សក្តានុពល និងទស្សនទានមួយចំនួន ក្នុងការអភិវឌ្ឍទេសចរណ៏នៅខេត្តក្រចេះ

 

I. សេចក្តីផ្តើម

ក្រចេះ គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថា ក្រចេះក្រុង ដែលជាទីរួមខេត្ត។ ក្រចេះគឺជា​ខេត្តតូច​មួយដែលគួរឱ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃរាជធានីភំ្នពេញ។ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តមណ្ឌលគីរី ខាងលិចជាប់​នឹង​ខេត្តកំពង់ធំខាងជើងជាប់នឹងខេត្តស្ទឹងត្រែង ខាងត្បូងជាប់នឹងខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាម។ ខេត្តក្រចេះចែកជា១ក្រុង និង៥ស្រុក ដែលមាន ៥សង្កាត់ និង ៤១ឃុំ និង ២៥០ភូមិ ដែលមានផ្ទៃដីធម្មជាតិសរុប១១.០៩៤គម មានប្រជាជនសរុប ៣៥៨.៣​០០នាក់​ស្មើនឹង៧០.៧១០គ្រួសារ ក្នុងនោះស្រី១៨១.៤៩៦នាក់ មានដង់ស៊ីតេប្រជាជន ៣២នាក់ក្នុង១គម។ ប្រជាជនក្នុងខេត្​តក្រចេះ មានប្រមាណ៨១,៤២%គ្រួសារ ជាកសិករដែលពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្មដែលជាវិស័យចម្បងក្នុង​ការទ្រទ្រង់​ជីវភាព​រស់នៅរបស់ខ្លួន។ ក្រៅពីមុខរបរកសិកម្ម មានប្រជាពលរដ្ឋប្រមាណ០,៧១% ប្រកបមុខរបរសិប្បកម្ម៧,៨១% ប្រកបមុខ​របរសេវាកម្ម និង១០,០៦% ប្រកបមុខរបរផ្សេងៗ[1]

ខេត្តក្រចេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខែ្ស គឺផ្លូវជាតិលេខ៧ចម្ងាយ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហមកាត់ស្រុកតំបែរ-ស្រុកឆ្លូងមួយខែ្សនិងតាមមាត់ទនេ្លមួយខែ្សទៀតមានចម្ងាយប្រហាក់ ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ។ ការធ្វើដំណើរទោះបីតាមរថយន្តកី្តតាមកាណូតលឿនកី្ត មិនលើសពី៥ម៉ោងទេ។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដីមានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗនៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាបដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រៅពីនេះនៅមានទេសភាពដ៏ស្រស់បំព្រង ជាពិសេសនាពេលថៃ្ងលិចគងព្រៃ។ នៅខាមុខទីរួមខេត្តក៍មាន កោះទ្រង់ដ៏ស្អាតគួរឱ្យចង់ទស្សនាទៀតផង។ ការរៀបរាប់ដោយសង្ខេបខាងលើនេះធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុងមួយឆ្នាំៗ។ កត្តាទាំងនេះបានចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយកវិស័យទេចរណ៍ជាវិស័យអាទិភាពមួយក្នុងកិច្ចការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្តក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋជាង២៨ម៉ឺននាក់ នៅខេត្តក្រចេះ។

 

 

 

  1. ប្រវត្តិ និងបច្ចុប្បន្នភាពខេត្តក្រចេះ

          ១. ប្រវត្តិឈ្មោះខេត្តក្រចេះ

ទីកន្លែងជាច្រើន​នៅក្នុងប្រទេសកម្ពុជាមានឈ្មោះនិងប្រវត្តិផ្សេងៗពីគ្នា។ ​ខេត្ត​​ក្រចេះ​ក៏មានប្រវត្តិដែលគួរអោយចាប់អារម្មណ៍ផងដែរ។ ​អំពីពាក្យថា ក្រចេះ តាម​ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​តំបន់​នេះ​បាន​  អោយ​ដឹង​ថា ក្រចេះ គឺជាពាក្យក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែភាសាបារាំងពេលនោះនិយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច“ព្នង” ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណាព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ពនិងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុងក្រចេះសព្វថៃ្ង ដោយតាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមកពីឈ្មោះនាយទាហានបារាំងរូបនេះ។ តាមវចនានុក្រមខែ្មររបស់សមេ្តចសង្ឃរាជ ជួន ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នាំ១៩៦៧ សរសេរថា “ក្រចេះ” (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី(ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នោះបានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះមានជនជាតិដើមភាគតិចជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗនៅភូមិភាគឦសាន្តទាំងមូលតាមច្រក“កំពង់ចម្លងក្របី” របស់ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅកំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោងរបស់លោក ជួប ឃាន កំណើតនិងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី១៨ ខែមេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ(សំបូរ) សេ្តចលាវ តែងតែនាំសួយសារផេ្សងៗមកថ្វាយសេ្តចខែ្មរតាមរយៈកំពង់ចម្លងនេះដែរ។

២. ក្រចេះក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ

ក្នុងទិដ្ឋភាពប្រវត្តិសាស្រ្ត ក្រចេះធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡា ដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ មកដល់សម័យអង្គរ គឺមិនសូវមានការនិយាយពីការវិវឌ្ឍន៍ យ៉ាងណានៅតំបន់នោះទេ ព្រោះនៅក្នុងសម័យកាលនោះមជ្ឈមណ្ឌលប្រវត្តិសាស្រ្តនិងនយោបាយ ប្រមូលផ្តុំនៅតែតំបន់អង្គរមួយប៉ុណ្ណោះ។ ក្នុងសម័យឧត្តុង្គ តាមពង្សាវតារខ្មែរក៍បានបង្ហាញផងដែរថា ទីក្រុងក្រចេះ ដើមឡើយគឺជាកំពង់ផែរមួយរបស់ជនជាតិភាគតិច ជនជាតិស្ទៀងសម្រាប់ធ្វើការដោះដូរទំនិញ និងងូតទឹកក្របី ហេតុនេះហើយទើបមានឈ្មោះថា ក្រចេះ។ នៅក្នុងសម័យនោះ ព្រះបាទចន្ទរាជា បានភាសខ្លួនពីការតាមចាប់របស់ស្តេចកនមកនៅខេត្តក្រចេះនេះ រួចបានកែនទ័ពពីតំបន់នេះ ដើម្បីវាយលុកដណ្តើមរាជពីស្តេចកនវិញ។ ក្នុងប្រវត្តិសាស្រ្តខេត្តក្រចេះនេះជាទីតាំងមុខព្រួញទ័ពយ៉ាងសំខាន់សម្រាប់វាយលុកតំបន់វាលទំនាបនិងតំបន់ផ្សេងទៀត។ កាលប្រទេសខ្មែរមានសង្រ្គាមជាមួយពួកសៀម សៀមក៍បានមកវាយលុកនៅតំបន់នេះផងដែរ ហើយកៀរយកប្រជាជនពីតំបន់នោះទៅឯស្រុកសៀមអស់ជាច្រើន។ ពេលនោះព្រះបាទចន្ទរាជាក៍បានសោយទីវង្គតនៅទីនោះផងដែរ។ សម័យអាណានិគមបារាំង ក្នុងសម័យសង្គ្រាមលោកលើកទី២ ប្រជាជនស្រុកសំបូរបានធ្វើការប្រឆាំងទប់ទល់យ៉ាងខ្លាំងជាមួយកងទ័ពបារាំង ដោយមិនបណ្តោយឱ្យកងទ័ពបារាំងធ្វើការកាន់កាប់ទឹកដីនោះដោយងាយស្រួលបានឡើយ។ ក្រោយមកបារាំងបានយកខេត្តក្រចេះនេះជាទីឈរជើងយ៉ាងសំខាន់សម្រាប់ជាទីកន្លែងឈរជើងវាយដណ្តើមកាន់កាប់នៅតំបន់ឥណ្ឌូចិន ព្រោះតាមទីតាំងភូមិសាស្រ្ត ទីក្រុងក្រចេះជាមជ្ឈមណ្ឌលកណ្តាលនៃទីក្រុងហូជីមិញ ទីក្រុងវៀងចាន់ និងទីក្រុងបាងកក និងមានមធ្យោបាយងាយស្រួលគ្រប់គ្រាន់សម្រាប់ធ្វើដំណើរទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ រីឯនៅសម័យសង្គ្រាមលោកលើកទី២ កាលជប៉ុនចូលមកកាន់កាប់ប្រទេសខ្មែរដណ្តើមអំណាចពីអាណានិគមបារាំង ក៍ចាប់ផ្តើមចេញពីទីក្រុងក្រចេះនេះដែរ។ សម័យសង្គមរាស្ត្រនិយម ព្រះបាទសម្តេចនរោត្តមសីហនុព្រះមហាវីរៈក្សត្រជាតិ បានធ្វើការកែនកម្លាំងក្រោកឡើងទាមទារឯករាជជូនមាតុ ប្រទេសវិញនៅខេត្តក្រចេះនេះ រហូតបាននូវឯករាជពេញបរិបូរពីអាណានិគមបារាំង។ សម័យ លន់ ណុល ក្រោយរដ្ឋប្រហារដណ្តើមរាជឆ្នាំ១៩៧០ ព្រះបាទនរោត្តមសីហនុបានកែនប្រជាជនដែលស្ម័គ្រនឹងព្រះអង្គនៅខេត្តក្រចេះនេះដើម្បីប្រឆាំងជាមួយនឹងកងទ័ពរបស់លោកលន់ ណុលផងដែរ។ ពេលនោះកងទ័ពខ្មែរក្រហមក៍ត្រូវបានបង្កើតឡើង។ តាមការរៀបរាប់របស់អ្នកស្រុកនៅទីនោះបាននិយាយថា ពួក ប៉ុល ពត បានជំលៀសប្រជាជនចេញពីទីក្រុងដោយប្រាប់ថាពួកវៀតណាមនឹងចូលមក ហើយសម្លាប់ប្រជាជនខ្មែរកាត់កឆុងតែអុង តែការពិតគឺដើម្បីជាយុទ្ធសាស្រ្តកំចាត់កងទ័ព លន់ ណុល តែប៉ុណ្ណោះ។ លោក លន់ ណុល ធ្លាប់ជាអភិបាលនៃខេត្តនេះនៅឆ្នាំ១៩៥៤ កំឡុងការលុកលុយរបស់បរទេស និងសង្គ្រាមជាច្រើនលើកច្រើនសារចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តក្រចេះបានត្រូវគេមើលឃើញថារងនូវការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំឡុងប្រតិបត្តិការសឹក។ ខេត្តក្រចេះក៏បានរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរដោយសហរដ្ឋអាមេរិក។ ការប្រមូលយកអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការដោះមីន គឺជាកិច្ចការថ្មីៗនៅពេលបច្ចុប្បន្នដ៏សំខាន់។ នៅថ្ងៃទី៣០ ធ្នូ ១៩៧៨ កងកម្លាំងរបស់វៀតណាមបានកាន់កាប់ខេត្តក្រចេះ។ ពីអតីតកាល ដើម្បីគ្រប់គ្រងនិងត្រួតត្រាភូមិភាគឦសានទាំងមូល ពេលនោះអាជ្ញាធរបារាំងបានចាត់តាំងចៅហ្វាយខេត្តម្នាក់ បើតាមសៀវភៅពង្សាវតារសងេ្ខបរបស់កម្ពុជាទំព័រ១៥៤ និពន្ធដោយ? មានងារជា “ឧកញ៉ាមហាជនបទរដ្ឋរុក្ខាមហាបុរន្តគ្រាម សេនាធិបតីសិរី អនុរក្សឧត្តមក្រម ពាហុ” រដ្ឋបាលខេត្តមានងារជា “ព្រះពិភក្តិជនបទ” ។ល។ មកដល់សម័យ ប៉ុល ពត (១៩៧៥-១៩៧៩) ទីក្រុងក្រចេះបានក្លាយជាទីក្រុងមួយដ៍ស្ងាត់ជ្រងំគ្មានមនុស្សរស់នៅ ផ្ទះសម្បែងទាំងឡាយក្លាយជាឃ្លាំងសម្រាប់ផ្ទុកស្បៀងអាហារ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមក៍បានវាយលុកតំបន់នេះមុនគេ មុនធ្វើការវាយលុកទៅតាមតំបន់ផ្សេងទៀតនៃប្រទេសផងដែរ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកដល់ សម័យរដ្ឋកម្ពុជា ដោយសារមានសង្រ្គាមរ៉ាំរ៉ៃ ខេត្តនេះក៍នៅតែមាន ភាពស្ងាត់ជ្រងំដោយសារតែសន្តិសុខនយោបាយ និងប្រព័ន្ធគមនាគមន៍ត្រូវបានបំផ្លិចបំផ្លាញ។ កាលនោះមធ្យោបាយដែលអាចធ្វើដំណើរទៅខេត្តក្រចេះបាន គឺមានតែមធ្យោបាយផ្លូវទឹកតែប៉ុណ្ណោះ។

ទោះជាមានការឆ្លងកាត់នូវប្រវត្តិសាស្រ្តដ៍ជូរចត់យ៉ាងនេះក្តី ខេត្តក្រចេះក៍បានបន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួលត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើតប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រជាច្រើន សាលបុរាណ ព្រះវិហារសសរមួយរយ ដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិនអាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទនូវមានផ្ទាំងសិលាចារឹកដែលជាស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង។ ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា ខេត្តក្រចេះពិតជាមានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ ដើម្បីសែ្វងយល់ឱ្យបានកាន់តែច្រើន។ តំបន់នៅក្បែរៗក្រចេះតាមបណ្ដោយទន្លេមេគង្គធ្លាប់ជាតំបន់មួយដែលមានមនុស្សរស់នៅច្រើនក្រាស់ក្រែលក្នុងសម័យបុរេអង្គរក្នុងប្រទេសកម្ពុជា។

៣. លក្ខណៈអំណោយផលរបស់ខេត្ត

ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិឱ្យមក    ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបានឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃសម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពីលទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់លទ្ធភាពលើ    វិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរដំណែល​ពីដូនតារបស់ខែ្មរបានបន្សល់ទុកអោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូច ប៉ុនែ្តស្អាតលំអទៅដោយអគារស្ថាបនាតាំងពីទសវត្ស១៩៤០-១៩៥០ និង១៩៦០ ដែលមានរចនាបថល្អប្រណិត។ នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះនៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៍សប្បាយរីករាយ និងបានគយគន់ទេសភាព និងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិចដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណី​យដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៏ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមានសារៈសំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើមភាគតិចរស់នៅចំនួន ៧ជនជាតិ ដូចជា ព្នង ស្ទៀង គួយ  ខោញ មិល ក្រោល ថ្មូន។ ខេត្តមានរមណីយដ្ឋានចំនួន១៣កនែ្លង ក្នុងនោះ មានរមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន​៦កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមានចម្ងាយ៣៤០គ.ម. មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិនេះត្រូវបានក្រាលកៅស៊ូរួចរាល់ ហើយអ្នកទេសចរអាចធ្វើដំណើរមកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន  រថយន្តតាក់ស៊ី រថយន្តក្រុង និងក៏អាចធ្វើដំណើរតាមទនេ្លមេគង្គដែលមានចម្ងាយ ២២០គ.ម ដោយប្រើមធ្យោបាយតាមទូកឫនាវាល្បឿនលឿន ជាពិសេសអ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទ-នេ្លមេគង្គ។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្តទៅបាននៅឡើយទេ ដោយសារអាកាសយាន្តដ្ឋានពុំទាន់បានកែលំអនិងពុំទាន់មានជើងហោះហើរនៅឡើយ។ លើសពីនេះភ្ញៀវទេសចរអាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងទៅប្រទេសជិតខាងដូចជាប្រទេសឡាវ និងវៀតណាម

ការធ្វើដំណើរតាមដងទន្លេមេគង្គ មានប្រវែងប្រហែល១៤០ គ.ម. ដែលហូរឆ្លងកាត់ក្នុងខេត្តក្រចេះ។ ទន្លេនេះ គឺជាទីលំនៅរបស់ផ្សោត មច្ឆា និង បក្សាបក្សី។ លំហូរនៃទន្លេមេគង្គនៅក្រុងក្រចេះប្រែប្រួលយ៉ាងខ្លាំង។ មានកោះរាប់រយលិចទឹកនៅរដូវវស្សាជាច្រើននៅក្នុងទន្លេនេះ។ ខេត្តនេះក៏មានព្រៃឈើជាច្រើន ជួរភ្នំព្រះពាន់ ភ្នំព្រិច និងចម្ការកៅស៊ូ។ ភាគខាងកើតនៃខេត្តក្រចេះគឺជាតំបន់សត្វបក្សីដ៏សំខាន់មួយ។

ខេត្តនេះបានគ្របដណ្ដប់ភាគច្រើនបំផុតដោយព្រៃយ៉ាងក្រាស់។ រណ្ដៅជាច្រើនកើតចេញពីការទម្លាក់គ្រាប់បែកកំឡុងសង្គ្រាមវៀតណាម រណ្ដៅខ្លះត្រូវបានពេញប្រៀបដោយទឹកដែលនៅតែឃើញមាននៅតាមជនបទ។ ដែនដីភាគខ្លះនៅខេត្តក្រចេះ គឺត្រូវបានប្រើសម្រាប់កសិកម្ម ទោះបីជាភាគរយរបស់ដីកសិកម្មទាំងនេះតូចជាងកន្លែងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជាក៏ពិតមែនក្ដី។ ខេត្តនេះមានអាកាសធាតុខ្យល់រដូវ ដែលមានរដូវរងារចាប់ពីខែវិច្ឆិកាទៅដល់ខែមីនា រដូវក្ដៅចាប់ពីខែមីនាទៅដល់ខែឧសភា និងរដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា។ មានទឹកជំនន់ជានិច្ចជាកាលនៅខេត្តក្រចេះ ទន្លេមេគង្គអាចមានទឹកហូរកាត់លើសលប់ខ្លាំងស្មើនឹង៤ម កំឡុងរដូវវស្សា។

