ប្រវត្តិរបស់ព្រះអង្គចេក និង ព្រះអង្គចម ដែលជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋខ្មែរ

សៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសកម្ពុជា ក្បែរបឹងទន្លេសាប។ ខេត្តសៀមរាបត្រូវបានដាក់​ឈ្មោះបែបនេះដើម្បីរំលឹក ដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យា​​នាសតវត្សទី១៧ ហើយសព្វ​ថ្ងៃ​នេះ ខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំង ពិភពលោកថា ជាខេត្តមួយមានប្រាសាទសំបូរច្រើន​ជាងគេនិងពិសេសប្រាសាទ​អង្គ​វត្តដ៏ល្បីល្បាញផងដែរ។ ព្រះអង្គចេកព្រះអង្គចមជាព្រះពុទ្ធរូបភេទ​ស្រី ហើយក៏ត្រូវបាន​មតិខ្លះ​គិតថារូបទាំងពីរអង្គនេះ ជាបង​ប្អូន​បង្កើតជាមួយនឹងគ្នាផងដែរ។ រូបធំជា ព្រះអង្គចេក និង រូបតូចជាព្រះអង្គចម រូបទាំងពីរនោះ ត្រូវបានគេគិតថា​សាងអំពី​មាស​និង​លង្ហិន ហើយមានទម្ងន់សរុប១៥០គីឡូក្រាម។ យោងតាមការតំណាលតៗគ្នាថា ដោយមិនមានប្រភពច្បាស់លាស់។ អ្នកខ្លះ​បាន​ឡើងថា ព្រះអង្គចេក ព្រះអង្គចមជាទេពធីតាដែលជាអតីតព្រះរាជបុត្រី របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្ថាបនិកសាង ប្រាសាទអង្គរវត្ត។
មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋមានជំនឿ ចាប់អារម្មណ៍ និងគោរពបូជា ចំពោះព្រះនាងចេក ព្រះអង្គចម គឺដោយសារតែភាពសុច្ចរឹតទៀងត្រង់ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តា ករុណាយ៉ាងខ្ពង់ខ្ពស់ ដែលព្រះអង្គទាំងពីរតែងតែអាណិតអាសូរធ្វើបុណ្យដាក់ទានដល់អស់ ប្រជានុរាស្រ្តដែលត្រូវការព្រះនាងទាំងពីរជួយ ពិសេសទៅទៀតព្រះនាងទាំងពីរបានអប់រំ អ្នកទោស ទាំងឡាយឱ្យដើរតាមគន្លងទូន្មានរបស់ព្រះពុទ្ធសាសនា និងបានដោះលែង ពួកគេឱ្យមានសេរីភាពថែមទៀត។
សូមបញ្ជាក់ផងដែរថា ព្រះនាងទាំងពីរគឺជាអ្នកដែលគោរព ប្រតិបត្តិព្រះពុទ្ធសាសនា យ៉ាងខ្ជាប់ខ្ជួនដែលប្រជារាស្រ្តទូទាំងនគរបានដឹងអំពីចរិកលក្ខណៈដ៏ប្រពៃរបស់ ព្រះនាងទាំងពីរ ម្លោះហើយពីមួយជំនាន់ ទៅមួយជំនាន់រហូតដល់រជ្ជកាល ព្រះបាទអង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិនាសតវត្សរ៍ទី១៦ ព្រះអង្គបានអនុញ្ញាតឱ្យគេសាងរូបព្រះនាងចេក ចមសម្រាប់ប្រជារាស្ត្រ ទូទៅគោរពបូជា លុះក្រោយមករូបទាំងពីរនេះ បានធ្វើឱ្យប្រជារាស្រ្តរស់នៅប្រកបដោយសេចក្ដីសុខចម្រើនទើបប្រជារាស្រ្ត បានចាត់ទុករូបទាំងជា