
(អត្តបទជា PDFHistory of Archaeology in Cambodia-Piseth-Copy)
ព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមានអរិយធម៌ចំណាស់ មានសម្បតិ្តវប្បធម៌សម្បូរបែប និងមានសក្កានុពលមហិមាលើទេសចរណ៍ វប្បធម៌ ដោយកម្ពុជាមានប្រាសាទបុរាណជាច្រើនស្ថិតនៅស្ទើរពាសពេញ ផ្ទៃប្រទេសប្រាសាទបុរាណដ៏ច្រើនទាំងនោះគឺជាស្ថានីយបុរាណដែលជាធាតុមួយនៃការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញបុរាណវត្ថុវិទ្យា។ ប្រាសាទបុរាណទាំងនោះតម្រូវឱ្យអ្នកជំនាញបុរាណវត្ថុវិទ្យាច្រើននាក់សិក្សាស្រាវជ្រាវឱ្យបានល្អិនល្អន់និងស៊ីជម្រៅនៅតាមស្ថានីយបុរាណ ឬ បុរាណដ្ឋានទាំងនោះ និងបំពេញការងារអភិរក្ស។
នៅប្រទេសកម្ពុជា មុខវិជ្ជាបុរាណវត្ថុវិទ្យាត្រូវបានបណ្ដុះបណ្ដាលជាលើកដំបូងនៅមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ១៩៦៥ និងបានបើកដំណើរការឡើងវិញនៅឆ្នាំ១៩៨៨ បន្ទាប់ពីត្រូវបានបិទអស់រយៈ១៣ឆ្នាំ (១៩៧៥-១៩៨៨) ដោយសារសង្រ្គាមស៊ីវិល។ និស្សិតជំនាញបុរាណវត្ថុវិទ្យាមានចំនួន ៣១ ជំនាន់ហើយ ប៉ុន្តែក្នុងមួយជំនាន់ៗមាននិស្សិតយ៉ាងច្រើនត្រឹម៣០នាក់ប៉ុណ្ណោះ។ ជាងនេះទៀត នៅប្រមាណមួយ ទសវត្សចុងក្រោយនេះហាក់មិនសូវមាននិស្សិតចាប់អារម្មណ៍ក្នុងការសិក្សាមុខជំនាញបុរាណវត្ថុវិទ្យាឡើយ។ និស្សិតចុះឈ្មោះចូលសិក្សានៅមហាវិទ្យាល័យបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានមិនដល់ ៣០នាក់ផងក្នុងមួយឆ្នាំៗ(មួយជំនាន់ៗ)។ ការណ៍នេះអាចដោយសារសិស្សនិងនិស្សិតខ្មែរនៅពុំទាន់បានយល់ដឹងស៊ីជម្រៅអំពីគោលបំណង អត្ថប្រយោជន៍ និង ការងារនៃអ្នកជំនាញបុរាណវត្ថុវិទ្យា។
អត្ថបទដ៏តូចនេះនឹងព្យាយាមបង្ហាញអំពីគោលបំណងនិងអត្ថប្រយោជន៍នៃមុខវិជ្ជាបុរាណវត្ថុវិទ្យា ព្រមទាំងស្ថាបនមួយចំនួនសម្រាប់អ្នកជំនាញបុរាណវត្ថុវិទ្យាបំពេញការងារ។
សារប្រយោជន៍នៃមុខវិជ្ជាបុរាណវត្ថុវិទ្យា
មុខវិជ្ជាបុរាណវត្ថុវិទ្យាមានគោលបំណងសំខាន់ចំនួន ៣គឺ៖ សិក្សាអំពីប្រវត្តិវប្បធម៌, កសាងឡើងវិញនូវជីវិតនិងជីវភាពរស់នៅរបស់មនុស្សក្នុងអតីតកាល, ពន្យល់អំពីបម្រែបម្រួលវប្បធម៌និងការធ្វើឱ្យបុរាណវត្ថុវិទ្យាឱ្យមានទំនាក់ទំនងជាមួយបច្ចុប្បន្ន។
ជាមួយគ្នានេះ គោលបំណងនៃបុរាណវត្ថុវិទ្យាគឺចង់ស្វែងយល់អំពីរបៀបនិងមូលហេតុនៃការប្រែប្រួលអាកប្បកិរិយារបស់មនុស្សពីសម័យកាលមួយទៅសម័យកាលមួយទៀត។ អ្នកជំនាញបុរាណវត្ថុវិទ្យាស្រាវជ្រាវអំពីគំរូឬលក្ខណៈ នៃការវិវត្តព្រឹត្តិការណ៍វប្បធម៌សំខាន់ៗ ដូចជា ការអភិវឌ្ឍវិស័យកសិកម្ម ការលេចរូបរាងទីក្រុង ការធ្លាក់ចុះនៃអារ្យធម៌ធំៗ។ សំខាន់នោះ គឺអ្នកជំនាញបុរាណវត្ថុវិទ្យាស្រាវជ្រាវអំពីរបៀបដែលអាចទស្សទាយអំពីការប្រែប្រួលនៃវប្បធម៌ ហើយត្រូវមានគម្រោងល្អៗបែបណាដើម្បីអនាគត។ ការស្រាវជ្រាវបុរាណវត្ថុវិទ្យាមិនត្រឹមតែសិក្សាលើអ្វីៗ ដែលរៀបរាប់ខាងលើប៉ុណ្ណោះទេ តែវាថែមទាំងផ្ដល់នូវបេតិកណ្ឌ និងប្រវត្តិសាស្រ្តសម្រាប់វប្បធម៌ផ្សេងៗទៀតផង។ យើងនឹងមិនអាចដឹងអំពីការអភិវឌ្ឍវប្បធម៌របស់មនុស្សនៅសម័យបុរេប្រវត្តិបានទេ ប្រសិនបើមិនមានការសិក្សាតាមបែបបុរាណវត្ថុវិទ្យា។ ជាងនេះទៀត បុរាណវត្ថុវិទ្យាបង្ហាញអំពីរូបភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ក្រុមមនុស្ស ដូចជា អ្នកបម្រើ អ្នករុក រករ៉ែ និងកម្មករអន្ដោរប្រវេសន៍នៅសម័យដំបូងៗ ដែលមិនមានការកត់ត្រាល្អិតល្អន់ពីអ្នកប្រវត្តិសាស្រ្ត។
នៅសម័យបច្ចុប្បន្ន វប្បធម៌មនុស្សត្រូវបានកត់ត្រាស្ទើរគ្រប់ជ្រុងជ្រោយក្នុងសៀវភៅ ការសែត ទូរទស្សន៍ និង អ៊ិនធឺណែត។ ទោះយ៉ាងណា វានៅមានភាពខុសគ្នានូវរបៀបនៃការកត់ត្រា និងអ្វីដែលមនុស្សប្រព្រឹត្តិ។ ទោះបីជាឯកសារ ស្រាវជ្រាវមានសារសំខាន់ខ្លាំង ប៉ុន្ដែនៅតែមានភាពលម្អៀងរវាងជំនឿ និងកំហុសរបស់អ្នកដែលផលិតឯកសារ។ អតីកាល របស់មនុស្សគឺជាបេតិកភណ្ឌវប្បធម៌ ហើយរបៀបនៃការជ្រើសរើសព័ត៌មានយកមកប្រើប្រាស់សម្រាប់មនុស្សជំនាន់ក្រោយគឺមានតួនាទីសំខាន់សម្រាប់អ្នកជំនាញបុរាណវត្ថុវិទ្យា។ ការយល់ដឹងអំពីលក្ខណៈនិងការប្រែប្រួលអាកប្បកិរិយារបស់មនុស្សធ្វើឱ្យចំណេះដឹងពីអតីតកាលកាន់តែកើនឡើង និងជួយឱ្យយើងមានផែនការ មិនត្រឹមតែនៅពេលអនាគតទេ ប៉ុន្ដែសម្រាប់អ្នកជំនាន់ក្រោយដែលត្រូវបន្ដវេន។ គេជឿថា បុរាណវត្ថុវិទ្យាមានសារសំខាន់ដើម្បីឱ្យមនុស្សយល់ ការពារ និង ឱ្យតម្លៃដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងដោយឡែកៗ។ អ្នកជំនាញបុរាណវត្ថុវិទ្យាទទួលស្គាល់ពីសារប្រយោជន៍នៃតួនាទីនេះ និង កំពុងអភិវឌ្ឍយន្ដការផ្សេងៗសម្រាប់ផ្សព្វផ្សាយតាមសារព័ត៌មាន ការបោះពុម្ពផ្សាយតាមអ៊ិនធឺណិត កម្មវិធីសាធារណៈ និងផ្សព្វផ្សាយដល់សាធារណៈជនអំពីអត្ថប្រយោជន៍នៃវិស័យបុរាណវត្ថុវិទ្យា។
ជាងនេះទៀត ថ្មីៗនេះ តួនាទីនៃវិស័យបុរាណវត្ថុវិទ្យាក្នុងកាអភិវឌ្ឍប្រទេសជាតិបានក្លាយជាប្រធានបទដ៏ធំមួយ។ បុរាណវត្ថុវិទ្យាមានសក្តានុពលក្នុងទស្សនៈអភិវឌ្ឍ។ វិស័យនេះជួយរួមចំណែកក្នុងគរុសិក្សា ការរីកចម្រើន សេដ្ឋកិច្ច ការអភិវឌ្ឍសង្គមវប្បធម៌ ការយល់ដឹង និងកំណែទម្រង់នយោបាយ។ ប្រទេសកំពុងអភិវឌ្ឍត្រូវបង្កើនការប្រើប្រាស់ធនធានដើម្បីពង្រីកការស្រាវជ្រាវវិស័យបុរាណវត្ថុវិទ្យា។
