សីលធម៌ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ (Covid-19)

សីលធម៌ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ (Covid-19)

ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធានផ្នែកធម្មសាស្ត្រ និងចរិយាសាស្ត្រ
វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

 សីល​ធម៌ (សីលធម្ម) សីល​ដែល​ជា​ធម៌ ឬ ​សីល​និង​ធម៌ សំដៅលើកិរិយា​មារយាទ សណ្ដាប់​ធ្នាប់ ដំបូន្មាន​ដែល​នាំ​ឱ្យ​ចៀស​វាង​អំពើ​អាក្រក់ ហើយឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ។ ការប្រកាន់ខ្ជាប់នូវសីលធម៌និងគុណធម៌ក្នុងការរស់នៅ ដូចជាការគោរពចាស់ទុំ និងគោរព​ច្បាប់​សង្គមជាតិ គឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ ជាពិសេសការអប់រំដល់មនុស្សជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី។ ការ​ខ្វះសីលធម៌ និងគុណធម៌ ក៏ដូចជាការខ្វះការគោរពច្បាប់សង្គមនោះ វានឹងបង្កនូវការមិនគោរពគ្នា ​ការមិនឱ្យតម្លៃគ្នា ការមិន​ស្រឡាញ់​គ្នា ការមើលងាយគ្នា ការប្រកួតប្រជែងគ្នា ការអាងបុណ្យសក្តិធំ ជាដើម។ ឧទាហរណ៍ បញ្ហាខ្វះសីលធម៌ក្នុង​ការបើកបរ​បង្កនូវការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

នៅពេលថ្មីៗនេះ ជំងឺរលាកសួតដោយវីរុសកូរូណាឬកូវីដ១៩កំពុងរាតត្បាត និង សម្លាប់មនុស្សអស់រាប់ម៉ឺននាក់នៅ​ទូទាំងពិភព​លោក។ ប្រទេសកម្ពុជាក៏កំពុងទទួលរងការរាតត្បាតពីមេរោគមួយនេះដែរ ដែលរហូតមកដល់ថ្ងៃនេះ មានមនុស្សឆ្លងមេរោគ​កូវីដ-១៩ ចំនួន១២២ ក៏ប៉ុន្ដែមិនមានអ្នកស្លាប់ទេ។ មនុស្សខ្លះ នៅពេលឆ្លងមេរោគកូវីដ មានអារម្មណ៍ថាខ្លាចគេរើសអើង។ ស្របគ្នា​នេះដែរ មានមនុស្សខ្លះគិតថា មានទង្វើអសីលធម៌ ឬសីលធម៌ធ្លាក់ចុះក្នុងមានដែលមានជម្ងឺ​កូវីដ-១៩កើតចំពោះ​បុគ្គលណាម្នាក់។ ប្រសិនបើយើងគិតឱ្យបានស៊ីជម្រៅ ​យើងក៏មិនអាចនិយាយថា ដោយសារជំងឺនេះបានធ្វើឱ្យបញ្ហាសីលធម៌របស់មនុស្សធ្លាក់​ចុះនោះទេ ព្រោះយើងដឹងហើយថា ជំងឺរលាកសួតបណ្ដាលពីវីរុសកូរ៉ូណាមេរោគថ្មីនេះ ជាទូទៅអាចឆ្លងចូលទៅក្នុង​ខ្លួនមនុស្​ស​ផ្សេងៗ​ទៀតតាមរយៈ ការក្អក ការកណ្តាស់ ការប៉ះពាល់គ្នា ការខ្វះអនាម័យ ការបរិភោគសាច់ឆៅ សាច់សត្វមានពិស ជាដើម ដ្បិតជំងឺនេះជាជំងឺសាហាវដែលអាចឆក់យកអាយុជីវិតរបស់មនុស្សក្នុងពេលដ៏ខ្លី។ ជំងឺនេះមានរោគសញ្ញា គ្រុនក្ដៅ ហៀរសំបោរ ក្អក ឈឺបំពង់ក ដកដង្ហើមញាប់ ដកដង្ហើមមិនពេញលេញនិងមានដង្ហើមដង្ហក់ដែលធ្វើឱ្យមានការពិបាកក្នុង​ការដកដង្ហើម​ជា​ដើម។ បុគ្គលណាបានកើតនិងឆ្លងជំងឺនេះនឹងប្រឈមនឹងការមិនហ៊ាននៅក្បែរ ឬ ការរត់គេចចេញរបស់បុគ្គលផ្សេងៗទៀត​ ដែល​គេ​​យល់​ថាជាការរើសអើង។ ពីព្រោះគេខ្លាចបុគ្គលដែលមានមេរោគ ចម្លងមេរោគទៅខ្លួនរបស់គេ ដែលទង្វើនេះ គឺជាការ​ការពារ​ខ្លួន​តែប៉ុណ្ណោះ មិនមែនជាការរើសអើង ហើយក៏មិនមែនជាការធ្លាក់ចុះនៃសីលធម៌របស់មនុស្សនោះដែរ។ តួយ៉ាងដូចជា​ជាតិជន​ជាតិ​ចិនដែលជាជនជាតិមួយត្រូវបានទទួលការមិនសូវពេញចិត្តពីសាសន៍ដទៃមុនគេ ដ្បិតថាពួកគាត់បានកើតជំងឺកូរ៉ូណា​នេះ​ដំបូង​​​គេ។ គ្រាន់តែត្រឹមដំណាច់ខែមករាដើមឆ្នាំ២០២០ កន្លងទៅប្រទេសចិនដែលមានប្រជាជន១៣៨៦លាននាក់ និងជារដ្ឋ​អធិប​​​តេយ្យ​មួយក្នុងចំណោមរដ្ឋអធិបតេយ្យ១៩៣ប្រទេស បានបាត់បង់អាយុជីវិតប្រជាពលរដ្ឋខ្លួនអស់ជាង២០០នាក់ ខណៈ​ជិត​១០០​០០​នាក់ទៀតស្ថិតក្នុងដំណាក់កាលតាមដាន ដោយសារតែវិជ្ជមាននូវវីរុសកូរ៉ូណា ឬកូវីដដ៏កំណាចនេះនៅក្នុងខ្លួន​របស់ពួក​គេ ហើយ​ដោយ​សារតែវីរុស​នេះ ទើបបានបង្កឱ្យប្រទេសស្ទើរតែទូទាំងពិភពលោកមានការឆ្លងរាលដាល​នូវជំងឺនេះរហូត​មក​​ដល់​សព្វ​ថ្ងៃ។

