ការគ្រប់គ្រងសាធារណៈ

ការគ្រប់គ្រងសាធារណៈ

ដោយសាស្រ្តាចារ្យ ត្រឹង លីម

១.និយមន័យសាធារណៈ

ពាក្យសាធារណៈត្រូវបានប្រើប្រាស់ដើម្បីកំណត់ភាពខុសគ្នា រវាងផ្នែកសាធារណៈ និងផ្នែកឯកជនដែល បានបង្ហាញពីភាព ខុស ប្លែកគ្នារបស់កម្មសិទ្ធិរួមរបស់ពលរដ្ឋ និងកម្មសិទ្ធិឯកជន និងការមិនយកប្រាក់កម្រៃ និងការយកប្រាក់កម្រៃ។ ហេតុដូច្នេះហើយ អ្នកសិក្សាមួយចំនួនលើកឡើងថាវិធីសាស្រ្តគ្រប់គ្រងវិស័យឯកជន មិនអាចយកមកប្រើប្រាស់ក្នុងវិស័យសាធារណៈបាន។ ពាក្យ សាធារណៈ អាចមានន័យទូលំទូលាយជាងនេះ។ ជាឧទាហរណ៍ សេវាសាធារណៈពេលខ្លះធ្វើឡើង ដោយក្រុមហ៊ុនឯក ជនជា ជាងទីភ្នាក់ងាររដ្ឋ។ នេះមានន័យថា រដ្ឋត្រូវតែផ្តល់ធនធាន និងលទ្ធភាព កំណត់ទំនួលខុសត្រូវដល់ក្រុមហ៊ុនឯក ជននោះឲ្យ បាន ច្បាស់លាស់។

២.និយមន័យ គ្រប់គ្រង

ពាក្យគ្រប់គ្រង សំដៅលើសកម្មភាពជាច្រើនផ្សេងៗ ដែលគេប្រើប្រាស់ដើម្បីដឹកនាំនៅក្នុងគ្រួសារ កុលសម្ព័ន្ធ ក្រុមហ៊ុន ស្ថាប័ន​រដ្ឋ​ ប្រទេស តំបន់ ឬពិភពលោកទាំងមូល ដើម្បីសម្រេចបាននូវគោលបំណងជាក់លាក់មួយចំនួន។ ដោយសារចំនួនបុគ្គលិកច្រើន ការគ្រប់គ្រង កាន់តែមានភាពស្មុគស្មាញទៅតាមទំហំនៃស្ថាប័ន រចនាសម្ព័ន្ធមានភាពស្មុគស្មាញ បច្ចេកវិទ្យាខ្ពស់ កិច្ចសហប្រតិ បត្តិកាតទូលំទូលាយ និងភាពផ្សេងគ្នានៃវប្បធម៌ការងារ ។ល។ ការគ្រប់គ្រងត្រូវការជំនាញ និងចំណេះដឹងជាច្រើនដូចជា៖ ការស្វែង យល់ពីអង្គការ វិធីសាស្រ្ត និងបែបបទគ្រប់គ្រង ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ ការត្រួត ពិនិត្យ លើការគ្រប់គ្រង

សវនកម្ម គណនេយ្យ និងការវាយតម្លៃការងារគោលនយោបាយ ក្រមសីលធម៌ការងារ ច្បាប់ការងារ និងវប្បធម៌ផ្សេងៗ នៃ ការងារ។ល។ ជំនាញ និងចំណេះដឹងខាងលើអាចទទួលបានតាមរយៈ មានការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗ បទពិសោ ធន៍ ការងារ សិក្ខាសាលា​ ការប្រឹក្សាយោបល់ និងវគ្គបណ្តុះបណ្តាលជាដើម។ល។

 ៣.ការងារគោលនៃការគ្រប់គ្រង

ការគ្រប់គ្រងដើតួនាទីយ៉ាងសំខាន់នៅក្នុងគ្រប់ស្ថាប័ន។​ គឺកើតចេញមកពីក្រុមអ្នកគ្រប់គ្រងមួយក្រុម ដែលមានទំនួលខុសត្រូវ ក្នុងស្ថាប័នមួយនៅគ្រប់កម្រិត។ ភារកិច្ចរបស់ពួកគេរួមមានការធ្វើឲ្យគោលបំណងរបស់ ស្ថាប័នបានសម្រេច និងការធ្វើឲ្យ ដំណើរការងាររួមប្រព្រឹត្តិទៅរបស់ស្ថាប័ន មានប្រសិទ្ធភាព។ អ្នកគ្រប់គ្រងមានមូលដ្ឋានចំនួនដូចខាងក្រោម៖

