តួនាទីវត្តអារាមក្នុងសង្គមខ្មែរ

បណ្ឌិត ហែម ឡាច មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា

ព្រះពុទ្ធសាសនា ជាទីកើតនៃសីលធម៌និងប្រពៃណីដ៏ល្អដែលគួរប្រតិបត្តិតាម។   ជាផ្លូវដើម្បីរំលត់ទុក្ខ នាំសេចក្តីសុខមកឱ្យសង្គម​មនុស្សអ្នកប្រតិបត្តិជាប្រទីបមួយដ៏ធំសម្រាប់បំភ្លឺឱ្យមនុស្សឃើញផ្លូវប្រតិបត្តិដើរកាត់តម្រង់ទៅរកផ្លូវសន្តិភាពនិងសន្តិសុខទាំងក្នុងបច្ចុប្បន្ននិងបរលោក។ ប្រទេសកម្ពុជាយើងបានកំណត់យកព្រះពុទ្ធសាសនាថាជាសាសនារបស់រដ្ឋតាមរដ្ឋធម្មនុញ្ញ(ជំពូកទី៣ មាត្រា៤៣)។ បច្ចុប្បន្ននេះយើងមានវត្តអារាមចំនួន៤​៩៣២វត្ត​ និងព្រះសង្ឃជាង៦០០០០អង្គ។ វត្តអារាមដើរតួនាទីយ៉ាង​សំខាន់​ក្នុងការអភិរក្សនិងអភិវឌ្ឍសង្គមជាតិ។

១- វត្តអារាមជាទីប្រជុំនៃមហាជននិងជាកន្លែងបម្រើសេវាសាធារណៈ

ការសន្ទនាពីធម៌អាថ៌ ឬពីព្រឹត្តិការណ៍ណាមួយ តាមសេចក្តីចេះដឹងរបស់ជនជាតិខ្មែរ ក្នុងសម័យមុនរហូតដល់សម័យនេះ តែងយក​វត្តអារាមជាទីប្រជុំ។ វត្តអារាមទុកដូចជារោងហត្ថកម្មមួយរបស់ជាងគ្រប់ប្រភេទមាន ជាងឈើ កសាងវិហារ សាលាជាដើម។ ពូជ​ធារនៃ​សេចក្តីចម្រើនរបស់ប្រទេសយើងដែលមានឈ្មោះជាប់មកថាជាប្រទេសមានអក្សរសាស្រ្តមានបុរាណវត្ថុជាកេរដំណែល មានប្រជាជាតិជាម្ចាស់ប្រទេស បានផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និទ្ធទៅនឹងវត្តអារាម ឬថាព្រះពុទ្ធសាសនា​ជាឃ្លាំងទុកដាក់​នូវអក្សរ​សាស្រ្ត​ជាដើមរបស់ជាតិឱ្យគង់នៅរហូតដល់បច្ចុប្បន្ន។ វត្តអារាមជាកន្លែងសម្រាប់ប្រជុំ សិក្ខាសាលា និងវេទិការនានា។ ក្នុងការ​រៀបចំការបោះឆ្នោតកន្លងមកនេះវត្តអារាមក៏បានក្លាយទៅជាកន្លែងសម្រាប់ចុះឈ្មោះបោះឆ្នោត ជាកន្លែងសម្រាប់គណ​បក្សនយោ​​បាយនានាធ្វើការឃោសនារកសំឡេងឆ្នោត ជាការិយា​​​​ល័យបោះឆ្នោត និងជាមណ្ឌលរាប់សន្លឹកឆ្នោតទៀតផង។

