ផ្ទាំងចម្លាក់ឥន្ទ្រាភិសេកនៅប្រាសាទបាយ័ន ដោយៈ ក្រុមស្រាវជ្រាវអត្តសញ្ញាណព្រះបាទជ័យវរ្ម័នទី៧

ប្រាសាទបាយ័នកសាងនៅក្នុងរាជចក្រពត្រាធិរាជ ព្រះបាទជ័យវរ្ម័នទី៧ ដែលមានចម្លាក់ក្រឡោតទាបឆ្លាក់នៅតាមថែវខាងក្នុង និងខាងក្រៅ ព្រមទាំងចម្លាក់ផ្សេងៗជាច្រើនទៀតនៅតាមផ្ដែរ ហោរជាងនិង សសរ។
មានចម្លាក់មួយផ្ទាំងឆ្លាក់នៅថែវខាងក្រៅ ទិសខាងលិចស្លាបខាងជើង រៀបរាប់អំពីក្បួនដង្ហែរបស់ព្រះមហាក្សត្រ ដែលយើងសន្និដ្ឋានថា មិនមែននរណាក្រៅពី «ព្រះបាទជ័យវរ្ម័នទី៧» ឡើយ។ ការសន្និដ្ឋាននេះ ដោយសំអាងលើសិលាចារឹកមួយបន្ទាត់ ចារនៅក្រោម ដោយមានសេចក្ដីប្រែសម្រួលថា «…សុខសាន្តក្នុងព្រះនគរហើយ ទើបស្ដេចយាងចេញធ្វើព្រះរាជពិធីឥន្ទ្រាភិសេក»។
ចម្លាក់ឥន្ទ្រាភិសេកឆ្លាក់បង្ហាញពីក្បួនដង្ហែដែលក្បួនខាងមុខមានកងទ័ពនាំមុខគេ បន្ទាប់មកមានក្រុមវាយគង ផ្លុំស្នែង វាយស្គរ ហើយបន្តពីនេះមានក្រុមអ្នកសែងព្រះភ្លើងដែលជាកេតនភណ្ឌមួយក្នុងចំណោមកេតនភណ្ឌផ្សេងៗទៀតរបស់ព្រះមហាក្សត្រ។ បន្ទាប់ពីក្រុមសែងព្រះភ្លើង មានកងទ័ពសេះ ដែលបន្តដោយកងទ័ពថ្មើរជើង។ បន្តពីទ័ពថ្មើរជើង មានក្រុមវាយគង ផ្លុំស្នែង វាយស្គរមួយក្រុមទៀត ហើយបន្តដោយកងទ័ពថ្មើរជើងមួយកងធំ មុនទៅដល់ដំរីរាជដែលជាជំនិះរបស់ព្រះមហាក្សត្រ ហើយដែលព្រះអង្គកំពុងគង់លើដំរីនេះ។ នៅចំហៀងដំរីក៏មានកងទ័ពហែរហមដែរ។ នៅពីក្រោយដំរី មានកងទ័ពមួយកងដង្ហែក្រោយក្បួនដែលជាក្បួនដង្ហែចុងក្រោយគេបង្អស់។ នៅខាងចុងផ្ទាំងចម្លាក់ឥន្ទ្រាភិសេកនេះ មានចម្លាក់នារីជាម្ដាយ កូនក្មេង និងមនុស្សម្នាជាច្រើននាក់ទៀតកំពុងឈរ អង្គុយគោរព និងអបអរសាទរចំពោះក្បួនដង្ហែរបស់ព្រះមហាក្សត្រ។

Be the first to comment

Leave a Reply

Your email address will not be published.


*