លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទី និងកញ្ញា តាកេត ស័កដា មន្ត្រីស្ម័គ្រចិត្តបានជួបជំនុំជាមួយលោកបណ្ឌិត ប្រីស វាំងសង់ ( Dr. Brice Vincent) ជាប្រធានសាលាបារាំងចុងបូព៌ា

ថ្ងៃសុក្រ ១០កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធាន​ស្ដីទី​វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងកញ្ញា តាកេត ស័កដា មន្ត្រីស្ម័គ្រចិត្តនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបជំនុំ​ជាមួយ​លោកបណ្ឌិត ប្រីស វាំងសង់ ( Dr. Brice Vincent) ជាប្រធានសាលាបារាំងចុងបូព៌ាប្រចាំនៅខេត្តសៀមរាប ដើម្បីពិភាក្​សាអំពី​​លទ្ធភាព​ដែលស្ថាប័នទាំងពីរគឺ រាជបណ្ឌិត្យសភាកម្ពុជា និងសាលាបារាំងចុងបូព៌ា អាចសហការគ្នាក្នុងកិច្ចសិក្សា​ស្រាវ​ជ្រាវបាន។ ក្នុងជំនួបនោះ លោកបណ្ឌិត ប្រីស វាំងសង់ បានបង្ហាញពីការរកឃើញថ្មីៗរបស់អ្នកស្រាវ​ជ្រាវសាលាបារាំងចុង​បូព៌ា​នូវទីតាំង​យករ៉ែទង់ដែង និងស្ពាន់ នៅភ្នំពិល ស្ថិតក្នុងចម្ងាយ១០គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ។ ចំណែកលោកបណ្ឌិត ផុន កសិកា ក៏បានបង្ហាញអំពីការរកឃើញថ្មីពីការផលិតទង់ដែង និងស្ពាន់ នៅ​ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ លោកទាំងពីរក៏បានយល់​ព្រមដើម្បី​បង្កើតជាកិច្ចសហការសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ អំពី «ប្រវត្តិសាស្ត្រនៃការផលិត ទង់ដែង និងស្ពាន់នៅប្រទេសកម្ពុជា»។

របកគំហើញនៃការផលិតស្ពាន់ដែលទទួលបានពីការស្លចម្រាញ់ពីរ៉ែស្ពាន់ និងទង់ដែង គឺជាទិន្នន័យថ្មីមួយដែលអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិទាំងឡាយមិនដែលរកឃើញកន្លងមក។ អ្នកស្រាវជ្រាវខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជារកឃើញស្ថានីយផលិតទង់ដែង និងស្ពាន់ ចំណែកឯអ្នកស្រាវជ្រាវជនជាតិបារាំងនៃសាលាបារាំងចុងបូព៌ាបានរកឃើញស្ថានីយយករ៉ែទង់ដែង និងស្ពាន់។ របក​គំហើញ​ទាំងពីរនឹងអាចប្រមូលស្ថាប័នទាំងពីរបង្កើតជាកិច្ចសហការសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅតាមបែបវិទ្យាសាស្ត្រ ដើម្​​បីសិក្សាចងក្រងពត៌មានប្រវត្តិសាស្ត្រប្រទេសកម្ពុជាឱ្យកាន់តែច្បាស់លាស់អំពីចង្វាក់ផលិតកម្មផ្សេងៗរួមទាំងផលិតកម្មទង់ដែង និងស្ពាន់ផងដែរដែលជាធាតុចូលមួយជំរុញឱ្យអាណាចក្រអង្គរក្លាយជា​ចក្រភពរុងរឿងក្នុងតំបន់អាស៊ីអាគ្នេយ៍​ក្នុងរវាងសតវត្ស​ទី៩ ដល់ ១៤។

Be the first to comment

Leave a Reply

Your email address will not be published.


*