២- វត្តអារាមជាសាលារៀន

វត្តអារាមជាកន្លែងសិក្សាវិជ្ជាផ្សេងៗមានអក្សរសាស្រ្ត គណិតសាស្រ្ត និងសិល្បសាស្រ្តជាដើម ឱ្យល្មមដល់ជីវភាព​របស់ខ្លួន​ជា​ប្រជា​ពលរដ្ឋ ព្រមទាំងវិជ្ជាខាងព្រះពុទ្ធសាសនា ដែលគេគួរឱ្យចេះដឹង ឱ្យសមដល់ឋានៈរបស់ខ្លួនជាអ្នកកកាន់ព្រះពុទ្ធសាសនា ព្រោះក្នុងសម័យបុរាណមិនមានសាលាសិក្សាក្រៅ​ពីវត្តអារាមឡើយ។ ​នៅពេលដែលកូនចៅប្រជាពលរដ្ឋដល់វ័យសិក្សា គេតែង​តែ​យកទៅផ្ញើនឹងព្រះសង្ឃដើម្បីឱ្យព្រះសង្ឃបង្ហាត់បងៀន។ អ្នកខ្លះក៏បានបួសជាសាមណេរនិងភិក្ខុដើម្បី​ជាការតប​ស្នងសង​គុណ​ដល់មាតា​ បិតានិងមានឱកាសសិក្សារៀនសូត្រកាន់តែច្រើន។ បួសកាន់តែយូរមានឱកាសសិក្សាកាន់តែច្រើន។ អ្នកដែលបាន​បួស​រៀនលុះពេលលាចាកសិក្ខាបទមកវិញនឹងត្រូវបានប្រជាពលរដ្ឋគោរពស្រលាញ់ និងឱ្យតម្លៃយ៉ាងខ្លាំង។ ផ្ទុយទៅវិញ អ្នកដែល​មិន​បាន​បួសរៀនមិនត្រូវបានគេគោរពស្រលាញ់ សង្គមមិនឱ្យតម្លៃ ហើយ ពិបាកក្នុងការរកគូស្រករទៀតផង។

តាំងពីពាក់កណ្តាលស. វ. ទី១៩មក ស្រុកខ្មែរស្ថិតនៅក្រោមអំណាចអាណានិគមបារាំង។ សាលារៀន វត្តអារាមបែបប្រពៃណី​សម្រាប់​កុមារ បានបន្តដំណើរទៅទៀត។ អាជ្ញាធរអាណាព្យាបាលបារាំងក៏ចាប់ផ្តើមបង្កើតទន្ទឹមគ្នានឹងសាលានេះ នូវសាលារៀន​ទំនើប ដោយចម្លងមួយផ្នែកធំតាមបែបសាលារៀននៅប្រទេសបារាំងពោលគឺចម្លងទាំងវិស័យគរុកោសល្យ កម្មវិធីសិក្សា ព្រមទាំង​ភាសា។ នេះដោយសារតែបារាំងត្រូវការមន្រ្តីតូចៗដើម្បីធ្វើការបម្រើរដ្ឋការអាណានិគម  ជាពិសេសគឺអ្នកបកប្រែសម្រាប់​ប្រែ​ភា​សាបារាំងខ្មែរ និងខ្មែរបារាំង។ ម៉្យាងទៀត ពួកបារាំងចង់ឱ្យវប្បធម៌ អារ្យធម៌របស់គេមកគ្របដណ្តប់លើអរិយធម៌របស់យើង។ ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ សាលាវត្តនៅតែមានជីវិត និងដង្ហើមផ្តិកៗរហូតមកដល់ឆ្នាំ១៩៧៥។ ទាំងនេះជាមធ្យោបាយ​របបអា​ណានិគម ដែលគេតែងប្រើនយោបាយបែបនេះដើម្បីបន្ស៊ីវណ្ណៈ​​​ អ្នកដឹកនាំខ្មែរ ឱ្យស្រូបយកវប្បធម៌និងអរិយធម៌បរទេស មានចិត្​តគំនិតជាបរទេស​ព្រមទាំងបម្រើបរទេស។

អត្ថបទអក្សរសាស្រ្តនិងគម្ពីរនានាត្រូវបានតាក់តែងឡើងដោយកវីនិពន្ធជាព្រះសង្ឃឬរាជបណ្ឌិតដែលបានទទួលការអប់រំ និងការសិក្សាពីសាលាវត្ត ហើយអត្ថបទនេះទៀតសោតត្រូវបានកុមារដែលនៅក្នុងសាលាវត្តយកទៅសិក្សារៀនសូត្រ ។