ព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិនិងមានកិត្តិនាមល្បីរន្ទឺទូទាំងប្រទេសមិនត្រឹមតែប៉ុណ្ណោះ រូបទាំងពីរបានក្លាយជា ភាពទាក់ទាញសម្រាប់បុគ្គលមានអំណាចនិងឈ្មួញទុច្ចរិត ដោយពួកគេចាប់ផ្ដើម រៀបផែនការលួចសម្រាប់ទុកធ្វើជាកម្មសិទ្ធិនិងការលក់ដូរ ហេតុនេះហើយបានជារូបព្រះ អង្គចេកព្រះអង្គចមបាន បាត់មួយរយៈក្នុងអំឡុងពេល នៃតំបន់អង្គរត្រូវបានគេ បោះបង់ចោល។ ទោះយ៉ាងណាក៏ដោយ រូបសំណាកទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញ ក្នុងឆ្នាំ១៩៥០នៅក្នុងព្រៃម្ដុំក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថារូបព្រះអង្គចេក ព្រះអង្គចមកាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។ ជាក់ស្ដែង យោងតាមអត្ថបទរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ចុះថ្ងៃសុក្រ ទី២៣ ខែ កញ្ញា ឆ្នាំ២០១១ ស្ដីអំពីរូបសំណាកអ្នក ការពារឬថែរក្សា បានរៀបរាប់ថា៖ នៅពេលមួយលោកឧត្ដមសេនីយ៍ម្ជុលពេជ្រ ដាប ឈួន ឬហៅថា ដាបឈួន ដែលជាចៅហ្វាយខេត្តសៀមរាប និងខេត្តកំពង់ធំ ត្រូវបានសម្ដេចព្រះបាទនរោត្ដមសីហនុ ប្រទានតំណែងឱ្យគ្រប់គ្រងនៅខេត្តទាំងពីរបន្ទាប់ពីបានទទួល ឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៥។
បន្ទាប់ពីបានដឹងថារូបព្រះអង្គចេក ព្រះអង្គចមត្រូវបានយកមកតម្កល់ទុកនៅអភិរក្សដ្ឋានអង្គរមក លោកដាបឈួនរួមជាមួយនឹងទាហានរបស់គាត់មួយចំនួនបានឆ្មក់ចូលលួចយក រូបសំណាកទាំងពីរនេះ មកតម្កល់ទុកនៅក្នុងទីចាត់ការរបស់គាត់នៅចិនក្រហមបច្ចុប្បន្នទីតាំងនោះបានក្លាយជាសណ្ឋាគារអង្គរសិនជូរីក្នុងក្រុងសៀមរាប។ ថ្ងៃមួយគាត់បានយករូប សំណាកទាំងពីរ ដាក់ក្នុងរថយន្តរបស់គាត់មកតម្កល់ទុកក្នុងផ្ទះ (គេបានឱ្យដឹងថាក្នុងរូបមួយត្រូវបានសែងដោយទាហានចំនួន៥នាក់ទើបអាចលើករួច)។ រូបទាំងពីរនេះបានធ្វើឱ្យដាបឈួន មានកម្លាំងលើសអស់មនុស្សលោកធម្មតា ដោយគាត់អាចលីដាក់លើស្មានូវរូបព្រះពុទ្ធទាំងពីរនោះ ដែលមានទម្ងន់សរុប១៥០គីឡូក្រាមបានយ៉ាងងាយ។ គាត់នឹងទាហានរបស់គាត់ពិតជាមានជំនឿយ៉ាងខ្លាំងចំពោះរូបព្រះអង្គចេក ព្រះអង្គចម ដោយពួកគេតែងតែ ចំណាយពេលយ៉ាងហោចក៏កន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីគោរពនិងបួងសួងឱ្យថែរក្សាពួកគេជាប្រចាំ។
