ក្រុមការងារស្រាវជ្រាវគម្រោងបន្លែ ចុះសិក្សាបន្លែនាំចូលនៅច្រក ព្រំដែនជ្រៃធំ ខេត្តកណ្ដាល

ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០ក្រុមការងារស្រាវជ្រាវគម្រោង«បន្លែកម្ពុជា៖ផលិតកម្មចរន្តទីផ្សារបញ្ហាប្រឈមនិង​ដំណោះ​ស្រាយ»​បានបន្តចុះសិក្សានៅច្រកព្រំដែនជ្រៃធំក្នុងស្រុកកោះធំ ខេត្តកណ្ដាលដើម្បីសិក្សាពីលំហូរបន្លែ​វៀតណាមចូល​មក​ប្រទេស​​កម្ពុជា។ ក្រុមការងារស្រាវជ្រាវសង្កេតឃើញថា៖
-បន្លែវៀតណាមនៅបន្តនាំចូលមកប្រទេសកម្ពុជាដដែល ប៉ុន្តែមានការយឺតយ៉ាវជាងមុនព្រោះនៅខាងវៀតណាមមានការរឹតបន្តឹង ដោយមូលហេតុការពារការរាតត្បាតជំងឺកូវីដ១៩។ ដូច្នេះបរិមាណបន្លែនាំចូលពីវៀតណាមមកកម្ពុជាមានការធ្លាក់ចុះជាងមុន​ពេល​មានជំងឺកូវីដ។
-រូបភាពដឹកជញ្ជូនពីមុនជំងឺកូវីដនិងក្នុងពេលជំងឺកូវីដក៏មិនប្រែប្រួលដែរ។ នៅច្រកព្រំដែនជ្រៃធំគេប្រើមធ្យោបាយដឹកជញ្ចូនបន្​លែដោយម៉ូតូ រ៉ឺម៉ក់ធន់មធ្យម(មិនធំដូចនៅព្រំដែនភ្នំដិន ខេត្តតាកែវទេ)រថយន្ដធន់ទេសចរណ៍កូរ៉េម៉ាកសាមយ៉ុង(អាចដឹ​កបន្លែ​បានពី២ទៅ៣តោន) និងប្រភេទរថយន្ដដឹកធន់មធ្យមចំណុះ៥តោន (អាចដឹកបន្លែបានពី៥ទៅ៧តោន)។
-ការផ្ទេរបន្លែពីរថយន្តមួយទៅមធ្យបាយដឹកជញ្ជូនមួយទៀត មុននឹងដឹកចូលស្រុកខ្មែរ គឺត្រូវធ្វើក្នុងទឹកដីវៀតណាម ព្រោះនៅខាង​ទឹកដីកម្ពុជាពុំមានទីចំណត និងមិនទាន់មានតំបន់សដូចនៅច្រកព្រំដែនភ្នំដិនទេ។ ដូច្នេះ បន្ទាប់ពីផ្ទេរបន្លែក្នុងទឹកដីវៀតណាមរួច មធ្យោបាយដឹកជញ្ជូនបន្លែទាំងនោះបើកចូលទឹកដីកម្ពុជា ដោយដោះស្រាយបញ្ហាផ្សេងៗជាមួយសមត្ថកិច្ចនៅព្រំដែនរួចមធ្យោ​បាយដឹកជញ្ជូនបន្លែត្រូវដឹកទៅដល់ទិសដៅលក់បន្លែតែម្ដង ដោយមិនឈប់នៅឃ្លាំងឬទីកន្លែងស្ដុកណាមួយនៅក្បែរព្រំដែនដូច​ករណីនៅច្រកភ្នំដិនទេ។
-ចំពោះបរិមាណបន្លែវិញ ក្រុមការងារបានទទួលតួលេខពីប្រភពចំនួន២ខុសគ្នា។ប្រភពទី១ប្រាប់ថា៖បរិមាណបន្លែដឹកចូល​ប្រទេស​កម្ពុជាប្រហែលមានចំនួន២២០០តោនក្នុង១ខែ។ ចំណែកប្រភពទី២ប្រាប់ថា៖បរិមាណបន្លែដឹកចូលប្រទេស​កម្ពុជា​មាន​ចំនួន​ប្រហែល៧៥០តោនក្នុង១ខែ។
-ក្រុមការងារមិនអាចប៉ាន់ស្មានបរិមាណបន្លែដោយខ្លួនឯងបានទេ ព្រោះមិនអាចចូលដល់ទីកន្លែងដែលបន្លែផ្ទេរពីរថយន្ដមួយ​ទៅ​រថយន្ដមួយទៀត ដែលស្ថិតក្នុងទឹកដី​ប្រទេសវៀត​ណាម។
-ចំពោះប្រភេទបន្លែវិញ ក្រុមការងារក៏មិនអាចកំណត់ប្រភេទបន្លែបាន ព្រោះយើងមិនអាចឆ្លងព្រំដែនចូលក្នុងប្រទេសវៀត​ណាម​បានដើម្បីចូលពិនិត្យមើលប្រភេទបន្លែផ្សេងៗ ដោយសារបញ្ហាជំងឺកូវីដ ភាគីវៀតណាមមានរឹតបន្ដឹងការឆ្លងចូលទឹកដីវៀតណាម។

Be the first to comment

Leave a Reply

Your email address will not be published.


*