ខេត្តក្រចេះត្រូវបានគេស្គាល់ដោយទស្សនីយភាពមាត់ទន្លេគួរឱ្យទាក់ទាញ ភូមិស្រុកនិងវាលស្រែដ៏ខៀវស្រងាត់។ នេសាទដ្ឋានជាច្រើនជាផ្នែកនៃភូមភាគទន្លេមេគង្គលើដែលមានសារៈសំខាន់ទ្រទ្រង់ដល់ប្រភេទសត្វបំលាស់ទីនិងការនេសាទចិញ្ចឹមប្រពះ ប៉ុន្តែមិនបានដើរតួនាទីសំខាន់ខាងការនេសាទបែបពាណិជ្ជកម្មនោះទេ។

៤. បច្ចុប្បន្នភាព និងកត្តាចម្បងក្នុងការអភិវឌ្ឍរបស់ខេត្ត

តាមលក្ខណៈអំណោយផលនៃទីតាំងភូមិសាស្រ្តរបស់ខេត្ត គឺបានផ្តល់នូវសក្តានុពលយ៉ាង ខ្លាំងដល់វិស័យមួយចំនួនដូចជា៖ វិស័យកសិកម្ម អាជីវកម្ម ធារាសាស្រ្ត គមនាគមន៍ ការវិនិយោគ          វិស័យអប់រំ វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យសុខាភិបាល ទឹកស្អាតជនបទ បរិស្ថាន     វប្បធ៌ម​​និងប្រពៃណីទំនៀមទំលាប់ និងជាពិសេសវិស័យទេសចរណ៍។

-វិស័យកសិកម្ម៖ ក្នុងចំណោមផៃ្ទដីធម្មជាតិសរុបចំនួន ១១.០៩៤ គ.ម ក្នុងនោះមានផៃ្ទដីសម្រាប់កសិកម្មប្រមាណ៨៥%។ ផែ្អកតាម Topography ផែ្នកខាងកើត និងខាងលិចទនេ្លមេគង្គខេត្តក្រចេះ ចែកចេញជា ៥ ប្រព័ន្ធកេ្សត្រ-បរិស្ថាន ដែលមានជាអាទិ៏ៈ

  1. តំបន់ខ្ពង់រាបដីក្រហម (ស្រុកស្នួល ចំនួន 5,547 ហ,ត)
  2. តំបន់ខ្ពង់រាបដីខ្មៅ និងល្បាយខ្សាច់ស (ស្រុកសំបូរ)
  3. តំបន់ចំការល្បាប់ តាមដងទនេ្លមេគង្គ (ស្រុកសំបូរ ស្រុកឆ្លូង ស្រុកក្រចេះនិងស្រុកព្រែកប្រសព្វ)
  4. តំបន់ដាំដុះស្រូវទំនាប (ស្រុកទាំង ៥)
  5. តំបន់ដាំដុះដំណាំរួមផ្សំ(បនែ្លគ្រប់ប្រភេទ) បន្ទាប់ពីដំណាំស្រូវពេaលរដូវទឹកស្រក។

នៅក្នុងវិស័យកសិកម្មនេះ ខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើផ្នែកការងារដំណាំស្រូវ ការងារដាំដុះដំណាំរួមផ្សំ ដំណាំឧស្សាហកម្មរយៈពេលខ្លី ការងារវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម និងការងារចិញ្ចឹមសត្វ ជាដើម។

-វិស័យឧស្សាហកម្មរបស់ខេត្តដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍រីកចំរើនលើវិស័យសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ដោយឡែកខេត្តក្រចេះសំដៅស្រូបយកសក្តានុពលនេះបានទាន់ពេលវេលា ក្នុងការធ្វើអោយមានកំណើនការងារ កំណើនចំណូលគ្រួសារ និងខេត្តទាំងមូល ខេត្តក្រចេះបានរៀបចំតំបន់ឧស្សាហកម្ម ដែលមានផៃ្ទដីប្រមាណ១.៦០០ ហិកតា មានទីតាំងស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួលជាប់ព្រំដែនខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម។ តំបន់នេះចែកចេញជាពីរ នៅអមផ្លូវលេខ៧៤ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។ សព្វថៃ្ងកំពុងបោះបង្គោលកំណត់ព្រំប្រទល់ដីតាមការណែនាំរបស់ក្រសួងរៀចំដែនដីនគររូបនីយកម្មនិងសំណង់។

-អាជីវកម្ម៖ ខេត្តក្រចេះមានផ្សារកំពង់ដំណើរការលក់ដូរតាំងពីឆ្នាំពី២០១៣ កន្លងមកនេះមានផ្សារសំណង់រឹងដែលគ្រប់គ្រងដោយរដ្ឋមានចំនួន៦កន្លែង ក្នុងនោះស្រុកឆ្លូងចំនួន១ ស្រុកព្រែក ប្រសព្វចំនួន១ ស្រុកស្នួលចំនួន១ និងក្រុងក្រចេះចំនួន២(ផ្សារសាមគ្គីក្រុងក្រចេះ និងផ្សារអូរឫស្សី)។ ផ្សាររៀបរយរបស់ឯកជនឬស្តាម៉ាត មានចំនួន៥កន្លែង ក្នុងនោះក្រុងក្រចេះមានចំនួន៤ និងស្រុកស្នួលមានចំនួន១ និងផ្សារតូចៗឬផ្សារក្រមួនមានចំនួន២៥ ក្នុងនោះស្រុកឆ្លូងចំនួន៥ ស្រុកព្រែកប្រសព្វចំនួន៣ ស្រុកសំបូរចំនួន២ ស្រុកស្នួល ចំនួន៤ ស្រុកចិត្របុរីចំនួន៦ និងក្រុង ក្រចេះចំនួន ៥។

-ធារាសាស្រ្តកសិកម្ម៖ សព្វថ្ងៃខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារប្រព័ន្ធធារាសាស្រ្ត​​​កសិកម្ម ដោយបែងចែកជាពីរគឺ ការងារប្រព័ន្ធស្រោចស្រព និងការងារសហគមន៍កសិករប្រើប្រាស់ទឹក។

-ឧស្សាហកម្ម រ៉ែ និងថាមពល៖ ផ្នែកឧស្សាហកម្មក្នុងខេត្តក្រចេះសព្វថ្ងៃមានទាំងរោងចក្រធន ធំ សហគ្រាសធនតូច និងមធ្យម និងសិប្បកម្ម ដែលបានផ្តល់ការងារឱ្យប្រជាពលរដ្ឋប្រមាណជាង ៤.២០២នាក់ មានការងារធ្វើដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

-គមនាគមន៍៖ ប្រព័ន្ធគមនាគមន៍ក្នុងខេត្តក្រចេះបែងចែកជាពីរគឺ ផ្លូវគោកនិងផ្លូវទឹក។ ផ្លូវគោកជាប្រព័ន្ធគមនាគមន៍ដែលធ្វើចរាចរច្រើនជាងគេ ក្នុងនោះមានផ្លូវជាតិលេខ៧ប្រវែង១៩៧,៩គ.ម ពីព្រំប្រទល់ខេត្តកំពង់ចាម កាត់តាមស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរនៃខេត្តក្រចេះ រហូត ដល់ព្រំប្រទល់នៃខេត្តស្ទឹងត្រែង។ ផ្លូវជាតិលេខ៧៣ ប្រវែង៤៣,១គ.ម ពីព្រំប្រទល់ខេត្តកំពង់ចាម កាត់តាមស្រុកឆ្លូង អមតាមបណ្តោយទន្លេមេគង្គមកទីរួមខេត្ត។ ផ្លូវជាតិលេខ៧៤ ប្រវែង២០,៥៨គ.ម ពីឃុំស្រែចារ ស្រុកស្នួល ដល់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ(កម្ពុជា-វៀតណាម)។ ផ្លូវជាតិលេខ៧៦ ប្រវែង ៥០គ.ម ពីសាលាស្រុកស្នួល ដល់ព្រំប្រទល់ខេត្តមណ្ឌលគីរី និងផ្លូវខេត្តមួយចំនួនទៀត។ ចំពោះផ្លូវទឹកគឺមានផ្លូវទឹកទន្លេមេគង្គដែលកាត់តាមខេត្តក្រចេះប្រវែង១៤០គ.ម កាត់តាមស្រុកចំនួន៤ គឺ ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ក្រុងក្រចេះ ស្រុកសំបូរ និងឃុំមួយចំនួននៃស្រុកចិត្របុរី នៅតាមដងទន្លេ។ ប្រព័ន្ធផ្លូវទឹកនេះបានផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍។