បច្ចុប្បន្ននេះ ថ្វីត្បិតតែប្រទេសយើងបានឈានជើងចូលទៅក្នុងសម័យទំនើបក៏ដោយ សាលារៀនមួយចំនួនធំស្ថិតនៅក្នុងវត្​ត​អារាមនៅឡើយ ពោលគឺការអប់រំមិនអាចនៅឆ្ងាយពីព្រះពុទ្ធសាសនាបានឡើយ។

ការសិក្សាផ្នែកវប្បធម៌អក្សរសាស្រ្តពុទ្ឋនិយម អាចចិញ្ចឹមការសិក្សាវិជ្ជាឯទៀតៗ ឱ្យមានជីវិតជាប់ពូជធារតមកមិនដាច់។ ប្រទេស​កម្ពុជា​​របស់យើងដែលមានការចេះដឹង ក្នុងផ្លូវសាសនាក្ដី ក្នុងផ្លូវអក្សរសាស្រ្តក្ដី ប្រវត្តិសាស្រ្តក្ដីសុទ្ធតែកើត​អំពីវត្តអារាមរបស់​ព្រះពុទ្ឋសាស​នា ដែលជាសាលារៀនដ៏ធំសម្រាប់កូនខ្មែរគ្រប់ជំនាន់។

យើងបានឃើញច្បាស់ហើយថា កាលដែលប្រទេសយើងមិនទាន់សម្បូរសាលារៀនអក្សរសាស្រ្តក្នុងផ្លូវការនៅឡើយ មានតែវត្​តអារាម​ហ្នឹង​ឯងដែលជាសាលារៀន សម្រាប់ចិញ្ចឹមវប្បធម៌ ផ្នែកអក្សរនិងភាសារបស់ជាតិឱ្យគង់នៅ។​ វត្តអារាមក៏ជារោងជាង​សម្រាប់ឱ្យកូនខ្មែររៀនធ្វើសិប្បកម្មផ្សេងៗផងដែរ។តាមរយៈអក្សរសិល្ប៍ខ្មែររឿងទុំទាវ យើងសង្កេតឃើញថាទុំ​និងពេជ្រចេះ​ធ្វើ​តោក ធ្វើជាល ព្រមទាំងរបស់របរប្រើប្រាស់ផ្សេងៗទៀតជាច្រើន។

៣- វត្តអារាមេជាកន្លែងផ្សាំភ្ញាស់នូវអក្សរសាស្រ្តឱ្យរស់នៅដរាបមក

បើសិនជាមិនមានវត្តអារាមទេ ប្រហែលេជាអក្សរសាស្ត្រយើងរលាយសាបសូន្យអស់ទៅហើយ។ ព្រោះហេតុនេះហើយបានជា​វត្តអារាម​​មានឈ្មោះថា ជាកន្លែងសម្រាប់ចិញ្ចឹមវប្បធម៌ អក្សរសាស្រ្តឱ្យរស់នៅពិតប្រាកដ។ ​អក្សរសាស្រ្តពិតជាពន្លឺរស្មីរបស់ជាតិ កាល​បើអត់អក្សរសាស្រ្ត ជាតិក៏អាប់ឱនជាលំដាប់។ ហេតុនេះហើយបានជាគេនិយាយថា ពុទ្ឋសាសនានៅប្រទេសយើង​ជាសា​សនា​​ដែលជួយរក្សាទុកនូវវប្បធម៌អក្សរ សាស្រ្តជាតិ។

បុព្វជិតពុទ្ឋសាសនិក ដែលបានរៀនក្នុងផ្លូវគន្ថធុរៈ គឺរៀនគម្ពីរបាលី ព្រះត្រៃបិដក ចេះចាំយល់សព្ទភាសាបាលី អាចប្រែពីភា​សា​បាលី​មកភាសាខ្មែរបានដោយងាយ ហើយបានបោះពុម្ពជាសៀវភៅយ៉ាងច្រើនគរគោគ។ ​បើយើងពិនិត្យនៅពុទ្ឋសាសន​បណ្ឌិត្យ​និងបណ្ណាគារផ្សេងៗទៀតយើងនឹងឃើញសៀវភៅផ្នែកពុទ្ឋសាសនាចេញព្រោងព្រាតដែលច្រើនតែកើតអំពីស្នាដៃព្រះសង្ឃ កវីនិពន្ធដែលបានរៀនសូត្រក្នុងព្រះពុទ្ឋសាសនា។

