ឈ្មួញកណ្ដាលទិញនិងលក់បន្លែ ដោយ៖ ឈឿន សាវន, សាន ចេង ផុន កសិកា និងលោក យិន ពោ

ភូមិបឹងក្រចាប់ត្បូងស្ថិតនៅក្នុងឃុំព្រែកតាម៉ាក់នៅត្រើយខាងលិចនៃទន្លេមេគង្គដែលមានផ្ទៃដីមួយភាគធំត្រូវលិចនៅរដូវវស្សា។ ដូច្នេះហើយការដាំដុះបន្លែគឺអាចផលិតបានច្រើនតែនៅរដូវប្រាំង។ កាលពីមុនកសិករដាំបន្លែត្រូវដឹកបន្លែ​យកទៅលក់​ដោយ​ខ្លួន​ឯងឬលក់នៅត្រឹមផ្សារក្នុងឃុំតែប៉ុណ្ណោះ។ របៀបនេះ បានប្រែប្រួលដោយសារទីផ្សារបន្លែរីកកាន់តែធំ តម្រូវការបន្លែរបស់មនុស្​សកាន់តែច្រើនធ្វើឱ្យអ្នកស្រុកក្នុងភូមិខ្លះបែកគំនិតធ្វើជាឈ្មួញកណ្ដាលដើរទិញបន្លែរួចដឹកយកទៅលក់នៅទីផ្សារធំក្នុងស្រុកឬ​រហូតដល់ភ្នំពេញគឺផ្សារនាគមាសនិងផ្សារដើមគ។

ការវេចខ្ចប់បន្លែមុននឹងដឹកយកទៅ​លក់នៅផ្សារព្រែកអញ្ចាញឬដឹកទៅផ្សារ​នៅភ្នំពេញ គាត់ប្រើធុងស្នោដែលអាច​ដាក់បន្លែបាន​ចាប់​ពី ៣០ ទៅ៥០ គីឡូក្រាម តាមប្រភេទបន្លែ ដើម្បីច្រកបន្លែ។ ចំពោះប្រភេទបន្លែសន្លឹក គេច្រើនច្រកក្នុងស្បោង ដោយ១ស្បោង​ផ្ទុក​ក្នុងទំងន់តែ១០គីឡូក្រាមទេ។ ប៉ុន្តែ នៅភូមិបឹងក្រចាប់ខាងត្បូងមិនដាំបន្លែសន្លឹកទេ។ ឈ្មួញកណ្ដាល​ខ្លះ​មិនមែនជាអ្នក​ប្រកប​មុខរបរទិញលក់បន្លែតែមួយមុខទេ គាត់អាចជាគ្រូបង្រៀន និងមានរបរផ្សេងទៀតក៏មាន។ ឧទាហរណ៍ កញ្ញា សុខ ស្រីណុច អាយុ​២៦ឆ្នាំ ជាគ្រូបង្រៀងន និងជាអ្នកទិញបន្លែមកលក់នៅផ្សារដើមគរ និងផ្សារព្រែកអញ្ចាញ។ កញ្ញាចាប់ផ្តើមចេះរកស៊ីនាំបន្លែ​ទៅ​លក់មានរយៈពេល២ឆ្នាំ។ ការដឹកបន្លែយកទៅលក់ដោយប្រើមធ្យោបាយដឹកជញ្ជូនដោយម៉ូតូសណ្តោង(រឺម៉កម៉ូតូ)ដែឡក្នុង​មួយ​ជើងៗ​អាចផ្ទុកចំណុះបន្លែបានពី៧០០ទៅ៨០០គីឡូក្រាម និងមានមនុស្សប្រុសម្នាក់ជាអ្នកបើកម៉ូតូ។ បន្លែដែលគាត់​ទិញ​លក់​អាស្រ័យ​លើអ្នកភូមិដាំបាន។ ជួលកាលមាន ននោង ត្រឡាច ត្រសក់ស្រូវ ត្រសក់ផ្អរ ត្រប់ ព្រៃក្តោប ត្រសក់ទុំ និងប៉េង​បោះ​ជា​ដើម។ រីឯតម្លៃប្រភេទបន្លែទាំងនេះ គឺមានការប្រែប្រួល ជាក់ស្តែងខែមិថុនា ត្រឡាចទិញពីកសិករក្នុងមួយគីឡូក្រាមតម្លៃ១ ៥០០ រៀ់ល ត្រសក់ក្នុងមួយគីឡូ១១០០រៀល លក់ចេញវិញ១២០០រៀ់ល។ ននោងទិញចូល១គីឡូតម្លៃ ១៣០០ រៀល លក់ចេញ ១៥០០​រៀល។ គ្រប់បន្លែទាំងអស់ គាត់យកចំណេញពីកសិករតែ២០០រៀល ក្នុង១គីឡូក្រាម។ ចំណែក អ្នកលក់នៅផ្សារ​ដែលមាន​ស្តង់ (តូប) ដាក់លក់ផ្សារវិញ គេអាចយកចំណេញរហូតដល់ ៥០០រៀល ក្នុងមួយគីឡូងក្រាម។ ទាក់ទងនឹងតម្លៃនេះ បើឈ្មួញ​កណ្ដាល​​យកចំណេញច្រើនពីកសិករដំាបន្លែ កសិករនឹងឈប់លក់ឱ្យ ព្រោះឈ្មួញកណ្ដាលមាន​ច្រើននាក់ក្នុងភូមិ។សម្រាប់ការ​ដឹក​យក​ទៅ​លក់នៅផ្សារនៅព្រែក​អញ្ជាញ ពួកគាត់ត្រូវក្រោកយកទៅលក់នៅម៉ោង១យប់ (ព្រឹកព្រលឹម) រហូតដល់ម៉ោង៥ភ្លឺ។ ចំណែកឯក​ការដឹកយកទៅលក់នៅភ្នំពេញ (ផ្សារនាគមាស និង ផ្សារដើមគ) គាត់ចេញពីផ្ទះនៅម៉ោងប្រហែល៤រសៀល។ គាត់​លក់​ឱ្យម៉ូយ​ដែល​មានស្តង់ឬតូប នៅផ្សារជាតម្លៃបោះដុំ រួចត្រលប់មកផ្ទះវិញ។ បើបន្លែទំងន់ ៨០០គីឡូក្រាម គាត់អាចចំណេញ​ថវិកា​បាន​ចន្លោះ​​ពី៨០ ០០០រៀល ទៅ ១០០ ០០០រៀល។


