លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទី ដឹកនាំប្រជុំដើម្បីរកដំណោះស្រាយស្រាវជ្រាវគម្រោងក្នុងដំណាក់កាលការរាតត្បាតមេរោគកូវីដ១៩

នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ ព្រឹក នៅសាលប្រជុំ​នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានរៀបចំកិច្ចប្រជុំវិសាមញ្ញមួយក្រោមអធិបតីភាពលោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថាន ដោយមានការចូលរួមពី លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំនិងមន្ត្រី វមវស លើរបៀបវារៈ៖ ស្វែងរក​ដំណោះស្រាយស្រាវជ្រាវគម្រោងក្នុងដំណាក់កាលការរាតត្បាតមេរោគកូវីដ១៩ សម្រាប់គម្រោង «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្ត​ទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ (Cambodia’s Vegetable: Production, Supply Chains, Challenge and Practical Resolutions)» និងមានសមាជិកចូលរួម ដូចជា៖

១-លោកបណ្ឌិត ផុន កសិកា

២-លោក ឃិន យ៉ង់

៣-លោក ឈឿន សាវន

៤-លោកស្រីបណ្ឌិត ជា វណ្ណី

៥-លោក យិន ពោ

៦-លោក សួ ប៉ុណ្ណារ៉ាត់

៧-លោក សាន ចេង

៨-លោកបណ្ឌិត ហ៊ឹម ញាណារិទ្ធិ

៩-លោក ហេង សុភី

១០-លោក លី តុង

ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត ផុន កសិកា បានសូមអធ្យាស្រ័យដល់សមាជិកទាំងអស់ដែលបានចូលរួមថ្ងៃនេ ដែលជាពេលវេលា​ស្ថិតក្នុងស្ថានការណ៍នៃការរាតត្បាតមេរោគកូវីដ-១៩ ប៉ុន្តែដោយសារភាពចាំចាំបាច់នៃការងារត្រូវតម្រូវឱ្យមាន​ការអញ្ជើញចូល​រួមប្រជុំ។

មុននឹងចូលដល់របៀបវារៈនៃអង្គប្រជុំ លោកបណ្ឌិតប្រធានស្ដីទិបានរំលឹកដល់ខ្លឹមសារ​អង្គប្រជុំថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភា​កម្ពុជា​​កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ដែលអង្គប្រជុំបានសម្រេចដូចតទៅ៖

-ការស្រាវជ្រាវទៅតាមនាយកដ្ឋានជំនាញ ដោយប្រើប្រាស់ឯកសារមានស្រាប់ (Secondary Data) តាមលទ្ធភាពដែលអាចធ្វើបាន

-ការស្រាវជ្រាវសម្រាប់គម្រោងស្រាវជ្រាវរបស់វិទ្យាស្ថាន និងកិច្ចការផ្សេងៗតាមការណែនាំពីវិទ្យាស្ថាន និង រាជបណ្ឌិត្យសភាកម្ពុជា។

  • ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកបន្ថែមទៀតដែរថាការតែងតាំងថ្នាក់ដឹកនាំនាយកដ្ឋានត្រូវផ្អែកលើសមិទ្ធផលជាក់ស្ដែង មានន័យថា ពេលដាក់សំណើតែងតាំងប្រធាននាយកដ្ឋានណាមួយ ត្រូវភ្ជាប់ជាមួយស្នាដៃស្រាវជ្រាវដែលបានចងក្រងក្នុងអំឡុងពេលមេរោគកូវីដ-១៩ (COVID-19) រាតត្បាត។

