សញ្ញាណទូទៅនៃរដ្ឋបាលសាធារណៈ

១.១-មូលដ្ឋានទ្រឹសី្តនៃរដ្ឋបាលសាធារណៈ

១.១.១-និយមន័យរបស់រដ្ឋ

បើយើងសង្កេតមើលទិដ្ឋភាពរួមទាក់ទងទៅនឹងនិយមន័យរបស់រដ្ឋនេះ មានសំណួរជាច្រើនបានលើកឡើងថា តើរដ្ឋមានអត្ថន័យយ៉ាងដូចម្តេច? វាមានប្រភពចេញមកពីណា? មានអ្នកប្រាជ្ញជាច្រើនបានខិតខំពន្យល់បកស្រាយតាមការយល់ឃើញរៀងខ្លួនៗ៖

អ្នកខ្លះយល់ថា ការរីកលូតលាស់នៃបំណែងចែកការងារនៅក្នុងសង្គមបានជម្រុយឱ្យសង្គមបង្កើតឱ្យមានស្ថាប័នអំណាចមួយដើម្បីគ្រប់គ្រងផលិតផលដែលសង្គមទទួលបានដើម្បីទប់ស្កាត់ការដណើ្តមយកនូវផលិតផលដែលផលិតបានលើសពីតម្រូវការ។

អ្នកខ្លះយល់ថា ការលេចឡើងនូវកម្មសិទិ្ធឯកជន ការដណ្តើមយកកម្មសិទិ្ធឯកជន ការបែងចែកវណ្ណៈ និងការជិះជាន់កម្លាំងពលកម្មជាហេតុដែលនាំឱ្យបង្កើតរដ្ឋឡើង។

ការវាយប្រហារដណ្តើមប្រជាជនជាតិមួយមកលើប្រជាជាតិមួយទៀតដើម្បីដណ្តើមយកដែនដីមកគ្រប់គ្រងជាហេតុដែលនាំឱ្យបង្កើតរដ្ឋដែលក្នុងនោះអ្នកឈ្នះជាអ្នកត្រួតត្រាលើអ្នកចាញ់ចាញ់។

បើផ្នែកលើទិដ្ឋភាពប្រវតិ្តសាស្រ្ត រដ្ឋត្រូវបានបង្កើតឡើងដោយសារតែតម្រូវការរបស់ក្រុមមនុស្សដែលមានពូជអំបូរតែមួយ រស់នៅលើដែនដីណាមួយជាក់លាក់ បានទាមទារឱ្យបង្កើតស្ថាប័នមួយសម្រាប់ដោះស្រាយ សម្របសម្រួលវិវាទផ្សេងៗដែលកើតមានឡើងនៅក្នុងសង្គមរបស់ពួគគេ។  ទស្សនៈមានន័យថា រដ្ឋជាស្ថាប័នអំណាចមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់នូវរាល់ការបង្កាត់ពូជសាសន៍ពីក្រុមមួយទៅក្រុមមួយផ្សេងទៀត។

ដូចនេះយើងអាចនិយាយបានថា កំណើតដំបូងរបស់រដ្ឋ​ គឺជាផលិតផលនៃដំណើរការរីកលូតលាស់របស់កត្តាជាជីវសាស្រ្ត សេដ្ឋកិច្ច វប្បធម៌ នយោបាយ និងសាសនា។ល។ឧ ការចាប់កំណើតបុរីរដ្ឋកិ្រកនៅឆ្នាំ៨០០ដល់ឆ្នាំ១៦៨ មុនគ្រឹស្តសករាជ។ ការចាប់កំណើតអាណាចក្ររដ្ឋរ៉ូមាំងក្នុងតំបន់ទី្វបលោកខាងលិចនៅ២៧ឆ្នាំមុនគ្រឹស្តសករាជ និងនៅកម្ពុជាដូចជាការកកើតទឹកដីនៅសម័យព្រះនាងលីវយី ដែលមានឈ្មោះថានគរគោកធ្លកនាសតវត្សរ៍នៃគ្រឹស្តសករាជ។