-វិស័យអប់រំ៖ ក្នុងទូទាំងខេត្តក្រចេះបច្ចុប្បន្នមានការអប់រំគ្រប់កម្រិត តាំងពីមត្តេយ្យសិក្សា ដល់ កម្រិតសាកលវិទ្យាល័យ។ ដែលបច្ចុប្បន្នមានសាលាមតេយ្យសិក្សា និងកម្មវិធីអប់រំកុមារតូចចំនួន ១៦២កន្លែង សាលាបឋមសិក្សាចំនួន២៤៩សាលា សាលាមធ្យមសិក្សាបឋមភូមិចំនួន៤៧ សាលា សាលាមធ្យមសិក្សាទុតិយភូមិចំនួន១០សាលា និងសាកលវិទ្យាល័យមានចំនួនពីរគឺ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តក្រចេះ និងវិទ្យាស្ថានអាស៊ីកម្ពុជា។ ដែលទាំងអស់នេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តក្រចេះ[2]

III. សក្តានុពលវិស័យទេសចរណ៏ក្នុងខេត្តក្រចេះ

ខេត្តក្រចេះ ជាខេត្តមួយដែលមានកន្លែងទេសចរណ៍ជាច្រើនគួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាកំសាន្ត គឺមានទាំងទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងទេសចរណ៍បែបកែច្នៃផងដែរ។ ជាពិសេសសត្វផ្សោតទន្លេមេគង្គ ដែលជាធនធានដ៍កម្រ និងមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងខ្លាំង។ ក្រៅពីនេះក៍នៅមានរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និង  កន្លែងកំសាន្តជាច្រើនទៀត ដែលមានដូចជា រមណីយដ្ឋានព្រែកកាំពី ​​វត្តវិហារ​​សសរមួយ​រយ​​​​ វត្តភ្នំសំបុក ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង កោះទ្រុង ក្រឡានថ្មគ្រែ និងបណ្តាសហគមន៍ទេសចរណ៍ថ្មីៗជាច្រើនទៀត ដែលមានសរុបចំនួន១៦កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ចំនួន៦កន្លែង និងរមណីយដ្ឋានធម្មជាតិចំនួន១០កន្លែង ក្រៅពីនោះខេត្តក្រចេះមានសេវាកម្មស្នាក់នៅនិងហូបចុក កន្លែងម៉ាស្សា កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងកន្លែងសម្រាប់លំហែកំសាន្តជាច្រើនទៀតផងដែរ។ ជាពិសេសទិដ្ឋភាពដ៍ស្រស់ផូរផង់នៅតាមដងទន្លេមេគង្គនៃទីរួមខេត្ត។

ដោយសារបណ្តាធនធាន និងសេវាផ្គត់ផ្គង់ក្នុងខេត្តនេះហើយ ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមានការកើនឡើងជាលំដាប់។ បើប្រៀបធៀបពីចំនួនភ្ញៀវក្នុងឆ្នាំ២០១២ ឆ្នាំ២០១៣ និងឆ្នាំ២០១៤ កន្លងទៅនេះឃើញថា៖

-ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តក្រចេះក្នុងឆ្នាំ២០១៣ សរុបចំនួន២២.៧៦៦នាក់ បើប្រៀប​ធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១២ ចំនួន១៩.៧១៤នាក់ ប៉ុណ្ណោះ គឺមានការកើនឡើង ចំនួន៣.០៥២នាក់ ស្មើនឹង១៥,៥៨%។ ក្នុងឆ្នាំ២០១៤ ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តក្រចេះមានចំនួន២៣.៦៦២នាក់ បើប្រៀបធៀបជាមួយឆ្នាំ២០១៣ គឺមានការកើនឡើងចំនួន៨៩៦នាក់ ស្មើនឹង ៣,៩៣%។

-ចំពោះភ្ញៀវទេសចរក្នុងស្រុកវិញឃើញថាក្នុងឆ្នាំ២០១៣ មានសរុបចំនួន ២២១.២៤២នាក់បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១២ ចំនួន១៦៦.៨៧៤នាក់ ប៉ុណ្ណោះ គឺមានការកើនឡើងចំនួន៤៥.៣៦៨នាក់ ស្មើនឹង៣២,៥៨%។ ក្នុងឆ្នាំ២០១៤ ភ្ញៀវទេសចរជាតិចូលមកខេត្តក្រចេះមានចំនួន ២៣២.៨៤៣នាក់ បើប្រៀបធៀបជាមួយឆ្នាំ២០១៣ គឺមានការកើនឡើងចំនួន ១១.៦០១នាក់ ស្មើនឹង ៥,២៤%។ ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍សំខាន់ៗទាំងអស់របស់ ខេត្តដែមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេគឺ រមណីយដ្ឋានកាំពី(ងូតទឹក) រមណីយដ្ឋានអន្លង់ផ្សោត និងព្រះវិហារសសរ១០០។ ចំពោះរមណីយដ្ឋានមួយចំនួនទៀត ដូចជា សហគមន៍ទេសចរណ៍កោះទ្រង់សហគមន៍អេកូទេសចរណ៍កោះផ្តៅ វត្តភ្នំសំបុក…ជាដើម ទៅថ្ងៃខាងមុខក៍ជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៍សំខាន់ផងដែរ ជាពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិ[3]

១. សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់

សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះតូចច្រឡឹងមួយស្ថិតនៅទល់មុខក្រុងក្រចេះ ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ៣៨៥គ្រួសារ ស្មើនឹង១៨៧៥នាក់ ដែលក្នុងនោះមាន៩៥% ជាប្រជាពលរដ្ឋដែលបង្កបង្កើនផលដាំដំណាំកសិកម្ម។ សហគមន៍នេះត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមការជួយសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តក្រចេះ និងអង្គការកាហ្វដុក និងមានការគាំទ្រថវិកាពីអង្គការមូលនិធិអាស៊ីតាមរយៈអង្គការអុកស្វាមអង់គ្លេស។ ជាទស្សនវិស័យការបង្កើតសហគមន៍នេះគឺដើម្បីឱ្យតំបន់នេះក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញ​ដល់ភ្ញៀវទេសចរ ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពកាន់​តែប្រសើរឡើង។ មានបេសកកម្ម ជាតួអង្គដ៍សកម្មក្នុងកិច្ចសហប្រតិបត្តិការពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីធានាបាននូវនិរន្តរភាពនៃកម្មវិធី និងការអភិវឌ្ឍន៍ដែលគាំទ្រដល់អ្នកក្រីក្រប្រកបដោយសមធម៌និងសេចក្តីថ្លៃថ្នូរ។ ម្យ៉ាងទៀតក៍ដើម្បីលើកកម្ពស់សុខមាលភាពដល់អ្នកក្រីក្រ និងការពង្រឹងសមត្ថភាពជាចម្បងដល់សហគមន៍ឱ្យយល់ដឹងពីអត្ថប្រយោជន៍នៃទេសចរណ៍សហគមន៍ និងការរកប្រាក់ចំណូល។ ម្យ៉ាងទៀតក្នុងគោលដៅដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការគាំទ្រទីផ្សារសម្រាប់អ្នកក្រីក្រតាមរយៈការបង្កើត​ក្រុមតូចៗ ដូចជា៖ ក្រុមកសិកម្ម ក្រុមមុខជំនួញ ក្រុមសិប្បកម្ម ក្រុមសេវាកម្ម និងថែរក្សាបរិស្ថានជាដើម។

នៅពេលសហគមន៍នេះត្រូវបានបង្កើតឡើង គឺបានធ្វើឱ្យស្ថានភាពជីវភាពប្រជាពលរដ្ឋមានភាពធូរធារជាងមុន។ ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋបានយល់ពីតម្លៃនៃបរិស្ថានតាមរយៈនៃការដាំកូនឈើ ហើយកន្លងមកសហគមន៍ក៍បានបង្កើតតំបន់សម្រាប់ភ្ញៀវទេសចរដាំកូនឈើទំហំ ៣,៥ហ.ត ផងដែរ ដែលជាការសម្បទានដីពីក្រុមប្រឹក្សាសង្កាត់។ ពេលនោះភ្ញៀវមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមដាំកូនឈើ។ ជាគោលការណ៍ ការដាំកូនឈើនេះ សហគមន៍បានកំណត់ឱ្យភ្ញៀវទេសចរ អន្តរជាតិត្រូវចូលរួមបង់៥ដុល្លារ និងភ្ញៀវជាតិបង់តាមការស្ម័គ្រចិត្ត។ ថវិកាដែលប្រមូលបាននេះ សហគមន៍បែងចែកជា៖២០% សម្រាប់ជួយដល់គ្រួសារក្រីក្រ ជនចាស់ជរា និងស្រ្តីងាយរងគ្រោះ២០% សម្រាប់ចូលរួមបដិភាគក្នុងការសាងសង់ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធ២០%សម្រាប់ឧបត្ថម្ភដល់គណៈកម្មការសហគមន៍និង៤០% សម្រាប់ធ្វើស្លាកឈ្មោះអ្នកដាំ និងសេវាស្រោចស្រពកូនឈើនៅរដូវប្រាំង។

