ផលិតកម្មបន្លែចងក្រងដោយសហគមន៍អភិវឌ្ឍន៍កសិកម្ម បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ ដោយ៖ លោក យិន ពោ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រ និង វិទ្យាសាស្ត្រសង្គម

នៅថ្ងៃសុក្រ ៥កើត ខែអាសាឍ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០  លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនិងក្នុងនាមជាតំណាងឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខា ធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងក្រុមការងារគម្រោងបាយអូឆា (Biochar) បន្ថែមលើសពីនេះទៅទៀត ក៏មានការចូល រួមសម្របសម្រួលជាមួយសហគមន៍ដោយបណ្ឌិត ជា ស៊ីណាត អ្នកឯកទេសសាកវប្បកម្ម (បន្លែ ផ្លែឈើនិងរុក្ខជាតិលម្អ) ពីសាកលវិទ្យាល័យជាតិសេអ៊ូល  ប្រទេសកូរ៉េខាងត្បូង មកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវនៅសមាគមន៍អភិវឌ្ឍន៍កសិកម្ម បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ (Peri-Urban Agriculture Cooperative)ដើម្បីសិក្សាស្វែងយល់ពីចង្វាក់ផលិតកម្ម និងទីផ្សារ លក់បន្លែរបស់សហគមន៍ ព្រមទាំងចុះទៅសិក្សាស្វែងយល់ផ្ទាល់ពីការដាំរបស់ប្រជាកសិករនៅភូមិទំពូង ឃុំកាហែង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ និង ទីតាំងពិសោធន៍ ដាំបន្លែដោយប្រើប្រាស់បាយអូឆាជាមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវដែល ស្ថិតនៅភូមិច្រកខ្លុង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ លោក វណ្ណៈ សម្បត្តិ គឺជាលេខាធិការនៃសហគមន៍ បានរៀបរាប់ពីស្ថានភាពទូទៅរបស់សហគមន៍ដែល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ គោលបំណងដើម្បីជួយលើកកម្ពស់ជីវភាពក្រីក្រនៅខេត្តកំពង់ស្ពី ហើយបច្ចុប្បន្នមានបុគ្គលិក កំពុងបំពេញការងារចំនួន៦នាក់។ សហគមន៍អាចដំណើរការទៅបានដោយទទួលបានប្រាក់ចំណូលមកពីប្រភពបី គឺ៖

១. ទិញស្រូវ ដើម្បីផលិតជាអង្ករលក់

២. បង្កើតឥណទានខ្នាតតូច ដោយយកការប្រាក់ទាប

៣.  ចងក្រងសហគមន៍ដាំបន្លែ បានចំនួន៨០ គ្រួសារ លើផ្ទៃដីដាំដុះចំនួន៨ ហិកតា។

ទាក់ទងចង្វាក់ផលិតកម្មទិញនិងលក់បន្លែវិញ សមាគមន៍មានទីផ្សារធំមួយ គឺ Japan Farm Products (Cambodia) Co.,Ltd. (SEATS) ដែលអាចទទួលទិញបន្លែចាប់ពី៧០០ទៅ៨០០គីឡូក្រាមក្នុងមួយថ្ងៃ។ បច្ចុប្បន្នសហគមន៍មានដំណើរការល្អ ពោលគឺអាចលក់បានក្នុង១ថ្ងៃចាប់ពី៣០០ទៅ៤០០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាមតម្លៃ៤០០០រៀល ក្នុងនោះ មានសាឡាត់ ត្រកួន សាឡាត់ឡាត់ពណ៌។ល។ ចំពោះតម្លៃវិញ មានការប្រែប្រួលទៅតាមប្រភេទបន្លែ។

លោកស្រីមានប្រសាសន៍បន្តទៀតថា  ដោយសារសហគមន៍ធ្វើការបានល្អ ទើបនៅឆ្នាំ២០១៨ សហគមន៍ទទួលបានចំណាត់ថ្នាក់ ព្រមទាំងទទួលបានការលើកទឹកចិត្តទាំងស្មារតី និងសម្ភារៈមួយចំនួនពីរាជរដ្ឋាភិបាលដើម្បីពង្រីកផលិតកម្ម បន្ថែមទៀតនូវថវិកា ចំនួន ១០ ០០០ ០០០ រៀល (ដប់លានរៀល) និងម៉ាស៊ីនបូមទឹកចំនួន១០គ្រឿងផងដែរ។ ទន្ទឹមនឹងការជួយជ្រោមជ្រោងពី សំណាក់រាជរដ្ឋាភិបាល សមាគមន៍តែងតែជួបបញ្ហាមួយចំនួននិងសូមសំណូមពរ៖