តែទោះជាយ៉ាង មានអ្នកប្រាជ្ញជាច្រើនដែលឱ្យអត្ថន័យទៅលើរដ្ឋ ដូចជាលោក អារីស្តូតយល់ថា រដ្ឋជាទំរង់ម្យ៉ាងក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករបស់មនុស្សដើម្បីទទួលបាននូវភាពប្រសើរនៃជីវិត។ ចំណែកលោកកាល់ម៉ាក្សយល់ថា រដ្ឋគឺជាក្បាម៉ាស៊ីនគ្របដណ្តបលើសង្គម និងជាឧបករណ៍ជិះជាន់ពីវណ្ណៈមួយទៅលើវណ្ណៈមួយទៀត។ បើតាមទស្សនៈកង់ យល់ថា  រដ្ឋ គឺជាអង្គការបង្រួបបង្រួមចូលគ្នានៃកន្សោមមនុស្សដ៏ច្រើនកុះករក្រោមសំណាញ់ច្បាប់នៃរដ្ឋធម្មនុញ្ញតែមួយ។

តែបើតាមអនុសញ្ញាម៉ុងតេវីដេអូ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៣៣ សី្តពីសិទិ្ធ និងកាតព្វកិច្ចរបស់រដ្ឋបានឱ្យនិយមន័យក្នុងមាត្រា១ថា រដ្ឋក្នុងឋានៈជានីតិបុគ្គលអន្តរជាតិ ត្រូវមានលក្ខណៈវិនច្ឆ័យដូចតទៅ៖ មានទឹកដីរដ្ឋ​ក្នុងឋានៈជានីតិបុគ្គលនៃនីតិអន្តរជាតិ ត្រូវមានលក្ខណៈវិនិច្ឆ័យ៤យ៉ាងគឺ មានប្រជាពល​រដ្ឋជាអចិន្រ្តៃយ៍ មានទឹកដីមួយជាកំណត់ មានរដ្ឋាភិបាល និងមានសមត្ថកិច្ចនៅក្នុងការកសាងទំនាក់​ទំនងជាមួយរដ្ឋដទៃ[1]

មានទស្សនៈជាច្រើនដែលមានលើកឡើង និងពន្យល់យ៉ាងច្បាស់លាស់ក្នុងអត្ថន័យ​នយោ បាយ​ប្រវតិ្តសាស្រ្ត​ដែលបានលើកនូវហេតុផលសំខាន់ៗខុសគ្នានៃការកកើតឡើងរបស់រដ្ឋ[2]

រដ្ឋក៏ដូចជាបុគ្គលដែរ ឆ្លងកាត់ទៅតាមច្បាប់ធម្មជាតិ គឺ កើត ឈឺ ស្លាប់។ រដ្ឋមកើតឡើងនៅ ពេល​ដែលមានធាតុផ្សំបួន គឺមានទឹកដី មានប្រជាពលរដ្ឋ និងនិង​រដ្ឋាភិបាល ចំណែករដ្ឋស្លាប់នៅពេលណា​ដែលមានវិបតិ្តប៉ះពាល់ដល់ធាតុផ្សំណាមួយរបស់វា[3]។ រដ្ឋដែលមានវិបតិ្ត ហើយពុំអាចដោះស្រាយវិបតិ្តនេះបាន រដ្ឋនោះតែងប្រឈមនឹងការរលត់​រលាយជានិច្ច ដោយបាត់ធាតុផ្សំណាមួយរបស់ខ្លួនបានត្រូវបាត់បង់ទាំងស្រុង[4]។ រដ្ឋ គឺជាសង្គមមនុស្ស​ដែលរស់នៅជាប់លាប់លើទឹកដីមួយ​ ដោយមានអំណាច​​នយោ​បាយ​មួយគ្រប់គ្រងយ៉ាងទៀតទាត់។​ ក្នុងន័យនេះដើម្បីក្លាយជារដ្ឋមួយត្រូវមានធាតុផ្សំរបស់វា ​ទឹកដី ប្រជា​ជន និងអំណាចនយោបាយ[5]។ រដ្ឋ​គឺជាការប្រកាន់​យករបបនយោបាយមួយ ហើយ​​​រដ្ឋ​នីមួយៗ​ដែលកើត​មានឡើង អាស្រ័យដោយការប្រមូល​ផ្តុំនៃប្រជាពលរដ្ឋ”ប្រជាជន”ដែលមានភាសា វប្បធម៌ ប្រពៃណីទំនៀមទំលាប់​ និងរបបសេដ្ឋកិច្ច​រួមគ្នា។ ដូចនេះហើយរដ្ឋ​កើត​ឡើង​ពីការប្រមូលផ្តុំ​របស់​ប្រជា​ជន​​ដោយប្រកាន់យករបបនយោ​បាយ​តែ​មួយដូចគ្នា[6]។ មានទស្សនៈផេ្សងៗរបស់អ្នក​ប្រាជ្ញដ៏ល្បី​ល្បាញ ជាច្រើនបានរួមចំណែកក្នុងការឱ្យនិយមន័យទៅលើពាក្យថា រដ្ឋ ដូចជាអារីស្តូត កង់ ហែ​ហែ្គល​​ជាដើម[7]

