ទឹក ៖ ធាតុមួយក្នុងតម្រូវការ អភិវឌ្ឍផលិតកម្មបន្លែកម្ពុជា

ទឹកគឺជាវត្ថុរាវធម្មតាមួយប្រភេទនៅលើផែនដី គ្មានពណ៌ គ្មានក្លិន គ្មានរសជាតិ អាចឆ្លុះបាន។ វចនានុក្រមខ្មែរ​មាន​សេច​ក្ដី​ពន្យល់​ថា ទឹកគឺជាធាតុរាវ,តាមកំណើតដើមឥតពណ៌ ឥតក្លិន, ជារបស់មានប្រយោជន៍ដ៏សំខាន់សម្រាប់ពួកមនុស្ស សត្វ,មាន​ត្រូវ​ផឹក, ងូត ជាដើម(វចនានុក្រមខ្មែរ)។ បើតាមរូបវិទ្យា ទឹកគឺជាម៉ូលេគុល(molecule)កើតឡើងដោយអាតូមអ៊ីដ្រូស្សែន និង​អាតូម​អុក​ស៊ី​ស្សែន ដែលតាមតារាងគីមីគឺ H2O (Biology Online Dictionary)។

មនុស្សម្នាបានដឹងច្បាស់អំពីអត្ថប្រយោជន៍នៃទឹក ដែលរុក្ខជាតិ និងសត្វទាំងឡាយ ក៏ដូចជាមនុស្សក្នុងលោកត្រូវការ​ទឹកជាចាំបាច់​សម្រាប់ជីវិតរស់នៅ។ ទឹកមានអត្ថប្រយោជន៍ច្រើនណាស់ ដូចជា៖
-សម្រាប់មនុស្ស សត្វ បរិភោគ។ មនុស្សត្រូវទឹកជាចាំបាច់សម្រាប់បរិភោគជាប្រចាំថ្ងៃ។ បើតាមវិស័យសុខាភិបាល មនុស្សត្រូវ​ការ​បរិ​ភោគទឹកឱ្យលើសពី២ទៅ៣លីត្រក្នុង១ថ្ងៃ ដើម្បីឱ្យសរីរាង្គមានដំណើរការល្អ ក្នុងការរំលាយអាហារ និង តម្រូវការសម្រាប់​ប្រព័ន្ធ​សរីរាង្គខាងក្នុងទៀតផង។
-ស្រោចស្រប់រុក្ខជាតិឱ្យដុះ រីកធំធាត់ មានផ្លែផ្កា។
-ប្រព័ន្ធគមនាគមន៍ធំៗក៏អាចប្រព្រឹត្តិទៅបានតាមរយៈផ្លូវទឹក។ ទោះបីនៅសម័យបុរាណ មនុស្សធ្វើទំនាក់ទំនងគ្នាតាមផ្លូវទឹក​ច្រើន​សន្ធឹកសន្ធាប់។ នៅពិភពលោកក្នុងសម័យបុរាណ អារ្យធម៌ធំៗកើតឡើងនៅតំបន់ជាប់នឹងប្រភពទឹក ឧទាហរណ៍ អារ្យធម៌​អេហ្សីប​ដែលកើតតាំងពី៣៤០០ មុនគ្រឹស្គសករាជ រីកចម្រើនលូតលាស់នៅតំបន់ដីសណ្ដរទន្លេនីល តាមដងទន្លេនីល, អារ្យធម៌មេហ្សូប៉ូមី, អារ្យធម៌បាប៊ី​លូនជាដើម។ ចំណែកអារ្យធម៌បុរាណ​នៃប្រទេស​កម្ពុជាវិញ ក៏មានទំនាក់ទំនងជាមួយទឹកយ៉ាងខ្លាំងណាស់ដែរ។ ចាប់​​តាំង​ពី​សម័យ​​តំបូងនៃអារ្យធម៌ខ្មែរ សម័យហ្វូណនរីកចម្រើនលូតលាស់នៅតាមដីសណ្ដរដងទន្លេមេគង្គក្រោម ភាគខាងត្បូង​ប្រទេស។ ចំណែកអារ្យធម៌អង្គរវិញ អាណាចក្រអង្គរដ៏រុងរឿងរីកចម្រើននៅក្បែរទន្លេសាប។

ទឹកក៏ជាចំណែកធំមួយក្នុងការជម្រុញអភិវឌ្ឍវិស័យកសិកម្ម។ ការដាំដុះបន្លែ រឹតតែត្រូវការទឹកខ្លាំងទៅទៀត។ នៅកម្ពុជាការដាំដុះ​បន្លែ​មានបញ្ហាជាច្រើន ហើយបញ្ហាមួយជាអត្ថិភាពគឺបញ្ហា«ទឹក» ដែលជាបញ្ហាធំ ហើយនៅតែមិនទាន់បានដោះស្រាយ​បាននៅ​ឡើយ។ នៅសម័យហ្វូណន ក៏ដូចជាសម័យអង្គរ ខ្មែរបុរាណបានជីកបារាយណ៍ធំៗជាច្រើន និងនៅមានការជីកត្រពាំងតូចៗ​ជា​ច្រើន​ទៀតសម្រាប់សហគមន៍តូចៗ ឬ ភូមិតូចៗអាចទាញយកទឹកមកប្រើប្រាស់ផ្គត់ផ្គង់តម្រូវការផ្សេងៗ។

តើបញ្ហា«កង្វះទឹក» នឹងដោះស្រាយរបៀបណា ដើម្បីជំរុញអភិវឌ្ឍវិស័យកសិកម្ម ពិសេសការដាំដុះបន្លែឱ្យសមស្របតាមតម្រូវ​ការ​​​​ទីផ្សារក្នុងប្រទេសកម្ពុជា?

 

Be the first to comment

Leave a Reply

Your email address will not be published.


*