សព្វថ្ងៃដោយសារតែជំងឺនេះ បានធ្វើឱ្យពិភពលោកចាប់ផ្ដើមមានទុក្ខព្រួយជាខ្លាំង ព្រោះស្ថានភាពកើតមាននៅចិនបាន​សាយ​​​ភាយមកកាន់ប្រទេសនានាក្នុងនិងក្រៅតំបន់អាស៊ី។ មជ្ឈដ្ឋានខ្លះយល់ថា ដូចជាយឺតពេលណាស់ដែលចិនបិទទីក្រុង បិទជើង​ហោះហើរពលរដ្ឋខ្លួនទៅបរទេស ក្រោយពីមេរោគកូរ៉ូណាបានវាយលុកចេញពីក្រុងអ៊ូហាន។ ការបិទទីក្រុងធ្វើឱ្យក្រុងអ៊ូអរ​មួយនេះ ប្រែទៅជាស្ងាត់ជ្រងំ គ្មានចរាចរណ៍ បិទ​ទីផ្សារ គឺប្រៀបបានជាទីក្រុងដែលគេទុកចោល។ អ៊ូហានជាទីក្រុងធំមួយ ស្ថិតនៅភាគ​កណ្តាល​ប្រទេសចិន ត្រូវបានវាយលុកដោយមេរោគម្យ៉ាងដែលជាពពួកមេរោគផ្ដាសាយធំមានឈ្មោះថា វី​​រុសកូរ៉ូណាប្រភេទថ្មីកូវីដ១៩ ហើយវាបានបង្កឱ្យមនុស្សក្នុងក្រុងរាប់សិបនាក់ធ្លាក់ខ្លួនឈឺផ្ទួនៗនៅ​ក្នុងខែធ្នូ ​ឆ្នាំ​២០១៩កន្លងទៅ។ អ្នកជំងឺទាំង​នោះ​ត្រូវ​បានគេរកឃើញថា ជាអ្នករស់នៅតំបន់ផ្សារលក់គ្រឿងសមុទ្រអ៊ូណាន ហើយជាអាជីវករ​សាច់ត្រី និងគ្រឿងសមុទ្រ។ មក​ដល់សប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០២០ ​វីរុសនេះបានអង្រួនពិភពលោក ព្រោះក្រោយពីធ្លាក់ខ្លួនឈឺ អ្នកជំងឺទាំងនោះ​បាន​ស្លាប់​ជាបន្ដបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ វីរុស​ដែលសាហាវធ្វើឱ្យគេខ្លាចរអា មិនទាន់មានអ្នកវិទ្យាសាស្រ្ដជំនាញសុខាភិ​បាលណា​ម្នាក់​រកឃើញថា វាមានប្រភពមកពីអ្វីឱ្យពិតប្រាកដនោះនៅឡើយទេ? គឺវាប្រៀបបាននឹងវីរុសដ៏អាថ៌​កំបាំង។ អ្នកដែលមានប្រព័ន្ធ​ស៊ាំ​ខ្សោយត្រូវបានគេចាត់ទុកថា ជាជនងាយរងគ្រោះបំផុត ព្រោះ​មេរោគនឹងឆ្លងតាមប្រព័ន្ធផ្លូវដង្ហើម ដែលបញ្ចេញដោយ​ម៉ូលេ​គុលទឹកមាត់ ដោយការក្អក និងកណ្ដាស់ ហើយអាចធ្វើឱ្យអ្នកជិតខាងឆ្លងបានជាបន្ដបន្ទាប់។ ដើម្បីសុខុមាលភាពនៃ​មនុស្សជាតិ មុន​នឹងប្រកាសពីភាពអាសន្ន អង្គការសុខភាពពិភពលោក(WHO) ក៏បានប្រកាសពីវិធីការពារខ្លួនជាបន្ដ​បន្ទាប់ពីជំងឺនេះដោយ​ផងដែរ ដោយមិនឱ្យភ្លេចពីការលាងដៃជាមួយ​សាប៊ូ ​​អាល់កុល ឬជែលអាល់កុល និងត្រូវខ្ទប់មាត់និង​ច្រមុះ នៅ​ពេល​ក្អក​និង​កណ្ដាស់ដោយយក​កន្សែង ក្រម៉ា ក្រដាស ឬដោយ​កែងដៃ ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​​គ្រុនក្ដៅ និងក្អក ឬផ្ដា​សាយ និងត្រូវចម្អិន​សាច់និងស៊ុត​ឱ្យបានឆ្អិនល្អ ជៀសវាង​ប៉ះពាល់​ជាមួយសត្វព្រៃ​រស់ ឬកន្លែង​ចិញ្ចឹមសត្វ​ដោយ​គ្មាន​ពាក់​សម្ភារ​ការពារ​ខ្លួន ដ្បិតជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសនេះ អាចចូលមកពិឃាតជីវិតមនុស្សយ៉ាងសម្ងាត់ និងលឿនបំផុតដែល​ធ្វើឱ្យគេ​មិនហ៊ាន​នៅក្បែរអ្នកជំងឺ ​ជាពិសេសគឺអ្នកជំងឺមានប្រភពមកពីអ៊ូហាន ឬជាជនជាតិចិន។ នាឱកាសនោះ វិធានការចំនួន៤ ត្រូវបានសហ​គមន៍​អន្ដរជាតិបានធ្វើទៅលើចិន គឺធ្វើទៅលើប្រជាជនខ្លួនឯងដែលរស់នៅប្រទេសចិន និងជនជាតិចិនដែលរស់នៅក្នុងប្រទេស​របស់ពួកគេ។ វិធានការចំនួនបួននោះរួមមាន ការជម្លៀសពលរដ្ឋរបស់ប្រទេសពួកគេចេញពីចិន ខេត្តហឺប៉ី និងខេត្តនានា ការបិទ​ជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ធំៗ ការបិទទិដ្ឋាការសម្រាប់ជនជាតិចិន និងប្រទេសជុំវិញចិនក៏បានចាប់ផ្ដើម​បិទព្រំ​ដែន។ បើតាមគេហទំព័រសារព័ត៌មាន Newsweek ស្ទើរតែគ្រប់ប្រទេសទាំងអស់ដែលមានព្រំដែននឹងចិន បានសម្រេចចិត្តបិទ​ព្រំ​ដែន​តាមរយៈកិច្ចព្រមព្រៀងពីចម្ងាយជាបន្ដ​បន្ទាប់ ដូចជា ហ្កានីស្ថាន ប៊ូតាន ឥណ្ឌា កាសាស្តាន គីហ្គីស្តាន ឡាវ ម៉ុងហ្គោលី មីយ៉ាន់​ម៉ា ណេប៉ាល់ កូរ៉េខាងជើង ប៉ាគីស្ថាន តាជីគីស្ថាន វៀតណាម និងរុស្ស៊ីចុងក្រោយគេ។ បន្ទាប់មកនៅយប់ថ្ងៃទី២៩មករា យន្ដហោះអាមេរិកនិងជប៉ុនបានចូលដឹកពលរដ្ឋរបស់ខ្លួនសរុបគឺជិត៥០០នាក់ពីទីក្រុងអ៊ូហាន ព្រមទាំងព្រមានពលរដ្ឋខ្លួនថា បើ​មិនមានការចាំបាច់មិនត្រូវទៅចិនទេ។ ចំពោះអង់គ្លេសវិញ នាយប់ថ្ងៃទី៣០មករា គឺបានស្នើចិនអនុញ្ញាតឱ្យបើកក្រុងបន្តិច ដើម្បីជម្លៀសពលរដ្ឋខ្លួនមកកាន់មាតុភូមិវិញ ដោយអង់គ្លេសបានយកយោធាទៅសង្គ្រោះទៅជាមួយផងដែរ។ បើតាមសារព័ត៌​មាន​ញ៉ូវយ៉កថាម បានរាយការណ៍ថា ក្នុងនោះប្រទេស បារាំង កូរ៉េខាងត្បូង ម៉ារ៉ុក អាល្លឺម៉ង់ កាហ្សាក់ស្ថាន អង់គ្លេស កាណាដា រុស្សី ហូល្លង់ ភូមា និងអូស្ត្រាលី ក៏គ្រោងនឹងជម្លៀសពលរដ្ឋខ្លួនពីអ៊ូហានដែរ។ ក្នុងចំណោមប្រទេសដែលបិទព្រំដែននោះ ក៏មាន​ប្រទេស​បិទទិដ្ឋាការផងដែរ តែជម្រើសមួយនេះ ត្រូវបានគេមើលឃើញជាពិសេស គឺនៅតំបន់អាស៊ីអាគ្នេយ៍ដែលដំបូងគេ គឺហ្វីលីពីន មេដឹកនាំកំពូលឌូឌឺតេ បានប្រកាសស្ទើរជារៀងរាល់ថ្ងៃពីវិធានការទប់ស្កាត់ការបិទទិដ្ឋាការអ្នកដំណើរចិន តែទីបំផុត​ប្រទេសនេះក៏បានឆ្លងមួយករណី។ បន្ទាប់​​មកវិធានការដដែលនេះបាននាំឱ្យម៉ាឡេស៊ី វៀតណាម ធ្វើតាម ហើយសិង្ហបុរី និងថៃ​កំពុងស្ថិតក្នុងការពិចារណា។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ធំៗ ក៏បានផ្អាកនិងកាត់បន្ថយ    សេវាកម្មដល់​ប្រទេសចិន​រួមមាន ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសអ៊ែរវ៉េ  EU Airline ក្រុមហ៊ុនអាកាស  ចរណ៍អាល្លឺម៉ង់ Lufthansa ក្រុមហ៊ុនអាកាសចរណ៍​អាមេរិក KLM និង United។ ចំណែកក្រុមហ៊ុន Toyota Volkswagen IKEA Starbucks Tesla ក្រុមហ៊ុន McDonald’s និង​ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn បានបិទហាងជាបណ្ដោះអាសន្ននៅចិនព្រមទាំងព្រមានដើរចេញពីប្រទេសចិន។ ដើម្បីជាការ​ឆ្លើយតបវិញ រដ្ឋាភិបាលនៃទីក្រុងប៉េកាំង​បានសម្រេចថា នឹងបញ្ជូនយន្តហោះទៅដឹកប្រជាជនដែលមានស្រុក​នៅកំណើតនៅ​ខេត្តហ៊ូប៉ី (Hubei) ពីបណ្តាប្រទេសនានា ត្រឡប់មកវិញឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះប្រទេសមួយចំនួន បានសម្រេចផ្អាក​​ជើងហោះហើរជាមួយចិន ដែលជាហេតុធ្វើឱ្យប្រជាជនចិនទាំងនោះ មិនអាចត្រឡប់មកប្រទេស​កំណើត​វិញ​បាន។ អាកាសចរណ៍ស៊ីវិលចិនបានរាយការណ៍ឱ្យដឹងថា មុនបិទទីក្រុងប្រជាជនក្រុងអ៊ូហានបានហោះហើរ​ទៅកាន់គោល​ដៅ​ជាច្រើន គឺស្ទើរតែកន្លះលាននាក់ក្នុងចំណោមប្រជាជនអ៊ូហានសរុប១១លាននាក់។ ក្នុងនោះគឺមានទៅសិង្ហបុរី និងថៃជិត១ម៉ឺន​នាក់ ដែលចំនួននេះគឺច្រើនជាងប្រទេសណាៗទាំងអស់។ នៅថ្ងៃទី៣១មករា ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Xiamen នឹង​ទៅ​ដឹក​ជនជាតិ​ចិន​ពី​ទីក្រុង Kota Kinabalu ក្នុងប្រទេស​ម៉ាឡេស៊ី និង​ទីក្រុងបាងកក ​ប្រទេស​ថៃ។ នៅក្នុង​ទីក្រុង​បាងកក គឺមាន​ជនជាតិ​ចិន​មកពី​ខេត្តហ៊ូ​ប៉ី​ ចំនួន១១៧​នាក់ កំពុង​ជាប់គាំង​នៅ​ទីនោះ ហើយ​១០០​នាក់​ទៀត​ក្នុង​ទីក្រុង Kota Kinabalu ដែល​បង្ហាញ​ឆន្ទៈ​ចង់ជិះ​យន្តហោះ​នេះ​ត្រឡប់មក​ក្រុងអ៊ូ​ហានវិញឆាប់ៗ​តាម​ដែលអាច​ធ្វើបាន​។[1]