១.១.២-និយមន័យរដ្ឋបាលសារណៈ

រដ្ឋបាលសាធារណៈ បានកើតមានឡើងនៅក្នុងប្រវតិ្តសាស្រ្តរបស់មនុស្សជាតិតាំងពីយូរលង់​ណាស់មកហើយ ដោយមនុស្សត្រូវការរស់ប្រកបដោយសេចកី្តសុខ សុវតិ្ថភាព សេចកី្តថៃ្លថ្នូរ និងសិទិ្វសេរីភាព និងដើម្បីពង្រីកមូលដ្ឋានរស់នៅរបស់ខ្លួនឱ្យបានសមស្របទៅនឹងស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែងនៃសង្គមមនុស្ស។

រដ្ឋបាលសាធារណៈដំបូងបំផុតត្រូវបានគេប្រើប្រាស់នៅប្រទេសបារាំងនាចុងសតវត្សរ៍ទី១៨ ដែលបានសំដៅទៅលើសកម្មភាពរបស់រដ្ឋក្រៅពីការថែរក្សាសន្តិសុខផ្ទៃក្នុងប្រទេស ការពារជាតិ និងការទូត ហើយរដ្ឋបាលសាធារណៈនៅសម័យនោះបង្កប់នៅគំនិតត្រួតត្រារាស្រ្ត​ គឺថាមិនមានបម្រើរាស្រ្តដូចគំនិតបច្ចុប្បន្ននោះទេ។

ហើយបណ្តាប្រទេសដែលជាប្រភពនៃដើមកំណើតរដ្ឋបាលសាធារណៈទាំងនោះរួមមាន៖ ដូចជា នៅប្រទេសអេហ្ស៊ីប រដ្ឋបាលសារណៈនៅសម័យនោះ​ គឺទាក់ទង​ទៅ​នឹង​ការងាររៀបចំគ្រប់គ្រងកសាងប្រព័ន្ធធារាសាស្រ្ត ដើម្បីជៀស​​​វាង​ការ​ជន់លិចពីទឹកទនេ្ល​នីល ជារៀងរាល់​ឆ្នាំ ​និង​​ការចាត់ចែងដឹកនាំលើការងារ​សាង​សង់ប្រាសាទ​ពីរ៉ា​មីត​ជាដើម។​ ចំណែកនៅប្រទេសចិន ក្នុងរជ្ជកាលសេ្តច​ហាន​(ឆ្នាំ២០៦មុនគ.ស ដល់​ឆ្នាំ​២០ ក្រោយ​​គ.ស)​បាន​យល់ស្របទៅនឹងលទ្ធិសាសនា ខុង ជី  រាជ​ការ​​​ត្រូវ​តែចាត់ចែង​ឡើង​ដោយ​មនុស្ស ដែលមានគុណធម៌ និងសមត្ថភាព និងធើ្វឱ្យ​មនុស្ស​ទាំង​អស់រស់នៅ​ក្នុងសង្គម​ប្រកបដោយសុភមង្គល។ ចំពោះបណ្តាប្រទេសនៅអ៊ីរ៉ុប​ ​ដូចជា ​ក្រិក រ៉ូមុំាង អេស្បាញជាដើម រដ្ឋបាលសាធារណៈរបស់ពួកគេត្រូវត្រួតត្រាដោយសេ្តច ​ទាំងច្បាប់ ​ទាំង​នីតិវិធី​ទាំង​ឡាយ​ផង​ដែរ[8]