ភ្ញៀវទេសចរអាចធ្វើដំណើរទៅសហគមន៍កោះទ្រង់ ដោយជិះទូកដឆ្លងទន្លេមេគង្គ នោះនឹងបានឃើញស្នាក់ការសហគមន៍ទេសចរណ៍ធម្មជាតិ ក្នុងនោះមានកង់ជាច្រើនគ្រឿង និងរទេះសេះសម្រាប់បម្រើសេវាកម្មទេសចរណ៍ជួលជិះកម្សាន្តក្នុងតំបន់ជុំវិញកោះ។ ការរៀបចំបង្កើតជាសហគមន៍នេះឡើង គឺបានធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរជាច្រើន ពិសេសភ្ញៀវទេសចរអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកដល់ទឹកដីខេត្តក្រចេះ។ ភ្ញៀវទេសចរអន្តរជាតិភាគច្រើន ដែលបានធ្វើដំណើរកម្សាន្តមកដល់ខេត្តក្រចេះ ក្រៅពីរមណីយដ្ឋានអន្លង់ផ្សោតកាំពី សហគមន៍កោះទ្រង់គឺជាតំបន់ដែលមានការទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានច្រើនផងដែរ ។

ជាងនោះទៅទៀត ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តជុំវិញកោះនេះបានដោយជិះកង់ ជិះរទេះគោ និងរទេះសេះ ដែលមានដំណាំកសិកម្ម ដូចជាដំណាំក្រូច និងដំណាំរួមផ្សំជាច្រើន ដែលអាចជំរុញកំណើនសេដ្ឋកិច្ចក្នុងសង្គមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ។ លោក ប៊ុន បាន ប្រធានសហគមន៍ទេសចរណ៍កោះទ្រង់បានឱ្យដឹងថា នៅក្នុងសហគមន៍នេះក៏បានបង្កើតនូវសហគមន៍ តូចៗចំនួនបីទៀតផងដែរគឺ សហគមន៍ក្រូចថ្លុង សហគមន៍ស្រូវ និងសហគមន៍បន្លែ ដែលអាចទ្រទ្រង់បង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកប្រធានសហគមន៍រូបនេះ មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរណ៍ មានជីវភាពធូរធារដោយសារដំណាំកសិផលក្រូចថ្លុងគឺក្នុងមួយដើម អាចប្រមូលប្រាក់ចំណូលចាប់ពី ១លានរៀល ដោយក្នុង១ផ្លែតម្លៃទីផ្សារចាប់៤០០០រៀលទៅ ៥០០០រៀលឯណោះ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកដល់ទឹកដីខេត្តក្រចេះ ចាប់ចិត្តនឹងរស់ជាតិក្រូចថ្លុងកោះទ្រង់នេះណាស់។ ភ្ញៀវទេសចរដែលនិយមចូលចិត្តធ្វើដំណើរកម្សាន្ត គឺចាប់ពីខែតុលា ដល់ខែ    មេសា ហើយចំពោះសេវាកម្មទេសចរណ៍ដែលគួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរនោះគឺសហគមន៍បានបង្កើតជាសេវាកម្ម Home Stay ដែលមានបំពាក់អគ្គិសនី និងអាហារត្រី បន្លែផ្លែឈើធម្មជាតិទទួលទានដែលមានតម្លៃថោកសមរម្យ។ ក្រៅពីទស្សនាតំបន់សហគមន៍ ភ្ញៀវទេសចរក៍អាចចូលរួមដាំកូនឈើជាអនុស្សាវរីយ៍ ដែលមានបិទស្លាកឈ្មោះរបស់ភ្ញៀវភ្ជាប់នឹងដើមឈើនោះ ដោយស្ថិតនៅការមើលថែររបស់សហគមន៍។ ក្រៅពីបណ្តាសេវាកម្មដូចបានរៀបរាប់ខាងលើក្រូចថ្លុងកោះទ្រង់ គឺមានភាពទាក់ទាញភ្ញៀវខ្លាំងជាងគេ ព្រោះវាមានរស់ជាតិផ្អែមឆ្ងាញ់ខុសពីក្រូចថ្លុងកន្លែងផ្សេង។

២. សហគមន៍ទេសចរណ៍ភ្នំសំបុក

ភ្នំសំបុកជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងធម្មជាតិដែលមានទេសភាពដ៍ស្រស់បំព្រង មានលក្ខណៈអំណោយផលល្អ ទាំងវប្បធម៌ ភូមិសាស្រ្ត និងធម្មជាតិនៅជុំវិញភ្នំ។ ភ្នំសំបុកស្ថិតនៅប៉ែកឧត្តនៃទីរួមខេត្ត ក្នុងឃុំថ្មគ្រែ ស្រុកក្រចេះ មានចំងាយ១១គ.ម ពីផ្លូវជាតិលេខ៧ចាស់ និងចុះពីផ្លូវជាតិទៅភ្នំចម្ងាយ៣០០ម៉ែត្រ។ មជ្ឈមណ្ឌលភ្នំសំបុកត្រូវបានគេរៀបចំឱ្យទៅជាមណ្ឌលរមណីយដ្ឋានតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ។ លក្ខណៈពិសេសរបស់ភ្នំនេះគឺនៅប៉ែកខាងលិចភ្នំមានបឹងធម្មជាតិមួយដែលមានទឹកថ្លាឈ្វេង និងមានព្រៃស្រស់បំព្រងគួរជាទីគយគន់។ កំពូលភ្នំព្រែកជាពីរ មួយខ្ពស់ មួយទាប ពេលឡើងដល់កំពូលភ្នំគេអាចមើលឃើញទិដ្ឋភាពស្រស់បំព្រង ពិសេសទន្លេមេគង្គ។ តួភ្នំមានដើមឈើធំៗដុះស្អេកស្អះ មានសត្វស្វា បក្សាបក្សីយំឆ្លើយឆ្លងគ្នា។ ពីជើងភ្នំរហូតដល់កំពូលភ្នំមានជណ្តើរធ្វើពីបេតុងសម្រាប់ធ្វើដំណើរឡើងចុះបានយ៉ាងងាយស្រួលអមសងខាងជណ្តើរមានរូបព្រះ រូបបដិមាគួរជាទីគយគន់។ ​

ទាក់ទងនឹងប្រវត្តិសាស្រ្តភ្នំសំបុកវិញបានបញ្ជាក់ថា នៅដើមសតវត្សទី១៥ មានព្រះសង្ឃមួយ ព្រះអង្គព្រនាម នាគវ័ន្ត ជាសិស្សរួមគ្រូជាមួយ ព្រះភិក្ខុនាគសែន ដែលជាគ្រូរបស់ក្រពើនេនធនបាន និមន្តធ្វើធម៌សំណាក់កម្មឋាននៅលើភ្នំសំបុកនេះ។ ពេលនោះព្រះភិក្ខុនាគវន្តមានវេទមន្តខ្លាំងពូកែណាស់ធ្វើឱ្យមានភាពល្បីសុះសាយដល់អ្នកជិតខាង ហើយនាំគ្នាទៅរៀនមន្តវិជ្ជាការពីព្រះអង្គ។ ភាពល្បីល្បាញនិងសក្តិសិទ្ធនេះធ្វើឱ្យព្រះភិក្ខុសង្ឃ និងមហាជនជាច្រើនកាន់តែមានជំនឿតរៀងរហូតមក។ សម័យក្រោយមកយើងក៍ឃើញមានព្រះសង្ឃមួយចំនួនទៅតាំងសំណាក់ធម៌នៅលើភ្នំនេះផងដែរ ដូចជា ព្រះធម្មវិបស្សនា សំ ប៊ុនធឿន ព្រះតេជគុណ ម៉ុត ឈីន..បាននិមន្តធ្វើធម៌សំណាក់កម្មឋាននៅលើ ភ្នំសំបុកនេះផងដែរ។ កត្តាទាំងអស់នេះហើយដែលធ្វើឱ្យសហគមន៍នេះបានក្លាយទៅជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌-ប្រវត្តិសាស្រ្តមួយរបស់ខេត្ត ដែលមានអ្នកទេសចរជាច្រើនទៅទស្សនានៅទីនោះ។

៣. រមណីយដ្ឋានវត្តវិហារសសរ១០០

          វត្តវិហារសសរ១០០ ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌-ប្រវត្តិសាស្រ្ត ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសំបូរ មានចម្ងាយពីទីរួមខេត្ត ៣៦គ.ម ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧ ឆ្ពោះទៅទិសខាងលិចនៃទីរួមខេត្ត។ វត្តវិហារសសរ១០០ កសាងឡើងក្នុងអំឡុងឆ្នាំ១៨០៦ មានទំហំ៣០x៣០ មានសសរចំនួន១០០ ជាស្នាព្រះហស្ថនៃព្រះបាទអង្គចន្ទរាជាទី២ ក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយនិងជួយថែររក្សាដល់ព្រលឹងព្រះនាងវរភ័ក្រ្ត ជាបុត្រីព្រះអង្គដែលបានសោយទីវង្គត់ដោយក្រពើនេនធនលេប។ ព្រះវិហារនេះក៍ធ្លាប់ជួបអព្ភូតហេតុរន្ទះបាញ់ដែលបណ្តាលឱ្យឆេះសសរ អស់ចំនួន២២ដើមផងដែរ។ លុះមកដល់ឆ្នាំ១៩៨៧ ព្រះវិហារនេះត្រូវបានរៀបចំកសាងឡើងវិញដែលមានបណ្តោយ៣០​ម៉ែត្រ ទទឹង១៨ម៉ែត្រ កំពស់២៣ម៉ែត្រ និងចំណុះសសរ១១៦ដើម។ បន្ទាប់ពីសាងសង់ឡើងវិញរួច ប៉ុន្មានឆ្នាំក្រោយមកក៍បានរៀបចំធ្វើបុណ្យបញ្ចុះសីមាដ៍ធំមួយនៅថ្ងៃទី១៤ខែមករា ឆ្នាំ១៩៩៨ផងដែរ។

