ច្បាប់ និងឥរិយាបថរបស់មនុស្ស (Law and Human Attitude) ដោយ ឯ. ឧ. បណ្ឌិត អ៊ុំ ប៉ុម     ជំនួយការ រាជបណ្ឌិត្យសភាកម្ពុជា

សេចក្ដីផ្ដើម

          នៅលើពិភពលោកយើងនេះ គេសង្កេតឃើញមានភាវៈគួរឱ្យកត់សម្គាល់បួនយ៉ាងគឺ មនុស្ស សត្វ រុក្ខ​ជាតិ និងរ៉ែធម្មជាតិ ហើយក្នុងចំណោមភាវៈទាំងបួននេះទៀតសោត ភាវៈ”មនុស្ស”មាននៅជាប់នឹងខ្លួននូវរបស់​​ពិសេសម្យ៉ាងដែលភាវៈដទៃទៀតគ្មាននោះគឺ”វិចារណញ្ញាណ”សម្រាប់គិតពិចារណាទៅលើអ្វីៗទាំងអស់ ដែល​​បានជួបប្រទះក៏ដូចជាទៅលើអំពើប្រព្រឹត្តរបស់ខ្លួន។ ជាងនេះទៅទៀត ក្នុងដំណើរអត្ថិភាពនៅ​លើភព​ផែន​ដី​យើងនេះ មនុស្សដើរតួជាអ្នកតាក់តែងច្បាប់សម្រាប់សង្គមផង ហើយក៏ជាកម្មវត្ថុនៃការគិតពិចារ​ណា​ចំពោះការ​តាក់តែងច្បាប់ផង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ក្នុងដំណើរអនុវត្តនូវតួនាទីរបស់ខ្លួនជាកម្មវត្ថុ​របស់​ច្បាប់ក៏មាន​ប្រភេទ​មនុស្សខ្លះយល់បានត្រឹមត្រូវអំពីច្បាប់ លើកតម្កើងច្បាប់ ដាក់ចិត្តដាក់កាយគោរពច្បាប់ និង​ចាត់ទុក ច្បាប់​​ធំជាងបុគ្គលខ្លួនឯង។ ម្ល៉ោះហើយ ព្រោះតែឥរិយាបថភ្ញាក់រលឹកបែបនេះ គេក៏បានសុខ​ស្រួល​ក្នុងដំណើរ ជីវិតរស់នៅ ជាមួយនឹងសង្គមដែលគេកំពុងតែចូលរួមប្រាស្រ័យ។ ផ្ទុយទៅវិញ ក្នុងដំណើរ​អត្ថិភាព​របស់មនុស្ស​ដដែល គេក៏សង្កេតឃើញមានប្រភេទមនុស្សខ្លះទៀតយល់មិនបានត្រឹមត្រូវអំពីច្បាប់ មើល​ស្រាល​ច្បាប់ មិន​បាន​ផ្សារភ្ជាប់ខ្លួនជាមួយច្បាប់ ចង់តែប្រព្រឹត្តអ្វីៗទៅតាមទំនើងចិត្តនឹក​ឃើញធ្វើអ្វីៗផ្ទុយ​ពីការកំណត់​របស់ច្បាប់ តំណាងឆន្ទៈរួមរបស់មនុស្សក្នុងសង្គមដែលគេកំពុងរស់នៅ។ ម្ល៉ោះហើយ ដោយសារតែអាក​ប្ប​កិរិយា​ភ័ន្តច្រឡំ​បែបនេះ គេក៏ពុំបានសុខស្រួលឡើយហើយព្រមទាំងជួបប្រទះនឹងការដាក់​ទណ្ឌកម្មត្រឡប់​វិញ​ពីសំណាក់ អាជ្ញា​ធរទៅតាមកម្រិតនៃអំពើខុសឆ្គងរបស់គេថែមទៀតផង។

សំណួរអាចចោទសួរថា តើហេតុអ្វីបានជាមានបាតុភាពជាឥរិយាបថពីរប្រភេទផ្ទុយគ្នាបែបនេះ កើត ឡើង​ចំពោះមនុស្សក្នុងសង្គម? តើត្រូវធ្វើបែបណាដើម្បីឲ្យមនុស្សផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនពីឥរិយាបថអវិជ្ជ- មាន ហើយបែរត្រឡប់ទៅរកឥរិយាបថបែបវិជ្ជមាន ស្របទៅតាមអ្វីដែលច្បាប់ចង់បាន?

ទាំងអស់នេះ គឺជាបញ្ហាចោទដ៏ស្មុគស្មាញសម្រាប់យើងទាំងអស់គ្នាដើម្បីសាកល្បងស្វែងរកចម្លើយ ប្រកបដោយសុភនិច្ឆ័យ ហើយរួមគ្នាដោះស្រាយនូវហេតុភេទដែលតែងតែកើតមានឡើងបែបនេះក្នុងឥរិយាបថ រស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែដើម្បីមានមូលដ្ឋានរឹងមាំ នឹងដោះស្រាយនូវបញ្ហាដូចពោលខាងលើ នេះ យើងគប្បីត្រឡប់មកសិក្សាស្វែងយល់ទាំងអស់គ្នាជាមុន អំពីថា តើអ្វីទៅដែលហៅថាច្បាប់? ច្បាប់មាន ប្រភពមកពីណា? ច្បាប់មានតួនាទីអ្វីខ្លះចំពោះសង្គម?

១- តើច្បាប់ជាអ្វី?

មាននិយមន័យមួយចំនួនដែលខ្ញុំបានស្រាវជ្រាវឃើញហើយសូមលើកយកមកបញ្ជាក់ជូននៅពេលនេះ ទាក់ទងទៅនឹងសំណួរដែលលើកឡើងថា តើច្បាប់ជាអ្វី?

១.១- និយមន័យច្បាប់តាមរយៈវចនានុក្រម

ក- វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យឆ្នាំ១៩៦៧ ត្រង់ទំព័រ២១៥ បានឲ្យនិយមន័យស្ដីពី “ច្បាប់” បែបនេះថា “ច្បាប់ជាវិន័យ ជាក្រិត្យក្រមជា ក្បួនប្រដៅមនុស្សទាំងអស់នៅក្នុងនគរអនុវត្តតាម ដើម្បីឈានឆ្ពោះទៅរកអំពើប្រព្រឹត្តល្អត្រឹមត្រូវតាមគន្លង”។

ខ- ចំពោះវចនានុក្រមអុកស្វត អឺដវ៉ាន់ លើនើយ៍(Oxford Advanced Learner’s) បោះពុម្ពឆ្នាំ ២០០៣ ត្រង់ទំព័រ៣៨៦ បានលើកឡើងជានិយមន័យសាមញ្ញបែបនេះថា ច្បាប់ជាវិធានផ្លូវការ​របស់​​​ប្រទេស​មួយឬរដ្ឋមួយលើកឡើងពីអ្វីដែលប្រជាជនត្រូវធ្វើឬមិនត្រូវធ្វើ (Law is an official rule of a country or state that says what people may do or may not do)។

          បើតាមនិយមន័យខាងលើនេះ ច្បាប់គឺជាវិន័យជាក្រិត្យក្រម ជាក្បួនប្រដៅឬជាវិធានផ្លូវការរបស់ ប្រទេស​នីមួយៗ បង្ហាញប្រាប់ប្រជាជនពីអ្វីដែលត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើ ឈានឆ្ពោះទៅរកអំពើប្រព្រឹត្តល្អ អំពើដែលមានផលប្រយោជន៍មានវឌ្ឍនភាពសម្រាប់សង្គម។ ផ្ទុយទៅវិញ អ្វីដែលមិនត្រូវធ្វើនោះ គឺជាកាយ​វិការ ដែលឈានឆ្ពោះទៅរកអំពើអាក្រក់ អំពើអសីលធម៌ គ្មានផលប្រយោជន៍ និងប៉ះពាល់ដល់​សណ្ដាប់ធ្នាប់សា​ធារណៈក៏ដូចជារបៀបរៀបរយសង្គម ព្រមទាំងធ្វើឲ្យសង្គមមានឧបសគ្គមិនអាចរីកចំរើនទៅមុខដោយរលូន​បាន។

១.២- និយមន័យច្បាប់តាមរយៈការគិតរបស់ទស្សនវិទូនយោបាយ

          ១.២.១- ទស្សនៈរបស់ស៊ីសេរ៉ុង(១០៦-៤៣មុនគ.ស)