ចំណែកនៅកម្ពុជា រដ្ឋបាលសាធារណៈមានតាំងពីយូរលង់ណាស់មកហើយដែរ​ ដោយសង្គមខែ្មរបានរៀប​ចំគ្រប់គ្រង​ប្រទេសជាតិតាមព្រះទ័យរបស់ព្រះរាជា ​អ្នក​រាជការទាំងអស់ត្រូវបានព្រះរាជាទ្រង់​ចាត់​​​តាំងផ្ទាល់ដោយព្រះអង្គ ដែលបានតពូជ​វង្សត្រកូលពីសម័យបុរេអង្គរ ជាពិសេសម័យ​ចេន​ឡា។ នៅសម័យនោះ គ្រប់កិច្ចការទាំងមូលស្ថិតក្នុងព្រះរាជនគរដែលពាក់ព័ន្ធនឹងអាយុជីវិតជាតិ ដូច​ជា ការការពារធិបតេយ្យភាពជាតិ ការរក្សាបូណភាពដែនដី ការកសាងសេដ្ឋកិច្ច​ជាតិតាម​រយៈនយោ​បាយ​ទឹក ការកសាងប្រាសាទឬវត្តអារាម និង សំណង់នានា សម្រាប់បម្រើប្រយោជន៍​សាធា​រណៈសុទ្ធ​សឹង​កើតឡើងដោយសារព្រះរាជតំរិះរបស់ព្រះអង្គទាំងអស់ ទ្រង់ជាម្ចាស់ដែន​ដីនៃកម្ពុជរដ្ឋដ៏មាន​មហិ​ទិ្ធ​ឬទិ្ធ​យ៉ាងក្រៃលែង រួមមាន អំណាចនិតិបញ្ញតិ្ត អំណាចនីតិប្រតិបតិ្ត និង​អំណាចតុលាការ។ អំណាចទាំងបីនេះ ត្រូវបានគ្រប់គ្រងដោយព្រះមហាក្សត្រផ្ទាល់ ព្រះអង្គ​ជា​អ្នក​សម្រេចកិច្ចការ​នយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងកិច្ចការសង្រ្គាមទៀតផង។ ចំពោះការ​ប្រព្រឹត្តិ​​ខុសនឹងបទ​វិន័យ​​​ទាំងឡាយក្នុងច្បាប់រដ្ឋបាល ​ដូចជា ការទារពន្ធដារពុំសុចរិតជាដាដើម និងត្រូវ​ទទួល​ទោសតាម​ច្បាប់​កំណត់។ ប៉ុនែ្តនៅឆ្នាំ១៨៨៦ បន្ទាប់ពីបារាំងបានកាន់កាប់អំណាចរដ្ឋ ពួកគេ​បាន​រៀបចំគ្រប់គ្រងប្រទេសតាមលក្ខណៈបចេ្ចកទេស ក្នុងនោះមានការរៀបចំឱ្យមានជាស្ថាប័ន​សាធា​រណៈ​និងការប្រព្រឹតិ្ត​ទៅរបស់ស្ថាប័នដោយមានការរួមគ្នារវាងបារាំងនិងរាជរដ្ឋាភិបាលខែ្មរ។ ​ជាមួយគ្នានេះដែរ នៅ​ឆ្នាំ១៩៤​៧ រដ្ឋធម្មនុញ្ញខែ្មរដំបូងត្រូវបានចាប់បដិសនិ្ធឡើង ដែលត្រូវបានប្រទាន​ឱ្យ​ប្រើប្រាស់ដោយព្រះមហា​ក្សត្រព្រះបាទ នរោត្តម សីហនុ​​[9]

ជារួមប្រព័ន្ធរដ្ឋបាលសាធារណៈសម័យមុនៗ គឺតម្រូវឱ្យអ្នករាជការម្នាក់ៗត្រូវតែមាន​ការ​សោ្មះ​ត្រង់ចំពោះថ្នាក់ដឹកនាំរបស់ខ្លួនដែលជាហេតុនាំឱ្យមានកើតមាននិយមបក្សពួក និងអំពើពុក​រលួយ។ ហើយ​រដ្ឋបាលសាធារណៈសម័យនោះ មានតែបុរសប៉ុណោ្ណះ ដែលបានអនុញ្ញាតឱ្យចូលបម្រើការងារ​ជា​​អ្នករាជការ។

ដើម្បីយល់បានច្បាស់ពីអ្វីទៅដែលហៅថារដ្ឋបាលសាធារណៈ គេគប្បីសិក្សាស្វែងយល់អំពីអ្វី ដែល​​​ហៅថា រដ្ឋបាល ជាមុនសិន។

រដ្ឋបាលសាធារណៈមកពីពាក្យ រដ្ឋបាល+សាធារណៈ។

ពាក្យថារដ្ឋបាល(Administration) ត្រូវបានឱ្យអត្ថន័យជាច្រើនផ្សេងៗគ្នា ប៉ុន្តែយើងសូមលើកយកអត្ថន័យសំខាន់ៗបីមកបង្ហាញ៖