លក្ខណៈពិសេសនៃរមណីដ្ឋានវត្តសសរ១០០គឺ៖

  • ស្ថិតនៅចំទីតាំងប្រាសាទនៃរាជវាំងសម័យចេនឡា ដែលមានឈ្មោះរាជធានីសម្ភុបុរៈ។
  • នៅក្នុងមណ្ឌលនៃព្រះវិហារនេះ គឺមានវិហារចំនួន៤ បែរមុខទៅទិសផ្សេងៗពីគ្នាគឺទី១៖ វិហារគោកកើត បែរមុខទៅទិសខាងកើត ទី២៖ វិហារលាវ បែរមុខទៅទិសខាងលិចទី៣៖ គោកវិហារបែរមុខទៅទិសខាងត្បូងទី៤៖វិហារសសរ១០០បែរមុខទៅទិសខាងជើង។ ក្រោយសម័យសង្គ្រាមគេសង្កេតឃើញព្រះវិហារនេះនៅសល់តែសសរគ្រឹះនិងស្លាកស្នាមតែប៉ុណ្ណោះ តែក្រោយមកដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរ ជំនាញ និងប្រជាពលរដ្ឋព្រះវិហារនេះបានរៀបចំយ៉ាងស្អាត និងបានក្លាយទៅជារមណីយដ្ឋានទេសចរណ៍មួយដែលមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនទៅទស្សនាកំសាន្តនៅទីនោះ។ បច្ចុប្បន្ននៅរមណីយដ្ឋានវត្តសសរ១០០ ក៍មានភោជនីយដ្ឋាន ដែល​អាចបម្រើផ្តល់សេវាកម្មហូបចុកដល់ភ្ញៀវទេសចរបានយ៉ាងងាយស្រួលផងដែរ។

៤.អន្លង់ផ្សោតកាំពី

កាំ​ពី​ជា​ឈ្មោះ​ភូមិ​មួយ​ដែល​មាន​ទីតាំង​ខាងកើត​ច្រាំង​ទន្លេ​មេគង្គ១៥​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ក្រចេះ​តាម​ផ្លូវជាតិ​លេខ​៧​។​ ​កាំ​ពី​ជា​កន្លែង​ល្អ​បំផុត​ដែលអាចឱ្យទេសចរមកទស្សនា​ផ្សោត​ទន្លេមេគង្គ​ដ៏​កម្រ​របស់​ប្រទេស​កម្ពុជា​។ អន្លង់​ផ្សោត​កាំ​ពី​ជា​អន្លង់​ដែល​មាន​ផ្សោត​រស់នៅ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ទន្លេមេគង្គ​​។ តំបន់​ផ្សោត​កាំ​ពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៩ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្ដរជាតិនិង​ក្នុង​ស្រុក។ សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​​បង្ហាញថា​ផ្សោត​ទន្លេមេគង្គ ជា​ថនិកសត្វ​ទឹកសាប​កម្រ​បំផុត​នៅក្នុង​ពិភពលោក​។  ​ ​ទីនោះ​ក៏​មាន​ទូក​ម៉ាស៊ីន​ផងដែរ​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​តាម​ទន្លេមេគង្គ​ដើម្បី​   ទស្ស​នា​ផ្សោត​យ៉ាង​ជិត​បំផុត​។ ពេលវេលា​ល្អ​បំផុត​ដើម្បី​ទស្សនា​ផ្សោត​គឺ​ក្នុង​រដូវប្រាំងនា​ពេល​ព្រឹក​ព្រលឹម​និង​ពេល​ល្ងាច​។​ ​ទោះបីជា​ផ្សោត​ផ្លាស់ប្ដូរ​ជម្រក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​តាម​រដូវ​ក៏ដោយ ប៉ុន្ដែ​អ្នក​បើកទូក​ម៉ាស៊ីន​ដឹង​យ៉ាងច្បាស់​ថា​ពួក​វា​ប្ដូរ​ទៅ​រស់នៅ​ទីណា​។​ ​នៅ​តំបន់​ផ្សោត​កាំ​ពី​ក៏មាន​ម្ហូបអាហារ ភេសជ្ជៈ កន្លែងកម្សាន្ដ កន្លែងលក់វត្ថុ​អនុស្សាវរីយ៍​ ដូច​ជា​រូបភាព និង​ចម្លាក់​ផ្សោតធ្វើពី​ឈើ​ដែល​លក់​ដោយ​សហគមន៍​ក្នុង​តំបន់​។

៥. សហគមន៍កោះផ្តៅ

រមណីយដ្ឋាន​ទេស​ចរណ៍​កោះផ្តៅ ជា​តំបន់​ទេសចរណ៍​ថ្មី​មួយ​ ស្ថិត​នៅក្នុង​ឃុំ​កំពង់ចាម ស្រុក​សម្បូណ៌ខេត្ត​ក្រចេះ។ បច្ចុប្បន្នសហគមន៍នេះកំពុងទទួលបាន​ការ​ចាប់​អារម្មណ៍​ពីភ្ញៀវ​ទេស​ចរ​បរទេស​​យ៉ាង​ច្រើន។ អ្នកទេសចរ​អាច​ទស្សនា​សត្វ​ផ្សោត ធ្វើ​ដំណើរ​កម្សាន្ត​នៅលើ​កោះ និង​លម្ហែកាយ​តាម​ឆ្នេរ​ខ្សាច់ដ៏ស្រស់​បំព្រង​នៅ​ទី​នោះ។ ជាមួយ​គ្នា​នឹងការ​ទស្សនា​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​នេះ​ហើយ​ ភ្ញៀវ​ទេស​ចរ​នឹង​បាន​សិក្សា​ស្វែង​យល់​អំពី​វប្បធម៌​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ​ដូចជា ប្រពៃណីទំនៀមទំលាប់របស់អ្នកស្រុក របៀបរបបរស់នៅប្រចាំថ្ងៃ និង​ប្រពៃណី​លៀង​អារក្ស​ជា​ដើម។

ដោយ​សារ​តែតំបន់​ទេស​ចរណ៍​កោះ​ផ្តៅ ទើប​តែ​បង្កើត​ថ្មី អ្នក​ទេសចរ​ជាតិ និង​អន្តរ​ជាតិភាគ​ច្រើន​មិន​ទាន់​បាន​ស្គាល់​តំបន់​ទេស​ចរណ៍​នេះបានទូលំទូលាយ​នៅ​ឡើយ​ទេ។ បើគេ​ចង់​ធ្វើដំណើរ​ទៅ​លេងរមណីយដ្ឋាន​ទេស​ចរណ៍​ធម្មជាតិ​កោះ​ផ្តៅ​នេះ គេត្រូវ​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ​៧ ឆ្ពោះ​ទៅទីរួម​ខេត្ត​ក្រចេះប្រើ​រយៈពេល​ប្រាំពីរ​ម៉ោង។ នៅ​ពេល​ទៅដល់​ទីរួម​ខេត្ត​ក្រចេះភ្ញៀវ​ទេស​ចរ​ទាំង​ឡាយ​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​ទៅ​កាន់​ស្រុក​សម្បូណ៌ដែល​មាន​ចម្ងាយ​៣១គ.ម​ទៀត។ ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​កោះផ្តៅ ត្រូវ​ជិះទូក​ចម្ងាយ​៨គ.មបន្ត​ទៀត។ ប៉ុន្តែជាទូទៅភ្ញៀវ​ទេសចរ​បន្ទាប់​ពី​ទៅ​ទស្សនា​ព្រះវិហារ​សសរ​​១០០​រួច​ ពួកគេអាច​បន្ត​ដំណើរ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ទេស​ចរណ៍​កោះផ្តៅ​នេះដោយឆ្លងទូកឫជិះអាអេវ(ភាសាអ្នកស្រុក)រួចបន្តដំណើរដោយជិះម៉ូតូទៅកាន់តំបន់នោះ។ បច្ចុប្បន្ននៅក្នុងសហគមន៍នេះក៍មានផ្ទះស្នាក់នៅ(Home Stay) ដែលបានរៀបចំឡើងតាមបែបអ្នកស្រុកសម្រាប់ឱ្យភ្ញៀវទេសចរអាចស្នាក់នៅទីនោះបានផងដែរ។ ជាពិសេសបានទទួលទានអាហារបែបអ្នកស្រុកក្នុងតំបន់នោះ។ ចំពោះនៅ​រដូវ​ប្រាំង​វិញ នៅ​ពេល​គេ​មើល​សត្វ​ផ្សោត​រួច​ហើយភ្ញៀវ​ទេស​ចរនាំគ្នា​ដើរ​លំហែ​កាយ​តាម​ឆ្នេរ​ខ្សាច់ និង​ជិះទូកលម្ហែ​កាយ​តាម​ដង​ទន្លេ ដើរ​ទស្សនា​តាម​ភូមិ​​អ្នក​ស្រុក និង​មាន​ការ​បង្ហាញ​អំពី​វប្បធម៌លៀង​អារក្ស អ្នកតារបស់​អ្នក​ស្រុក​ជូន​ដល់​ភ្ញៀវ​ទេស​ចរ​ផង​ដែរ។