បើតាមលោកស៊ីសេរ៉ុង(Cicéron) ទស្សនវិទូនយោបាយដ៏ឆ្នើមប្រចាំទីក្រុងរ៉ូមបានលើកឡើង      ពីនិយមន័យរបស់ច្បាប់យ៉ាងដូច្នេះថា”ច្បាប់​គឺជា​​​ការបែង​ចែករវាងអ្វីដែលត្រូវនិងអ្វីដែល​ខុស” (Law is the distinction between thing just and unjust)។ បើតាមនិយមន័យនេះ យើង​អាចចោទសួរថា តើអ្វីទៅដែលអាចឱ្យគេបែងចែកបានរវាង”ត្រូវ”និង”ខុស”?។ បើតាមទស្សនៈ​ផ្ទាល់​របស់លោក អ្វីដែលធ្វើឲ្យមនុស្សបែងចែកបានរវាងត្រូវនិងខុសគឺ “វិចារណញ្ញាណ”នោះឯង។ ប៉ុន្តែ​​ទោះជាយ៉ាងនេះក្ដី លោកក៏នៅតែមិនអស់ចិត្តខ្លាចក្រែងមានការយល់ច្រឡំចំពោះពាក្យ “វិចារណ​​ញ្ញាណ” ពីព្រោះវិចារណញ្ញាណរបស់មនុស្ស អាចមានត្រូវផងនិងខុសផង ពោល​គឺពុំមាន​​លក្ខណៈ​ត្រឹមត្រូវជាសកលនោះឡើយ។ ដូច្នេះហើយបានជាលោកបន្ថែមពាក្យ”ត្រឹមត្រូវ”​ក្នុងនិយមន័យថ្មីមួយ​ទៀតរបស់លោកថា “ច្បាប់គឺជាវិចារណញ្ញាណត្រឹមត្រូវ” (Law is the           right reason) បានសេចក្ដីថា ច្បាប់នោះត្រឹមត្រូវគ្រប់លំហទីឋានភូមិសាស្ត្រ និងគ្រប់កាល​​វេលាទាំងអស់។ ជាចុងក្រោយ លោក​បាន​បញ្ចប់និយមន័យរបស់ច្បាប់ ដោយពិចារណាប្រៀបធៀប​ច្បាប់​ទៅ​​នឹង មនុស្សដែលជាភាវៈ​រស់​តាម​​​និ​យមន័យមួយបែបទៀតថា”ច្បាប់គឺជាចៅក្រមដ៏ស្ងៀមស្ងាត់” (Law is a silent magistrate)។ បើ​តាម​ទស្សនៈនេះ ច្បាប់ពឹងពាក់ខ្លួនទាំងស្រុង​ទៅលើចៅ​ក្រម​​ដែលជាមនុស្សមាន​វិញ្ញាណ​ឱ្យ​និយាយ​ជួស​​ខ្លួន ឬនិយាយផ្ទុយមកវិញថា “ចៅក្រមគឺជាច្បាប់ចេះ​និយាយ”(Magistrate is a speaking Law)។ ទស្សនៈចុងក្រោយនេះ សបញ្ជាក់​ឱ្យ​​ឃើញ​​​ថា បើ​ចៅក្រមដែលជាអ្នកអនុវត្តច្បាប់មាន​គុណ​សម្បត្តិ​ល្អ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ​ខ្ពស់តំណាង​ឱ្យ​យុត្តិ​ធម៌ពិតប្រាកដអាចឆ្លុះបញ្ចាំងត្រឡប់​វិញថា​ច្បាប់នោះ​ល្អ។ ផ្ទុយទៅវិញ បើចៅ​ក្រម​ជា​​មនុស្សមិន​ប្រកប​ដោយគុណធម៌ និងខ្វះសីល​ធម៌វិជ្ជា​ជីវៈ​ជាចៅក្រម ច្បាប់​​​នោះ​ត្រូវបានគេ​មើល​ឃើញ​​​ថា ជារបស់ឥត​បាន​​ការអាក្រក់ជួរជាតិគួរឱ្យស្អប់​ខ្ពើម​និងមិនគួរឲ្យគោរពទៅវិញ។ ដូច្នេះ​បើតាមទស្សនៈខាងលើ ច្បាប់​​​មានលក្ខណៈអាក្រក់ឬល្អ អាស្រ័យ​ទៅលើចៅក្រមដែលដើរតួនាទីជា​ប្រធា​ន​វិស័យ​ជាអ្នកកំណត់ ដូចដែល លោកស៊ី សេរ៉ុង ធ្លាប់​បាន​​រំលឹក​ដាស់តឿនយើងនិងទាញអារម្មណ៍យើងឱ្យ​យក​​ចិត្ត​ទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ទៅ​​​លើ​ប្រធាន​វិស័យ​មួយនេះ ដើម្បីកុំឱ្យជះឥទ្ធិពលអាក្រក់ដល់តម្លៃពិតរបស់ច្បាប់ បង្កបាន​ទៅ​ជាអំពើ ឬសកម្ម​ភាពមិនគោរពច្បាប់របស់មនុស្សភាគច្រើននៅក្នុងសង្គម។ ប៉ុន្តែបើគេគិតមកសង្គម​បច្ចុប្បន្ន​ក្នុង​​សត​វត្សរ៍​យើងនេះវិញ ច្បាប់ល្អឬមិនល្អ អាចអាស្រ័យបន្ថែមទៀតទៅលើនិន្នាការនយោបាយ​នៃ​អ្នក​​​តាក់​តែង​ច្បាប់ក៏ដូចជាអាជ្ញាធរដែលជាអ្នកអនុវត្តច្បាប់។ ផ្សារភ្ជាប់នឹងបែបផែននែការជះ​ឥទ្ធិ​ពល​ទៅលើ​គុណតម្លៃរបស់ច្បាប់តាមរយៈចរិតលក្ខណៈទាំងបីរបស់ច្បាប់លោកសាំងថូម៉ាស់។        អាក្វាយនើស(Saint Thomas Aquinas) មេដឹកនាំសាសនាគ្រឹស្ដក្នុងសតវត្សរ៍ទី១៣ ធ្លាប់​បាន បញ្ជាក់អះអាងរួចមកហើយតាមរយៈឃ្លាដ៏មានតម្លៃទាំងបីរបស់លោកយ៉ាងនេះថា “ច្បាប់​ត្រូវ​អនុ​​ម័ត​ទៅតាមវិធានមួយចំនួនរបស់វិចារណញ្ញាណ ច្បាប់ត្រូវតែត្រឹមត្រូវនិង​ស៊ីសង្វាក់គ្នាជារួម​ជាមួយ​​​និង​អំពើ ល្អ” ច្បាប់ត្រូវមានធម្មានុរូបភាព(Legitimacy) ឬភាពត្រឹមត្រូវតាមច្បាប់។

២- ប្រភពនៃច្បាប់

ជាទូទៅ អ្វីៗទាំងអស់ដែលកើតមកលើលោកយើងនេះ សុទ្ធតែមានប្រភពរបស់វា។ យ៉ាងណាមិញបើ គេពិចារណាមកលើច្បាប់វិញ តើគេឃើញបែបណាដែរ?

មកដល់ត្រង់ចំណុចនេះ យើងគប្បីរំលឹកទៅដល់ទស្សនៈរបស់ ម៉ុងតេសគីយើ (១៦៨៩-១៧៥៦) ។ ទស្សនវិទូនយោបាយរូបនេះ បានអះអាងថា “ភាវៈទាំងអស់ដែលឋិតនៅលើភពផែនដីយើងនេះ សុទ្ធតែមាន ច្បាប់” បានន័យថា អាទិទេពក៏មានច្បាប់ មនុស្សមានបញ្ញា មនុស្សសាមញ្ញធម្មតាក៏មានច្បាប់ សត្វក៏មាន ច្បាប់។ បើនិយាយយោងទៅលើប្រភពវិញ លោកបានបញ្ជាក់បន្ថែមថា ច្បាប់មានប្រភពចេញមកពីមូលហេតុពីរ យ៉ាង គឺកាយមូលហេតុ(Physical cause) និងសីលមូលហេតុ(Moral Cause)។ ចំពោះ​ប្រភព​ជាកាយមូល ហេតុនៅទីនេះ លោកចង់ផ្ដោតជាសំខាន់ទៅលើកត្តាមួយចំនួនរួមមាន: មនុស្ស​(សំខាន់​គឺចរិតមនុស្ស) ទឹកដី អាកាសធាតុ ទីតាំងភូមិសាស្ត្រ សង្គមបរិយាកាស ប្រវត្តិសាស្ត្រ វប្បធម៌និង​ជំនាញ​ឯក​ទេស។ ប្រសិនបើអ្វីទាំង នោះ ខុសគ្នាឬមានស្ថានភាពបែបណា ច្បាប់ក៏មានលក្ខណៈបែបនោះដែរ ដោយ​ហេតុថា មនុស្សជាកម្មវត្ថុ និង​ជាអ្នក តាក់តែងច្បាប់បានទទួលឥទ្ធិពលពីអ្វីទាំងឡាយ​នោះហើយដែល​អ្វីទាំង​អស់នោះស្ថិតក្នុងកាលវេលា និង​​លំហជាមួយគ្នា។