          ក. ការរៀបចំផែនការ (Planning)

ការរៀបចំផែនការ ពាក់ព័ន្ធទៅនឹងការកំណត់គោលបំណងរបស់ស្ថាប័ន និងការសម្រេចថា​​តើគោលបំណងទាំងនេះអាច សម្រេច បានដោយរបៀបណា។ អ្នកគ្រប់គ្រងធ្វើការវាយតម្លៃផែនការផ្សេងៗ មុនធ្វើការសម្រេចជ្រើសរើសសកម្មភាព ជាក់ លាក់ណាមួយ និងត្រួតពិនិត្យថា តើផែនការដែលជ្រើសរើស រួចហើយនោះស្របទៅនឹងគោលបំណងដែលបានបង្កើតដែរឬទេ។ ការរៀបចំ ផែនការត្រូវបានគេចាត់ទុក ថាជាការងារគោលនៃការគ្រប់គ្រង ដោយសារការងារគោលផ្សេងទៀត គឺអាស្រ័យ ការរៀបចំផែន ការនេះ។

          ខ.ការរៀបចំ (Organizing)

          ការរៀបចំជាការងាររគោលទី២ នៃការគ្រប់គ្រង វាជាដំណើរការនៃការដាក់ផែនការអនុវត្ត។ ការងារនេះវាពាក់ព័ន្ធ ទៅជា ការប្រើប្រាស់ធនធាន ជាពិសេសធនធានមនុស្សដើម្បីធ្វើឲ្យគោលបំណងទូទៅរបស់ស្ថាប័នបានសម្រេច។ នៅក្នុងន័យនេះ អ្នក គ្រប់គ្រងធ្វើការសម្រចចិត្ត ទៅលើការបង្កើតមុខតំណែង និងកំណត់តួនាទីភារកិច្ច និងទំនួលខុសត្រូវរួម។ ការចាត់ចែង បុគ្គលិក ជាការជ្រើសរើសមនុស្សដែលត្រឹមត្រូវសម្រាប់មុខតំណែងការងារ ក៍អាចចាត់ទុកថាជាផ្នែកមួយនៃផ្នែក រៀបចំផែន ការផងដែរ។

          គ. ការដឹកនាំ​(Directing

          ការងារគោលនៃការគ្រប់គ្រងទី៣ គឺជាការដឹកនាំ និងណែនាំទៅលើបុគ្គលិកជាប្រចាំថ្ងៃ។ នៅក្នុងការដឹកនាំអ្នកគ្រប់គ្រង ណែនាំ បង្រៀន និងលើកទឹកចិត្ត ដើម្បីឲ្យពួកគេបង្កើនសមត្ថភាពសក្តានុពល និងស្របពេលជាមួយគ្នានោះដែរ សម្រេចនូវ គោល បំណងរបស់ស្ថាប័នដែលបានបង្កើត ឡើងនៅក្នុងដំណើរការនៃការបង្កើតផែនការ។ ការដឹកនាំ ឬការណែនាំដែល មានប្រសិទ្ធ ភាព របស់អ្នកគ្រប់គ្រងតម្រូវឲ្យមានការធ្វើទំនាក់ទំនងជាបន្ត បន្ទាប់ជាមួយបុគ្គលិក។

៤. មធ្យោបាយក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព

ដើម្បីគ្រប់គ្រងស្ថាប័នមួយប្រកបដោយប្រសិទ្ធភាព អ្នកគ្រប់គ្រងត្រូវពិចារណាលើចំណុចសំខាន់ៗ​ដូចខាងក្រោម៖

ក. ការត្រួតពិនិត្យ (Controlling)

