ជំនួបស្វែងរកកិច្ចសហការស្រាវជ្រាវរួមគ្នាលើវិស័យ ប្រវត្តិសាស្ត្ររវាងវិទ្យាស្ថាន និងសាកលវិទ្យាល័យស៊ីដនី

ថ្ងៃសៅរ៍ ១១កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធាន​ស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានជួបជំនុំជាមួយលោកសាស្ត្រាបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ ( Prof. Roland Fletcher) ជាប្រធាន គម្រោងអាណាចក្រអង្គរ (Greater Angkor Project) នៃសាកលវិទ្យាល័យស៊ីដនី (University of Sydney) ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាអំពីកិច្ចសហការរវាងស្ថាប័នទាំងពីរគឺ រាជបណ្ឌិត្យសភាកម្ពុជា និងគម្រោងអាណាចក្រអង្គរ (Greater Angkor Project) លើកិច្ចការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្ររាជធានីសម័យកណ្ដាល។ ក្នុងជំនួបនោះ លោកសាស្ត្រាចារ្យ​បណ្ឌិត រ៉ូឡង់ វ្លែតឆ័រ​ បានបង្ហាញពីដំណើរការស្រាវជ្រាវរបស់គម្រោងអាណាចក្រអង្គរដែលបានសិក្សាស្រាវជ្រាវជាច្រើនឆ្នាំ​នៅ​ក្នុង​​​តំបន់អង្គរ ខេត្តសៀមរាប នៅតំបន់បន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង និងកំពុងសិក្សាស្រាវជ្រាវនៅតំបន់ស្រីសន្ធរដែលជារាជ​ធានីរបស់​ព្រះរាជាខ្មែរក្នុងសម័យកណ្ដាល។ លោកសាស្ត្រាចារ្យក៏បានរៀបរាប់ដែរថា កិច្ចការស្រាវជ្រាវរបស់សាកលវិទ្យាស៊ីដនីក៏​មានកិច្ច​សហការជាមួយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត ផុន កសិកា និងកញ្ញា តាកេត ស័កដា។ លោកសាស្ត្រាចារ្យក៏បានបន្ថែមទៀតថា នៅឆ្នាំ២០២០ ខាងមុខនេះ គម្រោងអាណា​ចក្រ​អង្គរនឹងបន្ដកិច្ចការស្រាវជ្រាវនៅរាជធានីស្រីសន្ធរដើម្បីប្រមូលទិន្នន័យប្រវត្តិសាស្ត្រនៃការផលិតកុលាលភាជន៍ ការតាំងទីលំនៅ មុខរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងសម័យនោះ។ ការងារស្រាវជ្រាវនេះនឹងស្នើសុំកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជាក្នុង​ការស្វែងរកពត៌មាន ក៏ដូចជាប្រវត្តិសាស្ត្រអំពីសម័យកណ្ដាលនៃប្រទេសកម្ពុជាដែលជាសម័យមួយត្រូវបានអ្នកស្រាវជ្រាវគិតថា ជា​​​យុគ្គខ្មៅដែលប្រទេសកម្ពុជាធ្លាក់ក្នុងភាពវឹកវរ គ្រោះអាសន្ន ដោយសារសង្រ្គាមរាំងជុល និងការឈ្លានពានពីបរទេស។ ការ​សិក្សា​ស្រាវជ្រាវនេះនឹងអាចរកឃើញពត៌មានថ្មីៗសម្រាប់បន្ថែមលើពត៌មានដែលខ្វះខាតក្នុងសម័យកណ្ដាល។

លោកបណ្ឌិត ផុន កសិកា ក៏បានបង្ហាញអំពីការទឹកចិត្តសប្បាយរីករាយក្នុងការសហការសិក្សាស្រាវ​ជ្រាវរួមគ្នារវាងគម្រោង​អាណា​ចក្រ​អង្គរ (Greater Angkor Project) ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ និងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យា​សាស្ត្រ​សង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត ផុន កសិកា ក៏បានរៀបរាប់ដែរថា រាជបណ្ឌិត្យសភាកម្ពុជាក្រោមការដឹក​នាំរបស់​​ឯកឧត្តមបណ្ឌិតសភាចា្យ សុខ ទូច តែងតែគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាក្នុង​អនុវត្​តការ​ងារស្រាវជ្រាវ ហើយក៏តែងតែស្វាគមន៍រាល់កិច្ចសហការពីបរទេសលើគ្រប់វិស័យក្នុងគោលដៅសិក្សាស្រាវជ្រាវ។ នៅទី​បញ្ចប់​លោកបណ្ឌិត ផុន កសិកា ថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ ចំពោះកិច្ចសហការនេះ ហើយ​លោកបណ្ឌិតនឹងត្រៀមរៀបចំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ដែលមានផ្នែកប្រវត្តិសាស្ត្រ ដើម្បី​ចុះសិក្សាស្រាវជ្រាវរួមគ្នា ក្នុងឆ្នាំ២០២០។

Be the first to comment

Leave a Reply

Your email address will not be published.


*