បុរាណវត្ថុវិទ្យាផ្ដល់ប្រយោជន៍ដល់វិស័យអប់រំ។ ចំណុចសំខាន់បំផុតមួយនៃបុរាណវត្ថុវិទ្យា គឺវាបានផ្ដល់នូវព័ត៌មានប្រវត្តិសាស្រ្តស្ដីពីសង្គមបុរាណតាំងពីពុំទាន់មានឯកសារជាលាយលក្ខណ៍អក្សរ។ ក្នុងសង្គមខ្លះមានឯកសារប្រវត្តិសាស្រ្តតាំងពី២០០០ ឬ ៣០០០មុន មកម៉្លេះ ប៉ុន្ដែឯកសារប្រវត្តិសាស្ត្រនៅក្នុងសង្គមខ្លះ គឺទើបតែមាន។ បើគ្មានការស្រាវជ្រាវផ្នែកបុរាណវត្ថុវិទ្យា ប្រវត្តិនៃប្រទេសទាំងនេះនៅតែមានអាថ៌កំបាំង។ បុរាណវត្ថុវិទ្យាក៏មានប្រយោជន៍ដល់សហគមន៍ដែរ ដោយវប្បធម៌និងអត្តសញ្ញាណជាតិពន្ធុនៃសហគមន៍មួយត្រូវបានអភិរក្សនិងធ្វើឱ្យកាន់តែរឹងមាំ។ នៅទូទាំងពិភពលោក បុរាណវត្ថុវិទ្យាអាចជួយបង្រួបបង្រួមមនុស្សដែលមានបេតិកភណ្ឌរួមបាន។
បុរាណវត្ថុវិទ្យាមានប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច។ បុរាណវត្ថុវិទ្យាមានប្រយោជន៍ខ្លាំងណាស់ក្នុងឧស្សាហកម្មទេសចរណ៍ពិភពលោក។ ទេសចរនៅទូទាំងពិភពលោកសម្រុកទៅទស្សនាស្ថានីយបុរាណល្បីៗដូចជា តំបន់អង្គរប្រទេសកម្ពុជា ពីរ៉ាមីតក្នុងប្រទេសអេហ្សីប ប្រាសាទក្នុងប្រទេសក្រិច ប្រាសាទម៉ាឈូពីឈូ ប្រទេសប៉េរូ និង មហាកំពែងប្រទេសចិន។ សារមន្ទីរមានទេសចរចូលទស្សនាជាប្រចាំថ្ងៃដើម្បីមើលបុរាណវត្ថុដែលដាក់តាំងក្នុងសារមន្ទីរ។ ជារួម មានសេដ្ឋកិច្ចក្នុងសហគមន៍ ក្នុងតំបន់ ក្នុងប្រទេស និងនៅទូទាំងពិភពលោកដែលធ្វើឱ្យចំណូលខាងសេដ្ឋកិច្ចកើនឡើង ហើយដែលចំណូលនេះបានមកដោយសារទេសចរណ៍បុរាណវត្ថុវិទ្យា។
ស្ថាបនបំពេញការងារនៃអ្នកជំនាញបុរាណវត្ថុវិទ្យា
រាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតឡើងវិញនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ ដែលមានវិទ្យាស្ថានចំនួន៥ ជាសេនាធិការ គឺ ១/វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ, ២/វិទ្យាស្ថានមនុស្សសាស្រ្ដនិងសង្គមសាស្រ្ត, ៣/វិទ្យាស្ថានជីវសាស្រ្ត វិទ្យាសាស្រ្តសុខាភិបាល និង កសិកម្ម, ៤/វិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និង ៥/វិទ្យាស្ថានភាសាជាតិ។ នៅឆ្នាំ២០០៦ រាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតវិទ្យាស្ថានមួយទៀតគឺវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិ[2]។
ផ្នែកបុរាណវត្ថុវិទ្យាជាផ្នែកមួយស្ថិតក្នុងវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈដែលបានបង្កើតឡើងដើម្បីសិក្សាស្រាវជ្រាវវិស័យបុរាណវត្ថុវិទ្យា ប្រមូលនិងអភិរក្សទិន្នន័យដែលបានមកពីការស្រាវជ្រាវ សិក្សាកត់ត្រាទុក និងផ្សព្វផ្សាយរបកគំហើញស្រាវជ្រាវ និងបង្កើនកិច្ចសហប្រតិបត្តិការណ៍ជាមួយស្ថាប័នជាតិនិងអន្ដរជាតិ ដែលទាក់ទងការសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យា។ ផ្នែកបុរាណវត្ថុវិទ្យាបានទទួលជោគជ័យក្នុងការសិក្សាគម្រោងជាច្រើន និងបានរៀបចំសិក្ខាសាលាជាតិ និងសិក្ខាសាលាអន្ដរជាតិមួយចំនួនទៀត។ គម្រោងសិក្សាស្រាវជ្រាវនិងការរៀបចំសិក្ខាសាលាទទួលបានការឧបត្ថម្ភថវិកាពីស្ថាបនអន្ដរជាតិ ដូចជា មូលនិធិស្ថានទូតអាមេរិក, មជ្ឈមណ្ឌលខេមរសិក្សា (Center for Khmer Studies), អង្គការមិត្តវប្បធម៌ខ្មែរ (Friends of Khmer Culture) និងជាពិសេស ទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំ២០១៤ រាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ គណកម្មាធិការជាតិបេតិកភណ្ឌពិភពលោក បានរៀបចំសិក្ខាសាលាអន្ដរជាតិ «សមាគមន៍បុរេប្រវត្តិសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទី២០» នៅខេត្តសៀមរាប។
នៅថ្មីៗនេះ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាក៏កំពុងរួមចំណែកក្នុងការអភិវឌ្ឍដំណើរសិក្សាស្រាវជ្រាវក្នុងវិស័យបុរាណវត្ថុវិទ្យាដែរ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
សម័យសង្គមរាស្ត្រនិយម ការងារវប្បធម៌ស្ថិតនៅក្រោមឱវាទនៃក្រសួងសិក្សាធិការ (ក្រសួងអប់រំ)។ សម័យសាធារណរដ្ឋខ្មែរ ទីស្ដីការក្រសួង ត្រូវបានបង្កើតឡើង ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង។ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ទីស្ដីការក្រសួងត្រូវបានបង្កើតឡើងជាថ្មី ដែលមានឈ្មោះថា ក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន។ នៅសម័យព្រះរាជាណាចក្រកម្ពុជា អាណត្តិទី ១ នៃរដ្ឋសភា ក្រសួងបានប្ដូរឈ្មោះថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ[3]។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានមុខងារនិងភារកិច្ចប្រតិបត្តិនូវនយោបាយការពារ ថែរក្សា និងលើក តម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បត្តិវប្បធម៌ទូទៅនៃព្រះរាជាណាចក្រកម្ពុជា គ្រប់គ្រងរមណីយដ្ឋានវប្បធម៌ បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា[4]។ អគ្គនាយកដ្ឋានបេតិកភណ្ឌមានតួនាទីនិងភារកិច្ចថែរក្សាគ្រប់គ្រងរមណីយដ្ឋានវប្បធម៌ បុរាណវិទ្យា នរវិទ្យា និងប្រវត្តិវិទ្យា និងមាននាយកដ្ឋាន៤ប្រតិបត្តិការងារ ដូចជា នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា, នាយកដ្ឋានបុរាណវត្ថុ, នាយកដ្ឋានសារមន្ទីរ និងនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលគ្រប់គ្រងស្ថានីយបុរាណទាំងអស់ក្នុងទូទាំងប្រទេសកម្ពុជា លើកលែងតែស្ថានីយដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាក្នុងខេត្តសៀមរាប, និងស្ថានីយដែលគ្រប់គ្រងដោយអាជ្ញាធរជាតិព្រះវិហារក្នុងខេត្តព្រះវិហារ។ គោលបំណងធំមួយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺជំរុញនិងលើកទឹកចិត្តដល់ការស្រាវជ្រាវវិស័យបុរាណវត្ថុវិទ្យា។ អ្នកជំនាញបុរាណវត្ថុវិទ្យាបានលើកទឹកចិត្តឱ្យចូលរួមសហការសិក្សាស្រាវជ្រាវជាមួយដៃគូស្រាវជ្រាវអន្ដរជាតិ ដើម្បីសិក្សាស្រាវជ្រាវ ធ្វើកំណាយ អភិរក្ស និងជួសជុល។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចុះបញ្ជីស្ថានីយបុរាណចំនួនជាង ៤០០០ ស្ថានីយនៅទូទាំងប្រទសកម្ពុជា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏កំពុងចុះយុទ្ធនាការអប់រំខាងបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅតាមខេត្ត រដ្ឋអំណាចមូលដ្ឋាន មន្រ្ដីនគរបាល ព្រះសង្ឃ និង សិស្ស និស្សិតឱ្យយល់ពីតម្លៃបេតិកភណ្ឌ និងរួមចំណែកថែរក្សាការពារ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏កំពុងសាងសង់សារមន្ទីរតាមខេត្តដើម្បីទាក់ទាញទេសចរតាមតំបន់ខេត្តនានា។ មួយរយៈពេលកន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទទួលបានជោគជ័យក្នុងការទប់ស្កាត់ការបំផ្លាញ ស្ថានីយបុរាណពីសំណាក់ប្រជាពលរដ្ឋ ឬក្រុមហ៊ុនឯកជន។ ប៉ុន្ដែទោះយ៉ាងណា ក្រសួងកំពុងប្រឈមជាមួយការបាត់បង់ស្ថានីយបុរាណមួយចំនួនដែរ ដោយសារនៅតែមានការជីកគាស់បំផ្លាញ មានឈ្មួញមានអំណាចនៅតែបន្ដការគាស់បំផ្លាញស្ថានីយបុរាណ។
អាជ្ញាធរជាតិអប្សរា[5]
អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ (អាជ្ញាធរជាតិអប្សរា ឬ អ.ជ.អ) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជាការឆ្លើយតបជាពិសេសទៅនឹងលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌនានានៃការចុះបញ្ជីរមណីយដ្ឋានអង្គរក្នុងបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ១៩៩២ នៅទីកុ្រងសាន់តាហ្វេ រដ្ឋញូមិចសិចកូ នៃសហរដ្ឋអាមេរិក។ លើសពីនេះ នៅក្នុងសម័យប្រជុំលើកទី១៩ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាខែធ្នូ ឆ្នាំ១៩៩៥ នៅទីក្រុងប៊ែរឡាំង សេចក្តីប្រកាសស្តីពីការបង្កើតអាជ្ញាធរជាតិអប្សរាដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលការសាទរ ការពេញចិត្តយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។ បេសកកម្មចម្បងៗរបស់អាជ្ញាធរជាតិអប្សរា រួមមាន៖
– ធានាកិច្ចការពារ ការអភិរក្ស និងការលើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិនៅក្នុងតំបន់សៀមរាប-អង្គរ
– បង្កើត និងដឹកនាំការអភិវឌ្ឍទេសចរណ៍វប្បធម៌នៃតំបន់សៀមរាប-អង្គរ