          ការងារដើម្បីសម្រេចបាននូវគោលការណ៍គ្រប់គ្រង គឺជាការត្រួតពិនិត្យ។ អ្នកគ្រប់គ្រងត្រូវ វាយតម្លៃគោលបំណងរបស់ ស្ថាប័ន ថាតើសម្រេចបានប៉ុណ្ណា។ ដើម្បី បំពេញនូវការវាយតម្លៃនេះ អ្នកគ្រប់គ្រងត្រូវ ត្រឡប់ក្រោយទៅមើលគោលបំណង ដែលបានបង្កើតពីដំបូងនៅក្នុងដំណាក់កាលធ្វើផែនការ និងការងារដែលបានចាត់ចែងហើយ។ ប្រសិនបើមានបញ្ហាសំខាន់ៗ កើត ឡើងនិងគោលបំណងមិនត្រូវបានសម្រេច ដូច្នេះផ្លាស់ប្តូរត្រូវតែធ្វើឡើង នៅក្នុងរចនាសម្ព័ន្ធចាត់ចែង និងគ្រប់គ្រងរបស់ស្ថាប័ន។

          ខ. ការអភិវឌ្ឍ (Developing)

          កាអភិឌ្ឍ គឺជាការបង្កើតឲ្យមានវប្បធម៌ ឬជាការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនមួយដែលបានពង្រឹង និងរក្សាសមត្ថភាពស្នូល របស់ស្ថាប័ន និងជំរុញឲ្យមានភាពរីកចម្រើននូវរចនាសម្ព័ន្ធការងារផ្លូវការរបស់ខ្លួន។

          គ. ការប្រតិបត្តិ (Operating)

ការប្រតិបត្តិ គឺជាការរៀបចំផែនការលម្អិតយោងទៅតាមសមត្ថភាពការងារ ការកំណត់ពេលវេលា និងលំហូរធនធាន។

ឃ. ការធ្វើរបាយការណ៍ (Reporting)

របាយការណ៍ គឺត្រូវធ្វើឡើងទៅកាន់ថ្នាក់លើស្តីអំពី ឳកាស ភាពគម្រាមកំហែង ភាពខ្លាំង និងភាពខ្សោយ កិច្ចខិតខំប្រឹងប្រែង  និងសមិទ្ធផលការងារ។

ង. ការរៀបចំថវិកា និងគណនេយ្យ (Budgeting and Accounting)

          ការរៀបចំថវិកា គឺជាការវាយតម្លៃលើការវិនិយោគ និងគោលនយោបាយផ្សេងៗ ការកំណត់លទ្ធផលនៃការ សម្រេចចិត្ត លើការវិនិយោគ និងគោលនយោបាយ។ ប្រព័ន្ធគណនេយ្យត្រឹមត្រូវផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការកំណែ ទម្រង់នៅប្រទេស ជា ច្រើន។ គណនេយ្យត្រឹមត្រូវជាវត្ថុមួយមានដ៏សំខាន់ក្នុងការធ្វើឲ្យរដ្ឋាភិបាលកាន់តែមានតម្លាភាពការងារ។

          ច. ការផ្តល់សេវាកម្មដល់អតិថិជន (Customer Service)

          មន្រ្តីរាជការអនុវត្តសកម្មភាពទូលំទូលាយថ្មីៗ ជាច្រើនដើម្បីបង្កើនការឆ្លើយតបទៅនឹងសាធារណៈជន។ ដើម្បីបង្កើនការ ទុកចិត្ត​ ការជឿជាក់ និងការគាំទ្ររដ្ឋាភិបាល មន្រ្តីរាជការ ធ្វើការដើម្បីឲ្យសេវាកម្មមានភាពរាក់ទាក់ មានផាសុខភាព និងរលូន។ សេវាសាធារណៈនាពេលបច្ចុប្បន្នធ្វើទៅតាមមតម្រូវការរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលជាច្រើនបានបង្កើតច្រកចេញចូលតែមួយ បច្ចេកវិទ្យា ឬយុទ្ធសាស្រ្តគ្រប់គ្រងដើម្បីឲ្យការផ្តល់សេវាកម្មកាន់តែមានភាពរលូនថែមទៀតសម្រាប់ប្រជាពលរដ្ឋ។

          ឆ. បច្ចេកវិទ្យាព័ត៌មាន (Information Technology)

