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ
និង ការទប់​ស្កាត់​ការជួញដូរកុមារ
បានសម្រេច ៨% ដូចតាមគម្រោងគ្រោងទុក។ កុមារតូច​កាន់តែច្រើនឡើង
បានយកចិត្តទុកដាក់បញ្ជូនទៅសិក្សាតាមផ្ទះ ថ្នាក់មត្តេយ្យ​ក្នុងបឋមសិក្សា
មត្តេយ្យឯកជន និង សាលា​រដ្ឋ។ កុមារតូចដែលមាន​អាយុ​៥ឆ្នាំ​បានចូលរៀន មានប្រមាណ៥៦ ភាគរយដោយគ្មានគម្លាតយេនឌ័រ
សិស្សក្រីក្រនៅបឋមសិក្សាត្រូវបានផ្តល់អាហារូបករណ៍ ហើយអត្រាត្រួតថ្នាក់ និង សិស្សបោះបង់ការសិក្សាបានថយចុះ។
គុណភាពរបស់សិស្សបញ្ចប់​ថ្នាក់​ទី១២
ត្រូវលើកកម្ពស់ និង ផ្តល់នូវចំណេះដឹងពាក់ព័ន្ធដទៃទៀត សម្រាប់ការ​អប់រំ​បច្ចេកទេស វិជ្ជាជីវៈ និង ឧត្តមសិក្សា។ តួនាទីរបស់មាតាបិតា
និង សហ​-គមន៍​ក្នុងការគ្រប់គ្រងសាលារៀនត្រូវបានពង្រឹង។
ការអប់រំបឋមសិក្សាត្រូវបាន​ចាត់​ទុកជាអាទិភាពមួយ
និង ទទួលបាននូវចំណែកថវិកាច្រើនជាងគេក្នុងថវិកា​សរុបរបស់ក្រសួងអប់រំ
យុវជន និង កីឡា។ ទាំងនេះបានមកពីការខិតខំ​សហការ​រួមគ្នាអនុវត្ត​នូវគោលការមួយចំនួនដូចខាងក្រោម៖

១.អនុវត្តតាមអនុសញ្ញាលេខ១៨២ ស្ដីពី ទម្រង់ធ្ងន់ធ្ងរនៃពលកម្មរបស់​អង្គការអន្តរជាតិខាងការងារ
តាមរយៈគម្រោងនិងកម្មវិធីនានា ដែលបាន​កំណត់​ក្នុងគោលដៅឆ្នាំ២០១៥។

២.បង្កើនកិច្ចខិតខំប្រឹងប្រែងអនុវត្ត តាមគោលដៅសាកលរបស់​អង្គការ​អន្តរជាតិការងារឆ្នាំ២០១៦ ដើម្បីការងារសមរម្យនៅកម្ពុជា។

៣.សហការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) គម្រោងរោងចក្រ​កាន់​តែប្រសើរនៅកម្ពុជា (BFC) និង អង្គការនិយោជក-និយោជិត ព្រមទាំង​ស្ថាប័នពាក់ព័ន្ធ កាត់បន្ថយពលកម្មកុមារនៅតាមរោងចក្រកាត់ដេរជា​អប្បបរមា ទប់ស្កាត់ការក្លែងបន្លំអាយុ និង ឯកសារក៏ដូចជាការពង្រឹងនីតិវិធីនៃការ​ប្រើ​ប្រាស់​ពលករវ័យក្មេងឱ្យមានសុក្រឹតភាព។

៤. សហប្រតិបត្តិការជាមួយអន្តរក្រសួង
ស្ថាប័នក្នុងការអនុវត្តគោល​នយោបាយ និង បទដ្ឋានអប្បបរមាស្ដីពីការថែទាំកុមារងាយរងគ្រោះ និង ស្ដារ​នីតិ​សម្បទាអ្នកញៀនគ្រឿងញៀន និង វិធានការជាក់ស្ដែងដ៏ទៃទៀតដែល​បម្រើឱ្យការទប់ស្កាត់ ការការពារ និង សមារណកម្មកុមារ ជាដើម។

