សារធាតុ​អាម៉ូនីញ៉ូម​នីត្រាត​ ត្រូវគេសង្ស័យ​ថា​បង្ក​​ឱ្យមាន​ការ​ផ្ទុះ​នៅ​រដ្ឋធានី​បេរូត

សារធាតុ​អាម៉ូនីញ៉ូម​នីត្រាត ដែល​អាជ្ញាធរ​លីបង់​បាន​អះអាង​ថា គឺ​ជា​មូលហេតុ​ដែល​បង្ក​ឱ្យមាន​ការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ក្នុង​រដ្ឋធានី​បេរូត កាល​ពី​ថ្ងៃ​អង្គារ គឺ​ជា​សារធាតុ​ដែល​គ្មាន​ក្លិន​ ដែល​គេ​ច្រើន​ប្រើ​សម្រាប់​ធ្វើ​ជា​ជី​សម្រាប់​ដំណាំ។ សារធាតុ​នេះ​បាន​បង្កឱ្យ​មាន​ការ​ផ្ទុះ​ជាច្រើន​ដង​មក​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។ ​

សារធាតុ​នេះ​ក៏​បាន​បង្ក​ឱ្យ​រោងចក្រ​ផលិត​ជី​មួយ​ក្នុង​រដ្ឋ​តិចសាស់​ សហរដ្ឋអាមេរិកផ្ទូះ​ ដែល​បាន​បង្ក​ឱ្យមនុស្ស​ចំនួន១៥ នាក់​ស្លាប់។ ហេតុការណ៍​ផ្ទុះ​មួយ​ទៀត​បាន​កើតឡើង​នៅ​ផ្លូវ​រថភ្លើង​កូរ៉េខាងជើង ដែល​បាន​ធ្វើ​ឱ្យយ​មនុស្ស​ចំនួន១៦១នាក់​ស្លាប់​កាល​ពី​ឆ្នាំ​ ២០០៤។ ​

នៅ​ពេល​លាយ​ជាមួយ​នឹង​ប្រេង​ឥន្ធនៈ សារធាតុ​អាម៉ូនីញ៉ូមនីត្រាត​នេះ​បង្កើត​បាន​ជា​សារធាតុ​ផ្ទុះ ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​សំណង់ ហើយ​ក៏​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​ឧទ្ទាម ដូចជា​ក្រុម​តាលីបង់ សម្រាប់​ផលិត​ជា​ឧបករណ៍​ផ្ទុះ​ផង​ដែរ។

នាយករដ្ឋមន្ត្រី​លីបង់ លោក Hassan Diab បាន​និយាយ​ថា សារធាតុ​អាម៉ូនីញ៉ូមនីត្រាត​ចំនួន ២.៧៥០ តោន​ដែល​បាន​ស្ដុក​ក្នុង​ឃ្លាំង​កំពង់ផែ​មួយ​នៅ​រដ្ឋធានី​បេរូត ​បាន​ផ្ទុះ។ កាកបាទ​ក្រហម​លីបង់​បាន​ឱ្យដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា ការ​ផ្ទុះ​នេះ​បានបង្ក​ឲ្យ​មនុស្ស​ចំនួន​ជាង១០០នាក់​ស្លាប់​ ហើយ​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៤ពាន់​នាក់​ទៀត​បាន​រងរបួស។ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កំពុង​តែ​ប្រព្រឹត្ត​ទៅយ៉ាង​សស្រាក់សស្រាំ​ក្នុង​រដ្ឋធានី​បេរូត​៕

ប្រភពពីគេហទំព័រ VOA

Be the first to comment

Leave a Reply

Your email address will not be published.


*