ប្រាសាទត្រពាំងប្រាសាទ៖ អតីត និង បច្ចុប្បន្ន

កាលពីឆ្នាំ២០០៩ លោកបណ្ឌិត ផុន កសិកា បានដឹកនាំមន្ត្រីស្រាវជ្រាវផ្នែក បុរាណវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជាចុះសិក្សាស្រាវជ្រាវនៅប្រាសាទ ត្រពាំងប្រាសាទ ដែលស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ គឺស្ថិតនៅតាមបណ្ដោយជួរភ្នំដងរែក។
លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ប្រាសាទត្រពាំងប្រាសាទជាបណ្ដុំប្រាសាទពីរ ខណ្ឌ័ដាច់ដោយផ្លូវលំមួយខ្សែផ្ជាប់ពីវត្ដត្រពាំងប្រាសាទ ទៅទីប្រជុំជន។ យើងសន្មតហៅឈ្មោះប្រាសាទទាំងពីរ គឺប្រាសាទខាងត្បូងផ្លូវ និងប្រាសាទខាងជើងផ្លូវ ដែលមានត្រពាំងនៅចំពីមុខប្រាសាទ។ ត្រពាំងនៃប្រាសាទខាងត្បូងមានប្រវែង ៨៥០ ម៉ែត្រ និង ទទឹង ១៨០ ម៉ែត្រ។ តាមរយៈការសិក្សាសង្កេតរយៈពេលខ្លី ប្រាសាទទាំងពីរកសាងក្នុងរចនាបថខុសគ្នា ប៉ុន្តែក្នុងសម័យអង្គរដូចគ្នា។ ប្រាសាទត្រពាំងប្រាសាទខាងត្បូងប្រហែលសាងសង់នៅក្នុងសតវត្សទី១០ ក្នុងរចនាបថកោះកេរ និង ប្រែរូប។ ចំណែក ប្រាសាទត្រពំាងប្រាសាទខាងជើងវិញមានរូបរាង និងប្លង់ដូចគ្នានឹងមន្ទីរពេទ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គបានកសាងនៅតាមផ្លូវបុរាណក្នុងរាជរបស់ព្រះអង្គ។ ដូច្នេះ ប្រាសាទត្រពាំងប្រាសាទខាងជើងប្រហែលសង់ក្នុងសតវត្សទី១៣ ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧។
នៅឆ្នាំ២០២០នេះ លោកបណ្ឌិត ផុន កសិកា បានធ្វើទស្សនកិច្ចសិក្សានៅប្រាសាទត្រពាំងប្រាសាទ ដើម្បីសិក្សាអំពីបច្ចុប្បន្នភាពនៃប្រាសាទត្រពាំងប្រាសាទ។
បរិស្ថានជុះវិញប្រាសាទត្រពាំងប្រាសាទមានការប្រែប្រួលខុសពីឆ្នាំ២០០៩។ មន្ត្រីជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសហការណ៍ជាមួយអាជ្ញាធរដែនដីស្រុកត្រពាំងប្រាសាទ (មានលោក ផុន ជាកុសល ជាគណៈអភិបាលស្រុក គឺជាអ្នកចូលរួមសហការណ៍ធ្វើកិច្ចការអភិរក្សប្រាសាទនេះ) ថែរក្សា អភិរក្សប្រាសាទត្រពាំងប្រាសាទទាំង២។ កិច្ចការទាំងនោះមានដូចជា៖
– ត្រួសត្រាយព្រៃនៅជុំវិញតួប្រាសាទ បរិវេណប្រាសាទ និង ជុំវិញត្រពាំង
– ទល់ទ្រតួប្រាសាទកណ្ដាល និងតួប្រាសាទខាងត្បូងនៃប្រាសាទត្រពាំងប្រាសាទខាងត្បូង
– ធ្វើជណ្ដើរឈើសម្រាប់ឡើងទៅតួប្រាសាទកណ្ដាលនៃប្រាសាទខាងត្បូង
– រៀបចំប្រព័ន្ធលូបង្ហូរទឹកចេញពីបរិវេណប្រាសាទ
– រៀបចំលម្អបរិស្ថានជុំវិញប្រាសាទ និង ត្រពាំង ព្រមទាំងស្ដារត្រពាំងឱ្យមានទឹកច្រើនសម្រាប់ប្រើប្រាស់ក្នុងតម្រូវការផ្សេងៗ ពិសេសនឹងរៀបចំកម្មវិធីប្រណាំងទូក ក្នុងកម្មវិធីបុណ្យអំទូក សពេះព្រះខែ។
ក្រុមការងារនៃគណៈអភិបាលស្រុកត្រពាំងប្រាសាទកំពុងរៀបចំការងារថែរក្សាបរិស្ថានជុំវិញប្រាសាទ មានដូចជា៖
– រៀបចំអំពូលភ្លើងជុំវិញត្រពាំងដើម្បីបំភ្លឺជុំវិញត្រពាំង សម្រាប់បងប្អូនប្រជាពលរដ្ឋហាត់ប្រាណ និង ដើរកម្សាន្តជុំវិញបាន
– រៀបចំផ្លូវជុំវិញត្រពាំង
– រៀបចំសួន
– ដាំដើមឈើប្រណិតដូចជា ឈើទាល ក្រញូង បេង ចំនួន ៤០០ដើម
– រៀបចំកសាងផ្លូវជុំវិញប្រាសាទ និង ត្រពាំង ធ្វើជាព្រំដែនកំណត់ដែនដីប្រាសាទឱ្យច្បាស់លាស់ ជៀសវាងការទន្រ្ទានយកដីប្រាសាទពីសំណាក់ប្រជាពលរដ្ឋ។

ក្រោយពីបានរៀបចំថែទាំ អភិរក្សប្រាសាទត្រពាំងប្រាសាទ មានប្រជាពលរដ្ឋបានមកទស្សនា និង កម្សាន្តនៅទីប្រាសាទជាច្រើននាក់។

Be the first to comment

Leave a Reply

Your email address will not be published.


*