លុះមកដល់សម័យខ្មែរក្រហមគ្រប់គ្រងនៅឆ្នាំ១៩៧៥-១៩៧៩ រូបសំណាកព្រះអង្គចេក ព្រះអង្គចមក៏ត្រូវក្រុម ទាហានខ្មែរក្រហម យកទៅទម្លាក់ចោល ក្នុងស្ទឹងសៀមរាប ស្រុតកប់បាត់ទៅក្នុងភក់បាតស្ទឹង រហូតដល់ខេត្តសៀមរាបត្រូវបានរំដោះនៅឆ្នាំ១៩៧៩។ គេជឿថាក្រុមទាហានខ្មែរក្រហម ដែលនាំគ្នាដឹកយក រូបសំណាកទាំងពីរនេះ ទៅចោលក្នុងស្ទឹង សៀមរាប បានស្លាប់ដោយសារ បារមីរបស់ព្រះអង្គចេក ព្រះអង្គចមនៅក្រោយពេលមិនយូរប៉ុន្មាន បន្ទាប់ពីយកព្រះពុទ្ធរូប ទាំងពីរនេះមកទម្លាក់ចោលក្នុងទឹកស្ទឹង។
ក្រោយមកនៅឆ្នាំ១៩៨២ ព្រះចៅអធិការវត្ដ ដំណាក់រួមជាមួយ នឹងការចូលរួមពីលោកអភិបាល ខេត្តសៀមរាប គឺលោក នៅ សម បាននាំគ្នាកសាង អាស្រមតូចមួយនៅក្បែរ ព្រះរាជដំណាក់ស្ដេច ក្នុងបរិវេណសួនឯករាជ្យ ឬ សួនដំណាក់ស្ដេច ហើយប្រារព្ធពិធី ដង្ហែព្រះពុទ្ធរូបទាំងពីរអង្គ ពីវត្តដំណាក់មកតម្កល់ទុកនៅទីនោះ។ លុះបន្ទាប់មកទៀត នៅឆ្នាំ២០០៤ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ចម ប្រសិទ្ធិ បានបរិច្ចាគទឹកប្រាក់ ផ្ទាល់ខ្លួនដើម្បីពង្រីក អាស្រមព្រះអង្គចេក ព្រះអង្គ ចមឱ្យធំទូលាយ រហូតមកដល់សព្វថ្ងៃនេះ ដែលអាចឱ្យពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសម្រាប់គោរពបូជានិង បួងសួង សុំសេចក្ដីសុខសប្បាយ តាមសេចក្ដីប្រាថ្នា របស់ពួកគេម្នាក់ៗតាមការបន់ស្រន់រៀងៗខ្លួន។ ម្យ៉ាងវិញទៀតទីនោះបានក្លាយជាទីកន្លែង សក្ការបូជាដ៏ស័ក្ដិសិទ្ធិមួយសម្រាប់បពុទ្ធបរិស័ទទាំងឡាយ ប្រារព្ធពិធីបួងសួងតាមជំនឿផ្សេងជាបន្តបន្ទាប់ ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យភ្ជំបិណ្ឌ និងពិធីបុណ្យអុំទូកជាដើម។ល។ បច្ចុប្បន្នមានមនុស្សម្នាមកពីគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជាមានមនុស្សម្នា ក្មេង ចាស់ ប្រុស ស្រី ទាំងក្នុងខេត្ត ក្រៅខេត្ត សំខាន់ភ្ញៀវទេសចរបរទេស ក៏បានអញ្ជើញចូលទៅបូជាថ្វាយនូវភួងផ្កា ទៀន ធូប ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យ និងដើម្បីសុំសេចក្តីសុខសប្បាយ ជូនដល់ក្រុមគ្រួសារ បងប្អូន កូនចៅរបស់ខ្លួន និងការងាររកស៊ីជួញដូរផ្សេងៗទទួលផលរកស៊ីមានបាន គ្រប់ក្រុមគ្រូសារ នៅពេលពួកគាត់វិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ និងក្នុងមួយថ្ងៃយ៉ាងតិច៣០០នាក់ ដើម្បីបួងសួងសុំសេចក្តីសុខចំរើនទៅតាមសេចក្តីប្រាថ្នារបស់គេរៀងៗខ្លួន។

Be the first to comment

Leave a Reply

Your email address will not be published.


*