ប្រទេសកម្ពុជាយើងចាត់ជាសង្គមនិមយពុទ្ឋសាសនាដែលមានពុទ្ឋសាសនិកជាភេទបព្វជិតអាចរាប់ថាជាពលរដ្ឋបានដូចជាគ្រហស្ថដែរ។ ​បព្វជិតជាអ្នកបំពេញកម្លាំងដល់សាសនាផង ដល់សង្គមផង ប៉ុន្តែសំដៅយកបព្វជិតអ្នករៀនសូត្រ ប្រតិបត្តិត្រឹម​ត្រូវតាម​ធម៌វិន័យ យល់ប្រយោជន៍ផ្លូវលោក ផ្លូវធម៌។ បព្វជិត និងគ្រហស្ថកាលបើបានប្រគល់កាយថ្វាយខ្លួនចំពោះព្រះពុទ្ឋសាសនាហើយ ក៏ត្រូវប្រគល់កាយថ្វាយខ្លួនដល់ព្រះត្រៃសរណដ្ឋានរបស់ប្រទេសថែមទៀតផង ដោយការត្រិះរិះពិចារណា ចំពោះជាតិចំពោះ​សាស​នា​ហើយត្រូវបរិច្ចាគធនធានតាមកម្លាំង ដើម្បីសាងសង់សេនាសនៈ មានសាលារៀន មន្ទើរពេទ្យជាដើម ទុកបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។​ គម្ពីរ ឬសៀវភៅពុទ្ឋសាសនាក្តី សាសនាណាមួយក្តី សៀវភៅប្រវត្តិសាស្រ្ត ភូមិសាស្រ្តក្តី ទស្សានា​វដ្ដីក្តី សារព័ត៌មានណាមួយក្តី ក៏សុទ្ធជាគ្រឿងដាស់សតិបញ្ញា សម្រាប់បណ្ដុះវិជ្ជា សម្រាប់ថ្លឹងមើល ទាំងផ្លូលោក

ផ្លូវធម៌ឱ្យដឹងពីដំណើរការទាំងខាងល្អ ខាងអាក្រក់ ទាំងខាងចម្រើន ខាងវិនាសដែលគួរលះក៏មាន គួរចម្រើនក៏មាន គួរជឿក៏មាន​មិនគួរជឿក៏មាន។​ ចំណែកបព្វជិតដែលរៀនច្រើន មើលច្រើន ក៏នាំឱ្យចេះដឹងរឿងរ៉ាវច្រើន យល់ការច្រើន ឥតទាស់ខុសវិនយ​ប្បញ្ញត្តិ​​ពីព្រោះតែរៀនច្រើនមើលច្រើននោះឡើយ។ បព្វជិត ជាមេគំនិតនៃគ្រហស្ថ ជាអ្នកដឹកនាំគ្រហស្ថឱ្យស្គាល់បុណ្យបាប គុណទោស ស្គាល់ហេតុផល​។ ពុទ្ឋសាសនា ឬសាសនាដទៃ តែងស្វែងរក តែងស្រឡាញ់អ្នកចេះដឹងវិជ្ជាបច្ចេកទេស ឬភាសា​ច្រើនបំផុត ដូចរដ្ឋាភិបាលដែលប្រឹងប្រែងបណ្ដុះសតិបញ្ញាពលរដ្ឋឱ្យបានទៅជាវិញ្ញុជន។