រាល់ នីតិបុគ្គល ក្រុមហ៊ុន និងរដ្ឋទាំងអស់ដែលធ្វើរបៀបនេះដូចបានរៀបរាប់ខាងលើ គឺដើម្បីបង្ការហានិភ័យអាយុជីវិតពលរដ្ឋ​សញ្ជាតិពួក​​គេដែល​​ត្រូវបានចាត់ទុកថា ជាការធ្វើឡើងដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយចិន ខណៈចិនកំពុង​មាន​បញ្ហា ហើយទង្វើទាំងនេះ ក៏យើងមិនអាចចាត់ទុកថា ជាការធ្លាក់ចុះលើផ្នែកសលីធម៌ដែរ។

នៅបណ្ដាប្រទេសអាស៊ី អង្គការសុខភាពពិភពលោកបានយកថ្ងៃចុងខែមករា ប្រកាសអាសន្នកម្រិតពិភពលោក ព្រោះតួលេខអ្នក​ស្លាប់ដោយជំងឺកូវីដ១៩ បានកើនឡើងជាង២០០នាក់ តែព្យាបាលជាសះស្បើយបានចំនួន១៨៧នាក់ក្នុងចំណោមអ្នកមានផ្ទុក​មេរោគ​ជិត១០០០០នាក់។ អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យប្រទេសទាំងអស់ការពារខ្លួន តែមិនត្រូវបោះបង់ចោលការ​សហប្រតិបត្តិការជាមួយអន្ដរជាតិនោះទេ​ គឺត្រូវរួមគ្នាវាយបង្រ្កាបជំងឺកំណាចនេះជាមួយចិន។ យ៉ាងណាចិនខ្លួនឯង បានប្ដេជ្ញាថា​នឹងបង្ក្រាបជំងឺកំណាចដែលឆក់យកជីវិតពលរដ្ឋរបស់គេជាបន្ដបន្ទាប់ តែក៏មិនចោលការស្វាគមន៍កិច្ចសហប្រតិបត្តិការផងដែរ។ ការសហប្រតិបត្តិការនេះ ចិនបានស្វាគមន៍ជាពិសេសនឹងអង្គការសុខភាពពិភពលោក និងបណ្ដាអង្គការអន្ដរជាតិដទៃទៀត​ ខណៈ​អាមេរិកព្យាយាមទៅត្រួតពិនិត្យស្ថានការណ៍ជំងឺនៅអ៊ូហាន។ ចំណែកអូស្រ្ដាលី ជប៉ុន ហុងកុង កំពុងស្វែងរកវ៉ាក់សាំងការ​ពារ​ដែលត្រូវបានវាយតម្លៃថា នឹងចំណាយពេលដល់ទៅមួយត្រីមាស។ ក្នុងពេលជាមួយគ្នានោះដែរ ក៏មានអតីតអ្នក​ចារកម្​ម​អ៊ីស្រាអែលម្នាក់បានយល់ថា មេរោគនេះបានធ្លាយចេញពីវិទ្យាស្ថានជីវសាស្រ្ដដែលមានចម្ងាយប្រមាណ៣០គីឡូ​ម៉ែត្រពីតំបន់​ផ្ទុះ​​មេរោគ គឺលោកសង្ស័យថា មេរោគនេះ ចិននឹងយកទៅបង្កដើម្បីសង្គ្រាមជីវសាស្រ្ដក៏ថាបាន។ តែយ៉ាងណា ចិនបានច្រាន​ចោល​ព័ត៌មានដែលចុះផ្សាយដោយ​សារពត៌មានអន្ដរជាតិមួយចំនួនពីរឿងរ៉ាវនេះ។ ចំពោះការចោទប្រកាន់ និងការបដិសេធនេះ បើ​យើងយកបញ្ហាសីលធម៌មកនិយាយវិញ គឺមនុស្សជាតិនៃពិភពលោកយើងនៅមានសីលធម៌ និងគុណធម៌ខ្ពស់ណាស់ចំពោះ​សុខុ​មាលភាពមនុស្សជាតិ ដ្បិតមិនត្រឹមតែអង្គការសុខភាពពិភពលោកមិនទុកឱ្យចិនឯកោដូចជាការរើសអើងនោះទេ។ នៅមាន​មេ​ដឹកនាំបណ្ដាប្រទេសមួយចំនួនបង្ហាញពីសាមគ្គីភាពនឹងចិន ក្នុងការឈរទប់ទល់នឹងជំងឺកូវីដ១៩ នេះ​ដែរ។ លោក មូនចេអ៊ីន ប្រធា​នាធិបតីកូរ៉េខាងត្បូង បានថ្លែងសង្កត់ន័យធ្ងន់ៗក្នុងសន្និសីទចំពោះមុខទូរទស្សន៍ប្រព័ន្ធឃោសនានានាថា អាវុធដើម្បីការពារ​ខ្លួន​​យើងពីកូវ៉ូណាវីរុសប្រភេទថ្មីនេះ ពុំមែនជាភាពភ័យខ្លាច និងការស្អប់ខ្ពើមទេ ក៏ប៉ុន្តែគឺកិច្ចសហប្រតិបត្តិ និងជំនឿចិត្ត។ លោក​បានចេញមុខមកធ្វើសន្និសីទសារព័ត៌មាននេះ គឺដើម្បីបង្ហាញពី​ចំណាត់ការ​ក្តៅ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ (Fake News) ពាក់​ព័ន្ធ​រឿង​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ភាព​ភិតភ័យ​ដល់​ពលរដ្ឋ​។ ចំណែកមេដឹកនាំថៃលោក ប្រាយុទ្ធចាន់អ៊ូចា ក៏បានកោតសរ​សើរ​ដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន ដែលបានព្យាបាលជនជាតិចិន៥នាក់ជាសះស្បើយពីជំងឺនេះ។   រដ្ឋាភិបាលថៃថា មិនត្រឹម​តែ​ត្រួត​​ពិនិត្យមើលអ្នកដំណើរមកពីអ៊ូហានទេ ប៉ុន្តែត្រូវតាមដានរាល់បណ្តាអ្នកមកពីគ្រប់ប្រទេសដែលមានហានិភ័យ ដោយ​វាស់កម្ដៅពេលដើរ តាមរយៈកាមេរ៉ា។ ប្រសិនបើជនសង្ស័យត្រូវបានគេរកឃើញថា មានផ្ទុកមេរោគនោះ គេនឹងត្រូវ​បញ្ជូន​ទៅ​សង្កេតមើលរោគសញ្ញា និងព្យាបាលដោយមិនគិតពីអ្នកដែលមកពីប្រទេសណាក៏ដោយ គឺត្រូវតែទទួលបានការស្វាគមន៍ ពីព្រោះ​ពួកគេត្រូវបានចាត់ទុកថាជាភ្ញៀវរបស់ប្រទេស។ លោកប្រាយុទ្ធបានបន្តថា គ្មានសុខទុក្ខអ្វីសំខាន់ជាងសុខ​ទុក្ខរាស្រ្ដ​នោះទេ។ យ៉ាងណាមិញ ចំពោះមេដឹកនាំកម្ពុជា នៅពេលដែលរកឃើញមានវីរុសកូរ៉ូណាមួយ​ករណីនៅក្រុងព្រះសីហនុ​នោះ សម្តេចនាយក​រដ្ឋមន្រ្ដី ហ៊ុន សែន បានសម្រេចចិត្តដោយមិនជម្លៀសប្រជាជនខ្លួនពីទីក្រុងអ៊ូហាន ឬ ចិននោះទេ គឺសម្តេចបានឱ្យពេទ្យ​ព្យា​បាល​ជនជាតិនោះដោយយកចិត្តទុកដាក់បំផុតរហូតទទួលបានជោគជ័យក្នុងការព្យាបាលផងដែរ។ ស្ថិតក្នុងកាលៈទេសៈដ៏គួរឱ្យព្រួយបារម្ភនេះ មេដឹកនាំជាច្រើនក្នុងពិភពលោកបានចេញមកអូសទាញស្មារតីប្រជាជាតិខ្លួន កុំឱ្យ​មាន​​ចរិតរើសអើងចិនដោយសារជំងឺកូវីដ១៩នេះ ដោយលើកឡើងថា ជំងឺមិនកំណាចដល់ជំងឺភ័យខ្លាចជ្រុល និងបុរេស្អប់ខ្ពើម​ដែល​មានក្នុង​ខ្លួនមនុស្សជាតិនោះទេ។