  • អត្ថន័យបែបអក្សរសាស្រ្តៈ តាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ពាក្យ រដ្ឋបាលត្រូវបានពន្យល់​​ដោយញែកពាក្យនេះជាពីរ គឺពាក្យ រដ្ឋ និងពាក្យ បាល។ រដ្ឋ មានន័យថា នគរ ប្រទេស ឬដែនស៊ីម៉ា បាល​មានន័យថា គ្រប់គ្រងថែរក្សាការពារប្រទេស…។ តាមន័យសាមញ្ញមាន័យថា៖ ការថែរក្សា ការគ្រប់គ្រង។ កិច្ចការងារដ្ឋបាល គឺជាការងារចាត់ចែង ការដឹកនាំ កិច្ចការទំនាក់ទំនងដោយរាប់បញ្ចូលទាំងការងារសណ្តាប់ធ្លាប់ និងវិន័យផងដែរ។

ដូច្នេះ រដ្ឋបាល មានន័យថា ការគ្រប់គ្រង ថែរក្សា ការពារ​ប្រទេស​ឬ​នគរ។ ការគ្រប់គ្រងថែរក្សា គឺត្រូវធ្វើឡើងក្នុងន័យឱ្យមានភាពគង់វង្ស សន្តិភាព របៀបរៀបរយ សណ្តាប់ធ្លាប់ សុខមាលភាព ការអភិវឌ្ឍ និងភាពសុខក្សេមក្សាន្តដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

 រដ្ឋបាល គឺជាយន្តការដែលប្រមូលផ្តុំគ្នា រួមទាំងគោលនយោបាយ លិខិតបទដ្ឋាន នីតិវិធី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អង្គការចាត់តាំងបុគ្គលិក.. ហើយយន្តការនេះមានការ​ទទួលខុស​ត្រូវ​ក្នុងការគ្រប់​គ្រង​ការងារទាំងឡាយរបស់​រដ្ឋាភិបាលដោយធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកជា​មួយ​រដ្ឋ សង្គម​​និងបរិស្ថាន​ខាងក្រៅដទៃទៀត[10]។ រដ្ឋ​បាល គឺជារបៀបចាត់ចែងការងារ បម្រើបុគ្គល​ឬសមូ​ហ​ភាព​ណាមួយ ដើម្បី​សម្របសម្រួលឋា​នានុក្រមការងារនោះជូនបុគ្កលឬសមូហភាពដែល​ខ្លួនកំពុង​ស្ថិត​នៅ[11]។ រដ្ឋបាល គឺជាដំណើរនៃការអនុវត្តនូវសេចក្តីសម្រេច និងគោលនយោបាយ[12]

សាធារណៈ តាមវចនាក្រមសម្តេចសង្ឃ ជួ ណាត មានន័យថា ជាទូទៅមិនចំពោះនណាម្នាក់ឬអី្វមួយដែលប្រើសម្រាប់ទាំងអស់គ្នា។

  • ន័យទូលាយបែបបច្ចេកទេស រដ្ឋបាលមានន័យពីរៈ ដែលអាចប្រើប្រាស់បានទាំងវិស័យសាធារណ និងវិស័យឯកជន។ តាមន័យទី១ រដ្ឋបាល សំដៅដល់សកម្មភាពគ្រប់គ្រងកិច្ចការគ្រប់គ្រងរដ្ឋបាលឬកិច្ចការរដ្ឋបាលដោយទំនាក់ទំនតាមលិខិតស្នាមផ្សេងៗ ការបញ្ជូនលិខិត ការទទួលលិខិត ការទុកដាក់ឯកសារ ការរៀបចំប្រជុំ និងការងារពិធីការជាដើម។ តាមន័យទី២ រដ្ឋបាលសំដៅដល់ អង្គការ ដែលគ្រប់គ្រង(រចនាសម្ព័ន្ធរដ្ឋបាលឬអង្គការលេខ ដែលជាអង្គការដឹកនាំរបស់ក្រសួងឬក្រុមហ៊ុននីមួយៗ) ដែលមានតួនាទីបម្រើផលប្រយោជន៍ទូទៅ។
  • ន័យចង្អៀនបែបបច្ចេកទេស ពាក្យថារដ្ឋបាល គឺសំដៅដល់រដ្ឋបាលសាធារណៈ ដោយយើងអាចប្រើពាក្យថា រដ្ឋការដែលមិននាំឱ្យមានការភាន់ច្រឡំជាមួយនឹងពាក្យ រដ្ឋបាលក្នុងវិស័យឯកជន។ ដោយពាក្យរាជការ គឺសំដៅដល់ក្រសួង ស្ថាប័ន អង្គភាពនិមួយៗរបស់រដ្ឋ ដែលមានមន្រី្តរាជការស្ថិតក្នុងក្របខណ្ឌរដ្ឋ មានមុខដំណែង តួនាទី និងទទួលប្រាក់បៀរវត្សពីរដ្ឋ។