៤- វត្តអារាមជាអន្តេវាសិកដ្ឋានសម្រាប់សិស្ស និស្សិតក្រីក្រ និងជនគ្មានពំនឹង

ក្នុងរាជធានីភ្នំពេញ មានវត្តឧណ្ណាលោម វត្តលង្កា វត្តបុទុមវតី ជាដើម ជាវត្តទទួលបន្ទុកនៃពួកភិក្ខុសាមណេរ និង ក្មេងតូចធំបាន​ច្រើនណាស់។ វត្តនីមួយៗ មានភិក្ខុ សាមណេរ និងក្មេងវត្ត ដែលមកពីភូមិស្រុកផ្សេងៗ មករស់នៅជាមួយគ្នា ដើម្បីសិក្សារៀន​សូត្រ​យកចំណេះវិជ្ជា ព្រោះនៅក្នុងរាជធានីភ្នំពេញជាទីប្រជុំធំសម្បូណ៍ដោយការសិក្សាជាង ទីឯទៀត។

ពួកភិក្ខុដែលមកនៅក្នុងវត្តទាំងឡាយនោះបានច្រើនយូរឆ្នាំ មានសមត្ថភាព កាន់តែច្រើន ហើយបានធ្វើជាមេកុដិ មេក្រុម  អាច​ទទួលចិញ្ចឹមភិក្ខុ សាមណេរ និងក្មេងឱ្យនៅរៀនសូត្រ​រហូតដល់សម្រេចផលនៃការសិក្សា។​សព្វថ្ងៃនេះ មិនត្រឹមតែវត្តទាំងបីដូច​បានពោលខាងលើនោះទេ​គឺគ្រប់វត្តទាំងអស់ នៅរាជធានីភ្នំពេញសុទ្ឋតែមានភិក្ខុ សាមណេរ សិស្ស និស្សិត ដែលបានមកពី​ស្រុក​ស្រែចម្ការ ស្នាក់អាស្រ័យនៅដើម្បីសិក្សារៀនសូត្រ។ ក្រៅពីនេះ វត្តអារាមស្ទើរតែទាំងអស់ដែលនៅក្នុងព្រះរាណា​ចក្រកម្ពុជា​ក៏មានកូនចៅប្រជាពលរដ្ឋមកស្នាក់នៅដើម្បីរៀនសូត្រផងដែរពួកក្មេងដែលមកនៅអាស្រ័យជ្រកកោនក្នុងវត្តជាមួយព្រះសង្ឃនោះ​ច្រើនតែជាកូនអ្នកស្រែចម្ការដែលក្រទ័លទ្រព្យសម្បតិ្ត។ បើសិនជាគ្មានវត្តអារាមព្រះពុទ្ធសាសនាទេ ពួកក្មេងទាំង​នោះ​ប្រហែល​ជាមិនបានទទួលរស្មីនៃការសិក្សាទេ។ កូនអ្នកក្រីក្រ ដែលរស់នៅដោយសារបាយវត្តនោះ ខំទ្រាំទ្រនៅបំពេញការ​សិក្សា​ទាំងរហេមរហាមទាល់តែសម្រេចផលនៃការសិក្សា។ អ្នកខ្លះបានឡើងឋានៈ បុណ្យស័ក្តិ រហូតដល់មន្រ្តីជាន់ខ្ពស់​នៅក្នុងរដ្ឋា​ភិ​បាល។ អ្នកខ្លះបានក្លាយទៅជាអ្នកមានជីវភាពខ្ពង់ខ្ពស់តាមសមគួរ ដល់សមត្ថភាពរបស់ខ្លួន។ ​ចំណែកអ្នកខ្លះទៀត​ បានបួសរៀន បម្រើព្រះពុទ្ឋសាសនាជារៀងរហូត។

កូនចៅរបស់អ្នកក្រីក្រ បានទទួលសេចក្តីសង្រ្គោះអំពីបព្វជិតពុទ្ឋសាសនិកក្នុងមួយឆ្នាំៗ មានចំនួនច្រើនណាស់ រាប់រយ រាប់​ពាន់នាក់។ ​ចំនួនពួកក្មេងទាំងនោះ បើរដ្ឋាភិបាលយកទៅចិញ្ចឹមវិញ​ឃើញថាអស់ថិវិកាជាតិមិនតិចទេ។ ក្មេងទាំងនេះឈ្មោះថា​រស់នៅអាស្រ័យនឹងម្លប់វត្តអារាមនៃព្រះពុទ្ឋសាសនា​ខំប្រឹងប្រែងសិក្សាទាល់តេបានទទួលលទ្ឋផលនៃការសិក្សារបស់ខ្លួន។ ក្រៅពីសិស្សនិស្សិតក្រីក្រ ជនអនាថាជនគ្មានទីពំនឹង ក៏បានយកវត្តអារាមជាកន្លែងសុខសាន្តរបស់ខ្លួនដែរ។