តាមរយៈហេតុការណ៍ខ្លះ មានមនុស្សមួយចំនួនបានលើកឡើងថា ​ពិភពលោក​ហាក់​បាន​ធ្លាក់​ចុះ​ផ្នែក​សីលធម៌និង​ចរិត​មនុស្សធម៌​ ខ្វះ​ការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​រស់រាន​មានជីវិត។ ជាក់ស្តែងមាន​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​បាន​អនុញ្ញាត​ឱ្យ​នាវា Westherdam ដែល​ផ្ទុក​មនុស្ស​ជិត​២​០០០ ​នាក់​​ចូល​ចត​នៅ​ក្នុង​ប្រទេសរបស់ខ្លួន ដោយសារការភ័យខ្លាច​ការឆ្ងលជំងឺ​កូវីដ​​​១៩​នេះ។ ប្រការនេះយើងក៏មិនអាចនិយាយថាប្រទេសទាំងនោះធ្លាក់ចុះនូវសីលធម៌ដែរ ដ្បិតគេខ្លាចអ្នកនៅកប៉ាល់នោះ ចម្លង​មេរោគដ៏កាចសាហាវនេះដល់ប្រជាជនរបស់ពួកគេ គ្រាន់តែថាប្រទេសទាំងនោះខ្វះវិធានការក្នុងការចាត់ចែងទទួល។  ប៉ុន្តែ​សម្រាប់​កម្ពុជា គឺសម្តេច ហ៊ុន សែន ដែលជាមេដឹកនាំកម្ពុជា បាន​អនុញ្ញាតឱ្យកប៉ាល់នោះ​ចូល​ចត ដោយយល់ពីតម្លៃ​មនុស្ស​ធម៌និងសិទ្ធិក្នុងការរស់រៀនមានជីវិត។ ទង្វើនេះបានបង្ហាញពិភពលោកថា កម្ពុជាកំពុងឈរលើមូលដ្ឋានសីលធម៌និងគុណ​ធម៌​ខ្ពស់ ដែលយើងសឹងតែអាចនិយាយថា       មិនមានបណ្តាអារ្យប្រទេសមួយចំនួនធ្វើបាន។

ក្រៅពីការមានសីលធម៌ក្នុងការយល់ពីតម្លៃមនុស្សធម៌ និងសិទ្ធិក្នុងការរស់រៀនមានជីវិត សីលធម៌នៃការទទួលខុស​ត្រូវក្នុង​តួនាទី​ការងាររបស់ខ្លួនក៏ដូចជាការលើកទឹកចិត្ត ក៏មានព្រមជាមួយគ្នាផងដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង​កោត​សរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាពិសេសបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ដែលបានខិតខំអនុវត្តគោល​នយោបាយ​សុខា​ភិ​បាលនិងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។ ការផ្តល់សេវាអប់រំសុខភាព ការបង្ការជំងឺ ការពិនិត្យព្យាបាល និងការថែទាំសុខភាពជូនប្រជាជន គឺជាការងារអាទិភាពរបស់យើងក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​ការ​រីករាលនៃជំងឺកូវីដ១៩។ ការការពារការឆ្លងមេរោគ មានដូចជាការកុំឱ្យចាប់ដៃស្វាគមន៍ពេលជួបគ្នា គឺត្រូវប្រើវប្បធម៌ដ៏ល្​អរ​បស់ខ្មែរ​ដែលេពេលជួបគ្នា ត្រូវលើកដៃជម្រាបសួរគ្នា ដើម្បីបង្កាជំងឺកូវីដ១៩ ក៏ដូចជាឱ្យមានការពិចារ​ណា​ការឧបត្ថម្​ភផ្សេងៗ​ក្នុងករណី​មានអ្នកកើតជំងឺកូវីដ។[2]

ចំពោះមុខនៃវិបត្តិសុខភាពពិភពលោក ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ​សម្តេច​អគ្គ​មហាសេនាបតី តេជោ ហ៊ុន សែន បានចាត់វិធានការជាកញ្ចប់ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីជំងឺនេះ ទាំងវិធានការការពារ​សុខុមាល​​ភាពប្រជាពលរដ្ឋ និងវិធានការសេដ្ឋកិច្ច។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានរៀបចំវិធានការដើម្បីជួយដល់កម្មករ កម្មការិនី ដែលប្រឈមនឹងការបាត់បង់ការងារដោយសារតែរោងចក្រសុំព្យួរសកម្មភាព ដ្បិតកង្វះវត្ថុធាតុដើម។ ខណៈពិភព​លោកទាំង​មូលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នាយករដ្ឋមន្ត្រីកម្ពុជា បានពុះពារយ៉ាងខ្លាំង ទាំងផ្តល់ការលើកទឹកចិត្ត និងការសម្រេចអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងកំពង់ផែអន្តរជាតិព្រះសីហនុ ខណៈប្រទេស៤ កោះ​ចំនួន២ បានបដិសេធមិនឱ្យនាវាយក្សនេះចូលចតដោយសារតែភ័យខ្លាចជំងឺកូវីដ១៩។​ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាជន​ចិន​បានប្រសិទ្ធនាមចំពោះកាយវិការមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះប្រទេសជាមិត្តរបស់ខ្លួនក្នុងគ្រាលំបាកនេះថា «បុរស​សង្ហាដើរបញ្ជ្រាសទិស» ខណៈមេដឹកនាំនៃប្រទេសផ្សេងៗ មិនហ៊ានទៅកាន់ប្រទេសចិន ហើយពិភពលោក​ក្នុងសតវត្សរ៍​ទី២១នេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ជំងឺកូវីដ១៩ គ្មានអ្វីគួរឱ្យភ័យខ្លាចឡើយ ប៉ុន្តែជំងឺភ័យខ្លាចបាន​ជារឿង​ដែល​គួឱ្យភ័យខ្លាច។ ការភ័យខ្លាចនៃជំងឺនេះបានរុញច្រានឱ្យមានការរើសអើងជាតិសាសន៍ រើសអើងមនុស្សនៅក្នុងសង្គម។ ការភ័យ​ខ្លាចបានធ្វើឱ្យមនុស្សមួយចំនួនបាត់បង់នូវភាពម្ចាស់ការ បាត់បង់ជំនឿចិត្តលើខ្លួនឯង។