ចំណែកទស្សនៈរបស់លោក Chandler and Plano ​​បានលើកឡើងថា​ រដ្ឋបាលសាធារណៈ​ គឺជាដំណើរការនៃការគ្រប់គ្រង​ និងសម្រប​សម្រួល​នូវធនធាន និងបុគ្គលិក ដើម្បីបងើ្កតអនុវត្តនិងការគ្រប់​គ្រងនូវ​រាល់សេចកី្តសម្រេចនៅក្នុងគោលនយោបាយសាធារណៈ។ តាមទស្សនៈរបស់លោក Russell and Shalfritz ឆ្នាំ១៩៩៧ ​ក្នុងការកំណត់និយមន័យរដ្ឋបាលសាធារណៈ វាគឺជាការលំបាកក្នុងការផ្តល់​និយមន័យរដ្ឋបាលសាធារណៈ​មួយ​ដែលអាច​ទទួលយក​បានដោយគ្រប់ភាគី។

អាស្រ័យហេតុនេះ​ លោក​ទាំង​ពីរបានផ្តល់និយមន័យមួយចំនួនដោយផែ្អកទៅ​លើជំនាញ​បួនគឺ វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រច្បាប់ វិទ្យាសាស្ត្រការគ្រប់គ្រង និងផ្នែកវិជ្ជាជីវៈ មានដូចតទៅះ[13]  

  • និយមន័យដោយផ្អែកលើវិទ្យាសាស្រ្តនយោបាយ រដ្ឋបាលសាធារណៈ គឺជាអ្វីដែលរដ្ឋាភិបាល​ធ្វើ ជាដំណាក់កាល​មួយ​ក្នុង​ខួបនៃការបង្កើតគោលនយោបាយសាធារណៈ និងការអនុវត្តផលប្រយោជន៍សាធារណៈ​ (មានលក្ខណៈជារួមដែលបុគ្គលតែម្នាក់​ឯង​​មិនអាច​អនុវត្តបាន)។
  • និយមន័យផ្អែកលើច្បាប់ បានកំណត់ថា រដ្ឋបាលសាធារណៈ គឺជាការអនុវត្តច្បាប់-អនុវត្តបទបញ្ជាឬជាការសម្រប​សម្រួល និងជាសកម្មភាពរបស់អ្នកគ្រប់គ្រងឬព្រះរាជាក្នុងការផ្តល់ឬប្រទានអ្វីមួយដល់ប្រជាពលរដ្ឋ។
  • និយមន័យផ្អែកលើការគ្រប់គ្រង រដ្ឋបាលសាធារណៈ គឺជាសិល្បៈតែមិនមែនវិទ្យាសាស្ត្រទេ។
  • និយមន័យផ្អែកលើវិជ្ជាជីវៈបានកំណត់ថា៖ រដ្ឋបាលសាធារណៈ គឺជាប្រភេទនៃវិជ្ជាជីវៈមួយ ដែលចាប់ផ្តើមតាំងពីអ្នកបោសសំរាមរហូតដល់អ្នកជំនាញ ជាអនុវត្តឧត្តមគតិនិយម និងជាផ្នែកសិក្សា​មួយដែល​តែងតែសិក្សាអំពី​សិល្បៈ ​និងវិទ្យាសាស្ត្រ​គ្រប់គ្រងសម្រាប់​យកទៅ​អនុវត្តនៅក្នុងផ្នែកសាធារណៈ។

