ក្រុមការងារស្រាវជ្រាវគម្រោង ព្រះបាទជ័យវរ័្មនទី៧ បន្តសិក្សា នៅប្រាសាទបាយ័ន

ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គ​លេខា​ធិ​ការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្របុរាណវត្ថុវិទ្យា និងវប្បធម៌វិទ្យាដែលមានលោក​បណ្ឌិត ផុន កសិកា, លោក សួ ប៉ុណ្ណារ៉ាត់, កញ្ញា តាកេត ស័កដា, លោក រឿន ភារុន និង លោកស្រី ម៉ិល វាសនា ចុះសិក្សាស្រាវ​ជ្រាវ​​​គម្រោង​ស្ដីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅប្រាសាទបាយ័ន ក្នុងគោលបំណងសិក្​សាស្វែង​យល់​បន្ថែមពីចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧, សិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧ ដែលឆ្លាក់នៅ​លើ​ថែវ​ប្រាសាទ ដើម្បីឈានទៅសិតបដិមាទោលព្រះបាទជ័យវរ្ម័នទី៧ ធ្វើពីស្ពាន់។

ការសិក្សាស្រាវជ្រាវនៅលើកនេះ ក្រុមការងារផ្ដោតលើការចុះកូដរូបព្រះបាទជ័យវរ្ម័នទី៧ដែលឆ្លាក់នៅ​តាមថែវខាងក្រៅជ្រុង​ខាង​កើតស្លាបខាងត្បូង។ ប្រព័ន្ធកូដដែលប្រើនៅប្រាសាទបាយ័នក៏មិនខុសពីប្រាសាទបន្ទាយឆ្មារដែរគឺ ចែកទៅតាមទិស និងស្លាប​ដែរ។ ការចុះកូដត្រូវយកតាមប្រព័ន្ធអន្ដរជាតិ ដោយប្រើជាអក្សរឡាតាំង ដើម្បីឱ្យងាយស្រួលក្នុងបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរួម និង​ស្ថាប័នជាតិ និង អន្ដរជាតិផ្សេងៗអាចយកប្រើបាន។ លេខកូដដែលប្រើនៅប្រាសាទបាយ័នគឺ BY-20-ESG-L-1-001 (Bayon-2020-East South Gallery-Level-1-01, ប្រាសាទbay&n-២០២០-ថែវខាងកើតស្លាបខាងត្បូង-ជាន់-០១-០១)។ លេខរូបគឺរាប់ពី​លេខ​០១ រហូតដល់រូបចុងក្រោយ។

ក្រុមការងារក៏បានថតរូប 3D និង Photogrammetry ដោយលោក ឡេង សត្យា អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរានៅគ្រប់​ថែវ​ទាំង​​អស់​សម្រាប់វិភាគរូបតាមផែននីមួយៗឱ្យបានល្អិតល្អន់។

ក្រុមការងារក៏ពិពណ៌នារូបនីមួយៗ ទាក់ទងនឹងឥរិយាបថ, ជំហរ, កាយវិការ, គ្រឿងពាក់គ្រង, មកុដ, កេតនភណ្ឌស្ដេច, ទេសកាល និង ព្រឹត្តិការណ៍ទាក់ទងនឹងរូបចម្លាក់។ រូបទាំងអស់នឹងបញ្ចូលក្នុងទិន្នន័យដែលមានបង្ហាញលេខកូដ, រូបថត និង ការពណ៌​នាអំពី​រូប ដូចដែលបានធ្វើនៅប្រាសាទបន្ទាយឆ្មារដែរ។

ក្នុងបេសកកម្មស្រាវជ្រាវនៅប្រាសាទបាយ័នលើកនេះ ក្រុមទូរទស្សន៍ PNN ក៏បានចុះមកធ្វើបទយកការណ៍អំពី ការសិក្សាស្រាវ​ជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៅទីតាំងប្រាសាទបាយ័នផ្ទាល់។ បទយកការណ៍ដែលធ្វើ​ឡើងដោយ​ក្រុម​ទូរទស្សន៍ស្ថានីយ PNN បានធ្វើនៅប្រាសាទបន្ទាយឆ្មារផង និងប្រាសាទបាយ័នផងដែរ។ កិច្ចសម្ភាសន៍របស់ក្រុមទូរទស្សន៍ PNN បានសម្ភាសន៍ក្រុមការងារស្រាវជ្រាវ អ្នកជំនាញអាជ្ញាធរអប្សរា មានលោក អ៊ឹម សុខរិទ្ធី និងលោក ឡេង សត្យា។

Be the first to comment

Leave a Reply

Your email address will not be published.


*