         តើយើងអាចនិយាយបានទេថា ការប្រឈមនឹងជំងឺកូវីដ១៩នេះ ធ្វើឱ្យមនុស្សធ្លាក់ចុះនូវសីលធម៌? ស្របគ្នានឹងសកម្មភាព​មនុស្សធម៌ដែលបានបង្ហាញតាមរយៈការសាមគ្គីភាពដ៏រឹងមាំជាធ្លុងមួយជួយគ្នាគ្រប់ពេលវេលារបស់ប្រជាជនកម្ពុជា​ដែល​គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រ​ដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ? តាមរយៈ​កាយវិការនេះ យើងអាចនឹងធ្វើឱ្យជំងឺនេះជៀសផុតពីការឆ្លងកម្រិតអាសន្ននៅកម្ពុជា ហើយប្រជាពលរដ្ឋនឹងចាកផុត​ពីជំងឺរាត​ត្បាតនេះតាម       រយៈការអនុវត្តបទដ្ឋាន អនាម័យជាប្រចាំ និងគ្មានការភ័យខ្លាចចំពោះជំងឺដែលអាចបង្ការបាននេះឡើយ ដោយ​យើង​​​រួម​គ្នាកម្ចាត់ជំងឺកូវីដ១៩ទាំងអស់គ្នា និងចូលរួមអនុវត្តវិធានការដែលដាក់ចុះដោយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋា​ភិបាលកម្ពុជា ដើម្បីប្រឆាំងនឹងវិបត្តិជំងឺកូវីដ១៩។ ចំពោះមុខនឹងការប្រឈមមុខការរាតត្បាតនៃមហន្តរាយដែល​កំពុងតែវាយលុក​ពិភពលោកបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចុះនូវកញ្ចប់វិធានការលើផ្នែកសុខុមាលភាព សាធារណៈនិងសេដ្ឋកិច្ចសង្គម ដើម្បីបង្ការនិងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយជំងឺកូវីដ១៩។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែល​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យក្រសួងស្ថាប័នទាំងរដ្ឋនិងឯកជន ព្រមទាំងពលរដ្ឋម្នាក់ៗត្រូវចាត់ទុកថា ជាការ​ងារអាទិភាពទី១ និងចាំបាច់បំផុត

វិធានការដែលបានត្រៀមរៀបចំមុនពេលបុរសជនជាតិខ្មែរម្នាក់ត្រូវបានរកឃើញថាបានឆ្លងវីរ៉ុសកូវីដ១៩ ពីបុរសជនជាតិ​ជប៉ុន​​ម្នាក់ដែលធ្វើការនៅកន្លែងជាមួយគ្នា នៅទីរួមខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ គឺអ្នកជំងឺត្រូវបានព្យាបាល និងថែ​ទាំ​​យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ជាមួយ​​​​គ្នានេះ ក្រុមគ្រួសារ៣នាក់ផ្សេងទៀតរបស់គាត់រួមជា​មួយអ្នក​មាន​​ទំនាក់ទំនងនឹងអ្នកជំងឺជនជាតិខ្មែរ និងជប៉ុនសរុបជិត៣០នាក់នោះ ត្រូវបានធ្វើតេស្តស្វែងរករោគសញ្ញាដោយវិទ្យាស្ថាន​ប៉ាស្ទ័រ នៅល្ងាចថ្ងៃទី៨ និងទី៩ ខែមីនា និងបានបង្ហាញលទ្ធផលថា មានអវិជ្ជមានមេរោគកូវីដ១៩។ ទោះជាស្ថានភាពនៃការរាត​ត្បាតនៃវីរ៉ុសនេះលឿនរហ័ស និងមានភាពគួរឱ្យព្រួយបារម្ភ ជាពិសេសសម្រាប់មនុស្សវ័យ​ចំណាស់ដែលមានភាព​ស៊ាំនៃ​សព៌ាង្គ​កាយខ្សោយ ប៉ុន្តែភាពភ័យខ្លាចរបស់មនុស្សចំពោះវីរ៉ុសកូវីដ១៩ មានសភាពធ្ងន់ធ្ងរខ្លាំងជាងលើសពីហានិភ័យពិតរបស់វា។ ចាប់តាំងពីការផ្ទុះឡើនៃការរាត​ត្បាត​ចម្លងវីរ៉ុសកូវីដ១៩ ពីទីក្រុងអ៊ូហាន ប្រទេសចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដើរតួនាទីសំខាន់ក្នុងសកម្មភាពមនុស្សធម៌អន្តរជាតិ ទាំងការលើកទឹកចិត្ត និងការសហការជាលក្ខណៈអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺថ្មីនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រហូតមកដល់​ពេលនេះ និងរហូតទៅដល់ការបញ្ចប់នៃជំងឺកូវីដ១៩នេះ ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជា គឺប្រយុទ្ធប្រឆាំងនឹង​ការរាលដាល​នៃកូវីដ១៩ ដែលនេះគឺជាការងារដែលយើងត្រូវធ្វើទាំងអស់គ្នា»។ សម្តេចបានបន្តថា កម្ពុជាត្រូវតែរៀបចំផែនការ និងវិធាន​ការនានាដែលត្រូវប្រកាន់យកក្នុងករណីកូវីដ១៩បានឆ្លងមកដល់កម្ពុជា និងបានឆ្លងរាលដាលពីពលរដ្ឋម្នាក់​ទៅពលរដ្ឋម្នាក់​ដែល​មានល្បឿនលឿន និងទ្រង់ទ្រាយធំ។ រដ្ឋបានត្រៀមថវិកាសម្រាប់ជួយពលរដ្ឋក្នុងករណីចាំបាច់នៃការឆ្លងរាលដាលកូវីដ១៩ តាម​រយៈការសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងស្ថាប័នទាំងអស់ចំនួន៥០ភាគរយ លើកលែងតែ ក្រសួងការបរទេស ក្រសួង​ពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវកាត់បន្ថយ២៥ភាគរយ ដើម្បីសន្សំប្រាក់ទាំងនោះ។ ការចំណាយ​របស់អាជ្ញា​ធរថ្នាក់ក្រោមជាតិ ក៏ត្រូវកាត់បន្ថយដែរ ដើម្បីសន្សំប្រាក់ទាំងនោះទុកសម្រាប់បង្វែរការចំណាយ​ចាំបាច់ទៅលើវិស័យ​សុខាភិ​បាល។ ជាវិធានការជាក់ស្តែង ក្រោយពីបុរសម្នាក់នៅខេត្តសៀមរាបត្រូវបានរកឃើញថាមានភាពវិជ្ជមានវីរ៉ុសកូវីដ១៩ វិធានការ​បន្ទាន់​គឺសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងអប់រំបិទសាលារៀនទាំងអស់ក្នុងក្រុងសៀមរាបជាបណ្តោះអាសន្ន ដើម្បី​ជៀស​វាងកុំឱ្យមានការឆ្លងវីរ៉ុសកូវីដ១៩ជាយថាហេតុ រហូតដល់មានការជូនដំណឹងជាថ្មី។ គម្រោងរៀបចំប្រារព្ធសង្ក្រាន្ត​សៀមរាប​ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលបញ្ជាឱ្យលុបចោលផងដែរ។ នៅថ្ងៃទី៩ ខែមីនា សាលារៀនទាំងរដ្ឋនិងឯកជនសរុបចំនួ១១០ រាប់​តាំង​ពីសាលាមត្តេយ្យរហូតដល់សាកលវិទ្យាល័យ និងសាលា បណ្តុះវិជ្ជាជីវៈក៏ត្រូវបានបិទជាបណ្តោះអាសន្ន។ នេះគឺជាវិធាន​ការ​ដើម្បីបង្ការការរីករាលដាលនៃការឆ្លងជំងឺកូវីដប្រកបទៅដោយសីលធម៌ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងភាពជាអ្នកដឹកនាំ។ ជា​មួយគ្នានេះដែរ ប្រជាពលរដ្ឋអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយបញ្ឈប់ការភ័យ​ខ្លាចហួសហេតុដែលនាំឱ្យមានការបង្កចលាចល តែត្រូវងាកមកអនុវត្តការសម្អាតអនាម័យ(សម្អាតផ្ទះសម្បែង ឧស្សាហ៍​លាង​ដៃនឹងសាប៊ូ ឬទឹកអាកុល និងជែលផ្សេងៗ ប្រើម៉ាស់ ឬក្រម៉ានៅកន្លែងចាំបាច់មួយចំនួន។ ក្នុងករណីមានការសង្ស័យ​ក្រោយ​ពីមាន​រោគសញ្ញាសង្ស័យមួយចំនួន គួរប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នកដើម្បីធ្វើតេ​ស្តរកមើល​ជំងឺកូវីដ​១៩) និង ស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសអយ្យការអមតុលាការរាជធានីខេត្តទាំងអស់នៅទូទាំង​ប្រទេសកម្ពុជា ចាត់វិធាន​ការផ្លូវច្បាប់ដ៏តឹងរឹងចំពោះជនណាដែលបំពុលព័ត៌មាន ផ្សព្វផ្សាយ​ព័ត៌មាន​​មិនពិតទាក់ទងនឹងជំងឺកូវីដ១៩ និងប្តេជ្ញាចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដោយរួមសាមគ្គីជាធ្លុងមួយទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ប្រឆាំងដាច់​ខាត​ការ​បំពុល​សង្គម និងការបំភ័យដោយក្រុមជនទុច្ចរិត ជាដើម។