            បច្ចេកវិទ្យា ជាមធ្យោបាយថ្មី ដែលមានប្រសិទ្ធភាពជម្នះរាល់ឧបសគ្គជាច្រើនក្នុងការងារប្រចាំថ្ងៃ និងអនុញ្ញាតឲ្យមានការ ផ្សារភ្ជាប់ទំនាក់ទំនងរហ័ស និងងាយស្រួល រវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាល ។  បច្ចេកវិទ្យាព័ត៌មានវិទ្យាមិន ត្រឹមតែផ្តល់នូវវិធី សាស្រ្តសម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ វាក៏អាចចូលរួមចំណែកក្នុងការកំណែទម្រង់សេវាសាធារណៈ។

          ជ.  ឯកជនភាវូបនីយកម្ម (Privatization)

          រដ្ឋាភិបាលធ្វើឯកជនភាវូបនីយកម្ម និងផ្តល់សេវាកម្ម របស់ខ្លួនទៅឲ្យវិស័យឯកជនតាមដែលអាចធ្វើទៅបាន និងអភិវឌ្ឍន៍នូវ ការផ្តល់សេវាកម្មជាមួយដៃគូរ ដែលជាក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន។

            ដូច្នេះដើម្បីអនុវត្ត នូវការងារគោលនៃការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព អ្នកគ្រប់គ្រងត្រូវមានជំនាញអន្តរបុគ្គល ជំនាញ រៀបចំំ និងជំនាញបច្ចេកវិទ្យា។ បើទោះបីការងារគោលនៃការគ្រប់គ្រងទាំងនេះ ជាភារកិច្ចរបស់អ្នកគ្រប់គ្រង ប៉ុន្តែវាអាចផ្លាស់ ប្តូរអាស្រ័យលើស្ថានភាព។ អ្នកគ្រប់គ្រងប្រកបដោយប្រសិទ្ធភាអាចធ្វើឲ្យគោលបំណងរបស់ស្ថាប័នមួយបានសម្រេច តាមរយៈ ការបូកបញ្ចូលគ្នានូវមធ្យោបាយនានាជាច្រើន។

៥.ការគ្រប់គ្រងសាធារណៈ

          អ្នកស្រាវជ្រាវមួយចំនួន (២០០៤) បានកំណត់និយមន័យថា ការគ្រប់គ្រងសាធារណៈ ពាក់ព័ន្ធនឹងការអនុវត្ត រចនាសម្ព័ន្ធ និងដំណើរការរបស់ស្ថាប័នសាធារណៈ ដើម្បីធានាឲ្យបាននូវ ការងារល្អរបស់ស្ថាប័ន។ លោក Lynn (២០០៣) មានទស្សនៈថា ៖ ការគ្រប់គ្រងមានភាពពាក់ព័ន្ធចំនួនបី៖ ១) ដំណើការ និងរចនាសម្ព័ន្ធផ្លូវការរបស់រដ្ឋាភិបាល ២) ការអនុវត្ត និងស្នាដៃការងាររបស់ អ្នកគ្រប់គ្រងសាធារណៈ  និង ៣) ជំនឿ និងតម្លៃពិត ប្រាកដ ដែលធ្វើឲ្យស្ថាប័ន និងអ្នកគ្រប់គ្រងសាធារណៈ ពោរពេញដោយ គុណភាពកាលរងារ។

ធាតុផ្សំនៃការគ្រប់គ្រងសាធារណៈ មាន ៣ គឺ៖

ក. រចនាសម្ព័ន្ធរដ្ឋបាល (Administrative Structure)

          ការគ្រប់គ្រងមានរចនាសម្ព័ន្ធច្បាស់លាស់ និងត្រូវបង្កើតឲ្យមានការត្រួតពិនិត្យតាមដានដើម្បីរឹតបន្តឹងការងារថ្នាក់ក្រោម និងអ្នក ពាក់ព័ន្ធផ្សេងទៀត។ ជាការពិតនៅពេលដែលមានរចនាសម្ព័ន្ធរដ្ឋបាលមិនត្រូវបាន កំណត់ទាំងស្រុង ដោយតួអង្គ គ្រប់ គ្រងថ្នក់លើ និងមិនមានការចូលរួមឲ្យបានពេញលេញពីថ្នាក់ក្រោម ប្រសិទ្ធភាព ការងារ នឹងត្រូវបាត់បង់។

 ខ. ការងារគ្រប់គ្រង (Managerial Tools)