រីឯប្រភពជាសីលមូលហេតុវិញ គឺជាប្រភពដែលចេញមកពីមូលហេតុទាក់ទងទៅនឹងស្មារតី ឬព្រលឹង របស់មនុស្សគ្រប់ៗរូប។ ស្មារតីឬព្រលឹងនោះតែងជះឥទ្ធិពលខ្លាំង​ក្លាទៅលើការបង្កើតច្បាប់នៃប្រទេស​នីមួយៗ​។ ឧបមាថា បើស្មារតីឬព្រលឹងនោះ ជាស្មារតីឬព្រលឹងប្រកបដោយសុឆន្ទៈរបស់ពួកអភិជនាធិប​តេយ្យ​ដែល​ធ្វើអ្វីៗ តែងតែគិតគូរដល់ផលប្រយោជន៍ជាតិ ច្បាប់ដែលបង្កើតឡើងក៏មានលក្ខណៈបែបនោះដែរ។ ផ្ទុយ​ទៅ​វិញ បើស្មារតីឬព្រលឹងនោះ ជារបស់ពួកអប្បជនាធិបតេយ្យ ដែលប្រកាន់រឹងមាំទៅលើផល ប្រយោជន៍​របស់​ក្រុម គេមួយក្ដាប់តូចនោះ ច្បាប់ដែលតាក់តែងចេញមក ក៏មានសភាពបែបនោះដែរ។

 

៣- ប្រភេទនៃច្បាប់

ទន្ទឹមនឹងការរៀបរាប់ពីប្រភេទច្រើនយ៉ាងរបស់ច្បាប់រួមមាន ច្បាប់ព្រហ្មទណ្ឌ ច្បាប់រដ្ឋប្បវេណី ច្បាប់ នយោបាយ ច្បាប់បរិស្ថាន ច្បាប់បញ្ជា ច្បាប់គតិយុត្ត… លោកបានបង្រួមច្បាប់ទាំងអស់នោះឲ្យរួមចូលគ្នាមក នៅត្រឹមចំណុចដែលថា ច្បាប់មានពីរប្រភេទតែប៉ុណ្ណោះគឺ ច្បាប់ពិភពរូបវន្ត និងច្បាប់ពិភពបញ្ញា។ តើច្បាប់ ពិភពទាំងពីរនេះ មានន័យដូចម្តេច?

៣.១- ច្បាប់ពិភពរូបវន្ត

ច្បាប់ពិភពរូបវន្ត គឺជាច្បាប់ដែលគ្រប់គ្រងពិភពរូបធាតុទាំងអស់នៅលើផែនដីយើងនេះ។ ដោយឡែក បើនិយាយទាក់ទងទៅនឹងចរិតលក្ខណៈវិញ ច្បាប់ប្រភេទនេះត្រូវបានគេពន្យល់បន្ថែមបែបនេះថា ច្បាប់ពិភព រូបវន្តគឺជាច្បាប់ទំនាក់ទំនង គឺជាច្បាប់ពិពណ៌នានូវអ្វីដែលមានពិតក្នុងពិភព”លោកសច្ចៈ”ហើយច្បាប់នេះ មាន​ចរិតលក្ខណៈពិសេសខុសប្លែកពីច្បាប់ដទៃទៀត នៅត្រង់ថាជា”ច្បាប់ធម្មជាតិ” (Natural Law) ហើយក៏ជា​ច្បាប់ដែលមិនចេះប្រែប្រួលសោះឡើយ។

៣.២- ច្បាប់ពិភពបញ្ញា

ច្បាប់ពិភពបញ្ញា ជាច្បាប់ដែលកើតចេញពីសមត្ថភាពនៃខួរក្បាលរបស់មនុស្ស។ បានន័យថា បើសម​ត្ថភាពនៃការគិតរបស់មនុស្សបានត្រឹមកម្រិតណា ច្បាប់នោះក៏មានកម្រិតត្រឹមប៉ុណ្ណោះដែរ ហើយក៏អាចកើត​មានករណីជាការគិតដោយមិនបានប្រមើលមើលវែងឆ្ងាយជាមុនឬជាការគិតមិនបានគ្រប់ជ្រុងជ្រោយឬក៏ អាច​ជាការគិតដោយផ្អែកលើចរិតលក្ខណៈរបស់ក្រុមមនុស្សទាំងពីរប្រភេទ ដូចបានរៀបរាប់ពីខាងដើមរួចមក ហើយ។ ដូច្នេះហើយបានជាក្នុងនិយមន័យស្ដីពីច្បាប់ ម៉ុងតេសគីយើ បានសង្កត់ធ្ងន់ថា “ច្បាប់ជាចំណងទាក់ ទងទាំងឡាយចេញមកពីអ្វីដែលមាននិងពីអ្វីដែលនឹងកើតមានឡើង” ហើយផ្ទុយពីច្បាប់ពិភពរូបវ័ន្តច្បាប់ ប្រភេទ​​​ទីពីរនេះអាចមានចរិតជាច្បាប់ប្រែប្រួល ព្រមទាំងអាចមានការភ័ន្តច្រឡំថែមទៀតផង ពីព្រោះច្បាប់នេះ ស្ថិតក្រោមអំណាចនៃតណ្ហារបស់មនុស្ស។ ដូច្នេះ ដោយសារតែតណ្ហាញាំញី មនុស្សគិតពីអ្វីៗតែងមានភាព លម្អៀងនិងភ័ន្តច្រឡំ។ ឧបមាថា បើច្បាប់នោះតាក់តែងឡើងដោយជំពូកជនដែលមានតណ្ហាក្រាស់ ដូចជាក្រុម អប្បជនាធិបតេយ្យដែលគ្រប់គ្រងប្រទេសដោយមិនខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាជន ច្បាប់ដែលបង្កើតឡើង ដោយក្រុមនោះច្បាស់ជាធ្លាក់ក្នុងសភាពការពារផលប្រយោជន៍តែម្យ៉ាងរបស់ក្រុមគេជាក់ជាមិនខាន។

ដូច្នេះហើយបានជាក្នុងសម័យបច្ចុប្បន្ន ដើម្បីជៀសវាងពីផលប៉ះពាល់ធ្ងន់ធ្ងរបែបនេះ មុននឹងដាក់ ច្បាប់មួយឱ្យដំណើរការជាផ្លូវការទៅបាន ច្បាប់នោះត្រូវដាក់ឆ្លងស្ថាប័នទទួលខុសត្រូវជាច្រើនថ្នាក់ចាប់ផ្ដើមពី ស្ថាប័នសាមី ពិនិត្យពិចារណានិងផ្តល់យោបល់បន្ថែម ដើម្បីអាចចៀសផុតពីបាតុភាពភ័ន្តច្រឡំឬគិតមិនបាន ដិតដល់ក្នុងប្រការណាមួយដែលជាហេតុបច្ច័យធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភាគ ច្រើននៅទូទាំងប្រទេសក៏ដូចជាប៉ះពាល់ដល់តម្លៃពិតនៃច្បាប់បង្កបានជាបាតុភាពអស់ជំនឿ ពីសំណាក់ប្រជា​ជនទៅលើច្បាប់។

បន្ថែមចំពោះករណីខាងលើ ដោយហេតុថាច្បាប់កើតចេញពីការគិតដោយប្រើប្រាស់បញ្ញា ម៉ុងតេសគី យើ បានចែកច្បាប់ពិភពបញ្ញាជាបីប្រភេទតូចៗតទៅទៀត ដែលពាក់ព័ន្ធជាសំខាន់ទៅលើតួអង្គបីគឺ អាទិទេព ទស្សនវិទូ និងអ្នកតាក់តែងច្បាប់។