៥- វត្តអារាមជាមន្ទីរពេទ្យ

កាលពីសម័យដើម ប្រជាពលរដ្ឋតែងទៅវត្តនៅពេលដែលពួកគាត់មានសេចក្កីទុក្ខព្រួយ។ ​នៅពេលដែលព្រះសង្ឃបាន​ជ្រាបអំពី​ទុក្ខព្រួយរបស់ពួកគាត់ហើយ លោកក៏ពន្យល់ព្រះធម៌តាមផ្លូវព្រះពុទ្ឋសាសនាដើម្បីរលត់ទុក្ខព្រួយ។ ព្រះសង្ឃខ្លះមានចំណេះ​ខាង​វិជ្ជាពេទ្យបុរាណលោកក៏បានជួយព្យាបាលប្រជាជនដោយមិនរើសមុខ និង ដោយឥតគិតថ្លៃ ។ ព្រះសង្ឃខ្លះពូកែខាង​ស្រោចទឹក ​ព្យាបាលជំងឺផ្លូវចិត្តជាដើម។ យើងអាចនិយាយបានថា​វត្តអារាមជាមន្ទីរពេទ្យសម្រាប់​ព្យាបាលជងឺផ្លូវចិត្ត​របស់ប្រជា​ពលរដ្ឋ។ ប្រជា​ពល រដ្ឋមានជំនឿយ៉ាងមុតមាំទៅលើព្រះសង្ឃ។  សព្វថ្ងៃនេះ នៅតាមវត្តអារាមមួយចំនួនក៏មាន​ព្រះសង្ឃដែល​ពូកែខាង​វិជ្ជា​ពេទ្យបុរាណនេះដែរ ហើយដែលបានជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ សម័យកាលដែលមិនមាន​មន្ទីរ​ពេទ្យ មានតែវត្តអារាមទេដែលជាកន្លែងសម្រាប់មើលជំងឺប្រជាពលរដ្ឋ។ រឿង កុលាបប៉ៃលិនជាឧទាហរណ៍មួយ​នៃការព្យា​បាលជំងឺ​នៅក្នុងវត្តអារាម។

៦- វត្តអារាមជាសួនកម្សាន្តសាធារណៈ

វត្តអារាមទុកដូចជាសួនច្បារមួយសម្រាប់ ប្រជាពលរដ្ឋដែលនៅជុំវិញ ។ កាលណាអផ្សុក មិនសប្បាយចិត្តដោយ​ហេតុផលណា​មួយ​ ប្រជាពលរដ្ឋតែងចូលទៅកាន់វត្តអារាមដែលជាទីកន្លែងទូលំទូលាយ ជាទីរមណីយដ្ឋាន​។លុះបានដើរលំហែមួយស្របក់ ក៏​ត្រលប់ជាបានធូរស្រួលចិត្តឡើងវិញ។  យើងដឹងហើយថា ទីវត្តអារាមគឺជាកន្លែងស្អាត មានដើមឈើ មានស្រះទឹក មានសត្វ​បក្សា​បក្សី។ល។ ​ទាំងនេះហើយដែលជាទីរមណីយដ្ឋានសម្រាប់សាធារណៈជនទូទៅ។​ សព្វថ្ងៃនេះ ក្រសួងទេសចរណ៍​ក៏បានយក​ទីតាំងវត្តអារាមជាគោលដៅទេសចរណ៍មួយផងដែរ។