  • ជួយសង់រោងបន្លែដល់ប្រជាកសិករម្នាក់១រោងបន្ថែមដែលមានទំហំ១០ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ឬទំហំ១០ម៉ែត្រ គុណនឹង ៥០ម៉ែត្រ។
  • ជួយជីកប្រព័ន្ធស្រោចស្រព អណ្តូងឬស្រះជាដើម។

បន្ទាប់ពីសិក្សាស្វែងយល់ពីចរន្តទីផ្សារ ក៏ដូចជាដំណើរការសទូទៅរបស់សហគមន៍កន្លងមក។ លោក វណ្ណៈ សម្បតិ្ត បានដឹកនាំ ក្រុមការងារគម្រោងបន្លែ និង ក្រុមការងារគម្រោងបាយអូឆា ចុះទៅសិក្សាស្វែងយល់ផ្ទាល់ពីការដាំរបស់ប្រជាកសិករនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កសិករដាំបន្លែដែលជាសមាជិកនៃសមាគមន៍អភិវឌ្ឍកសិកម្ម បន្លែចម្រុះ ជាយក្រុង កំពង់ស្ពឺ បានបង្ហាញច្បាស់ថា សហគមន៍បានធ្វើការងារដោយភាពស្មោះត្រង់ជាមួយកសិករ ពិសេសគឺតម្លៃទិញពីកសិករ និង តម្លៃលក់ចេញឱ្យក្រុមហ៊ុនជប៉ុន ឬ លក់ឱ្យឈ្មួញកណ្ដាលផ្សេងទៀតដោយមានតម្លាភាព។ ដូច្នេះ កសិករមាន ជំនឿលើសហ គមន៍ ទើបមិនងាកបែររកកន្លែងលក់ថ្មី ទោះបីមានការឈ្មួញកណ្ដាលថ្មីៗមកសុំចរចារទិញបន្លែពីពួកគាត់ក៏ដោយ។ សមាគ មន៍អភិវឌ្ឍន៍កសិកម្ម បន្លែចម្រុះជាយក្រុងកំពង់ស្ពឺនៅរក្សានិរន្តភាពក្នុងដំណើរការរបស់ខ្លួនបាន ដោយសារតម្លាភាពជាមួយ កសិករ ពិសេសគឺភាពស្មោះត្រង់។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសហមគមន៍បន្លែភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួច ក្រុមការងារក៏បានទៅ ទស្សនកិច្ចសិក្សាស្វែងយល់នៅទីតាំងពិសោធន៍ដាំបន្លែដោយប្រើប្រាស់បាយអូឆាអនុវត្តន៍លើដំណាំកសិកម្មរបស់ក្រុមការងារគម្រោងស្រាវជ្រាវបាអូឆានៃរាជបណ្ឌិត្យសភាកម្ពុជា ដែលកំពុងពិសោធន៍ដាំស្ពៃខ្មៅ ឆៃថាវ និង ពោត។ សូមបញ្ជាក់ថា នេះជាឆ្នាំ ទី៣ក្នុងការអនុវត្តគម្រោងពិសោធន៍បាអូឆាលើដំណាំកសិកម្ម។ ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ គម្រោងបានសិក្សាស្រាវ ជ្រាវរយៈពេលជិត១ឆ្នាំហើយ ក្នុងគោលបំណងផលិត និង ប្រើប្រាស់បាយអូឆា ដើម្បីកែប្រែដីឱ្យមានគុណភាព និងបង្កើន ទិន្ន ផលដំណាំ។ រីឯបាយអូឆាវិញ ក្រុមការងារស្រាវជ្រាវបានផលិតបាយអូឆាចេញពីវត្ថុធាតុដើមនៃសំណល់ផ្សេងៗរួមមាន៖ សំណល់កសិកម្ម សំណល់សរីរាង្គផ្សេងៗនិងសំណល់ផ្ទះបាយជាដើម។ តាម   រយៈការឱ្យដឹងពីប្រធានគម្រោងស្រាវជ្រាវ បាយអូឆានេះថា ចាប់ពីឆ្នាំ២០២១តទៅ ក្រុមការងារនឹងយកលទ្ធផលស្រាវជ្រាវក្នុងរយៈពេល០៣ឆ្នាំនេះ អនុវត្តឱ្យទៅដល់ ដៃប្រជាពលដ្ឋនៅតាមមូលដ្ឋាន ក្រោមគម្រោង «គោលនយោបាយយុទ្ធសាស្រ្តការអភិវឌ្ឍបាយអូឆានៅកម្ពុជា»។  គម្រោងនេះ មានការចូលរួមពីសមាជិកស្រាវជ្រាវដូចជា៖ លោក ស្វាយ រីដា, លោក អាត ធារ៉ា, លោក លឹម សេងឌី និង លោក ហេង វីរិទ្ធិ ដោយមានឯកឧត្តមបណ្ឌិត យង់ ពៅ គឺជាអ្នកសម្របសម្រួលគម្រោង។

 

Be the first to comment

Leave a Reply

Your email address will not be published.


*