៤.២-ទិដ្ឋភាពអវិជ្ជមានមួយចំនួននៃស្ថានភាពកុមារនៅកម្ពុជា

ទន្ទឹមនឹងទិដ្ឋភាពវិជ្ជមានខាងលើ គេឃើញមានទិដ្ឋភាពអវិជ្ជមាន​ខ្លះ​ដូចជា កុមារមួយចំនួនទៀតនៅតែ កំពុងជួបប្រទះនូវការរំលោភបំពាន ខ្វះការ​ជួយ​គាំទ្រពីសង្គមនៅឡើយ។ កុមារមួយចំនួន ទៀតត្រូវរំលោភបំពានសិទ្ធិ​សេរីភាពក្នុងការចូលរួមការធ្វើការសម្រេចចិត្ត។ កុមារក្រីក្រមួយចំនួនមិនបាន​ចូលរៀន ខ្វះត្រូវអាហាររូបត្ថម្ភ ឈឺគ្មានពេទ្យ និង ថ្នាំសង្កូវព្យាបាល និង
ខ្លះ​បាន​ប្រើប្រាស់គ្រឿងញៀនជាដើម។
ភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលជាឳពុក​ម្ដាយ អាណាព្យាបាលរបស់កុមារគឺជាចំណែកមួយនាំ
ឲ្យកុមាររងគ្រោះ និង​បាត់បង់ឱកាសរៀនសូត្រក្នុងសាលា ដែលជាហេតុធ្វើឱ្យពួកគេមិនអាចទទួល​បានចំណេះវិជ្ជាមូលដ្ឋានគ្រឹះគ្រប់គ្រាន់។ ទាំងទីជនបទ ក៏ដូចទីប្រជុំជន
គ្រួសារ​ក្រីក្រភាគច្រើនដែលខ្វះមុខរបរអាជីពដើម្បីចិញ្ចឹមជីវិត
បានបង្កឱ្យមានបញ្ហា​ជាច្រើន​ដល់កុមារក្នុងបន្ទុក
ដូចជា ខ្វះឱកាសអប់រំកូន ខ្វះការថែទាំសុខភាព​ទាំងផ្លូវចិត្ត និង
ផ្លូវកាយ។ ពលរដ្ឋខ្មែរដែលគ្មានចំណូលគ្រប់គ្រាន់​ក្នុងការ​ចំណាយដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ បានសម្រេចចិត្តទាំងឈឺចាប់ ខ្លោចផ្សា
បានចាកចោលផ្ទះសម្បែង លំនៅដ្ឋាន ភូមិស្រុករបស់ខ្លួនទៅរស់នៅ និង ធ្វើ​ការងារជាកម្មករនៅទីក្រុង ឬ នៅក្រៅប្រទេស។ ការចំណាកស្រុកដើម្បី​ការងារ​ចិញ្ចឹមជីវិត បានបង្កឱ្យមានបញ្ហាជាច្រើនដល់កុមារទាំងបញ្ហាសុខភាព​
និង បញ្ហាសិក្សា។ កុមារខ្លះបានទៅតាមឳពុកម្ដាយចោលការសិក្សា ខ្លះនៅជាមួយ​ជីដូនចាស់ជរា ហើយភាគច្រើនក្នុងចំណោមកុមារទាំងនោះមិនមានសុខភាព​ផ្លូវចិត្ត និង​ កាយដើម្បីបន្តការរៀនសូត្របានគ្រប់គ្រាន់ឡើយ។ ឪពុកម្ដាយ
អាណាព្យាបាលខ្លះគ្មានចំណេះដឹងក្នុងការទប់កំហឹងរបស់ខ្លួន តែងយកអំពើ​ពាលា អបាយមុខ ផឹកស្រា លេងល្បែង បង្កអំពើហិង្សា វាយកាប់ចាក់គ្នា​ជា​ប្រចាំ។ មានកុមារជាច្រើនត្រូវកំព្រាដោយឪពុកម្ដាយស្លាប់
បណ្ដាលមកពីស្លាប់​ដោយគ្រោះថ្នាក់ចរាចរ ជម្ងឺគ្រប់ប្រភេទ
ដូចជា ជម្ងឺអេដស៍ ជម្ងឺ​ក្រពះ សួត ថ្លើម​ជាដើម។