៧- វត្តអារាមជាកន្លែងសម្រាប់តម្កល់សព បូជាសព និងតម្កល់អដ្ឋិធាតុ

ក្នុងពេលដែលមាតាបិតា ​ញាតិសន្ដានព្រៀងលានទាំងប៉ុន្មានធ្វើមរណកាល  ប្រជាពលរដ្ឋតែងនាំយកសពនោះ ទៅធ្វើឈាបនកិច្ច​ក្នុងទីវត្ត។ ​ក្រោយធ្វើឈាបនកិច្ច រើសអដ្ឋិតម្កល់ក្នុងកោដ្ឋហើយផ្ញើទុកក្នុងវត្តទៀត។​ ដល់ទីបំផុត ធ្វើចេតិយក្នុងវត្ត ហើយបញ្ចុះ​អដ្ឋិធាតុមាតាបិតាជាដើមក្នុងចេតិយនោះតែម្ដង។ អ្នកខ្លះបានបញ្ចុះសពនៅក្នុងវត្ត។ ចំណែកគ្រួសារខ្លះដែលមានលំនៅ​ដ្ឋានតូច​ចង្អៀតមិនអាចរៀបចំពិធីបុណ្យសពបាន ក៏ត្រូវពឹងពាក់ទៅលើវត្តអារាមផងដែរ។ ​នេះបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋទីពឹងលើវត្​តអារាម តាំងពីនៅរស់ដរាបដល់ស្លាប់ហើយនៅតែផ្ញើខ្លួនលើទីវត្ត គឺទីពឹងវត្តអារាមតាំងពីរស់ដល់ស្លាប់។​

៨- វត្តអារាមជាកន្លែងសម្រាប់ផ្ដល់នូវបុណ្យកុសលគ្រប់យ៉ាង

ប្រជាពលរដ្ឋដែលកាន់ព្រះពុទ្ឋសាសនា  ពេលណាត្រូវការធ្វើបុណ្យទាន រក្សាសីល និងភាវនា រមែងចូលទៅក្នុងវត្តអារាមជាដរាបព្រោះមានភិក្ខុសង្ឃនៅទីនោះ លោកអាចពន្យល់ពីបុណ្យទាន​ ការរក្សាសីល និងភាវនាជាដើម្បីឱ្យប្រជាពលរដ្ឋបានដឹងហើយកើតសេចក្កីជ្រះថ្លាឡើង។ ការធ្វើបុណ្យទានផ្សេងៗនៅក្នុងវត្តអារាមមិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកុសលគ្រប់បែបយ៉ាងនិង

បង្ហាញនូវសាមគ្គីភាព ភាតរភាព ក៏ដូចជារួមចំណែកកសាងសង្គម។ ដូច្នេះ ទីវត្តអារាមទុកដូចជាថ្នាលសម្រាប់បណ្ដុះពូជ​ធារនៃបុណ្យកុសលគ្រប់យ៉ាង ដែលនាំមកនៅសេចក្កីសុខប្រាសចាកទុក្ខទាំងពួង។​

៩- វត្តអារាមជាកន្លែងសង្គ្រោះនិងអភិរក្សសត្វ

ដោយវត្តអារាមជាកន្លែងស្ងប់ស្ងាត់ យើងសង្កេតឃើញមានសត្វច្រើនប្រភេទជ្រកកោននៅទីនោះ។សត្វដែលរស់នៅក្នុងវត្តឬ​បរិវេណ​​ជុំវិញ​វត្តគេមិនហ៊ានសម្លាប់វាទេ ព្រោះគេខ្លាចបាប។ ប្រជាជនខ្មែរមួយចំនួនជឿថា ប្រសិនបើសត្វចិញ្ចឹមរបស់គេដូចជាគោ ជ្រូកជាដើម កើតមកខុសពីធម្មតា មានជើង៣ឬ៥ មានភ្នែក៣។ល។ គេនឹងមានសំណាងអាក្រក់ ដោយគេគិតថា សត្វទាំងនោះ​ជាសត្វចង្រៃ។ គេតែងយកសត្វទាំងនោះទៅទុកចោលក្នុងវត្តឱ្យព្រះសង្ឃចិញ្ចឹមវិញ។ ពិសេសជាងនេះទៅទៀត សត្វជាច្រើនដូច​ជា ព្រាប លលក ក្អែក និងមច្ឆាផ្សេងៗ បានយកទីអារាមជាទ្រនំ ជាជម្រកដ៏កក់ក្តៅរបស់ខ្លួន។