ជារួម ឈ្មួញទិញលក់បន្លែនៅភូមិក្រចាប់ត្បូងមិនមានបញ្ហា ឬ ធ្លាប់ឆ្លងកាត់បញ្ហាលក់មិនបាននោះទេ ព្រោះគាត់មានទំនាក់​ទំនង​ជា​មួយម៉ូយនៅផ្សារដែលគេកុម្មង់ទុកជាមុន មុននឹងទៅទិញពីកសិករដល់ចម្ការ។ របរគាត់អាចរកប្រាក់កម្រៃច្រើន ឬតិចទៅតាម​លទ្ធភាពកសិករដាំបាន។ នៅពេលកសិករដាំបានច្រើន ព្រមជាមួយនឹងការកុម្មង់ពីទីផ្សារច្រើន ឈ្មួញកណ្ដាលអាចរក​កម្រៃ​បាន​ច្រើន​ដែរ។ ផ្ទុយទៅវិញ ចំពោះកសិករដាំបន្លែនៅភូមិក្រចាប់ខាងត្បូង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល តែង​តែជួបប្រទះបញ្ហា គឺបញ្ហាទីផ្សារឬតម្លៃទីផ្សារ។ កសិករដាំបន្លែខាតបង់ថវិកាជារៀងរាល់រដូវ អាចបណ្តាលមកពីបន្លែជុញ (ជន់)​ឬអាចមកពីការនាំបន្លែមកពីតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ពិសេសបន្លែដែលនាំចូលពីបរទេសលើសលុបតែម្តង។ បញ្​ហា​នេះ​ត្រូវ​ការដោះស្រាយជូនប្រជាកសិករដាំបន្លែ ដើម្បីឱ្យចង្វាក់ផលិតកម្មបន្លែរបស់ពួកគាត់អាចបន្តទៅបានដោយមាននិរន្តភាព។

Be the first to comment

Leave a Reply

Your email address will not be published.


*