៣.២.ក- ច្បាប់ទេវៈ ឬច្បាប់សាសនា

បើរំលឹកទៅដល់ទស្សនៈខាងដើមដែលលោកបានពោលថា “ជារួមមនុស្សក៏មានច្បាប់អាទិ-         ទេពក៏មានច្បាប់” ច្បាប់ទេវៈឬច្បាប់សាសនា ជាច្បាប់មួយប្រភេទដែលប្រកាសឲ្យប្រើដោយអាទិទេព។        ច្បាប់ប្រភេទនេះ មានគោលដៅក្រើនរំលឹកស្មារតីរបស់មនុស្សឱ្យចងចាំពីករណីយកិច្ចរបស់ខ្លួន ចំពោះ អាទិទេពបានន័យថា មនុស្សត្រូវមានកាតព្វកិច្ច ធ្វើសក្ការៈបូជាចំពោះអាទិទេព ដើម្បីសុំត្រឡប់វិញនូវ សេចក្ដីសុខ ការសម្រេចប្រយោជន៍ផ្សេងៗ ឬលាភជ័យណាមួយ។

៣.២.ខ- ច្បាប់សីលធម៌

ជាច្បាប់ដែលប្រកាសឱ្យប្រើដោយទស្សនវិទូ សម្រាប់ក្រើនរំលឹកស្មារតីរបស់មនុស្សឱ្យចងចាំ        ពីករណីយកិច្ចដែលត្រូវធ្វើចំពោះខ្លួនឯងផ្ទាល់ ហើយសម្រួចសម្រាំងនូវសីលធម៌ល្អចំពោះខ្លួនឯង ពី      ព្រោះបើខ្លួនឯងល្អ សង្គមក៏បានល្អទៅតាមនោះដែរ។

៣.២.គ- ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី

ជាច្បាប់មួយដែលប្រកាសឲ្យប្រើដោយអ្នកតែងច្បាប់ ដើម្បីក្រើនរំលឹកស្មារតីរបស់មនុស្សឱ្យ         ចងចាំនូវករណីយកិច្ចរបស់ខ្លួនចំពោះអ្នកដទៃនិងចំពោះសង្គម តួយ៉ាងដូចជាជួយអ្នកដទៃដោយមិន         ប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឲ្យរួចផុតពីក្ដីលំបាកវេទនាគ្រប់បែបយ៉ាង ឬក៏ជួយ សង្គមឱ្យរីកចំរើនទៅមុខក្នុងសុខសន្តិភាពជាដើម។

៤- តួនាទីរបស់ច្បាប់

មកដល់ត្រង់ចំណុចនេះ ទស្សនៈរបស់ប្លាតុង(៤២៧-៣៤៧មុនគ.ស) បានអះអាងថា ច្បាប់មាន តួនាទីបីយ៉ាងគឺ អប់រំ បង្ការ និងព្យាបាល។ តើតួនាទីទាំងបីនេះ មានន័យយ៉ាងណាខ្លះ?

៤.១- អប់រំ

បើគិតទៅតាមន័យធម្មតា “អប់រំ” មកពីពាក្យឡាតាំងថា Educere Educare។ “អប់រំ” ក៏​មានន័យ ថាទាញចេញពី, នាំចេញពី ផ្គត់ផ្គង់បណ្ដុះដើម្បីនាំឆ្ពោះទៅរកគោលដៅណាមួយ។ បើតាម​ទស្សនៈ​​របស់ លោក អាន់ឌែរសុន(Anderson)វិញ “អប់រំ” មានន័យថា ជាដំណើរដែលបុគ្គលម្នាក់ៗ រៀនសូត្រ​នូវអ្វី​ដែលចាំបាច់ ដើម្បី​តម្រូវទៅតាមជីវភាពរបស់គេ។ ដូច្នេះសរុបន័យទាំងអស់មកវិញ “អប់រំ” អាចជាអំពើ​ឬសកម្មភាព ដែល​នាំមនុស្សឲ្យចេញផុតពីអ្វីដែលអាក្រក់ ដែលគ្រោះថ្នាក់ ដែលមិនគួរគប្បី ឆ្ពោះ​ទៅរកអ្វីដែល​ត្រឹមត្រូវល្អ ប្រសើរ។ “អប់រំ”អាចជាការបណ្ដុះឱ្យមនុស្សម្នាក់ៗនូវសីលធម៌។”អប់រំ”អាចជាការ​ហ្វឹក​ហាត់ជា​ការបង្រៀនមនុស្ស​ឱ្យ​ចេះ​ជំនាញវិជ្ជាជីវៈ ឬចេះពីរបៀបទំនាក់ទំនងសង្គម ដើម្បីញ៉ាំងឱ្យជីវភាព​រស់​នៅរបស់​ពួក​គេបានសុខស្រួល។ ក្នុង​ន័យនេះដដែល បើគិតឱ្យបានស៊ីជម្រៅដោយផ្សារភ្ជាប់ទៅនឹងច្បាប់ តួនាទីអប់រំ​របស់​ច្បាប់មានន័យថា ច្បាប់​បាន​ចង្អុលបង្ហាញប្រាប់មនុស្សនូវអ្វីដែលត្រឹមត្រូវ អ្វីដែលមិនត្រឹមត្រូវគួរធ្វើឬមិន​គួរធ្វើក្នុងអាកប្បកិរិយា​ប្រព្រឹត្ត​របស់ខ្លួន ដើម្បីស្វែងរកឱ្យមនុស្សនូវភាពសុខដុមរមនា​ក្នុងសង្គម​ដែលគេកំពុង​រស់នៅ។ តួនាទីអប់រំរបស់ច្បាប់​ក៏មានន័យម្យ៉ាងទៀតថា ច្បាប់ប្រាប់ឱ្យដឹងពីអ្វីដែលច្បាប់ចង់​បានក្នុងអំពើ​ប្រព្រឹត្ត​របស់បុគ្គលម្នាក់ៗក្នុងគោល​បំណង​ធានានូវសណ្ដាប់ធ្នាប់និងរបៀបរៀបរយសង្គម សម្រាប់​​​កាល​វេលា​ជាក់លាក់ណាមួយ។ ឧបមាថា បើ​លើស​កាលកំណត់នោះ មនុស្សនៅតែសោះ​អង្គើយ​ធ្វើមិន​ដឹងមិនឮ ឬ​ក៏មិនព្រមធ្វើខ្លួនឱ្យចុះសម្រុងជាមួយនឹង​អ្វី​ដែល​ច្បាប់ចង់បាន ច្បាប់នឹងអប់រំមនុស្សនេះ​តាមរយៈ​អាជ្ញាធរមាន​សមត្ថកិច្ច ដោយវិធានការផាកពិន័យ​ដាក់​ទោសទណ្ឌទៅតាមកម្រិតនៃអំពើប្រព្រឹត្ត ដើម្បីឱ្យ​មនុស្សនោះរាង​ចាលឈប់ប្រព្រឹត្តបែបនេះតទៅទៀត។ ដូច្នេះ “អប់រំ”របស់ច្បាប់តាមគំនិតរបស់ប្លាតុង គឺប្រាប់ឱ្យដឹង​ដោយធ្វើការបញ្រ្ជបឱ្យជ្រួតជ្រាបនូវអ្វីដែលគួរធ្វើ​និង​មិនគួរធ្វើ ព្រមទាំងអប់រំដោយដាក់ពិន័យនៅពេលដែល​អ្វីៗត្រូវហាមប្រាមនោះ មិនទទួលបានត្រឡប់វិញនូវ​ការគោរពតាម។ ចុះ “បង្ការ”វិញ តើមាន​ន័យ​ដូចម្ដេច?