ដូច្នេះក្នុងថ្ងៃនេះ លោកបណ្ឌិតយកបញ្ហានេះមកជជែកពិភាក្សាជាមួយនឹងរបៀបវារៈប្រជុំ ព្រោះចង់រករូបមន្តមួយដែលយើង​ជា​អ្នកខិតខំទទួលបានជោគជ័យ និងឈានទៅដល់ការតែងតាំងជោគជ័យទៀត។ លោកបណ្ឌិតក៏សូមស្នើយោបល់ពីសមាជិក​ប្រជុំ​ទាំងអស់គ្នាដើម្បីចូលរួមជាធាតុចូលក្នុងការស្វែងរកដំណោះឱ្យបាន។

ជាបន្ត លោក ឈឿន សាវន ក៏បានលើកឡើងពីការងារក្នុងនាយកដ្ឋានដែលលោកទទួលបន្ទុក មានសមាជិកចំនួន៣រូបដែលតែង​តែ​សហ​ការគ្នាធ្វើកិច្ចបានល្អ។ កន្លងមកនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍ក៏បានសិក្សាឯកសារតាមប្រព័ន្ធអ៊ីន​ធ័រណែតដកយក​ឯក​សារទាក់ទងនឹងការដាំដុះបន្លែបានជាច្រើន។ ជាមួយគ្នានេះដែរ លោកក៏បានលើកអំពីបញ្ហាដែលកើតមានសម្រាប់​ការអនុវត្ត​គម្រោង​ក្នុងពេលដែលមេរោគកូវីដ-១៩រាត្បាត ដូចជាមិនអាចចុះសិក្សានៅតាមបណ្ដាខេត្តបាន, មិនអាចចុះសិក្សានៅ​តាមច្រក​ព្រំ​ដែនបាន។ លោកលើកជាសំណួរសល់អង្គប្រជុំសម្រាប់រកដំណោះស្រាយ។

លោកបណ្ឌិតប្រធានស្ដីទីក៏បានឆ្លើយតបនឹងលោក ឈឿន សាវន ដូចតទៅ៖ ទាក់ទងនឹងបញ្ហាសមាជិកគម្រោង បន្លែកម្ពុជាលែង​មានការដោះដូរទៀត សមាជិកដែលមាននឹងជួយចូលរួមអនុវត្តទាំងអស់គ្នា។ ចំពោះទិសដៅចុះសិក្សាស្រាវជ្រាវ យើងនៅរក្សា​តាម​គោលដៅរបស់ទិសដៅដដែល ប៉ុន្តែយើងអាចកាត់បន្ថយទិសដៅ ឬទីតាំងខ្លះ ប៉ុន្តែលៃយ៉ាងណាយើងនៅរក្សាគោល​បំណង​និងវត្ថុបំណងនៃការស្រាវជ្រាវឱ្យនៅដដែល។ មានន័យថា យើងអាចកែប្រែផែនការខ្លះ និងទិសដៅស្រាវជ្រាវខ្លះ ប៉ុន្តែគោល​បំណង​នៃ​គម្រោងយើងត្រូវតែខិតខំឈានទៅដល់សម្រេចឱ្យបាន។ ទាក់ទងនឹងបញ្ហាថវិកាសម្រាប់ចុះសិក្សាស្រាវជ្រាវ លោក​បណ្ឌិត​​បាន​​បញ្ជាក់ថា លោកបានខ្ចីថវិកាពីគ្រួសារចំនួន១០លានរៀល សម្រាប់ចុះសិក្សាស្រាវជ្រាវមុនពេលថវិការបស់គម្រោង​ទទួល​បានសម្រាប់យកមកអនុវត្ត។

លោកបណ្ឌិតប្រធានស្ដីទីក៏បានស្នើដល់សមាជិកដែលពាក់ព័ន្ធនឹងគម្រោង «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និង​ដំណោះស្រាយ (Cambodia’s Vegetable: Production, Supply Chains, Challenge and Practical Resolutions)» ឱ្យ៖ ១-សរសេររបាយការណ៍លទ្ធផលដែលបានចុះសិក្សាស្រាវជ្រាវនៅខែមករា កុម្ភៈ និងមីនា ឆ្នាំ២០២០ កន្លងទៅ, ២-ចុះសិក្សានៅ​ផ្សារ​ដើមគរអំពីបន្លែដែលដាក់លក់យកមកពីប្រភពណា?, និង ៣-បែងចែងសមាជិកដើម្បីចងក្រង និង សរសេរ នូវទិន្នន័យដែល​យក​ចេញពីប្រព័ន្ធអ៊ីនធ័រណិត។