ទន្ទឹមនឹងនេះ អង្គការ​សុខភាព​ពិភពលោក បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ស្នើ​ឱ្យ​កម្ពុជា​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ល្អ ដើម្បី​ឆ្លើយតប​រហ័ស​និង​ទាន់​ពេល​វេលា ចំពោះ​លទ្ធភាព​នៃ​ការ​រីក​រាលដាល​​ជំងឺ​កូវីដ​១៩ ដែល​អាច​កើត​មាន​នៅ​កម្ពុជា​។ ដើម្បី​ត្រៀម​បង្ការ​ការ​ឆ្លង​រាលដាល​នេះ អង្គការ​សុខភាព​សុភាព​ពិភពលោក កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​សុខាភិបាល និង​ដៃគូ​ដទៃ​ទៀត ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើ​បច្ចុប្បន្នភាពអំពី​ផែនការ​ត្រៀមលក្ខណៈ និង​ការ​ឆ្លើយ​តប​កម្រិត​ថ្នាក់​ជាតិ ហើយ​និង​កំណត់​ចំណុច​ខ្វះខាត​ចំពោះ​សកម្មភាព​ត្រៀម​ជា​អាទិភាព។ ចំណុច​អាទិភាព​ដែល​ត្រូវ​ត្រៀម​ទុក រួមមាន ការគ្រប់​គ្រង​ឧប្បត្តិហេតុ ការ​ធ្វើ​ផែនការ ការ​សម្របសម្រួល​ផ្នែក​ពហុ​វិស័យ ការវាយតម្លៃ​តាមដាន​ហានិភ័យ មន្ទីរ​ពិសោធន៍ ការគ្រប់គ្រង​គ្លីនិក និង​សេវាកម្ម​ថែទាំ​សុខភាព ការ​ត្រួតពិនិត្យ​និង​បង្ការ​ការ​ឆ្លង វិធានការ​សុខភាព​សាធារណៈ​មិនមែន​ឱសថ និង​សម្ភារៈ​សម្រាប់​​ធ្វើ​ប្រតិបត្តិការ​ជាដើម។

បន្ទាប់មកទៀត ក្នុងសប្តាហ៍ទី២នៃខែមីនា ក្រសួងអប់រំបានចេញសេចក្តីណែនាំសារជាថ្មី ឱ្យផ្អាកគ្រឹះស្ថានសិក្សា​គ្រប់ប្រភេទ​ចាប់​ពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ ក្រោយពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ដោយ​ក្រសួង​​​អប់រំ យុវជន និងកីឡា បានចេញនូវសេចក្តីណែនាំលើកទី២ ស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់​សម្រាកមុន​កាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស។ យោងទៅ​តាមសេចក្តីប្រកាសលេខ១៣ អយក.សណន ចុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ មានសេចក្តីថា ផ្អែកទៅតាមរបាយការណ៍​ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោក ព្រមទាំងការរកឃើញជាបន្តបន្ទាប់នូវវិជ្ជមានវីរ៉ុសកូវីដ១៩ លើជនជាតិខ្មែរ និងជនជាតិបរទេស ដែលបានធ្វើដំណើរចូលមកកម្ពុជា តម្រូវឱ្យមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់ និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំយុវជន និងកីឡាបានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេសដែលក្នុងនោះរួមមាន គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ តាំងពី​បឋម​សិក្សា ដល់មធ្យមសិក្សាទុតិយភូមិ និងមត្តេយ្យសិក្សាគ្រប់កម្រិតគ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជនត្រូវចាប់​អនុវត្ត​វិស្សម​កាលតូចមុនកាលកំណត់ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងពីក្រសួង ហើយសម្រាប់សាលាដែលមិនទាន់បាន​បញ្ចាប់​ការវាយ​តម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ ត្រូវយកលទ្ធផលសិក្សាជាមធ្យមភាគនៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទុប្រចាំឆមាស ចំណែកឯគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សា​ទាំង​សាធារណៈ និងឯកជន ត្រូវអនុញ្ញាតឱ្យគរុសិស្សបានឈប់សម្រាកមួយរយៈ។ ក្រៅពីនេះ មន្ទីរអប់រំយុវជន និងកីឡារាជធានី​ខេត្ត ត្រូវលើកទឹកចិត្តឱ្យអាណាព្យាបាលសិស្ស ជំរុញទឹកចិត្តឱ្យបុត្រធីតារបស់ខ្លួនស្វ័យសិក្សានៅផ្ទះដោយ​ខ្លួនឯងក្នុងរយៈ​ពេល​ថ្ងៃវិ​​​ស្សមកាលតូចមុនថ្ងៃកំណត់នេះ។ ក្រសួងអប់រំបានសុំឱ្យមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត ត្រូវផ្សព្វផ្សាយ​សេចក្តី​សម្រេចនេះឱ្យបានទូលាយដល់គ្រប់ការិយាល័យ។ ដោយឡែក គណៈគ្រប់គ្រងសាលារៀនគ្រប់កម្រិត គ្រឹះស្ថានបណ្តុះ​បណ្តាល​គ្រូ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប គួរសហការអនុវត្តដោយ​ស្មារតី​ទទួល​ខុសត្រូវខ្ពស់ ព្រមទាំងតាមដានជាប់ជាប្រចាំនូវការផ្សព្វផ្សាយរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ដែលនេះ​ជាការ​ទទួល​ខុសត្រូវខ្ពស់ប្រកបដោយសីលធម៌ក្នុងភាពជាអ្នកដឹកនាំ។

