ប្រមុខរាជរដ្ឋាភិបាលបានឯកភាពបិទជើងហោះហើរ ពីម៉ាឡេស៊ី និងឥណ្ឌូនេស៊ីតាមសំណើរបស់ក្រសួង សុខាភិបាល

ដោយក្រសួងសុខាភិបាលយល់ឃើញថា ក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងនៃជំងឺកូវីដ១៩ នៅកម្ពុជាមាន​ការកើន​ឡើងគួរឱ្យបារម្ភចំពោះប្រជាពលរដ្ឋ ក៏ដូចជាក្រសួងសុខាភិបាលផងដែរ ហើយអ្នកឆ្លងភាគច្រើនជាករណី​នាំ​ចូល​មក​ពីបរទេស ពិសេសគឺចូលពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ដោយយល់ឃើញ​ពីក្តីបារម្មណ៍បែបនេះ ទើបក្រសួង​សុខាភិ​បាលបានលើកជាសំណើដាក់ជូនប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​សុំគោលការណ៍ដ៏ខ្ពង់ខ្ពស់បិទជើងហោះហើរពីប្រទេសទាំងពីរនេះ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ តទៅ ដើម្បី​ជាវិធានការណ៍ទប់ស្កាត់ការចំលងរីករាយដាលនៃជំងឺនេះដល់សហគមន៍។ ជាមួយគ្នានេះដែរ  សម្ដេចតេជោ ហ៊ុ​ន សែន បានចារឯកភាពឆ្លើយតបតាមសំណើរបស់ក្រសួងសុខាភិបាលផងដែរ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សង្កេតឃើញថា មានអ្នកដំណើរតាមជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានរកឃើញករណី ឆ្លងវិរុសកូវីដ១៩ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងចំនួនអ្នកវិជ្ជមាននៃវិរុសកូវីដ១៩ មាន១០៨នាក់ ក្នុងនោះភាគច្រើនតាមជើងហោះហើរពីប្រទេសម៉ាឡេស៊ី (៥៥នាក់លើ១០៨នាក់) និងឥណ្ឌនេស៊ី លើអ្នកដំណើរសរុបចំនួន ២៣,៥៦៧នាក់។​ ម្យ៉ាងវិញទៀតចាប់ពីថ្ងៃសីហា និងខែកញ្ញា តទៅ ប្រទេសយើងនឹងមានការឈប់សម្រាកក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឲ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិច្ចការពារចម្លងវិរុសកូវីដ១៩។

ក្រសួងសុខាភិបាល សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារចម្លងវិរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យមានរលកទី២នៃការចម្លងវិរុសកូវីដ១៩។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ រហូតដល់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋមានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់) ។ ជាមួយគ្នានេះអ្នកជំងឺជាស្ត្រីជនជាតិអាមេរិក ២នាក់ កំពុងសម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិក។

ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កម្ពុជាបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ជាច្រើនករណី ដែលសុទ្ធសឹងជាករណីនាំចូលមកពីក្រៅប្រទេស៕

 

Be the first to comment

Leave a Reply

Your email address will not be published.


*