ជាកិច្ចបន្តលោកបណ្ឌិតប្រធានស្ដីទីក៏ជូនមតិទៅលោក ឃិន យង់ ដែលជាលេខាអចិន្ត្រៃយ៍ ដល់អង្គប្រជុំទាំងមូល។

លោក ឃិន យង់ ក៏បានលើកឡើងថា យើងទាំងអស់គ្នាមានកង្វល់ធំ២គឺ ៖ ១/កង្វល់ការស្រាវជ្រាវគម្រោង ដែលមិនចុះសិក្សាតាម​ផែនការនិងតាមទិសដៅ ទីតាំងដែលបានកំណត់ និង ២/កង្វល់ចំពោះការតែងតាំងឡើងវិញ។ ចំពោះការចុះសិក្សាទៅដល់​ព្រំដែន យើងអាចធ្វើទៅបានដោយប្រុងប្រយ័ត្នដោយចុះទៅហើយវិលមកសម្រាកនៅផ្ទះវិញ និងមិនធ្វើទំនាក់ទំនងជាមួយមនុស្ស ដោយ​គ្រាន់តែសិក្សាអង្កេត។ ចំពោះការតែងតាំង យើងមានលក្ខណៈ២សម្រាប់ វ.ម.វ.ស. ដែលទី១សម្រាប់សមាជិក​ដែលមាន​ឈ្មោះក្នុង​គម្រោង និងទី២សម្រាប់សមាជិកដែលមិនមានឈ្មោះក្នុងគម្រោង។

លោកស្រីបណ្ឌិត ជា វណ្ណី ក៏ជួយផ្ដល់យោបល់ដែរថា ការចុះសិក្សាស្រាវជ្រាវដល់ព្រំដែននឹងមានបញ្ហាប្រឈមនឹង​ការឆ្លងមរោគ​កូវីដ ដូច្នេះយើងគួរសិក្សាតាមប្រព័ន្ធអ៊ីនធ័រណិតវិញ រង់ចាំដល់ស្ថានការណ៍ល្អប្រសើរឡើងវិញ។ សំខាន់ក្នុងពេលនេះគឺ​ត្រូវ​រក្សា​សុខភាព​ឱ្យបានល្អ។ ចំពោះគម្រោងបន្លែគឺត្រូវសិក្សាតាមអ៊ីនធ័រណិតសិនដើម្បីប្រមូលទិន្ន័យមានសម្រាប់(Secondary Data)។ លោកបណ្ឌិត ជា វណ្ណី ក៏សុំជូនយោបល់ថា ការតែងតាំងគួរគិតពីលទ្ធផលដែលមានពីមុនកន្លង​មកផងនិងលទ្ធផលក្នុង​ពេល​មេ​រោគ​កូវីដ-១៩នេះផងដែរ។ ជាចុងក្រោយ លោក​ស្រីបណ្ឌិត បានបង្ហាញអំពីលទ្ធផលដែលបានសិក្សាកន្លងមកទាក់​ទងនឹង​វត្ត​បុរាណ​នៅទូទាងប្រទេសកម្ពុជា។