បច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានវិធានការខ្លាំងក្លាបំផុតនៅអាស៊ីអាគ្នេយ៍ ដើម្បីប្រយុទ្ធប្រឆាំង​កូរ៉ូណា[3]   ដែលករណីនេះ គេមើលឃើញថា ដោយសារការឆ្លងរីករាលដាលបានកើនឡើង​នៅទូទាំងតំបន់នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ ជា​ហេតុជំរុញឱ្យប្រទេសមួយចំនួនណែនាំឱ្យចាត់វិធានការសំខាន់ៗជាបន្តបន្ទាប់ មានជាអាទិ៍ ការបិទព្រំដែន​របស់​ប្រទេសស​មាជិក​អាស៊ាន ដោយមិនអនុញ្ញាតឱ្យក្រុមអ្នកដំណើរបរទេសចូលក្នុងប្រទេស និងការដាក់បម្រាមគោចរនៅពេល​យប់​​រហូតដល់​ការបិទ​សាលារៀន និងការលុបចោលព្រឹត្តិការណ៍ ការប្រកួតកីឡាធំៗជាដើម។ យើងសង្កេតនៅពេលដែល​មាន​ការ​ផ្ទុះជំងឺកូវីដ១៩ នៅ​ប្រទេសម៉ាឡេស៊ីនាសប្តាហ៍កន្លងមក រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថា នឹងបិទព្រំដែន​បណ្ដោះ​អាសន្ន​ពីថ្ងៃទី‌១៧ ដល់ថ្ងៃ៣១ ខែមីនា។ កត្តានេះបានជះឥទ្ធិពលដល់ពលរដ្ឋម៉ាឡេស៊ីឱ្យភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី ហើយ​រដ្ឋា​ភិបាលសិង្ហបុរីក៏​បាន​បិទព្រំ​ដែនមុនចំណាត់ការរបស់ម៉ាឡេស៊ីបានមកដល់ទៅទៀត។[4]  ដោយឡែក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ប្រទេសវៀត​ណាមក៏បានបិទព្រំដែនជាឯកតោភាគី និងមានវិធានការតឹងរឹងដោយតម្រូវឱ្យអ្នកដំណើរ​ចេញពី​កម្ពុជាមានលិខិត​បញ្ជាក់​​សុខភាព ព្រមទាំងឃុំខ្លួនអ្នកទាំងនោះក្នុងកំឡុងពេល១៤ថ្ងៃ ហើយដើម្បីជាការឆ្លើយតបវិញ រដ្ឋាភិបាល​កម្ពុជាបានប្រកាសបិទព្រំ​ដែនទាំង​អស់​វិញ លុះត្រាមានការចរចាទ្វេភាគីឡើងវិញ។ លើសពីនេះទៅទៀត ប្រទេសឡាវនិង​ថៃ​ក៏មានវិធានការតឹងរឹងចំពោះ​ជន​បរទេសដែលចូលទៅប្រទេសរបស់គេរៀងៗខ្លួនដែរ ដែលក្នុងនោះ ប្រទេសថៃបាន​បិទព្រំដែន​គោកមួយចំនួនជាមួយ​កម្ពុជាផង​ដែរ គឺដើម្បីឆ្លើយតបនឹងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ១៩ មិនមែន​ជាការធ្លាក់​ចុះលើ​ផ្នែកសីលធម៌នោះទេ។ ម្យ៉ាងវិញ​ទៀត​​យើងត្រូវបែងចែកឱ្យបានច្បាស់នូវសីលធម៌ និងការការពារខ្លួន​ពីវីរុសដ៏កំណាចនេះ តួយ៉ាង​ដូចជា កាលពីក្នុងខែកុម្ភៈ​និងខែ​មីនា កន្លងទៅថ្មីៗនេះ មានបងប្អូនជនជាតិខ្មែរឥស្លាម ចំនួន៧៩នាក់ ដែលបាន​ធ្វើដំណើរ​ទៅចូល​រួមពិធីសាសនាតាមប្រពៃណី​របស់ពួកមូស្លីមនៅប្រទេសម៉ាឡេស៊ី ហើយនៅពេលដែលពួកគាត់ត្រឡប់មកវិញ ក៏មាន​បុគ្គល​មួយចំនួនបានឆ្លងមេរោគកូវីដ១៩ មកជាមួយ និងបានចម្លងជាបន្តបន្ទាប់ដោយមិនដឹង​ខ្លួនដល់ប្រជាជននៅក្នុង​សហ​គមន៍របស់​គាត់ ហើយនៅពេលនោះមានអ្នក​លេងបណ្ដាញសង្គម(ហ្វេសប៊ុក)មួយចំនួនបានបញ្ចេញមតិធ្វើឱ្យប៉ះ​ពាល់​អារម្ម​ណ៍​របស់ពួកគាត់ ទើបពួកគាត់ប្រតិកម្មថា សហ​គមន៍ខ្មែររើសអើងពួកគាត់។ យ៉ាងណាមិញ នៅពេលដែលក្រសួង​សុខា​ភិបាល​ប្រកាសថា «អ្នកធ្វើ​តេស្តកូវីដ១៩វិជ្ជមាន គឺជាខ្មែរ​ឥស្លាម» នោះ ក៏ពួកគាត់យល់ថា ជាពាក្យដែលធ្វើ​ឱ្យមានការ​រើសអើង​ពួកគាត់ដែរ គួរថាត្រឹមតែខ្មែរ​បានហើយ ព្រោះពួកគាត់ក៏​ជាខ្មែរដែរ។ តែការហៅបងប្អូនជនជាតិភាគតិចចាមថាជា «ខ្មែរឥស្លាម» ឬការប្រកាសរបស់ក្រសួង​សុខាភិបាលថា បងប្អូនខ្មែរ​ឥស្លាមដែល​វិលត្រឡប់មកពីការចូលរួមពិធីសាសនាមួយនៅម៉ាឡេស៊ី «បានធ្វើតេស្តកូវីដ១៩ វិជ្ជមាន» មិនមែនជាឥរិយា​បថ ឬភាសារើសអើងទេ វាជាភាសាដែលគេប្រើជាធម្មតា​សម្រាប់ការកំណត់​អត្តសញ្ញាណជនជាតិនីមួយៗ​តែ​ប៉ុណ្ណោះ។ ឧទាហរណ៍ ខ្មែរឥស្លាម១០នាក់បានធ្វើតេស្តកូវីដ១៩ វិជ្ជមាន ជនជាតិម៉ាឡេស៊ី៦​នាក់បានធ្វើតេស្តកូវីដ១៩ វិជ្ជមាន ជន​ជាតិបារាំង​២នាក់​បានធ្វើតេស្តកូវីដ១៩ វិជ្ជមានជាដើម។ លើសពីនេះទៀត សូមយើង​គួរកុំយល់ច្រឡំថា ជាការរើសអើង​ចំពោះ​ការដាក់មនុស្​ស​ណាម្នាក់ ឬក្រុមណាមួយដែលគេសង្ស័យថាអាចមានការ​ឆ្លងជំងឺកូវីដ១៩​ឱ្យនៅដាច់ដោយឡែក។ ក៏ដូចជា​ការ​ព្យាបាលអ្នកជំងឺ​កូវីដ១៩ក្នុងបន្ទប់ដោយឡែក ព្រោះដើម្បីបង្ការការពារការឆ្លង ទើបគ្រូ​ពេទ្យត្រូវពាក់ម៉ាស ពាក់ស្រោមដៃ និងត្រូវ​ស្លៀកសម្លៀក​បំពាក់សុវត្ថិភាពក្នុងពេលពិនិត្យនិងព្យាបាលអ្នកជំងឺកូវីដ១៩។ ក៏ដូចជា​ប្រជាពលរដ្ឋទូទៅដែរត្រូវតែពាក់ម៉ាស​ក្នុង​ពេលបំពេញ​ការងារ ពេលចូលទៅក្នុងទីប្រជុំជន មិនសូវហ៊ានស្និទ្ធស្នាលជាមួយ​អ្នកដែលធ្លាប់ធ្វើការជាមួយគ្នាដោយហេតុតែ​គេ​សង្ស័យថា មាន​​ជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះ។ តាមពិត គោលការណ៍នេះ គឺជាបច្ចេកទេសសុខាភិបាល ដែលតម្រូវឱ្​យគ្រូពេទ្យ និង​មហាជនទូទាំងពិភពលោកប្រើប្រាស់ជាទូទៅ តាំងពីយូរណាស់មកហើយ​សម្រាប់ករណីមានជំងឺឆ្លងគ្រប់ប្រភេទ កុំថាឡើយ​ជំងឺ​កូវីដ១៩នេះ។

បើនិយាយពីការជួយគ្នា និងការចែករំលែកគ្នាក៏ឃើញថា ក្នុងអំឡុងនៃការរាតត្បាតនៃជំងឺនេះមានបងប្អូន​ខ្មែរយើងមួយ​ចំនួន​ដែល​មានលទ្ធភាពក៏បានបរិច្ចាគនូវគ្រឿងឧបភោគបរិភោគដល់អ្នកខ្វះខាតផងដែរ។ ទន្ទឹមនឹងនោះ តាមការអំពាវនាវរបស់​រាជរដ្ឋាភិ​បាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំនោះ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ដែលមានលទ្ធភាពបាន​បរិច្ចាគប្រាក់​បៀ​​វត្ស​របស់ខ្លួនប្រចាំខែ ឬក៏ក្នុងចំណែក​ណាមួយ ចាប់ពី៣ខែឡើងទៅដើម្បីជាការចូលរួមចំណែកក្នុងការឧបត្ថម្ភការព្យាបាល ការការពារ និងការទប់ស្កាត់ជំងឺកូវីដ១៩ ដ៏កាចសាហាវនេះផងដែរ។