ចំពោះស្ត្រីក្រីក្រដែលភាគច្រើនជាស្ត្រីមេម៉ាយ លែងលះស្វាមី
និង រស់​នៅ​យ៉ាង លំបាក ក្នុងការចិញ្ចឹមបីបាច់ទារក ឬ កុមារតូច
តែងយកកូន​មក​មណ្ឌល​កុមារកំព្រា។ លិខិតឯកសារទាក់ទងកុមារទាំងនេះ ភាគច្រើនគឺត្រូវ​បាន​ធ្វើឡើងដោយកំណត់ថាកុមារទាំងនោះ
ត្រូវបានម្តាយឪពុកបោះបង់ចោល ហើយ​ថា អត្តសញ្ញាណរបស់ម្តាយឪពុកក្មេង
មិនត្រូវបានគេស្គាល់។ ឯកសារ និង សំបុត្រកំណើតក្លែងក្លាយដែលដាក់ឈ្មោះកុមារ និង
ព័ត៌មានឳពុកម្តាយ​នៃគ្រួសារថ្មីត្រូវបានបង្កើតឡើង
ដែលធ្វើឲ្យមាន ការលំបាកស្មុគស្មាគស្មាញក្នុង​ការស្រាវជ្រាវរកប្រវត្តិកុមារនៅពេលក្រោយពេលដែលពួកគេដឹងក្ដី។
កុមារអាច​វង្វេងមិនស្គាល់ឳពុកម្តាយរបស់ខ្លួនពិតប្រាកដអស់មួយជីវិត។
អង្គការលីកាដូបានបង្ហាញឱ្យដឹងថា ករណីកុមារដែលបានបាត់អត្តសញ្ញាណ​របស់ខ្លួនអាចមានច្រើនករណី។

ជារួម កុមារក្រីក្រប្រឈមការលក់កម្លំាងពលកម្ម និង សេពថ្នាំញៀន។
កុមារមួយចំនួនដែលជាកូនចៅអ្នកក្រីក្រ នៅតែប្រឈមនឹងការលក់កម្លំាង​ពលកម្ម ដែលធ្វើឲ្យពួកគេបាត់បង់ឱកាសក្នុងការរៀនសូត្រ
គ្មានសុវត្ថិភាពក្នុង​ការរស់នៅ។ កុមារអាយុ១៣ ឬ ១៥ឆ្នាំខ្លះ
ត្រូវគេប្រទះឃើញធ្វើការនៅកន្លែង​លាងរថយន្ត សិប្បកម្មឡឥដ្ឋ
និង បនល្បែងជាដើម។ ក្រៅពីនេះ កុមារ​នៅ​ទី​ជនបទកំពុងប្រឈមការប្រើប្រាស់គ្រឿងញៀន និង ការបំពានផ្លូវភេទ​ទៀត​ផង។ ស្ថានភាពកុមារកម្ពុជាមានបញ្ហាជាច្រើនគួរឱ្យព្រួយបារម្ភ
និង យកចិត្ត​ទុកដាក់បំផុត។ បញ្ហាប្រឈមមួយចំនួន ដូចជា អំពើជួញដូរ
បញ្ហាគ្រឿងញៀន អំពើហិង្សាការរំលោភបំពានផ្លូវភេទ ពលកម្មធ្ងន់ធ្ងរលើកុមារ ភាពក្រីក្រ
ខ្វះ​ការអប់រំ ខ្វះអាហារូបត្ថម្ភ និង ប្រឈមនឹងជំងឺគ្រប់ប្រភេទ
ដែលតម្រូវឱ្យក្រសួង​ស្ថាប័នរដ្ឋពាក់ព័ន្ធនានា ក្រុមអង្គការមិនមែនរដ្ឋាភិបាល
និង គ្រួសារ ព្រមទាំង​សាលារៀន
សហការគ្នាយ៉ាងស្អិតរមួតថែមទៀត។