– ដឹកនាំសកម្មភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីចូលរួមក្នុងការអនុវត្តគោល នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា
– បង្កើតភាពជាដៃគូជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរដែនដី
– សហការជាមួយអង្គការ និងស្ថាប័នជាតិ និងអន្តរជាតិនានាដែលមានគោលដៅដូចគ្នានឹង ការងាររបស់អាជ្ញាធរជាតិអប្សរា ហើយដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់សៀមរាប-អង្គរ ។
ស្របពេលដែលអង្គរកំពុងក្លាយជាទិសដៅទេសចរណ៍ធំជាងគេ អាជ្ញាធរជាតិអប្សរាបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគម្រោងទប់ស្កាត់សំណង់ខុសច្បាប់ក្នុងតំបន់អង្គរ។ ការសិក្សាស្រាវជ្រាវផ្នែកបុរាណវត្ថុវិទ្យា និងអភិរក្សប្រាសាទត្រូវធ្វើដោយអាជ្ញាធរជាតិអប្សរា និងមានកិច្ចសហការជាមួយដៃគូអន្ដរជាតិផ្សេងៗផង។ ស្ថាប័នដៃគូ អន្ដរជាតិត្រូវមានកម្មវិធីបណ្ដុះបណ្ដាលនិស្សិត និងកិច្ចសហការជាមួយបុគ្គលិកនិងអ្នកជំនាញបម្រើការក្នុងអាជ្ញាធរជាតិអប្សរា។ ក្នុងពេលដែលចំនួនទេសចរកើនឡើង អាជ្ញាធរជាតិអប្សរានឹងទទួលបន្ទុកក្នុងការទទួលខុសត្រូវកាន់តែខ្លាំងជាងមុន។ អាជ្ញាធរនឹងធ្វើឱ្យស្មើភាពគ្នារវាងការជួសជុល អភិរក្ស ការសិក្សាស្រាវជ្រាវ ជាមួយនឹងតម្រូវការរបស់សហគមន៍ ព្រមទាំងសម្រប សម្រួលតម្រូវការរបស់ទេសចរដែលជាផ្នែកមួយនៃសេដ្ឋកិច្ចជាតិកម្ពុជា[6]។
អាជ្ញាធរជាតិព្រះវិហារ[7]
អាជ្ញាធរជាតិព្រះវិហារជាអាជ្ញាធរជាតិដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ។ អាជ្ញាធរជាតិព្រះវិហារមាននាយកដ្ឋានសេនាធិការចំនួនចំនួន៦ ក្នុងនោះមាន នាយកដ្ឋានបុរាណវិទ្យា និងប្រាសាទ ដែលមានសកម្មភាពក្នុងកិច្ចការស្រាវជ្រាវបុរាណវត្ថុវិទ្យា។
អាជ្ញាធរបានបង្កើតសារមន្ទីរមួយឈ្មោះ «សារមន្ទីរធម្មជាតិសាកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ» សម្រាប់ដាក់តាំងបុរាណវត្ថុដែលរកឃើញ និងបើកទទួលឱ្យទេសចរជាតិនិងអន្ដរជាតិចូលទស្សនា ដើម្បីស្វែងយល់ពីវប្បធម៌ និងប្រវត្តិនៅតំបន់ព្រះវិហារ។
អាជ្ញាធរជាតិសម្បូរព្រៃគុក
អាជ្ញាធរសម្បូរព្រៃគុកក៏បង្កើតឡើង បន្ទាប់ពីអង្គការយូណេស្កូ បញ្ចូលក្រុមប្រាសាទព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អាជ្ញាធរនេះមានតួនាទីភារកិច្ចមិនខុសពីអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារ នោះទេ។ អាជ្ញាធរមានភារកិច្ចការពាររមណីយដ្ឋាន និងរៀបចំតំបន់ប្រាសាទសម្បូរព្រៃគុក លើកតម្លៃបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍទេសចរ ជាដើម[8]។
សេចក្តីសន្និដ្ឋាន