១០- វត្តអារាមជាបណ្ណាល័យ ជាឃ្លាំងផ្ទុកមត៌កវប្បធម៌ជាតិ

វត្តអារាមជាកន្លែងតម្កល់នូវគម្ពីរ ក្បួនខ្នាត ព្រមទាំងឯកសារផ្សេងៗ។ វត្តភាគច្រើនលំអដោយចម្លាក់គំនូររៀបរាប់អំពីពុទ្​ធប្រវតិ្ត​ដែល​អាចរក្សាទុកសម្រាប់ការសិក្សាស្រាវជា្រវរាប់រយឆ្នាំ។ សម្ភារវប្បធម៌ផ្សេងៗដែលជាមត៌ករបស់ជាតិ ដែលបម្រើផល​ប្រយោ​ជន៍​សាធារណៈក៏ត្រូវបានបុព្វបុរសយើងតម្កល់ទុកនៅក្នុងវត្តអារាមដែរ។​ វត្តអារាមជាទីតាំដ៏រឹងមាំនៃព្រះពុទ្ធសាសនា។

ក្រៅពីនេះ វត្តអារាមដើរតួនាទីជាកន្លែងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការដោយសន្តិវិធីជាប្រភពមូលនិធិសម្រាប់កសាងជាតិ ជាកន្លែងសម្រាប់គោរពសក្ការបូជា និងកន្លែងប្រមូលផ្តុំនូវសាមគ្គីធម៌។ ដោយវត្តអារាមខាងព្រះពុទ្ឋសាសនា អាចផ្ដល់ប្រយោជន៍​យ៉ាងច្រើនដូចបានរៀបរាប់ខាងលើនេះហើយដែលនាំឱ្យប្រជាពលរដ្ឋខ្មែរ តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្នកាល មិនអាច​នឹងតាំងភូមិករផ្ទះសម្បែងអាស្រ័យ ដោយឥតមានទីវត្តអារាមព្រះពុទ្ឋសាសនា នៅជិតខាងបានឡើយ។

សរុបសេចក្ដីទៅឃើញថា វត្តអារាមព្រះពុទ្ឋសាសនានៅប្រទេសកម្ពុជាយើង ពិតជាមានប្រយោជន៍យ៉ាងធំធេង ​ ព្រមទាំងបាននិង​កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍប្រទេសជាតិ។

ឯកសារយោង៖

ខ្លូត ធីតាព្រះពុទ្ធសាសនានិងការអភិវឌ្ឍសង្គមខ្មែរ .. ១៩៩៦

ជួន ណាតវចនានុក្រមខ្មែរភាគ១ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ភ្នំពេញ គ.ស. ១៩៦៧

– ទស្សនាវដ្តីពន្លឺពុទ្ធចក្រ លេខ២៩ ខែមករា-កុម្ភៈ-មីនា ព. ស. ២៥១១ “ព្រះពុទ្ធសាសនាជាឧត្តម ប្រយោជន៍នៃប្រទេសកម្ពុជា”

– ព្រះទេពសត្ថា ឈឹង​ ប៊ុនឈា   ”ព្រះពុទ្ធសាសនានិងការអភិវឌ្ឃសង្គមខ្មែរ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្នកាល” បទអន្តរាគមន៍ក្នុងសិក្ខាសាលាជាតិស្តីពី“ស្ថានភាពសាសនានៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន” រៀបចំឡើងដោយ វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ២០០២

– ហួត តាតព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា” សង្ខេប ព. ស. ២៥១៥

– សម្តចព្រះពុទ្ធជ័យមុនី ឃឹម សនសារៈសំខាន់វត្តអារាមព្រះពុទ្ធសាសនា”  បទបង្ហាញក្នុងសិក្ខាសាលា

ស្តីពី ព្រះវិហារបុរាណ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨

 

 

 

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*