ជាបន្តលោក លី តុង ក៏បានជូនយោបល់ដល់អង្គប្រជុំថា យើងមិនគួរចុះសិក្សានៅតាមព្រំដែនក្នុងពេលនេះទេ ហើយក៏មិនត្រូវចុះ​សិក្សា​បន្លែនៅផ្សារដើមគរដែរ ព្រោះផ្សារជាទីប្រជុំជនច្រើន ហើយជាទីសើម មិនសូវមានអនាម័យទេ។ លោក លី តុង ក៏បាន​ស្នើ​ដែរថា គួរយកលទ្ធផល ២៤ខែកន្លងទៅ ឬ១២ខែកន្លងទៅ គួបផ្សំជាមួយនឹងលទ្ធផលក្នុងរយៈ​ពេលមេរោគរាតត្បាត​កូវីដ-១៩។

ជាបន្ត លោក យិន ពោ ក៏បានលើកឡើងដែរថា សូមសមាជិកនៃគម្រោងជួយដកស្រង់ទិន្នន័យដែលគាត់បានផ្ញើចូលក្នុង​ក្រុម​តេឡេ​ក្រាមបន្លែ និងស្នើសុំឱ្យមានការចុះទៅយកទិន្នន័យបន្ថែមនៅស្រុកខ្សាច់កណ្ដាល និងអាចសម្ភាសន៍ប្រជាកសិករដាំបន្​លែខ្លះទៀត។

លោកបណ្ឌិតក៏បានឆ្លើយតបទៅនឹងលោក យិន ពោ ថា យើងអាចចុះទៅយកឯកសារពីខាងការិយាល័យកសិកម្មស្រុកបានហើយ មិនបាច់សម្ភាសន៍ប្រជាកសិករទេ នាំឱ្យមានបញ្ហាដល់ការឆ្លង។ ទាក់ទងនឹងការស្នើឱ្យជួយដកស្រង់ទិន្នន័យ លោកបណ្ឌិតស្នើម្ដង​ទៀតដល់លោកប្រធានគម្រោងក្នុងការបែងចែកសមាជិកឱ្យធ្វើកិច្ចការនេះ។ រីឯលោក ឈឿន សាវន ក៏បានសន្យាថានឹងរៀប​ចំបែង​ចែកក្នុងរយៈពេល២ ឬ ៣ថ្ងៃក្រោយ ហើយស្នើសុំឱ្យសមាជិកជួយសហការណ៍គ្នា។

ជាកិច្ច បន្តលោកបណ្ឌិតប្រធានស្ដីទីក៏បានលើកអំពីការផលិតខ្សែវីដេអូឯកសារសម្រាប់គម្រោងបន្លែដែរ ដែលកិច្ចការនេះលោក​ពឹងលើការខិតខំរបស់លោក ហេង សុភី។

លោក ហេង សុភី ក៏បានបង្ហាញពីការខិតខំរបស់លោកក្នុងការស្រាវជ្រាវសរសេរអត្ថបទទាក់ទង​នឹងទេសចរណ៍ក្នុង​ស្ថានការណ៍​កូវីដ-១៩នេះដែរ។

ចំណែក លោក ហ៊ឹម ញាណារិទ្ធ ក៏បានលើកឡើងថា លោកកំពុងបញ្ចប់ការសរសេរអត្ថបទទាក់ទងនឹងទស្សនៈវិជ្ជា ប្រវត្តិអ្នក​ទស្សនៈវិជ្ជា។

នៅកិច្ចបញ្ចប់លោកប្រធានក៏បានថ្លៃងអំណរគុណចំពោះលោកបណ្ឌិត លោកស្រីបណ្ឌិត ដែលបានចំណាយពេលវេលាចូលរួម​ប្រជុំក្នុងថ្ងៃនេះ និងបានជូនពរដល់សមាជិកប្រជុំទទួលបានជោគជ័យ សុខភាពល្អ និងចៀសផុពីមេរោគកកូវីដ-១៩។

អង្គប្រជុំបានបញ្ចប់នៅម៉ោងដប់មួយនិងដប់នាទីព្រឹក ក្នុងថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសស្និទ្ធ​ស្នាល​និងរីករាយ។

Be the first to comment

Leave a Reply

Your email address will not be published.


*