យោងតាមនិយមន័យខាងលើ លោក T.Keban(2004) បានធើ្វការសំយោគដូចខាងក្រោម៖

-រដ្ឋបាលសាធារណៈទៅនឹងផ្នែកនីតិប្រតិបតិ្តច្រើនជាងផ្នែកនីតិប្បញ្ញតិ្ត និងតុលាការ។

-រដ្ឋបាលសាធារណៈ មានទំនាក់ទំនងជាមួយបញ្ហាមនុស្ស និងសហការគ្នាដើម្បីដំណើរការ​ងារ​រដ្ឋាភិបាល។

-ទោះបីរដ្ឋបាលសាធារណៈ មានភាពខុសគ្នាជាមួយនឹងរដ្ឋបាលឯកជន ប៉ុន្តែវាមានឥទិ្ធពលគ្របដណ្តប់​ទៅ​​លើរដ្ឋបាលឯកជន។

-រដ្ឋបាលសាធារណៈមានលក្ខណៈតម្រង់ទិសផលិតកម្ម។

ជាទូទៅ គេសង្កេតឃើញនៅគ្រប់អង្គការសង្គមឬក្រុមហ៊ុនឯកជន ដើម្បីរៀបចំដំណើរការទៅបានល្អលុះត្រាតែអង្គការរដ្ឋឬក្រុមហ៊ុននោះត្រូវរៀបចំនិងពង្រីករដ្ឋបាលជាមុនសិន។ ឧទាហរណ៍ ប្រសិនគេបង្កើតក្រុមហ៊ុនមួយ ជាដំបូងគេត្រូវបង្កើតរដ្ឋបាលបណ្តោះអាសន្នមួយជាមុនសិន ដូចជាការរៀបចំទីកន្លែង សម្ភារៈ និងរៀបចំសំណុំលិខិតបទដ្ឋានគតិយុតិ្តក្នុងគោលបំណងសុំបើកក្រុមហ៊ុនឱ្យដំណើរការទៅបាន។

ជារួម តាមន័យទូលាយ ពាក្យថា រដ្ឋបាល ជួលកាលសំដៅលើ “សកម្មភាពគ្រប់គ្រង” ឧទារហរណ៍ កិច្ចការរដ្ឋបាលរបស់ក្រុមហ៊ុនកាត់ដេរ(វិស័យឯកជន) កិច្ចការរដ្ឋបាលរបស់ក្រសួងពាណិជ្ជកម្ម(វិស័យរដ្ឋឬវិស័យឯកជន) ជួលកាលសំដៅលើ “អង្គភាព” ដែលគ្រប់គ្រង ឧ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនអាហរ័ណ(វិស័យឯកជន) ក្រសួងពាណិជ្ជកម្ម(វិស័យរដ្ឋឬសាធារណៈ)។ ន័យទាំងពីរនេះ គឺមានប្រើខាងវិស័យឯកជន ទាំងវិស័យរដ្ឋឬសាធារណៈ។

បើពិនិត្យមើលតាមន័យទូលាយខាងលើនេះ សកម្មភាពរដ្ឋបាលរបស់ពួកឯកជនក៏មានរបស់រដ្ឋក៏មាន ប៉ុន្តែការរកផលប្រយោជន៍នៃវិស័យឯកជន និងវិស័យរដ្ឋឬសាធារណៈមិនដូចគ្នាទេ។ វិស័យឯកជនរកប្រយោជន៍ចំណេញផ្ទាល់ខ្លួន ឯរដ្ឋបម្រើប្រយោជន៍សាធារណៈមនុស្សទូទៅ។ ដូចនេះ រដ្ឋត្រូវមានវិធានការគ្រប់គ្រងរដ្ឋបាលផ្សេងពីឯកជន។ រដ្ឋបាលក្នុងន័យនេះ គឺសំដៅលើរដ្ឋបាលសាធារណៈដែលគេនិយមហៅថា រាជការឬរដ្ឋការ