ជាការសន្និដ្ឋាន នៅពេលដែលមនុស្សបានឆ្លងកាត់ដំណាក់កាលនេះរួច មនុស្សនឹងរឹតតែមានសីលធម៌ល្អប្រសើរឡើង ដ្បិតវីរ៉ុស​​ដែលជាគ្រោះកំណាចនេះ បានជួយបង្រៀនមនុស្សនិងផ្ដល់មេរៀន ព្រមទាំងបទពិសោធន៍ឱ្យចេះកែប្រែនូវកំហុសឆ្គង និងអ្វីដែល​បានគិតមិនសូវត្រឹមត្រូវពីពេលមុនមក។ ហើយអ្វីដែលកម្ពុជាបានធ្វើកន្លងមកតាមរយៈមេដឹកនាំនោះ គឺការយកចិត្តទុកដាក់​ដល់​ជីវិតមនុស្សជាតិនិងសិទ្ធិរស់រៀនមានជីវិតដែលនេះជាតម្លៃសីលធម៌ដ៏ខ្ពស់មួយ ដែលមិនអាចកាត់ថ្លៃបាន។​ ទោះបីជាយ៉ាង​ណាក៏​ដោយ ក៏យើងសង្កេតឃើញថា អាចមានបុគ្គលមួយចំនួនតូចបានប្រើពាក្យពេចន៍អសុរោះ និងធ្វើការអត្ថាធិប្បាយមួយ​ចំនួន​ដែល​ធ្វើឱ្យមានការប៉ះពាល់ដល់អារម្មណ៍និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលដែលផ្ទុកមេរោគកូវីដ១៩នោះ។ ការបំភ័យឱ្យខ្លាច​ជ្រុលដែល​ធ្វើ​ឱ្យបុគ្គលមួយចំនួនបាត់ម្ចាស់ការ ភ័យស្លន់ស្លោរ និងងាយនឹងជឿតាមការបំពុលព័ត៌មានរបស់ក្រុមជនមួយចំនួន ដែលបាន​ឆ្លៀត​ប្រើប្រាស់ការភ័យខ្លាចជ្រុលហួសហេតុរបស់ប្រជាពលរដ្ឋមួយចំនួនទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួនដូចជា ការលក់ម៉ាស់ការ​ពារ និង​ទឹកអាកុលលាងដៃក្នុងតម្លៃថ្លៃ ការបំផុសបំផុល បំភិតបំភ័យពលរដ្ឋឱ្យទិញអង្ករ ត្រីសាច់ និងគ្រឿងឧបភោគដើម្បីរក្សា​ស្តុកទុក​ជាដើម។ ដូចករណីឈ្មួញមួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃទំនិញខុសពីធម្មតា គឺគ្រាន់តែជាកម្រិតបុគ្គលនិងភាគតិច​ប៉ុណ្ណោះ ហើយគួរកុំយកករណីនៃការធ្លាក់ចុះសីលធម៌របស់បុគ្គលមួយចំនួនតូចមកវាយតម្លៃសីលធម៌មនុស្សក្នុងសង្គមទាំងមូល។ ជាក់​ស្តែង សូម្បីតែក្នុងវិស័យវិស័យព្រះពុទ្ធសាសនា គ្រាន់តែបុគ្គលសង្ឃមួយឬពីរអង្គដែលអបត្តិនឹងវិន័យព្រះពុទ្ធសាសនា ក៏តាំង​ស្រែក​​​ដៀល ឬថ្កោលទោសទូទៅដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃភាគច្រើនដែលប្រកាន់ខ្ជាប់នូវវិន័យព្រះពុទ្ធសាសនា បានល្អ​នោះ។ យ៉ាងណាមិញនៅពេលកម្ពុជាទទួលរងនូវការរាតត្បាតដោយជំងឺកូវីត១៩នេះក៏មានបុគ្គលមួយចំនួនបាននិយាយថា សង្គម​​ខ្មែរកំពុងធ្លាក់ចុះនូវសីលធម៌ ដោយសារតែឃើញបុគ្គលមួយចំនួនតូចដែលឆ្លៀតយកឱកាសនេះ កេងចំណេញដោយ​តម្លើង​ថ្លៃ​ម៉ាស់ ថ្លៃអាល់កុល ឬជែលអាល់កុលសម្រាប់លាងដៃជាដើម។ ទន្ទឹមនឹងនោះយើងឃើញមានសប្បុរស​ជនជាច្រើន​ដែល​បាន​លះ​​បង់សម្ភារ និងថវិការបស់ខ្លួនដើម្បីទប់ស្កាត់និងប្រឆាំងនូវជងឺនេះ ដោយចែកជាម៉ាស់ ជាអាល់កុល គ្រឿងឧបភោគ​បរិ​ភោគ​ដល់​បងប្អូនប្រជាពលរដ្ឋដែលខ្វះខាត ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងយុទ្ធនាការប្រឆាំង​នឹងជំងឺដ៏​កាច​សា​ហាវ​នេះផងដែរ។

ហេតុនេះដើម្បីប​ន្តសាមគ្គីភាព ការសហការ ការចែករំលែក រួមសុខរួមទុក្ខដោយចែកគ្នារស់ មិនដណ្តើមគ្នារស់ និងសុខដុមនីយ​កម្មក្នុងសង្គមខ្មែរទាំងមូល សូមពលរដ្ឋខ្មែរទាំងអស់បន្តប្រកាន់ខ្ជាប់នូវសីលធម៌ល្អនេះជាដរាប។ យើងមានគំរូតាមរយៈទង្វើ​ដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ គឺសម្តេច​តេជោ ហ៊ុន សែន ដែលពិភពលោកកំពុងសរសើរនូវទឹកចិត្តប្រកប​ដោយសីលធម៌និងគុណធម៌ ដូច​​ជា​ការអនុញ្ញាតឱ្យនាវា Westerdam ចូលចត ព្រមទាំងបានសង្រ្គោះមនុស្សជាង២០០០នាក់ ការព្យាបាលជនបរទេស​ដែលមានជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាដោយមិនបង់ប្រាក់ ការគ្រប់គ្រងប្រទេសនិងចាត់វិធានការទប់ស្កាត់បានយ៉ាងល្អ ​ក៏ដូចជាការចូលរួមបរិច្ចាគប្រាក់ខែ ហើយមានមន្រ្តីរាប់ពាន់នាក់ និងសប្បុរសជននានា​ចូលរួមយ៉ាង​សស្រាក់សស្រាំទៅ​តាមលទ្ធ​ភាព​ដែលខ្លួនមាន។

សូមសំណូមពរដល់បុគ្គលមួយចំនួនតូចដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន កេងចំណេញលើប្រជាជនដែល​កំពុងរងវិបត្តិ​ជំងឺ​ធ្ងន់ធ្ងរ ក៏ដូចជាសំណូមពរដល់អ្នកដែលជាអ្នកលេងបណ្ដាញសង្គម ជៀសវាងឱ្យបានការប្រើពាក្យពេចន៍អុជអាល អសុរោះ វោ​ហាសាស្ត្រ និងអត្ថាធិប្បាយណាមួយ ដែលនាំឱ្យប៉ះពាល់អារម្មណ៍ មានជម្លោះ អំពើហិង្សា និងការរើសអើង​កើតឡើង​នៅក្នុង​សង្គម។ សូមកុំយកករណីនៃការខ្វះសីលធម៌របស់បុគ្គលមួយចំនួនតូច មកធ្វើការវាយតម្លៃចំពោះមនុស្សទូទាំង​សង្គម​បន្តទៀត ដ្បិត​សង្គមបច្ចុប្បន្នជាសង្គមកំពុងឈានឆ្ពោះទៅភាពសុខដុមរមនា ដោយរួមសហការគ្នាប្រយុទ្ធប្រឆាំងកំចាត់ជំងឺ​កូវីដ​១៩នេះ​ឱ្យបានក្នុងពេលឆា​ប់ៗខាងមុខ តាមរយៈការស្តាប់និងធ្វើតាមការអំពាវនាវរបស់ក្រសួងសុខា​ភិបាលក៏ដូចជា​រាជរដ្ឋាភិបាល ដើម្បី​នាំ​​សង្គម​ជាតិឆ្ពោះទៅរកវឌ្ឍនភាពពិតៗ និងជាសង្គមដែលពោរពេញទៅដោយសីលធម៌និងគុណធម៌​នៅក្នុងជីវិត​រស់នៅ​លើភព​ផែន​ដីដ៏ស្រស់ស្អាតនេះ៕

[1] តាមការចុះផ្សាយរបស់ CAN នាថ្ងៃសុក្រ ទី៣១ ខែមករា

[2] សម្តេចបានថ្លែងនៅពេលដែលសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៩ និងលើកទិសដៅ​ការងារឆ្នាំថ្មីឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។

[3] ការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៩ ខែមីនា។

[4] ការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

Be the first to comment

Leave a Reply

Your email address will not be published.


*