៦-ក្រឡាន​​ថ្មគ្រែ

ក្រៅ​ពីធនធានធម្មជាតិ និងវប្បធ៌មប្រវត្តិសាស្រ្ត ដូចបានរៀបរាប់ខាងលើ ខេត្តក្រចេះនៅមានក្រឡានក៍ជាកត្តាទាក់ទាញមួយផងដែរដែលអាចធ្វើឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិមានការចាប់អារម្មណ៍​។ អ្នកធ្វើ​ដំណើរ​ដែល​ឆ្លងកាត់​ទី​នេះ​សុទ្ធតែ​កោតសរសើរ​មិន​ដាច់​ពី​មាត់​អំពី​រស់ជាតិដ៍ឈ្ងុយ​ឆ្ងាញ់​នៃ​ក្រឡាន​តំបន់​នេះ​។​ ភ្ញៀវទេសចរ​តែងតែ​ចូល​ទិញ​នំក្រឡាន​នេះ​ជា​និច្ច​ឱ្យ​តែ​បាន​ធ្វើដំណើរ​មក​លេង​នៅ​ខេត្ត​ក្រចេះ​នេះ។ ដោយសាររស់ជាតិនៃក្រឡាននេះហើយ ទើបធ្វើឱ្យខេត្តបានរៀបចំតំបន់នេះ(​ភូមិ​ថ្ម​គ្រែ ឃុំ​ថ្ម​គ្រែ) ទៅជាសហគមន៍មួយដែលមានឈ្មោះថា សហគមន៍ក្រឡានថ្នគ្រែ ដែលសព្វថ្ងៃបានចូលរួមចំណែកយ៉ាងខ្លាំដល់ស្ថានភាពសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងសហគមន៍នេះ។

៧-ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​១

​            នេះ​ជា​លើក​ទី​មួយ​ហើយ ​ដែល​ខេត្ត​ក្រចេះមាន​កិត្តិយស​ប្រារព្ធ​ព្រឹត្តិការណ៍​​បុណ្យ​ទន្លេ​ក្រោម​ការ​​រៀបចំ​ពី​សំណាក់​ក្រសួង​ទេសចរណ៍​និង​ស្ថាប័ន​មួយ​ចំនួន​ទៀត។ ពិធី​បុណ្យ​ទន្លេ​លើក​ទី​១​ឆ្នាំ​២០១៥​​នេះ​ ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ “ទេសចរណ៍​តាម​ដង​ទន្លេ​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍” មាន ​រយៈពេល​បី​ថ្ងៃពី​ថ្ងៃ​ទី​១៣ដល់​ថ្ងៃទី១៥ មីនា ឆ្នាំ២០១៥ ដែល​​​​​​​​មាន​កីឡា​៧​ប្រភេទ​ចូលរួម​លេង​កម្សាន្ត ​ក្នុង​នោះ​​មាន​កីឡា​ប្រណាំង​​​ទូក​ប្រពៃណីលោត​​ឆត្រយោង ​​​រត់​ប្រណាំង​ ​​ចំបាប់​បុរាណ​​​ហែល​ទឹក​ ប្រណាំ​ង​កង់និង​ប្រដាល់​ក្បាច់​ខ្មែរ​បុរាណ។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ទេស​ចរណ៍មួយដ៍សំខាន់ដែលមានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើននាពេលនោះ។ ក្រៅ​ពី​នេះយើងក៍ឃើញមាន​​ការ​តាំង​ពិព័រណ៍​កសិ-ទេសចរណ៍ ​និង​ផលិតផល​ខ្មែរ​ ​មហោស្រព​ម្ហូប​អាហារ​ ​​ការ​ប្រគំ​តន្ត្រីកំសាន្ត ​ដើម្បី​ញ៉ាំង​បរិយាកាស​ឱ្យកាន់​តែ​សប្បាយ​រីករាយផងដែរ។

  1. ទស្សនទានមួយចំនួនក្នុងការអភិរក្សនិងអភិវឌ្ឍន៍ទេសចរណ៏ក្នុងខេត្តក្រចេះ

ករណី៖ -ជារួមសម្រាប់វិស័យទេសចរណ៍ក្នុងខេត្ត, -សហគមន៍អេកូទេសចរណ៏ដែលទើបបង្កើតថ្មី។

ក្នុងចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍របស់ក្រសួង, ខេត្តក្រចេះ ជាដំណាក់ផ្លូវមេគង្គក្នុងចំណោម ខេត្តទាំងប្រំាំរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាតំបន់គោលដៅទេសចណ៍ធម្មជាតិដ៏សំខាន់មួយក្នុងចំណោមគោលដៅទេសចរណ៍ដទៃទៀត។ ក្រចេះ គឺជាតំបន់កណ្តាលនៃផ្លូវមេគង្គជាទីប្រជុំនៃគោលដៅទេសចរណ៍នៃខេត្តភាគខាងលើ(ខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារ) និងខាងក្រោម(ខេត្តកំពង់​​ចាមនិងខេត្តកណ្តាលព្រមទាំងរាជធានីភ្នំពេញ)។

ការស្រាវជ្រាវនេះ ជាការចូលរួមចំណែក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តក្រចេះ ដោយ​​ផ្តោតសំខាន់លើសហគមន៍ទេសចរណ៍ដែលមានស្រាប់ ទាំងប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ កសិ-ទេសចរណ៍ និងកសិ-វប្បធម៌ជាដើម។  ជាពិសេសគឺចូលរួមចំណែកក្នុងការអភិរក្សនិងអភិវឌ្ឍសង្គមវប្បធម៌ក្រោមឥទ្ធិពលនៃការរីកចម្រើនខាងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។ បច្ចុប្បន្នអាជ្ញាធរ ខេត្ត-ស្រុក សហគមន៍បានខិតខំយ៉ាងខ្លាំងលើការអភិរក្សនិងអភិវឌ្ឍន៍នេះហើយ ប៉ុន្តែដើម្បីឱ្យការរួមចំណែកនេះកាន់តែមានប្រសិទ្ធិភាពនោះ គឺទាមទារឱ្យមានការចូលរួមសហការពីអ្នកពាក់ព័ន្ធ និងការស្រាវជ្រាវមួយជាក់លាក់និងមានលក្ខណៈវិទ្យាសាស្រ្ត។ ដូចនេះក្នុងនាមជាអ្នកស្រាវជ្រាវ យើងសូមបង្ហាញនូវទស្សនទានមួយចំនួនដូចខាងក្រោម៖

១.សម្រាប់វិស័យទេសចរណ៍ទាំងមូលក្នុងខេត្ត

-អាជ្ញាធរខេត្ត ជាពិសេសមន្ទីរទេសចរណ៍ត្រូវខិតខំបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ដោយជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ដោយពិនិត្យទៅលើកង្វះខាតនៃការអភិវឌ្ឍផលិតផលទេសចរណ៍ វប្បធម៌-ប្រវត្តិសាស្រ្ត និងធម្មជាតិនៅតាមរមណីយដ្ឋានទាំងអស់របស់ខត្ត។

-បន្តពង្រឹង លើកកម្ពស់ និងគាំទ្រនូវរាល់ការវិនិយោគលើវិស័យទេសចរណ៍ ជាពិសេសការអនុវត្តច្បាប់ ការចូលរួមជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ និងតួនាទី ផ្នែកវិស័យឯកជនក្នុងវិស័យទេសចរណ៍។

-ជំរុញការអភិវឌ្ឍផ្នែកធនធានមនុស្សដែលកំពុងបម្រើឱ្យវិស័យទេសចរណ៍ ក៍ដូចជាអ្នកដែលកំពុងទទួលនូវសេវាទេសចរណ៍ឱ្យយល់ពីតម្លៃនៃការអភិវឌ្ឍវិស័យទេសចរណ៍ និងមានការចូលរួមចំណែកលើកកម្ពស់គុណភាពសេវាកម្មនិងអនាម័យបរិស្ថានបានល្អ។ ជាពិសេសជំនាញបដិសណ្ឋា       កិច្ច​និងមគ្គុទ្ទេសក៍ទេសចរណ៍។

-ទាក់ទងព័ត៌មានទេសចរណ៍ គឺត្រូវជំរុញការបោះពុម្ពសៀវភៅព័ត៌មានទេសចរណ៍ ផែនទីទេសចរណ៍និងបន្តជំរុញសកម្មភាពផ្សព្វផ្សាយទេសចរណ៍ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈនិងចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដោយបំផុសចលនាប្រឡងប្រណាំងជ្រើសរើសមូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ដែលមានស្នាដៃដើម្បីលើកសរសើរ និងជូនរង្វាន់។