រដ្ឋបាលសាធារណៈ គឺជាស្ថាប័នទាំងឡាយណាដែលមាននៅក្នុងរដ្ឋនីមួយៗមានតួនាទីបម្រើផលប្រយោជន៍សាធារណៈ ឬ បម្រើផលប្រយោជន៍រួមទូទៅ ដែលជាទូទៅរដ្ឋបាលសាធារណៈសិ្ថតនៅក្រោមការដឹកនាំរបស់អង្គការនីតិប្រតិ្តបតិ្ត ហើយរដ្ឋបាលសារណៈមានបេសកកម្មគិតគូរបម្រើផលប្រយោ​​​ជន៍ទូទៅក្នុងការរស់នៅ ឬផ្តល់តម្រូវការជាប្រចាំរាល់ថ្ងៃដល់ប្រជាជនគ្រប់រូបឱ្យបានកាន់តែប្រសើរ ដូចជា ការផ្តល់លិខិតអនុញ្ញាត បញ្ជីអត្រានុកូលដ្ឋាន សុំបុត្រកំណើត ប័ណ្ណកម្មសិទិ្ធ អត្តសញ្ញា​ណប័ណ្ណប្រជាពលរដ្ឋ ការរក្សាសណ្តាប់ធ្លាប់សាធារណៈ សុវត្ថិភាពសនិ្តសុខសង្គម ការដោះស្រាយវិវាទផ្សេងៗតាមរយៈប្រព័ន្ធតុលាការ ការផ្តល់ការអប់រំ ការផ្គត់ផ្គង់សេវាសុខាភិបាលដល់មូលដ្ឋាន ការកសាងប្រព័ន្ធ​ផ្លូវគមនាគមន៍ដឹកជញ្ជូន មន្ទីរពេទ្យ សាលារៀន ប្រព័ន្ធទឹកស្អាត ប្រព័ន្ធធារា សាស្រ្ត អគី្គសនី ទូរគមនាគមន៍។ល។

(នៅមានត)

 

[1] ខៀវ ថវិកា : និតិអន្តរជាតិសាធារណៈ ភ្នំពេញ២០១០ ភាគទី១ ទំព័រ ៧៧។

[2] ឈុន ណារ៉េត :  សេចកី្តផើ្តមវិទ្យាសាស្រ្តនយោបាយ​បោះពុម្ពឆ្នាំ២០០៧ ទំព័រ៤៣-៧០ ។

[3] ឃឹម ឈុនអ៊ី  : និតិសាធារណៈ ប្លង់មេរៀនបង្រៀនថ្នាក់បណ្ឌិតឆ្នាំសិក្សា ២០០៨-២០០៩ ។

[4]ឃឹម ឈុនអ៊ី  : និតិសាធារណៈ ប្លង់មេរៀនបង្រៀនថ្នាក់បណ្ឌិតឆ្នាំសិក្សា ២០០៨-២០០៩ ។

[5] សាកលវិទ្យាល័យបៀលប្រាយ : រដ្ឋបាលសាធារណៈ ឆ្នាំសិក្សា២០០៧-២០០៨ ទំព័រ១។

[6] ឯក ឆេងហួត នីតិរដ្ឋបាលសម្រាប់និស្សិតឆ្នាំទី២ ​នៃសាកលវិទ្យាល័យច្បាប់ចំរើនពហុបចេ្ចកវិទ្យា ឆ្នាំសិក្សា ២០០៣-២០០៤​ទំព័រ១៩។

[7] សុខ គាង : និតិរដ្ឋអំណាច និងមនុស្ស ភ្នំពេញ១៩៩៦​ ទំព័រ៩-១០។

[8] ក្រសួងអប់រំ យុវជននិងកីឡា : សិក្សាសង្គមថ្នាក់ទី៩​ ភ្នំពេញ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ទំព័រ១៨៤។

[9] ក្រសួងអប់រំ យុវជន​និងកីឡា : សិក្សាសង្គមថ្នាក់ទី៩​ ភ្នំពេញ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ទំព័រ១៨៤។

[10] អង្គការ យូអែនឌីភី (UNDP) : ទំព័រ។

[11] ឯក ឆេងហួរៈ នីតិមូលដ្ឋានស្វយ័តបោះពុម្ពឆ្នាំ២០០៣ ត្រង់ទំព័រទី៦។

[12] លោក ឆេនដ៍ល័រ(Chandler) និង លោក ប្លាណូ(Plano) : វចនានុក្រមរដ្ឋបាលសាធារណៈ បោះពុម្ពឆ្នាំ១៩៩៨ ត្រង់ ទំព័រទី៣។

[13]  សាស្រ្តាចារ្យ សយ រាសី : ឯកសារបង្រៀនថ្នាក់បណ្ឌិតផែ្នកគ្រប់គ្រងសាធារណះនៅរាជបណ្ឌិត្យ​សភាកម្ពុជា​ឆ្នាំ​សិក្សា​២០១១-២០១២ មេរៀនទីសី្តពីការកំណត់និយមន័យរដ្ឋបាលសាធារណះ ទំព័រទី១-២។

Be the first to comment

Leave a Reply

Your email address will not be published.


*