៤.២- បង្ការ

បង្ការ មានន័យថា មើលឃើញជាមុននូវអ្វីៗដែលអាចនឹងកើតមានឡើង។ ដូច្នេះត្រូវតែធ្វើច្បាប់ ដើម្បី រាំងខ្ទប់ជាមុនកុំឱ្យអ្វីៗទាំងនោះ កើតមានឡើងបានហើយបង្កទៅជាភាពវឹកវរ ច្របូកច្របល់ក្នុងសង្គម។ បើគេ និយាយជាភាសាសាមញ្ញមានន័យថា “ចោរមិនទាន់លួចគោទេ តែយើងធ្វើក្រោល ធ្វើរបងឱ្យបានរឹងមាំជាមុន ដើម្បីការពារ កុំឱ្យចោរចូលលួចបាន”។ ប្រហាក់ប្រហែលគ្នាទៅនឹងរឿងនេះដែរ ឧបមាថាប្រទេសណាមួយនោះ បំរុងនឹងបញ្ចប់សង្គ្រាមជាមួយគូបដិបក្ខនាពេលខាងមុខ ដូច្នេះអ្វកធ្វើច្បាប់ត្រូវប្រមើលមើលឲ្យបានវែងឆ្ងាយ ថា តើពេលបញ្ចប់សង្គ្រាមទៅអាចកើតមានគ្រោះថ្នាក់ឬបាតុភាពអសកម្មអ្វីខ្លះ ទាក់ទងនឹងអាវុធយុទ្ធភណ្ឌ? ដូច្នេះ ដើម្បីការពារកុំឱ្យមានបាតុភាពចោរលួច ចោរប្លន់ប្រដាប់អាវុធ ឬអំពើបាញ់បោះសងសឹកសម្លាប់គ្នាដោយព្រៃ​ផ្សៃ កើតមានក្នុងប្រទេសទើបនឹងបញ្ចប់សង្គ្រាម គេត្រូវធ្វើច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ ព្រមទាំង ចាត់​វិធាន​ការអនុវត្តឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារភាពសុខសាន្តជូនប្រជាជន។ ចុះ “ព្យាបាល”វិញ តើមាន​ន័យ​យ៉ាង​ណាដែរ?

៤.៣- ព្យាបាល

“ព្យាបាល” មានន័យថា អ្វីមួយកើតឡើងហើយ ទើបដាក់ថ្នាំព្យាបាល ឬចាត់វិធានការទប់ស្កាត់ជា ក្រោយដើម្បី​​កុំឲ្យរីករាលដាលធំតទៅទៀត ពោលគឺឱ្យស្ថិតក្នុងសភាពរួមតូចបន្តិចម្តងៗទៅវិញ។ ហេតុអ្វីបាន​ជា មានហេតុភេទដូច្នេះកើតឡើង? ពីព្រោះដូចបានបញ្ជាក់ពីខាងដើមស្រាប់ “ច្បាប់” អាស្រ័យទៅលើ​មនុស្ស​ជាអ្នកបង្កើត។ ក្នុងកាលៈទេសៈខ្លះ អ្នកធ្វើច្បាប់(តាក់តែងច្បាប់) ក៏មានភាពឆកល្វែងដែរ អាស្រ័យដោយ​ពេល វេលានៃការរៀបចំតាក់តែងមានរយៈពេលខ្លី ឬមួយក៏អាស្រ័យដោយការគិតពិចារណា ឬការស្រាវជ្រាវ​បញ្ហាមិន បានដិតដល់ ឬក៏មកពីភាពលម្អៀងដោយចេតនារបស់ក្រុមអ្នកតាក់តែងច្បាប់ ពាក់ព័ន្ធទៅនឹងផល​ប្រយោជន៍ ជាអាថ៌កំបាំងណាមួយរបស់ពួកគេ។ ដូច្នេះហើយបានជាមានទង្វើធ្វើតាមក្រោយបែបនេះ។ សមដូចពាក្យចាស់ បានពោលថា “ចោរលួចគោបាត់ទៅហើយទើបស្រះរបង” ឬទើបធ្វើក្រោលឲ្យរឹងមាំ។ ក៏មានសភាពដូចគ្នាទៅ នឹងករណីនេះដែរ នៅចុងឆ្នាំ២០១៩និងបន្តចូលមកឆ្នាំ២០២០យើងនេះ ពិភពលោកបានទទួលរងនូវការ រាត​ត្បាតជាសកល និងដោយឥតបានត្រៀមទុកជាមុនពីជម្ងឺផ្លូវដង្ហើមដ៏កាចសាហាវមួយបែបបណ្ដាលមកពី មេ​រោគ​​ជាវីរុស “កូរ៉ូណា”(Corona virus)ដែលក្រុមអ្នកប្រាជ្ញខាងវេជ្ជសាស្ត្រឱ្យឈ្មោះថា “ជម្ងឺ កូវីដ​១៩” (Covid 19)។ ដោយបាត់ម្ចាស់ការក្នុងការទប់ទល់ ឬការមើលស្រាលផងនោះ ធ្វើឱ្យប្រទេសខ្លះ​ជួបប្រទះ​គ្រោះថ្នាក់​ធ្ងន់​ធ្ងរដោយសារ ជំងឺចេះតែរីករាលដាលធំឡើងៗ ហើយបរិមាណអ្នកស្លាប់ក៏បាន​កើនឡើង​ខ្ពស់គួរ​ឱ្យ​ព្រួយ​បារម្ភ។ តាមពិតទៅ គ្មាននរណាម្នាក់បានដឹងជាមុនអំពីជម្ងឺដ៏ចម្លែកនេះទេ ទាល់តែមានអ្នកស្លាប់នៅឯខេត្ត​​វូហាន់ ប្រទេសចិនទើបអ្នកជំនាញខាងវេជ្ជសាស្ត្រចាប់អារម្មណ៍ ហើយស្រាវជ្រាវទៅក៏រកឃើញថា មាន​ជំងឺដ៏កាច​សា​ហាវ​នេះ កំពុងធ្វើសកម្មភាពរាតត្បាត។ ដូច្នេះវិធានការដែលសមស្របបំផុតគឺមានតែវិធានការព្យាបាលទេ ទើប​មានប្រសិទ្ធភាពដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះរីករាលដាលធំឡើងតទៅទៀតបាន។ ទន្ទឹមនឹងនេះ ក្នុងការ​ព្យា​បាល គេក៏អាចប្រើវិធានការចម្រុះក៏បានពោលគឺអប់រំដើម្បីបង្ការកុំឱ្យជំងឺកើតមាននៅកន្លែងផ្សេងទៀត ព្រមទាំងអប់រំ​ដើម្បីព្យាបាលនៅកន្លែងដែលកើតមានរួចទៅហើយនិងធ្វើច្បាប់ឬប្រើប្រាស់វិធានការផ្សេងៗ សម្រាប់អនុវត្តការ​ត្រួតពិនិត្យដោយតឹងរ៉ឹងបំផុត។ ទោះបីជាយ៉ាងនេះក្ដី ក៏មានករណី “អ្នកខ្លះគោរពបានអ្នក​ខ្លះ ទៀតគោរពមិន​បាន” ហើយជំងឺអាចពង្រីកសកម្មភាពបានកាន់តែខ្លាំងក្លាថែមទៀត។ ហេតុអ្វីបាន​ជាមាន​ឥរិយាបថគោរព​ច្បាប់​ផង និងមិនគោរពច្បាប់ផងបែបនេះកើតឡើង?

៥- ឥរិយាបថរបស់មនុស្សចំពោះច្បាប់

ដូចដែលខ្ញុំបានបញ្ជាក់ជូនពីខាងដើមរួចមកហើយស្រាប់ ក្នុងជីវិតរបស់មនុស្សជាធម្មតាតែងមាន ឥរិយាប​ថពីរនេះកើតឡើងគឺ ឥរិយាបថគោរពនិងមិនគោរពច្បាប់។ ឥរិយាបថទាំងពីរនេះ នៅលាយឡំជាមួយ គ្នា។ ដូច្នេះយើងស្វែងយល់តទៅទៀតថា តើឥរិយាបថជាអ្វី? ឥរិយាបថបានដល់លំនាំឫកពាឬកិរិយាដែលទាក់ ទងដល់សកម្មភាព ដេក ដើរ ឈរ អង្គុយ របស់មនុស្សម្នាក់ៗ។ ឥរិយាបថទាំងបួននេះ សុទ្ធតែមានច្បាប់ទម្លាប់ ទាំងអស់ តើនៅកន្លែងណាត្រូវដេក? ហើយដេករបៀបណា? តើនៅកន្លែងណាត្រូវដើរ? ហើយដើររបៀប ដូចម្ដេចដើម្បីឱ្យបានសមរម្យមិនឆ្គាំឆ្គង មិនទាស់ភ្នែក ឬមិនធ្វើឱ្យរំខានដល់អ្នកដទៃ។ល។

