ក្រុមស្រាវជ្រាវបានរកឃើញទួលឡស្លដែកចំនួន៥៤ ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

ខេត្តព្រះវិហារ៖ ដោយបានការអនុម័ត ផ្ដល់កញ្ចប់ថវិកាស្រាវជ្រាវពីឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាសម្រាប់ចុះសិក្សា ស្រាវជ្រាវស្វែងរករបកគំហើញថ្មីៗនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត ផុន កសិកា បានដឹកនាំអ្នកជំនាញបុរាណវត្ថុវិទ្យា ចុះចក្នុងបរិវេណឧទ្យានមានទួលសន្លុង (ទួលឡស្លដែក) ចំនួន៥៤ទាំងមូល។
ជាលទ្ធផល ក្រុមស្រាវជ្រាវបានរកឃើញថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានស្ថានីយបុរាណ ដែលជាអតីតតំបន់ស្លដែក និង ផលិតឧបករណ៍ប្រើប្រាស់ធ្វើពីដែកដ៏ធំមួយក្នុងសម័យអង្គរ (ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣)។
នៅក្នុងបរិវេណឧទ្យានមានទួលសន្លុង (ទួលឡស្លដែក) ចំនួន៥៤ ដែលស្ថិតនៅក្នុងបណ្តុំសន្លុងចំនួន៥ផ្សេងគ្នា៖ ១-បណ្តុំសន្លុងត្រពាំងត្រឹបមានទួលសន្លុងចំនួន១៥, ២-បណ្តុំសន្លុងត្រពាំងឫស្សីត្រឹបមានទួលសន្លុងចំនួន១៧, ៣-បណ្តុំសន្លុងភូមិកំបុតចាស់មានទួលសន្លុងចំនួន១០, ៤-បណ្តុំសន្លុងត្រពាំងឫស្សីបល័្លង្កមានទួលសន្លុងចំនួន៦ និង ៥-បណ្តុំសន្លុងត្រពាំងក្រសាំងមានទួលសន្លុងចំនួន៦។
ក្រៅពីសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះ នៅមានត្រពាំងសន្លុងចំនួន២៩ (ត្រពាំងទំហំតូចនៅជិតទួលសន្លុង) ត្រពាំងបុរាណចំនួន៦៥ (ត្រពាំងមនុស្សសម័យបុរាណជីកសម្រាប់រក្សាទឹកប្រើប្រាស់) និងបុរាណវត្ថុមួយចំនួន ដូចជា កុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ ព្រមទាំងវត្ថុប្រើប្រាស់ធ្វើពីលោហដែកមួយចំនួនទៀតដូចជា ផ្លែចបជីក ផ្លែដឹង ចង្កំដងកាំបិត ដងកាំបិត និង ដែកគោល ជាដើម។

Be the first to comment

Leave a Reply

Your email address will not be published.


*