ការលើកឡើងខាងលើបានបង្ហាញថា ជំនាញបុរាណវត្ថុវិទ្យាមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាដែលមានប្រាសាទបុរាណនិងស្ថានីយបុរាណជាច្រើនត្រូវសិក្សាស្រាវជ្រាវនិងអភិរក្ស (ដូចបានលើកឡើងអំពីតួនាទីនិងភារកិច្ចនៅតាមស្ថាបនជំនាញមួយចំនួនខាងលើ)។ ដោយកិច្ចការនេះមានតម្លៃធំធេងសម្រាប់ជាតិ រាជរដ្ឋាបាលកម្ពុជាមានតួនាទីនិងភារកិច្ចក្នុងការលើកទឹកចិត្តដល់អ្នកជំនាញបុរាណវត្ថុវិទ្យា ដោយការជ្រើសរើសបន្ថែមនូវមន្ត្រីជំនាញបុរាណវត្ថុវិទ្យា និង គាំទ្រគម្រោងផ្នែកបុរាណវត្ថុវិទ្យា ជាដើម ដើម្បីឱ្យសិស្សនិងនិស្សិតមានចំណាប់អារម្មណ៍ក្នុងការសិក្សាជំនាញបុរាណវត្ថុវិទ្យា។
ក្រៅពីកិច្ចការងារនៅតាមស្ថាបនជាតិខាងលើ ជំនាញបុរាណវត្ថុវិទ្យាគឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ មគ្គុទេ្ទសក៍ទេសចរ ព្រោះប្រាសាទបុរាណដ៏ច្រើននៅកម្ពុជាគឺជាគោលដៅទេសចរណ៍ចម្បងសម្រាប់ទេសចរជាតិនិងអន្តរជាតិ ដែលត្រូវមានអ្នកជំនាញពន្យល់បកស្រាយ។ មគ្គុទេ្ទសក៍ទេសចរដែលបានសិក្សាជំនាញបុរាណវត្ថុវិទ្យានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សវប្បធម៌-អរិយធម៌និងប្រវត្តិសាស្រ្តប្រទេសជាតិ។
ឯកសារពិគ្រោះ
- អនុក្រឹត្យលេខ៖ ២៤ អនក្រ.បក ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៧។
- Carter, A.K. Heng Piphal, Heng Sophady, and Phon Kaseka. 2014. Archaeology in Post Khmer Rouge Cambodia. In C. Smith (ed.), Encyclopedia of Global Archaeology, pp. 6062-6063. Springer, New York.
– http://www.rac-academy.edu.kh
– http://apsaraauthority.gov.kh
[1] អតីតនិស្សិតបុរាណវិទ្យាជំនាន់ទី៧ និងបច្ចុប្បន្នជាប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភា កម្ពុជា
[2] http://www.rac-academy.edu.kh
[3] http://www.mcfa.gov.kh
[4] អនុក្រឹតលេខ៖ ២៤ អនក្រ.បក ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៧។
[5] http://apsaraauthority.gov.kh
[6] Carter, A.K. Heng Piphal, Heng Sophady, and Phon Kaseka. 2014. Archaeology in Post Khmer Rouge Cambodia. In C. Smith (ed.), Encyclopedia of Global Archaeology, pp. 6060-6061. Springer, New York.
[7] http://icc-preah-vihear.org
[8] Carter, A.K. Heng Piphal, Heng Sophady, and Phon Kaseka. 2014. Archaeology in Post Khmer Rouge Cambodia. In C. Smith (ed.), Encyclopedia of Global Archaeology, pp. 6060. Springer, New York.
Leave a Reply