៥.១- ឥរិយាបថគោរពច្បាប់

ឥរិយាបថគោរពច្បាប់បានដល់ឥរិយាបថ”វិជ្ជមាន” បានមកពីការអប់រំបណ្ដុះបណ្ដាលនៃស្ថាប័នគ្រួសារ សាលារៀន ក៏ដូចជាស្ថាប័នសាសនា។ ជាឥរិយាបថនៃប្រភេទមនុស្សដែលប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ មានការទទួលខុសត្រូវខ្ពស់ ភ្ញាក់រលឹក គិតពិចារណាទៅលើទង្វើរបស់ខ្លួនជាប់ជាប្រចាំហើយដែលអ្នកប្រាជ្ញខាង ចិត្តវិទ្យាឱ្យឈ្មោះថា ជាប្រភេទមនុស្សដែលមានអត្តប្រសើរខ្ពង់ខ្ពស់(Super Ego)។ មនុស្សប្រភេទ​នេះ​តែងតែ គិតគូរជាប់ជានិច្ចទៅលើឥរិយាបថរបស់ខ្លួន ព្រួយបារម្ភខ្លាចឥរិយាបថអស់ទាំងនេះ ប៉ះទង្គិចដោយ​ប្រការណា មួយទៅលើអារម្មណ៍អ្នកដទៃដែលរស់នៅក្នុងមជ្ឍដ្ឋានជាមួយគ្នា។ ជាងនេះទៅទៀត គេតែងតែ​គិតគូរដោយ ភ្ញាក់រលឹកនិងឯកភាពគ្នាថា ត្រូវតែមានច្បាប់ដើម្បីធ្វើឱ្យសង្គមមានលំនឹង មាន​សណ្ដាប់ធ្នាប់​របៀបរៀបរយល្អ ចៀសផុតពីអំពើរំលោភបំពានគ្រប់បែបយ៉ាងទៅលើមនុស្សដូចគ្នា។ មនុស្ស​ប្រភេទ​នេះ​តែងឱ្យតម្លៃ​ខ្ពស់ទៅលើ ការគោរពច្បាប់ បទដ្ឋាននានាដែលកើតចេញពីការស្រុះស្រួលចិត្តគ្នា នាំគ្នា​បង្កើត​បានជាឆន្ទៈរួម សម្រាប់អនុវត្ត ទាំងអស់គ្នា។ មិនថានៅក្នុងអង្គភាពឬស្ថាប័នណាមួយទេ ប្រសិន​បើ​អង្គភាព​ឬស្ថាប័ននោះសម្បូណ៌ទៅដោយ មនុស្សប្រភេទនេះជាសមាជិក អង្គភាពឬស្ថាប័ននោះ ក៏មិន​សូវមាន​​ភាពស្មុគ​ស្មាញកើតឡើងឡើយ។ ផ្ទុយ​ទៅវិញ អង្គភាពឬស្ថាប័ន​នោះតែងតែទទួលបាន​នូវភាព​សុខ​​ដុមរម​នានិងភាពរីក​ចំរើនទៅមុខជាលំដាប់ ពីព្រោះ មនុស្សចេះស្ដាប់បង្គាប់គ្នា ចេះឱ្យតម្លៃគ្នានិងគោរពគ្នា ក្រោម​ឥទ្ធិពលនៃបទ​ដ្ឋានឯកភាពមួយដែលជាភ្នាក់ងារ “ត្រួតពិនិត្យសង្គម” ដ៏សក្តិសិទ្ធរបស់ស្ថាប័ន។

៤.២- ឥរិយាបថមិនគោរពច្បាប់

បើគេសញ្ជឹងគិតឱ្យដិតដល់ទៅឃើញថា មានសភាពស្មុគស្មាញនិងវែងឆ្ងាយណាស់ចំពោះឥរិយាបថ បែបនេះ ហើយទន្ទឹមនឹងនេះដែរ គេក៏អាចរកឃើញនូវមូលហេតុជាអត្តនោម័តនិងបរានុម័តច្រើនយ៉ាងដែល កើត​ចេញពីការមិនគោរពច្បាប់។ បណ្ដាមូលហេតុទាំងនោះ រួមមាន:

  • មូលហេតុដំបូង អាចបណ្ដាលមកពីការឱ្យតម្លៃរបស់បុគ្គលនោះ ផ្ទុយពីសច្ចភាពជាសកល ដែលមានពិតនៅក្នុងលោកិយសច្ចៈយើងនេះ។ ជាក់ស្ដែងគេយល់ថា កាយវិការមិនគោរពច្បាប់គឺ “ល្អ” សម្រាប់រូបគេ។ ដូច្នេះ”ល្អ” របស់គេ ផ្ទុយពី”ល្អ” ជាសកលរបស់មនុស្សទូទៅដែលប្រកាន់យកការ        គោរព​ច្បាប់ជាធំ។ តាមពិតទៅ”ល្អ”បែបនេះ បានទទួលឥទ្ធិពលពី “សភាពធម្មជាតិបីយ៉ាង” (សភាវ   គតិ, អត្តទត្ថ និងចំណង់) ដែលជាសភាពមិនទាន់បានទទួលការអប់រំហើយដែលតែងតែបដិបក្ខជាប់      ជានិច្ចជាមួយនឹង “សភាពជាពលរដ្ឋ” របស់មនុស្សរស់នៅក្នុងសង្គមជាមួយគ្នា។ បើករណីបែបនេះ           កើត​មានឡើងហើយ ច្បាស់ណាស់ថា វានឹងនាំទៅដល់ការកើតមាននូវការមិនគោរពច្បាប់ ដោយ