ជាមួយនឹងរចនាសម្ព័ន្ធដែលបានបង្កើតហើយ អ្នកគ្រប់គ្រងអាចអនុវត្តយន្តការមួយ វាយតម្លៃគោលនយោបាយ និងកម្មវិធីផ្សេងៗ ដែលក្នុងនោះរួមមាន ការប្រើប្រាស់វិធីសាស្រ្តលើកទឹកចិត្តការងារ និងការសម្របសម្រួល។​

គ. តម្លៃ និងយុទ្ធសាស្រ្ត នៃការគ្រប់គ្រង (Management Values and Strateies)

          ផ្ទុយពីរចនាសម្ព័ន្ធ និងការងារគ្រប់គ្រង តម្លៃ និងយុទ្ធសាស្រ្តគ្រប់គ្រង ឆ្លុះបញ្ចាំងអំពីជម្រើស​នៃការគ្រប់គ្រង ដោយឆ្លើយ តបចំពោះ គោលបំណង បេសកកម្ម ជាអាទិភាព និងការសម្របខ្លួន តាមបរិយាកាសស្ថាប័ន។ ភាពជាអ្នកដឹកនាំ ផ្តល់សិទ្ធិ អំណាចដល់បុគ្គលិក កិច្ចសហប្រតិបត្តិការ សមាហរណកម្មសេវាកម្ម និងការប្រើប្រាស់ ធនធានមនុស្សតាមរយៈ កម្មវិធី និង សកម្មភាពផ្សេងៗ។

៦. ជម្រើសសាធារណៈ

          មានការរិះគន់ជាច្រើនលើរដ្ឋបាលសាធារណៈតាមបែបបូរាណ ហើយក៏មានកំណែទម្រង់ដែលទទួលបានជោគ ជ័យជា ច្រើនផងដែរ ដើម្បីធ្វើឲ្យវិស័យសាធារណៈកាន់តែមានប្រសិទ្ធភាពជាងមុន។  រដ្ឋអំណាច ត្រូវបានលើទឹកចិត្ត ជាសំខាន់ ក្នុងការ ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពដល់សាធារណៈជន។ ដូច្នេះក្នុងស្ថាប័នមួយគេត្រូវការរចនាសម្ព័ន្ធ និង​ដំណើរ ការចាត់ចែងដ៏ត្រឹមត្រូវមួយ។ ចរិតលក្ខណៈ ៣ ប្រភេទនៃអំណាចរដ្ឋដែលត្រូវបានគេជឿថានាំឲ្យរដ្ឋបាត់បង់នូវប្រសិទ្ធ ភាពការងារ ដែលក្នុងរួមមាន ៖ ១) រចនាសម្ព័ន្ធផ្តាច់មុខ    ២) គ្មានសូចនាករវាស់វែងច្បាស់លាស់អំពីការងារស្ថាប័ន និង ៣) ទំហំនៃទីភ្នាក់ ងាររដ្ឋាភិបាល។

ឯកសារយោង

កៅ មុយថុង (២០០៧) រដ្ឋបាលសាធារណៈទំនើប, បណ្ណាគារអង្គរ

រាជរដ្ឋាភិបាលកម្ពុជា (១៩៩៧) ច្បាប់ស្តីពីការងារ,រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាធរសវនកម្មជាតិ, ស្តង់ដារសវនកម្មជាតិសាធារណៈ

Handbook of Public Administration. Eds Jack Rabin, W. Bartley Hildreth, and Gerard J. Miller. 1989: Marcel Dekker, NY. p. iii

Robert and Janet Denhardt. Public Administration: An Action Orientation. 6th Ed. 2009: Thomson Wadsworth, Belmont CA.

Kettl, Donald and James Fessler. 2009. The Politics of the Administrative Process. Washington D.C.: CQ Press.

Jerome B. McKinney and Lawrence C. Howard. Public Administration: Balancing Power and Accountability. 2nd Ed. 1998: Praeger Publishing, Westport, CT. p. 62

UN Economic and Social Council. Committee of Experts on Public Administration. Definition of basic concepts and terminologies in governance and public administration. 2006

Wilson, Woodrow. June, 1887. “The Study of Administration“, Political Science Quarterly 2.

Public administration. (2010) In Encyclopædia Britannica. Retrieved August 18, 2010, from Encyclopædia Britannica Online.

Shafritz, J.M., A.C. Hyde. 2007. Classics of Public Administration. Wadsworth: Boston.

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*