២. សម្រាប់សហគមន៍អេកូទេសចរណ៍ដែលទើបបង្កើតថ្មី

-បន្តពង្រឹង និងគាំទ្រលើការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដោយឈរលើទស្សនវិស័យ បេសកកម្ម គោលដៅ និងការចង់បានរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

-មន្ទីរទេសចរណ៍ និងមន្ទីរពាក់ព័ន្ធត្រូវសហការគ្នាឱ្យបានស្អិតរមួតនូវរាល់ការរៀបចំនៅតាម  បណ្តាសហគមន៍នីមួយៗ ជាពិសេសមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរវប្បធម៌ មន្ទីរគមនាគមន៍ និង មន្ទីរកសិកម្ម។

-លើកទឹកចិត្តដល់មន្រ្តីដែលកំពុងបម្រើការងារឱ្យសហគមន៍និងប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងសកម្មក្នុងសហគមន៍។

-ពិនិត្យឱ្យបានម៉ត់ចត់នូវរាល់ការធ្វើវិនិយោគរបស់អ្នកវិនិយោគនីមួយៗមុននឹងអនុញ្ញាត គឺដើម្បី​ជៀសវាងនូវផលប៉ះពាល់ទាំងឡាយរបស់សហគមន៍។

-លើកកម្ពស់នូវរាល់ការប្រើប្រាស់ផលិតផលទាំងឡាងក្នុងសហគមន៍។ ករណីសហគមន៍អេកូទេសចរណ៍កោះទ្រុង៖ តាមការរៀបរាប់ខាងលើឃើញថា មូលដ្ឋានទាក់ទាញដ៍សំខាន់ក្នុងសហគមន៍នេះគឺ ធនធានធម្មជាតិ(ក្រូចថ្លុង ដំណាំកសិកម្ម ..) របៀបរបបរស់នៅរបស់ប្រជាពលរដ្ឋ ទេសភាពតាមដងទន្លេ និងលើកោះ។ ដូចនេះដើម្បីលើកកម្ពស់ដល់សហគមន៍នេះមន្ទីរទេសចរណ៍គួរតែអប់រំប្រជាពលរដ្ឋឱ្យយល់ពីតម្លៃនៃធនធានទាំងនោះ ថាពិតជាមានតម្លៃដែលអាចផ្តល់នូវការលើកកម្ពស់ដល់ជីវភាពរបស់ពួកគាត់តាមរយៈនៃការអភិវឌ្ឍសហគមន៍នេះ។ ចំពោះមធ្យាបាយធ្វើដំណើរ កន្លែងស្នាក់នៅ(Home Stay) និងម្ហូបអាហារនិងភេសជ្ជៈក្នុងសហគមន៍ ត្រូវអប់រំនិងបណ្តុះបណ្តាលនូវជំនាញនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋឱ្យចេះមានការអភិរក្ស និងចេះរៀបចំឱ្យបានស្អាតមានអនាម័យ និងមានភាពទាក់ទាញ ដូចជា កង់ រទេះគោ រទេះសេះ កន្លែងស្នាក់នៅ កន្លែងចំអិនម្ហូបអាហារ បន្ទប់ទឹក ការស្លៀកពាក់ និងសេវារបស់អ្នកផ្តល់សាវាកម្ម  ជាដើម។

-សហគមន៍មួយចំនួនគួរតែរៀបចំឱ្យមានគមនាគមន៍ ទឹកស្អាត និងប្រព័ន្ធអគ្គិសនីប្រើប្រាស់។ ដូចជាកោះទ្រង់នេះដដែលគឺស្ថិតនៅម្ខាងនៃទន្លេ ទល់មុខទីរួមខេត្តក្រចេះសោះ ប៉ុន្តែមកដល់បច្ចុប្បន្នមិនទាន់មានអគ្កិសនីប្រើប្រាស់នៅឡើយ។

-ផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យចូលរួមចំណែកក្នុងការថែររក្សាបរិស្ថាន។

-ផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋ ក៍ដូចជាសហគមន៍ត្រូវចូលរួមគ្រប់សកម្មភាពទេសចរណ៍។

-បន្តកៀងគរដៃគូអភិវឌ្ឍន៍និងអ្នកវិនិយោគជាតិ និងអន្តរជាតិដើម្បីបន្តការអភិវឌ្ឍក្នុងសហគមន៍។ ជាពិសេសអ្នកដែលមានទ្រព្យធនក្នុងស្រុក។

-រៀបចំខ្សែទស្សកិច្ច និងមធ្យាបាយយានជំនិៈនៅតាមសហគមន៍ទេសចរណ៍ឱ្យមានលក្ខណៈងាយស្រួលនិងសុវត្ថិភាព។ ជាពិសេសទូកឆ្លងទន្លេមេគង្គឆ្ពោះទៅកោះទ្រុងត្រូវរៀបចំឱ្យបានស្អាតបាត ស្តង់ដារ និងមានសុវត្ថិភាព។

សេចក្តីសន្និដ្ឋាន

 

បន្ទាប់ពីបានសិក្សាស្រាវជ្រាវកន្លងមកឃើញថា ខេត្តក្រចេះពិតជាខេត្តមួយមានមូលដ្ឋាន សក្តានុពលទេសចរណ៍យ៉ាងច្រើនក្នុងចំណោមយ៉ាងច្រើនក្នុងចំណោមបណ្តាខេត្តនៅភូមិភាគឦសាន្ត ទាំងបែបធម្មជាតិ និងវប្បធម៌ ជាពិសេសេបណ្តាខេត្តតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា។ វិស័យទេសចរណ៍ក៍ជាវិស័យអាទិភាពមួយផងដែរក្នុងចំណោមបណ្តាវិស័យផ្សេងៗទៀតរបស់ខេត្ត ដែលបានចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការអភិរក្សធនធានធម្មជាតិ វប្បធម៌ បរិស្ថាន ជាពិសេស​បានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរបស់ខេត្តនៅតាមតំបន់ និងតាមសហគមន៍ទេសចរណ៍។

ដើម្បីរក្សាឱ្យបាននូវមូលដ្ឋានសក្តានុពលដ៍មហាសាលនេះ អាជ្ញាធរខេត្ត ជាពិសេសមន្ទីរទេសចរណ៍ និងមន្ទីរពាក់ព័ន្ធត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់ និងតាមដានជាប្រចាំនូវគ្រប់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ដោយធ្វើយ៉ាងណាធានាឱ្យបាននូវប្រសិទ្ធភាព និរន្តរភាព ការទទួលខុសត្រូវ ជៀសវាងបានជាអតិបរមានូវផលប៉ះពាល់អវិជ្ជមាន និងឈានទៅរកសម្រេចលទ្ធផល ដែលប្រជាពលរដ្ឋចង់បាន។ ដើម្បីឱ្យការអភិវឌ្ឍនៅតាមរមណីយដ្ឋានទេសចរណ៍ទាំងអស់ទទួលបានជោគជ័យ ខេត្តត្រូវមានផែនការមួយច្បាស់លាស់ ដែលបង្កើតឡើងដោយមានការចូលរួមពីគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ជាពិសេសជាមួយប្រជាពលរដ្ឋនៅតាមរមណីយដ្ឋាន និងតាមសហគមន៍នីមួយៗ។

បច្ចុប្បន្ននៅតាមរមណីយដ្ឋាននីមួយៗ យើងឃើញប្រជាពលរដ្ឋមានការសប្បាយរីកយ៉ាងខ្លាំងពេលឃើញមានរៀបចំតំបន់ដែលពួកគាត់រស់នៅទៅជារមណីយដ្ឋានទេសចរណ៍។ ដូចនេះអាជ្ញាធរជំនាញត្រូវខិតខំពង្រឹងផ្នែកធនធានមនុស្សដែលកំពុងបម្រើឱ្យវិស័យនេះមានប្រសិទ្ធភាពផងដែរ។ ជាពិសេសអ្នកដែលកំពង់បម្រើការក្នុងវិស័យនេះដោយផ្ទាល់នៅតាមរមណីយដ្ឋានទេសចរណ៍ និងតាម សហគមន៍នានាក្នុងខេត្ត។ ជាមួយគ្នានេះការចុះអប់រំប្រជាពលរដ្ឋនៅតាមរមណីយដ្ឋាននិងតាមសហគមន៍នានាក៍ជាផ្នែកមួយដ៍សំខាន់ផងដែរ ដែលតម្រូវឱ្យប្រជាពលរដ្ឋមានការស្វែងយល់ពីតម្លៃដែលទទួលបានតាមរយៈនៃការចេះអភិរក្សនិងចេះថែរក្សានូវធនធានដែលមានដើម្បីឈានទៅរកការអភិ​វឌ្ឍក្នុងការទាញយកផលប្រយោជន៍និងជួយផ្គត់ផ្គង់នូវជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

 

 

[1] កម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០១៤-២០១៦) ខេត្តក្រចេះ។

[2] -ដឯម-។

[3] -ដឯម-។

Be the first to comment

Leave a Reply

Your email address will not be published.


*