​ចៀសមិនផុត។

  • មូលហេតុមួយទៀត អាចបបណ្ដាលមកពីកម្រិតអប់រំឱ្យស្គាល់ខុសត្រូវអាក្រក់ល្អនៅក្នុង គ្រួសារមិនបានដិតដល់ ឬមួយក៏មកពីការទទួលឥទ្ធិពលពីពូជពង្ស ឬក៏មកពីការទទួលឥទ្ធិពលពី          គ្រួសារ​ជិតខាងដែលជាគ្រួសារគ្មានវិន័យ គ្មានសណ្ដាប់ធ្នាប់ ឥតច្បាប់ទម្លាប់ គ្មានឋានានុក្រមនិង         តួនាទីច្បាស់លាស់ក្នុងគ្រួសារពោលគឺ ឪពុកមិនប្រាកដថាជាឪពុក ម្ដាយមិនប្រាកដជាម្ដាយ កូនមិន    ប្រាកដថាកូន។ ដោយសារហេតុបច្ច័យយ៉ាងនេះហើយ បានជាខុងជឺ តែងយកចិត្តទុកដាក់ទៅលើ       គ្រួសារ ដោយអប់រំមនុស្សពីឋានានុក្រម និងពីតួនាទីក្នុងគ្រួសារតាមប្រសាសន៍ដ៏មានអត្ថន័យមួយ            ឃ្លាថា “រដ្ឋមន្ត្រី             គឺរដ្ឋមន្ត្រី ឪពុកគឺឪពុក កូនគឺកូន” ជាដើម។
  • មួយវិញទៀត ឥរិយាបថបែបនេះ ម្យ៉ាងក៏មកពីគំរូប្រព្រឹត្តមិនល្អរបស់អាជ្ញាធរដែលតំណាង ឱ្យច្បាប់ដូចដែលលោកស៊ីសេរ៉ុង ធ្លាប់បានលើកឡើងក្នុងនិយមន័យស្ដីពីច្បាប់យ៉ាងនេះថា: “ចៅក្រមគឺ     ជាច្បាប់ចេះនិយាយ”។ បើចៅក្រមនិយាយ ស្រួលមិនស្រួល អាចជះឥទ្ធិពលធំធេងទៅលើគុណតម្លៃ         របស់ច្បាប់ ពីព្រោះច្បាប់ពឹងពាក់ចៅក្រមឱ្យនិយាយជួសខ្លួន។
  • ម្យ៉ាងទៀត ឥរិយាបថមិនគោរពច្បាប់ក៏អាចមកពីការទទួលឥទ្ធិពលពីសង្គមឥតច្បាប់ទម្លាប់      ដែលខ្លួន គេផ្ទាល់កំពុងរស់នៅក៏សឹងតែថាបាន ហើយក៏អាចមកពីការអនុវត្តបែបបទនៃការដាក់ទណ្ឌ កម្មចំពោះអំពើរំលោភបំពានច្បាប់របស់អាជ្ញាធរប្រតិបត្តិនៅធូររលុង ឬមិនមានយុត្តិធម៌ត្រឹមត្រូវ         ពោល​គឺ អាចលម្អៀងទៅរកអគតិណាមួយ ធ្វើឱ្យជះឥទ្ធិពលមិនល្អដល់ជំនឿនិងប្រសិទ្ធភាពនៃការ     គោរពច្បាប់។ សមដូចពាក្យដំណាលតៗគ្នាមកថា: “ចោររួចខ្លួនម្ចាស់ជាប់គុក”។ ឬមួយបាតុភាព បែប​នេះ អាចបណ្ដាលមកពីអាកប្បកិរិយាសោះអង្គើយ មិនរវល់ខ្វល់ខ្វាយអំពីការដាក់ពិន័យចំពោះ អ្នកប្រព្រឹត្ត​ខុស បណ្ដែតបណ្ដោយឲ្យសភាពអនាធិបតេយ្យ កើតមានឡើងព្រោងព្រាតតាមអំពើចិត្ត។       ឬមួយក៏អាច​មក​​ពីការ​ឆ្លៀតឱកាសកេងចំណេញរបស់គណបក្សនយោបាយណាមួយ ដែលបង្កើតឱ្យមានភាពវឹកវរមិនគោរព​ច្បាប់​ទម្លាប់ដើម្បីទម្លាក់កំហុសទៅលើអសមត្ថភាពដឹកនាំ គ្រប់គ្រងរបស់គណបក្សនយោបាយដែល​កំពុងកាន់​អំណាច។ ឬមួយក៏មកពីកម្រិតអប់រំឱ្យជ្រួតជ្រាបអំពីច្បាប់និងការដាក់ទោសទណ្ឌចំពោះប្រភេទទាំង​ឡាយ នៃបទល្មើសនៅមិនទាន់ច្បាស់លាស់ ពេញលេញក្នុងប្រទេសដែលកំពុងធ្វើអន្តរកាលឆ្ពោះទៅរក “នីតិរដ្ឋ”។
  • បាតុភាពនៃការមិនគោរពច្បាប់ ក៏អាចបណ្ដាលមកពីឥទ្ធិពលផ្សេងៗទៀតដែរតួយ៉ាងដូចជា      ឥទ្ធិពលនៃស្ថានភាពស្រុកទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ អូសបន្លាយរយៈពេលយូរឆ្នាំ ម្ល៉ោះហើយ        ក៏កើតឡើងនូវបាតុភាពអសកម្ម “មិនគោរពច្បាប់ តែអាងលើកម្លាំងបាយយកឈ្នះចាញ់” គ្របដណ្ដប់    ទៅលើចិត្តគំនិតនៃជំពូកជនឆ្លងកាត់សង្គ្រាមនោះក៏សឹងមាន។ ឬមួយក៏មកពីឥទ្ធិពលនៃការសេព        គ្រឿងញៀនហួសកម្រិត ធ្វើឱ្យឡប់សតិ លែងដឹងខុសត្រូវ អាក្រក់ល្អ យកការឈឺចាប់ យកអំពើបង្ក       របួសស្នាម អំពើឧក្រិដ្ឋកម្មមកធ្វើជាសេចក្ដីសប្បាយឆ្ពោះទៅរកសេចក្ដីស្លាប់សម្រាប់ខ្លួនក៏សឹងតែថា          បាន។
  • មូលហេតុចុងក្រោយ ក៏អាចមកពីទម្លាប់អាក្រក់របស់ជំពូកជន ដែលមានទំនោរចង់ តែប្រព្រឹត្តអ្វីៗទៅតាមទំនើងចិត្តនឹកឃើញ បណ្ដែតបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងសភាវគតិឥតគិតពិចារ-   ណា ឬក៏ធ្លាក់ទៅក្នុងអត្តទត្ថដែលគិតតែបុគ្គលផ្ទាល់ខ្លួន មិនគិតពីអ្នកដទៃ ចង់ប៉ះពាល់ទៅលើសិទ្ធិនិង        ផលប្រយោជន៍អ្នកណាក៏មិនខ្វល់ខ្វាយ ឬក៏ធ្លាក់ទៅក្នុងតណ្ហាលោភលន់ឥតព្រំដែន ខ្វះមនសិការ        ដែលសុទ្ធតែជាទង្វើមិនគាប់ប្រសើរសម្រាប់សង្គម ឈានឆ្ពោះទៅរកអំពើមិនគោរពច្បាប់។

៤.៣- តើត្រូវធ្វើយ៉ាងណាដើម្បីផ្លាស់ប្ដូរឥរិយាបថរបស់មនុស្ស ពីការមិនគោរពច្បាប់ ឆ្ពោះទៅរកការ គោរពច្បាប់? ចម្លើយឆ្លើយថា គេអាចផ្លាស់ប្ដូរឥរិយាបថទាំងនេះបាន ទាល់តែមានវិធានការបន្ទាន់មួយចំនួន។

តទៅនេះ គឺជាខ្លឹមសារជាក់ស្ដែងនៃវិធានការដើម្បីត្រិះរិះពិចារណា និងសាកល្បងដោះស្រាយនូវបញ្ហា ចោទខាងលើ:

– ជាបឋម គេគប្បីថ្លឹងឱ្យមានតុល្យភាពរវាងការ “អប់រំ” និងវិធានការ “រដ្ឋបាល” ចាប់បង្ខំឱ្យគោរព ដោយដាក់ពិន័យ។ ធ្វើយ៉ាងណាក្នុងការអនុវត្តច្បាប់គប្បីកុំធ្ងន់ខ្លាំងទៅលើវិធានការ អប់រំ ឬអត់ឱនហួសកម្រិត ដែលជាហេតុធ្វើឱ្យអ្នកប្រព្រឹត្តខុសបានចិត្ត ចង់ប្រព្រឹត្តអំពើខុសឆ្គងកាន់តែច្រើនឡើង។

– គប្បីលុបបំបាត់នូវទស្សនៈក្រែងរអែងរបស់អាជ្ញាធរថា “បើធ្វើខ្លាំងទៅ នាំឲ្យប៉ះពាល់យ៉ាងនេះ ឬ យ៉ាងនោះដល់សិទ្ធិមនុស្ស នាំតែលំបាកដល់ខ្លួន” ម្ល៉ោះហើយចេះតែសម្ងំយកសុខតែរៀងៗខ្លួន ជាហេតុធ្វើឱ្យ បាត់បង់នូវឆន្ទៈ និងការទទួលខុសត្រូវក្នុងមុខនាទីរបស់ខ្លួនជាអាជ្ញាធរ។

– គប្បីអប់រំឲ្យបានស៊ីជម្រៅ និងជាប់ជាប្រចាំអំពីតម្លៃនៃការគោរពច្បាប់ ថាជាការនាំមកនូវសេចក្ដីថ្លៃថ្នូរ ភាពស៊ីវិល័យ សក្តិសមជាពលរដ្ឋនៃប្រទេសដែលប្រកាន់ខ្ជាប់ “នីតិរដ្ឋ”។

– ដោយឡែកចំពោះអ្នកតំណាងឱ្យច្បាប់ គប្បីធ្វើគំរូឱ្យមហាជនបានឃើញផ្ទាល់ភ្នែកអំពីស្មារតីគោរព

ច្បាប់របស់ខ្លួន ដោយមិនភ្លាំងភ្លាត់ទៅក្នុងឥរិយាបថ “ហាមគេមិនឱ្យធ្វើ តែល្មើសខ្លួនឯង” ជាហេតុនាំឲ្យសាប រលាបដល់ឧត្តមភាព និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ យូរៗទៅក៏កើតជាជំងឺមាក់ងាយច្បាប់ថាជា “របស់ សាមញ្ញ ជារបស់ដែលមនុស្សបង្កើត គ្មានអ្វីគួរឲ្យកោតញញើតសោះឡើយ។ ដូច្នេះចង់គោរពក៏បាន មិនគោរព ក៏បាន គ្មានចោទជាបញ្ហាអ្វីឡើយ”។

– គប្បីកែប្រែទស្សនៈដែលធ្លាប់តែចាត់ទុកថាអំណាចច្បាប់ ស្ថិតក្រោមអំណាចបុគ្គលឱ្យត្រឡប់មក រកទស្សនៈត្រឹមត្រូវឡើងវិញ ដោយចាត់ទុកអំណាចច្បាប់ធំជាងអំណាចបុគ្គល។ នោះហើយដែលគេហៅថា បាន “ទទួលការអប់រំពីអំណាច” ពិតប្រាកដ។

– គប្បីលើកកំពស់ស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់: អ្នកណាធ្វើខុស អ្នកនោះទទួល គ្មានវប្បធម៌ រួចខ្លួន គ្មានវប្បធម៌ទំលាក់កំហុសឱ្យអ្នកដទៃដែលមិនបានប្រព្រឹត្តខុស គ្មានវប្បធម៌គេចវេះពីសំណាញ់ច្បាប់

– លើកកំពស់បុគ្គលិកលក្ខណៈរបស់មនុស្សតាមរយៈការអប់រំពីស្ថាប័នគ្រួសារ សាលារៀន និងស្ថាប័ន សាសនា

– គប្បីឱ្យមនុស្សទាំងអស់ យល់បានទូលំទូលាយអំពីទស្សនាទានស្ដីពី “នីតិរដ្ឋ” ដែលជាទស្សនាទាន មួយ លើកទឹកចិត្តឱ្យមនុស្សនាំគ្នាបង្កើតច្បាប់ទម្លាប់ឱ្យបានគ្រប់គ្រាន់ សម្រាប់ប្រទេស នាំគ្នាស្វែងយល់ពីច្បាប់ ឲ្យបានច្រើន និងនាំគ្នាគោរពច្បាប់ទម្លាប់កាន់តែម៉ត់ចត់ថែមទៀត

– រឹតបន្តឹងការផាកពិន័យក្នុងន័យអប់រំកម្រិតខ្ពស់ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់

– លុបបំបាត់វប្បធម៌មើលបំណាំគ្នា: “គោរពអ្វីតែឯង បើគេឯទៀតមិនគោរពផង ឃើញតែគេបានសុខ រួចខ្លួនរហូត”

– លុបបំបាត់វប្បធម៌ “គោរពតែពេលឃើញអាជ្ញាធរ ពេលមិនឃើញអាជ្ញាធរមិនខ្ចីគោរព”។ នេះហើយ ជាឥរិយាបថដែលមិនទាន់ភ្ញាក់រលឹក ជាឥរិយាបថដែលមិនទាន់ក្លាយទៅជាទម្លាប់ក្នុងការគោរពច្បាប់

– ពង្រឹង “សភាពជាពលរដ្ឋ” ដោយលុបបំបាត់ជាបណ្ដើរៗនូវ “សភាពជាធម្មជាតិ”របស់មនុស្ស ពីព្រោះ សភាពធម្មជាតិ គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់សង្គម ហើយក៏ជាឧបសគ្គដ៏ធំ រាំងស្ទះដល់ការកសាង”នីតិរដ្ឋ” សម្រាប់ប្រទេសនីមួយៗ មិនឱ្យរីកចំរើនទៅមុខបាន

– គប្បីមានច្បាប់ធានាសន្តិសុខផ្ទាល់ចំពោះអាជ្ញាធរទទួលបន្ទុកត្រួតពិនិត្យការអនុវត្តច្បាប់

– រៀបចំគូសជាសញ្ញានៅតាមទ្រូងផ្លូវ ដាក់ផ្លាកសញ្ញានៅតាមដងផ្លូវ និងនៅតាមទីសាធារណៈនានា ឱ្យបានគ្រប់គ្រាន់ដើម្បីកុំឱ្យអ្នកល្មើសច្បាប់មានលេសថាយ៉ាងនេះ ឬយ៉ាងនោះ ឬប្រកែកប្រណាំងយករួចខ្លួន

– ប្រែក្លាយការគោរពច្បាប់ឱ្យទៅជាចលនាភ្ញាក់រលឹកនៅទូទាំងប្រទេស ដោយគ្មានការបង្ខំ ឬមើល បំណាំគ្នាក្នុងចំណោមមនុស្សទាំងអស់ដោយមិនគិតពីឋានៈឬតួនាទី

– លើកកំពស់សីលធម៌វិជ្ជាជីវៈ ចំពោះអាជ្ញាធរពាក់ព័ន្ធ ដោយអប់រំ ឱ្យបុគ្គលទាំងនោះប្រកាន់យកនូវ អាកប្បកិរិយាថ្លៃថ្នូរ មិនរំលោភបំពានសិទ្ធិចំពោះអ្នកប្រព្រឹត្តខុសច្បាប់។

រាល់វិធានការដែលបានរៀបរាប់មកខាងលើ អាចប្រព្រឹត្តទៅបាន អាស្រ័យទៅលើការចូលរួមចំណែក ទទួលខុសត្រូវផ្ទាល់ពីស្ថាប័នជាប់ពាក់ព័ន្ធទាំងឡាយដូចជា ស្ថាប័នអប់រំ ស្ថាប័នគ្រួសារ ស្ថាប័នសាសនា សង្គម ស៊ីវិលអង្គការមហាជននានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកច្បាប់ តុលាការ អ្នកតំណាងប្រជាពលរដ្ឋ(តំណាង រាស្ត្រ) ក៏ដូចជាការរួមចំណែកជាកាតព្វកិច្ចផ្ទាល់របស់ប្រជាពលរដ្ឋម្នាក់ៗ។

សេចក្ដីសន្និដ្ឋាន

សរុបសេចក្តីមក ច្បាប់ អាចចាត់ទុកជាវិធានផ្លូវការរបស់ប្រទេសឬរដ្ឋនីមួយៗ ដោយការចង្អុលបង្ហាញ​ពី​​អ្វីដែលត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើ។ ទន្ទឹមនឹងនេះ ច្បាប់ក៏អាចចាត់ទុកថាជាវិចារណញ្ញាណត្រឹមត្រូវខុស​ប្លែក​​ពី​វិចារណញ្ញាណធម្មតា ហើយដែលនាំទៅដល់លទ្ធភាពមួយអាចបែងចែកបានច្បាស់លាស់នូវអ្វីដែល ត្រូវពី​អ្វីដែលខុស។ ច្បាប់ត្រូវបានគេឱ្យតម្លៃថា ជាភ្នាក់ងារត្រួតពិនិត្យសង្គមដ៏មានប្រសិទ្ធភាពសម្រាប់ថែរក្សា សណ្ដាប់​​ធ្នាប់និងរបៀបរៀបរយសាធារណៈរបស់ប្រទេស។ ជាងនេះទៅទៀត ច្បាប់ត្រូវបានគេមើលឃើញថា អាក្រក់ឬល្អ អាស្រ័យទៅលើសកម្មភាពប្រព្រឹត្តបែបអវិជ្ជមាន ឬវិជ្ជមានរបស់អ្នកតំណាងឱ្យច្បាប់។ ផ្សារភ្ជាប់ទៅ នឹងច្បាប់នេះដែរ គប្បីចងចាំថា “នីតិរដ្ឋ” គឺជារបស់មួយមានតម្លៃខ្ពង់ខ្ពស់បំផុត ប៉ុន្តែក៏ជារបស់ដែលពលរដ្ឋ គ្រប់រូបអាចឈោងចាប់បាន ប្រសិនបើពលរដ្ឋទាំងអស់ដាក់ចិត្តដាក់កាយ សិក្សាស្វែងយល់ ព្រមទាំងទទួល យកដោយស្មារតីភ្ញាក់រលឹកនិងទទួលខុសត្រូវខ្ពស់៕

ឯកសារពិគ្រោះ

  • ជួន ណាត វចនានុក្រមខ្មែរ ភាគទី១ បោះពុម្ពគ្រាទី៥ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧
  • អ៊ុំ ប៉ុម ប្រវត្តិគំនិតនយោបាយបស្ចិមប្រទេស ការផ្សាយរបស់គ្រឹះស្ថានបោះពុម្ពផ្សាយអង្គរ ឆ្នាំ២០០៨
  • អ៊ុំ ប៉ុម ចំណេះដឹងជាមូលដ្ឋានអំពីសង្គមវិជ្ជា ភាគទី២ ឯកសារបង្រៀនឆ្នាំ២០០៩
  • អ៊ុំ ប៉ុម សង្គមវិជ្ជាអប់រំ ឯកសារបង្រៀនឆ្នាំ២០១២
  • Ebenstein Alan & Ebenstein William Great Political Thinker, Sixth Edition 2000
  • Sachdeva R.D & Bhushan Vidiya An Introduction to Sociology, Kitab Mahal, 22A Sarojini Naidu Marg, Allhalad, Century printer 22, 1997.
  • Oxford Advanced Learner’s Dictionary New Edition, Oxford university press, 2003.

 

 

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*