៥-សេចក្ដីសន្និដ្ឋាន

សិទ្ធិកុមារ គឺជាចំណែកមួយនៃសិទ្ធិមនុស្ស។ កុមារដែលទទួលបាន​សិទ្ធិ​ពេញលេញ តែងមានការរីកចំរើនទាំងសតិបញ្ញាស្មារតី សមត្ថភាពចំណេះដឹង​ចំណេះធ្វើ និង សុខភាពផ្លូវកាយចិត្តរឹងមាំជានិច្ច​ ផ្ទុយទៅវិញ កុមារដែលខ្វះ​ការយកចិត្តទុកដាក់ថែទាំពីអាណាព្យបាលឱ្យបានត្រឹមត្រូវ ពេញលេញ ​តែង​ទទួលបាននូវស្មារតីទន់ជ្រាយ សតិបញ្ញាខ្សោយ ចំណេះចេះដឹងទន់ទាប ​ដែល​ជាហេតុនាំឱ្យពួកគេក្លាយជាពលរដ្ឋអសកម្ម ដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រដ្ឋ ហើយ​ពួកគេអាចបង្កវិនាសកម្ម​ បំផ្លិចបំផ្លាញ​ដល់ការអភិវឌ្ឍន៍​សង្គមជាតិ ក៏ដូច​សាកលលោកទាំងមូល។  ចង់ឱ្យសង្គមជាតិ ក្នុងពិភពលោកកាន់តែប្រសើរ គឺ​ត្រូវ​យកចិត្តទុកដាក់ កែច្នៃស្ថានភាពសិទ្ធិកុមារឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយត្រូវយកចិត្តដាក់​ជាពិសេស ទៅលើការការពារ និង ការថែរក្សាសុខភាព​ឱ្យបានត្រឹមត្រូវ  រួមបញ្ចូលទាំងសិទ្ធិក្នុងការ​ចូលរួមក្នុងសហគមន៍ សិទ្ធិសិក្សា​រៀន​សូត្រ​ជាដើម។  ដើម្បីជាគំរូល្អដល់កុមារ យុវជន និង អ្នកមានតួនាទីទទួល​ខុសត្រូវលើជោគវាសនាកុមារទាំងអស់ ត្រូវតែប្រឆាំងដាច់ខាតនូវគំនិតទស្សនៈ​រើសអើង ដោយមិនត្រូវមានបុរេនិច្ឆ័យថា កុមារមានអាយុតិចមិនផ្ដល់សេរីភាព ដោយគិតថាកុមារធ្វើអ្វីមិនកើត ហើយមិនព្រមទទួលស្ដាប់មតិយោបល់ បដិ​-សេធ​រាល់អ្វីដែលកុមារស្នើឡើងនោះឡើយ ព្រោះទស្សនៈមតិយោបល់មួយ ខុស ​ឬ ត្រូវវាមិនមែនស្ថិតនៅលើ​អ្នកបញ្ចេញនោះក្មេង ឬ ចាស់ឡើយ ប៉ុន្តែ​វាស្ថិតនៅលើទំនាក់ទំនងហេតុផលប៉ុណ្ណោះ។ ដើម្បីឱ្យកុមារមានសេចក្ដីក្លាន​ហាន ឳពុកម្ដាយគួរទុកឱកាសឱ្យកុមារបានបញ្ចេញមតិយោបល់​ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ជានិច្ច។ ចំណេះ និង ចំណី គឺជាអាហារចាំបាច់​សម្រាប់​ចិញ្ចឹមខួរក្បាល ​និង រាងកាយឱ្យចម្រើនលូតលាស់ទាំងអស់គ្នា ជាពិសេស កុមារដែលជាវ័យបន្តវេនពីមនុស្សចាស់ទៅអនាគត។ ទាំងអស់គ្នាគួររំលឹក និង យល់ខ្លឹមសារនៃពាក្យស្លោកថា៖ «កុមារ គឺជាទំពំាងស្នងឬស្សី» និង ពាក្យស្លោក​ថា «លើកកម្ពស់ការចូលរួមរបស់កុមារដើម្បីអភិវឌ្ឍន៍សង្គម» ឱ្យបានកាន់តែ​ប្រសើរថែមទៀត។ ប្រធានបទនេះ ទាមទារឱ្យមានការស្រាវជ្រាវឱ្យកាន់តែ​ស៊ីជម្រៅថែមទៀត ដោយមានការចូលរួមពីអ្នកប្រាជ្ញបណ្ឌិតសំខាន់ៗ និង សារធារណៈជនដទៃទៀត ដែលស្រឡាញ់ និង លើកស្ទួយកុមារទូទៅទាំងក្នុង​និង ក្រៅប្រទេសកម្ពុជា។

គន្ថនិទេស

https://cambodia.savethechildren.net
https://www.wvi.org
https://www.familycarefirstcambodia.org
https://www.ifsw.org
https://www.iu.edu.kh
https://www.rfa.org
http://news.sabay.com.kh

 

Be the first to comment

Leave a Reply

Your email address will not be published.


*